អស់រយៈពេលជាង ២០ ឆ្នាំ ដែលលោកគ្រូ ស៊ើងវត្ថា គ្រូបង្រៀនមុខវិជ្ជាភាសាខ្មែរនៃសាលាបឋមសិក្សាទីវកឹង ឃុំទីវកឹង ខេត្តវិញឡុង បានចូលរួមបរិច្ចាគឈាមស្ម័គ្រចិត្តសរុប ២៨ លើក។ សម្រាប់លោកគ្រូ រាល់ការបរិច្ចាគ គឺជាទង្វើនៃការចែករំលែកនិងការជួយសង្គ្រោះ ដែលរួមចំណែកផ្តល់ក្តីសង្ឃឹមក្នុងការរស់រានមានជីវិតដល់អ្នកជំងឺ។ ក្រៅពីនេះ លោកគ្រូក៏បានយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះការបង្រៀនភាសាខ្មែរ និងស្ម័គ្រចិត្តជួយបង្រៀនថ្នាក់ពុទ្ធិកសិក្សានៅវត្តអរុណរង្សី (ចាកអាគ្រោង) រួមចំណែកក្នុងការថែរក្សាតម្លៃវប្បធម៌ស្មារតីរបស់សហគមន៍ជនជាតិខ្មែរ។

លោកគ្រូ ស៊ើងវត្ថា បានចូលរួមបរិច្ចាគឈាមស្ម័គ្រចិត្តចំនួន ២៨ លើក ចាប់តាំងពីឆ្នាំ ២០០៥ មកដល់បច្ចុប្បន្ន។
ចាប់ផ្តើមបរិច្ចាគឈាមស្ម័គ្រចិត្តតាំងពីឆ្នាំ ២០០៥ មក លោកគ្រូ ស៊ើងវត្ថា បានបន្តធ្វើនូវសកម្មភាពដ៏មានអត្ថន័យនេះ ដោយស្មារតីស្ម័គ្រចិត្តនិងការទទួលខុសត្រូវចំពោះសហគមន៍។ ប្រការដែលជំរុញទឹកចិត្តលោកគ្រូ មិនមែនជាការទទួលស្គាល់ ឬការសរសើរលើកទឹកចិត្តនោះទេ ប៉ុន្តែគឺជាបំណងប្រាថ្នាចង់ជួយដល់អ្នកដែលត្រូវការឈាម ដើម្បីសង្គ្រោះបន្ទាន់និងព្យាបាលជំងឺ។ នៅពេលចែករំលែកអំពីសកម្មភាពរបស់ខ្លួន លោកគ្រូវត្ថា មានប្រសាសន៍៖ "ខ្ញុំមិនមានអ្វីធំដុំដែលអាចជួយសង្គមបានច្រើននោះទេ។ ប៉ុន្តែប្រសិនបើដំណក់ឈាមរបស់ខ្ញុំអាចជួយឱ្យអ្នកដទៃមានឱកាសរស់រានមានជីវិត ខ្ញុំស្ម័គ្រចិត្តបរិច្ចាគភ្លាម។ ប្រសិនបើមានករណីបន្ទាន់ណាមួយដែលអ្នកជំងឺត្រូវការឈាមជាបន្ទាន់ ខ្ញុំត្រៀមខ្លួនបរិច្ចាគភ្លាមៗ ដោយមិនស្ទាក់ស្ទើរឡើយ"។
ក្រៅពីការចូលរួមបរិច្ចាគឈាមដោយផ្ទាល់ លោកគ្រូក៏បានជំរុញលើកទឹកចិត្តមិត្តរួមការងារ និងសាច់ញាតិឱ្យចូលរួមគាំទ្រចលនានេះ រួមចំណែកធ្វើឱ្យសាយភាយស្មារតីជួយយកអាសាគ្នាទៅវិញទៅមក។ ការរួមចំណែករបស់លោកគ្រូ ត្រូវបានទទួលស្គាល់តាមរយៈការផ្តល់ប័ណ្ណសរសើរនិងលិខិតសរសើរជាច្រើន។ នៅឆ្នាំ ២០២១ លោកគ្រូ បានសមាគមកាកបាទក្រហមខេត្តត្រាវិញ ជូនលិខិតសរសើរដោយសារមានស្នាដៃឆ្នើមក្នុងចលនាបរិច្ចាគឈាមស្ម័គ្រចិត្ត។ នៅឆ្នាំ ២០២៥ លោកគ្រូ បន្តទទួលបានប័ណ្ណសរសើររបស់ប្រធានគណៈកម្មាធិការប្រជាជនខេត្តត្រាវិញ ដោយសារមានស្នាដៃឆ្នើមក្នុងចលនាបរិច្ចាគឈាមនេះដែរ។
ក្រៅពីការចូលរួមយ៉ាងសកម្មក្នុងសកម្មភាពសប្បុរសធម៌ លោកគ្រូវត្ថា ក៏ផ្ដោតការយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះការបង្រៀនភាសាខ្មែរ។ នៅក្នុងម៉ោងបង្រៀន លោកគ្រូបានប្រើប្រាស់វិធីសាស្ត្របង្រៀនប្រកបដោយភាពរស់រវើកនិងសមស្រប ដែលជួយឱ្យសិស្សានុសិស្សទទួលបានចំណេះដឹងជាក់ស្តែងនិងកាន់តែចូលចិត្តមុខវិជ្ជានេះ។ សម្រាប់លោកគ្រូ ការបង្រៀនភាសាខ្មែរ មិនមែនគ្រាន់តែជាការផ្ទេរចំណេះដឹងប៉ុណ្ណោះទេ ថែមទាំងរួមចំណែកបណ្តុះសេចក្តីស្រឡាញ់ចំពោះភាសាកំណើត ថែរក្សាអក្សរសាស្ត្រ និងអត្តសញ្ញាណវប្បធម៌ខ្មែរដល់យុវជនជំនាន់ក្រោយ។

ក្រៅពីការចូលរួមយ៉ាងសកម្មក្នុងចលនាបរិច្ចាគឈាមដោយស្ម័គ្រចិត្ត លោកគ្រូស៊ើងវត្ថា ក៏បានយកអស់ពីកម្លាំងកាយចិត្តក្នុងការបង្រៀនមុខវិជ្ជាភាសាខ្មែរ។
ទន្ទឹមនឹងការបំពេញការងារនៅសាលារៀន អស់រយៈពេលជាច្រើនឆ្នាំមកនេះ លោកគ្រូវត្ថា ក៏បានស្ម័គ្រចិត្តចូលរួមបង្រៀនថ្នាក់ពុទ្ធិកសិក្សានៅវត្តអរុណរង្សី (ចាកអាគ្រោង) ឃុំទីវកឹង។ ដោយស្មារតីទទួលខុសត្រូវនិងភាពសកម្ម លោកគ្រូបានឆ្លៀតពេលពន្យល់ណែនាំនិងផ្តល់ចំណេះដឹងអំពីទ្រឹស្ដីពុទ្ធសាសនា រួមចំណែកជួយដល់សកម្មភាពសិក្សា ស្រាវជ្រាវរបស់ព្រះសង្ឃក្នុងបរិស្ថានពុទ្ធចក្រ។ សកម្មភាពនេះបង្ហាញពីការផ្សារភ្ជាប់និងការរួមចំណែករបស់លោកគ្រូវត្ថា ចំពោះជីវភាពស្មារតីរបស់ជនរួមជាតិខ្មែរ ព្រមទាំងរួមចំណែកថែរក្សានិងពង្រីកតម្លៃសីលធម៌ វប្បធម៌ប្រពៃណីដ៏ល្អផូរផង់។
ទោះបីនៅសាលារៀនឬនៅវត្តក៏ដោយ លោកគ្រូវត្ថា តែងរួមចំណែកយ៉ាងស្ងៀមស្ងាត់តាមរយៈសកម្មភាពជាក់ស្តែង។ ចាប់ពីការបង្រៀនអក្សរខ្មែរ ការចូលរួមបង្រៀនថ្នាក់ពុទ្ធិកសិក្សាក្នុងវត្ត រហូតដល់ការបរិច្ចាគឈាមដើម្បីជួយសង្គ្រោះជីវិតមនុស្ស លោកគ្រូតែងបង្ហាញនូវស្មារតីចែករំលែកនិងការទទួលខុសត្រូវចំពោះសហគមន៍។ លោកគ្រូ ត្រឹងវ៉ាំងតៀង ចាងហ្វាងសាលាបឋមសិក្សាទីវកឹង មានប្រសាសន៍វាយតម្លៃថា លោកគ្រូស៊ើងវត្ថា តែងចូលរួមយ៉ាងសកម្មក្នុងចលនានានារបស់សាលា មានស្មារតីទទួលខុសត្រូវក្នុងការបំពេញការងារវិជ្ជាជីវៈ និងធ្វើជាគំរូក្នុងសកម្មភាពបរិច្ចាគឈាមស្ម័គ្រចិត្ត។ ក្រៅពីភារកិច្ចបង្រៀនភាសាខ្មែរ លោកគ្រូ ក៏ជាសមាជិកនៃក្រុមប្រឹក្សាវាយតម្លៃមុខវិជ្ជាភាសាខ្មែរថ្នាក់ខេត្តទៀតផង។
ចាប់ពីការបរិច្ចាគឈាមស្ម័គ្រចិត្តចំនួន ២៨ លើក រហូតដល់ការបង្រៀនអក្សរខ្មែរ និងការបង្រៀនថ្នាក់ពុទ្ធិកសិក្សានៅក្នុងវត្ត លោកគ្រូ ស៊ើងវត្ថា បានរួមចំណែកជួយដល់សហគមន៍យ៉ាងខ្ជាប់ខ្ជួន តាមរយៈសកម្មភាពដ៏មានអត្ថន័យ។ ដំណើរការរួមចំណែកនេះ មិនត្រឹមតែបង្ហាញពីទឹកចិត្តមនុស្សធម៌របស់លោកគ្រូប៉ុណ្ណោះទេ ថែមទាំងធ្វើឱ្យសាយភាយស្មារតីទទួលខុសត្រូវ រួមចំណែកលើកកម្ពស់ជីវភាពស្មារតីនិងថែរក្សាអត្តសញ្ញាណវប្បធម៌ខ្មែរ តាមរយៈសកម្មភាពសាមញ្ញៗ ប៉ុន្តែពោរពេញដោយអត្ថន័យក្នុងជីវភាពប្រចាំថ្ងៃ៕
ពេជ្រ សឿន