09/12/2014 - 16:04

ប្រសិទ្ធភាពនៃការផ្សព្វផ្សាយសៀវភៅកាសែតទៅកាន់ជនបទ

ការ​ផ្សព្វ​ផ្សាយ​សៀវ​ភៅ​កា​សែត​ទៅ​កាន់​តំ​បន់​ជ្រៅ តំ​បន់​ឆ្ងាយ តំ​បន់​ជន​ជាតិ​ខ្មែរ​នៅ​ខេត្ត​សុក​ត្រាំង ពី​មួយ​ថ្ងៃទៅ​មួយ​ថ្ងៃ​កាន់​តែ​ពង្រីក​ប្រ​សិទ្ធ​ភាព រួម​ចំ​ណែក​លើក​កម្ពស់​កម្រិត​ប្រ​ជា​បញ្ញា និង​ជីវ​ភាព​របស់​ជន​ជាតិ​ខ្មែរ។

 កា​សែត​ភា​សា​ខ្មែរ​តែង​បាន​ប្រ​ជា​ជន​ខ្មែរ​យក​ចិត្ត​ទុក​ដាក់​អាន។ 

លោក​លី​ប៊ិញ​កាង ប្រ​ធាន​គណៈ​ជន​ជាតិ​ខេត្ត​សុក​ត្រាំង​ឲ្យ​ដឹង៖ ពី​មុន​នេះ ជន​ជាតិ​ខ្មែរ​នៅ​ភូមិ​ស្រុក​នា​នា​ក្នុង​ខេត្ត ​នៅ​ជួប​ការ​លំ​បាក​ច្រើន ក្នុង​ការ​ខិត​ជិត​នឹង​សៀវ​ភៅ ​កា​សែត វិទ្យា​សាស្រ្ត បច្ចេក​ទេស​ជឿន​លឿន។ ព្រម​ជា​មួយ​នោះ ​ជន​រួម​ជាតិ​ខ្មែរ​ភាគ​ច្រើន​មិន​សូវ​ចេះ​ភា​សា​សកល បាន​ជា​ការ​អនុ​វត្តន៍​វិទ្យា​សាស្រ្ត​បច្ចេក​ទេស​ថ្មី​ក្នុង​ការ​ផលិត​មិន​សូវ​មាន​ប្រ​សិទ្ធ​ភាព ជីវ​ភាព​នៅ​ជួប​ការ​លំ​បាក។ ​ក្នុង​ការ​អនុ​វត្តន៍​សេច​ក្តី​សម្រេច​២៤៧២​/QĐ-TTg​ របស់​នា​យក​រដ្ឋ​មន្រ្តី​នៃ​រដ្ឋា​ភិ​បាល​ស្ដី​ពី​ការ​ផ្ដល់​សៀវ​ភៅ កា​សែត​ជូន​ជន​ជាតិ​ភាគ​តិច​និង​តំ​បន់​ភ្នំ តំ​បន់​លំ​បាក​ពិ​សេស រៀង​រាល់​ឆ្នាំ​ខេត្ត​បាន​ផ្ដល់​សៀវ​ភៅ កា​សែត​ចំ​នួន​២០​ប្រ​ភេទ មាន​ជាង​២៧៤.០០០​ក្បាល ដើម្បី​ចែក​ជូន​ដល់​វត្ត​ខ្មែរ​ទាំង​៩២ និង​នៅ​តាម​សា​លា​រៀន ​មន្ទីរ​ គណៈ ផ្នែក នា​នា​ក្នុង​ខេត្ត។ ព្រះ​តេជ​ព្រះ​គុណ ឡឹម​ច័ន្ទ ព្រះ​ចៅ​អធិ​ការ​វត្ត​ស្រ​ឡូង​ ឃុំ​ដាយ​តឹម ​ស្រុក​មី​ស្វៀង មាន​ថេរ​ដី​កា៖ "ឆ្លង​តាម​រយៈ​សៀវ​ភៅ កា​សែត ទស្ស​នា​វដ្ដី​ជា​ភា​សា​ខ្មែរ ជា​ពិ​សេស គឺ​កា​សែត​កឹង​ធើ​ភា​សា​ខ្មែរ​ បាន​ជួយ​ផ្សព្វ​ផ្សាយ​នូវ​ព័ត៌​មាន​និង​ព្រឹត្តិ​ការណ៍​សំ​ខាន់ៗ​ដែល​បាន​ប្រ​ព្រឹត្ត​ទៅ​ក្នុង​តំ​បន់ ម្ល៉ោះ​ហើយ​ពុទ្ធ​បរិ​ស័ទ​ខ្មែរ​តែង​ចូល​ចិត្ត​អាន​យ៉ាង​ខ្លាំង។ ឆ្លង​តាម​រយៈ​សៀវ​ភៅ​កា​សែត​នេះ​ដែរ ពុទ្ធ​បរិ​ស័ទ​ក៏​កាន់​តែ​យល់​ច្បាស់​ពី​គោល​ការណ៍ គោល​នយោ​បាយ​ដ៏​ត្រឹម​ត្រូវ​របស់​បក្ស​និង​រដ្ឋ​ក្នុង​ការ​ឧបត្ថម្ភ​ជន​ជាតិ​ខ្មែរ​ឲ្យ​មាន​ការ​រីក​ចម្រើន បាន​រៀន​សូត្រ​ពី​វិទ្យា​សាស្រ្ត បច្ចេក​ទេស​និង​ទម្រង់​រូប​ភាព​ធ្វើ​ការ​រក​ស៊ី​ដោយ​ប្រ​សិទ្ធ​ភាព​ផ្សេងៗ ​ដើម្បី​យក​ទៅ​អនុ​វត្ត​ក្នុង​ការ​ផលិត លើក​កម្ពស់​ជីវ​ភាព"។

  លោក​ឡឹម​វុាំង​អឹង អនុ​ប្រ​ធាន​សមា​គម​កសិករ​​ឃុំ​ភូមី ស្រុក​មីទូ ឲ្យ​ដឹង៖​" ពី​មុន​នេះ កម្រ​មាន​កា​សែត​ភា​សា​ខ្មែរ​ណាស់  ប៉ុន្តែ​សព្វ​ថ្ងៃ​ចំ​នួន​កា​សែត​និង​ទស្សនា​វដ្ដី​ផ្សេងៗ​ឃើញ​ថា​សម្បូរ​បែប​បង្គួរ។ និយាយ​ឲ្យ​ចំ គឺ​រៀង​រាល់​ថ្ងៃ រៀង​រាល់​សប្តាហ៍ នៅ​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ឃុំ វត្ត​ខ្មែរ និង​បន្ទប់​អាន​សៀវ​ភៅ​នានា ក្នុង​ភូមិ​សាស្រ្ត​សុទ្ធ​តែ​ទទួល​បាន​កា​សែត​ភា​សា​ខ្មែរ កា​សែត​ភា​សា​វៀត មាន​ដូច​កា​សែត​កឹង​ធើ កា​សែត​សុក​ត្រាំង​និង​កា​សែត​របស់​ទី​ភ្នាក់​ងារ​សារ​ពត៌​មាន​វៀត​ណាម។ល។ សព្វ​ថ្ងៃ ជន​ជាតិ​ខ្មែរ​នៅ​ខេត្ត​សុក​ត្រាំង មាន​ការ​និយម​ចូល​ចិត្ត​អាន​កា​សែត​ខ្លាំង​ណាស់ ជា​ពិសេស គឺ​កា​សែត​កឹង​ធើ​ភា​សា​ខ្មែរ​និង​កា​សែត​របស់​ទី​ភ្នាក់​ងារ​សារ​ព័ត៌មាន​វៀត​ណាម។ ត្បិត​អី​ប្រ​ភព​កា​សែត​ថ្មីៗ មាន​រូប​ភាព​ល្អ ខ្លឹម​សារ​សម្បូរ​បែប និង​ប្រ​កប​ដោយ​លក្ខណៈ​សារ​ពត៌​មាន​ខ្ពស់។ ជា​ពិ​សេស គឺ​ផ្នែក​វាក្យ​ស័ព្ទ​វៀត​-ខ្មែរ​របស់​កា​សែត​កឹង​ធើ​ភា​សា​ខ្មែរ ​តែង​បាន​ព្រះ​សង្ឃ​និង​បញ្ញ​វត្ត​ខ្មែរ​ជា​ច្រើន​យក​ចិត្ត​ទុក​ដាក់​អាន"។
 

លោក​លី​ប៊ិញ​កាង ប្រ​ធាន​​គណៈ​ជន​ជាតិ​ខេត្ត​សុក​ត្រាំង ឲ្យ​ដឹង៖​"លទ្ធ​ផល​នៃ​ការ​អាន​កា​សែត​របស់​ជន​ជាតិ​ខ្មែរ​ក្នុង​ខេត្ត ត្រូវ​បាន​អះ​អាង​ជាក់​ស្តែង ឆ្លង​តាម​រយៈ​នៃ​ការ​កាត់​បន្ថយ​យ៉ាង​រហ័ស​អត្រា​គ្រួ​សារ​ក្រី​ក្រ​ក្នុង។ សព្វ​ថ្ងៃ​ក្នុង​​ខេត្ត​សុក​ត្រាំង​នៅ​មាន​គ្រួ​សារ​ក្រី​ក្រ​ប្រ​ហែល​១៩%។ រៀង​រាល់​ឆ្នាំ មាន​ប្រ​ជា​ជន​បាន​ចាក​ផុត​ពី​ភាព​ក្រី​ក្រ​ជាង​២.៥០០​គ្រួ​សារ​គំរូ គ្រួ​សារ​ខ្មែរ​ផលិត​កម្ម​នឹង​ធ្វើ​អា​ជីវ​កម្ម​ពូកែ​ក្នុង​ខេត្ត ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​កាន់​តែ​ច្រើន ភូមិ​ស្រុក​ខ្មែរ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​កាន់​តែ​មាន​ភាព​សម​រម្យ សម្បូរ​សប្បាយ។ល។"៕

យ៉ីអាញ់-សេរី 

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
លោក​លី​ប៊ិញ​កាង