ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

26/10/2026 - 21:36

ទី​ក្រុង​កឹង​ធើ​ ផ្តោត​លើ​ការ​ដោះ​ស្រាយ​បញ្ហា​រាំង​ស្ទះ​ ដើម្បី​ជំ​រុញ​កំ​ណើន​សេដ្ឋ​កិច្ច​នៅ​ចុង​ឆ្នាំ 

(អ.ឡ​) - ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ទី​ក្រុង​ លោក​ទ្រឿង​កាញ់​ត្វៀង​ បាន​សំ​ណូម​ពរ​ដល់​មន្ទីរ​ ស្ថា​ប័ន​និង​ភូមិ​ភាគ​នា​នា​ ផ្ដុំ​កម្លាំង​អនុ​វត្ត​យ៉ាង​ម៉ឺង​ម៉ាត់​នូវ​ភាគ​កម្រិត​អភិវឌ្ឍ​ន៍សេដ្ឋ​កិច្ច​-សង្គម​ ពិ​សេស​កំ​ណើន​ផលិត​ផល​សរុប​ (GRDP) ការ​ផ្ដល់​ផ្ទេរ​ទុន​វិនិយោគ​រដ្ឋ​និង​ការ​ប្រ​មូល​ថវិកា​។

នា​ព្រឹក​ថ្ងៃ​ទី​២៦ ខែ​តុ​លា​ លោក​ទ្រឿង​កាញ់​ត្វៀង​ អនុ​លេខា​គណៈ​កម្មា​ធិ​ការ​បក្ស​ទី​ក្រុង​ ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ទី​ក្រុង​កឹង​ធើ​ បាន​ដឹក​នាំ​កិច្ច​ប្រ​ជុំ​ត្រួត​ពិ​និត្យ​ស្ថាន​ភាព​សេដ្ឋ​កិច្ច​-សង្គម​ក្នុង​ត្រី​មាស​ទី​៤ ឆ្នាំ​២០២៦ ដើម្បី​វាយ​តម្លៃ​ល្បឿន​ដំ​ណើរ​ការ​អនុ​វត្ត​នូវ​បណ្តា​ភាគ​កម្រិត​និង​ដាក់​ចេញ​វិធាន​ការ​សម្រាប់​ដោះ​ស្រាយ​ការ​លំ​បាក​ និង​ជំ​រុញ​កំ​ណើន​សេដ្ឋ​កិច្ច​ក្នុង​ប៉ុន្មាន​ខែ​ចុង​ឆ្នាំ​។ អញ្ជើញ​ចូល​រួម​ក្នុង​កិច្ច​ប្រ​ជុំ​នេះ​ មាន​លោក​ឡេកុង​លី​ សមា​ជិក​គណៈ​អចិន្ត្រៃយ៍​នៃ​គណៈ​កម្មា​ធិ​ការ​បក្ស​ទី​ក្រុង​ អនុ​ប្រ​ធាន​ប្រ​ចាំ​ការ​នៃ​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ទី​ក្រុង​; លោក​វឿងក្វឹក​ណាម​ អនុ​ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ក្រុង​ ព្រម​ទាំង​ថ្នាក់​ដឹក​នាំ​មន្ទីរ​ ស្ថា​ប័ន​នា​នា​ដែល​ពាក់​ព័ន្ធ​។

ថ្នាក់​ដឹក​នាំ​ទី​ក្រុង​ក្នុង​កិច្ច​ប្រ​ជុំ​ត្រួត​ពិ​និត្យ​ស្ថាន​ភាព​សេដ្ឋ​កិច្ច​-សង្គម​ត្រី​មាស​ទី​៤ ឆ្នាំ​២០២៦។

យោង​តាម​មន្ទីរ​ហិរញ្ញ​វត្ថុ​ទី​ក្រុង​កឹង​ធើ​ ស្ថាន​ភាព​សេដ្ឋ​កិច្ច​-សង្គម​ក្នុង​ខែ​តុ​លា​ និង​រយៈ​ពេល​១០ខែ​កន្លង​  ឆ្នាំ​២០២៦ បន្ត​មាន​ការវិ​វឌ្ឍន៍ជា​វិជ្ជមាន​។ សន្ទស្សន៍​ផលិត​ឧស្សាហ​កម្ម​ក្នុង​ខែ​តុ​លា​ ប៉ាន់​ស្មាន​កើន​ឡើង​ ២០,២២% បើ​ប្រៀប​នឹង​រយៈ​ពេល​ដូច​គ្នា​នៃ​ឆ្នាំ​កន្លង​; បូក​សរុប​ក្នុង​រយៈ​ពេល​១០ខែ​កើន​ឡើង​ ១១,៩៣%។ សរុប​តម្លៃ​នៃ​ការ​លក់​រាយ​ទំនិញ​ និង​ចំ​ណូល​ពី​សេ​វា​កម្ម​ប្រើ​ប្រាស់​សម្រេច​ជាង​ ២២៣.០៨៥ ពាន់​លាន​ដុង​ កើន​ឡើង​ ២២,៣%។ ចំ​ណែក​តម្លៃ​នី​ហរ័ណ​ទំនិញ​និង​ចំ​ណូល​រូបិយ​ប័ណ្ណ​បរ​ទេស​ ប៉ាន់​ស្មាន​សម្រេច​ជាង​ ៥,០៩ ពាន់​លាន​ដុល្លារ​អា​មេ​រិក​ កើន​ឡើង​ ១១,៥៧%។

សកម្ម​ភាព​ទេស​ចរណ៍​បន្ត​មាន​ភាព​រីក​ចម្រើន​ ដោយ​ក្នុង​រយៈ​ពេល​១០ខែ​ មាន​ភ្ញៀវ​ទេស​ចរ​ប្រ​មា​ណ​ ១២,៦៧ លាន​នាក់​ កើន​ឡើង​ ៣៣% និង​លើស​ ៣% នៃ​ផែន​ការ​ប្រ​ចាំ​ឆ្នាំ​។ ចំ​ណូល​សរុប​ពី​វិស័យ​ទេស​ចរណ៍​សម្រេច​ប្រ​មា​ណ​ ១១.១១០ ពាន់​លាន​ដុង​ កើន​ឡើង​ ២៨% ស្មើ​នឹង​ ៩៧% នៃ​ផែន​ការ​។ ផលិត​ផល​ស្រូវ​ដែល​ប្រ​មូល​ផល​សម្រេច​ជាង​ ៤,១ លាន​តោន​ ខណៈ​ផលិត​ផល​ជល​ផល​សម្រេច​ជាង​ ៦៧៦.៧២៤ តោន​កើន​ឡើង​ ១៥,២៨% បើ​ប្រៀប​នឹង​រយៈ​ពេល​ដូច​គ្នា​នៃ​ឆ្នាំ​កន្លង​។

លោក​ត្រឹង​ភូ​ឡុក​ថា​ញ់ ប្រ​ធាន​ស្តី​ទី​មន្ទីរ​ហិរញ្ញ​វត្ថុ​ទី​ក្រុង​កឹង​ធើ​ ផ្តល់​ព័ត៌​មាន​អំ​ពី​ស្ថាន​ភាព​អភិវឌ្ឍ​ន៍សេដ្ឋ​កិច្ច​-សង្គម​របស់​ទី​ក្រុង​ក្នុង​ត្រី​មាស​ទី​៤ ឆ្នាំ​២០២៦។

ក្នុង​រយៈ​ពេល​១០ខែ​ ទី​ក្រុង​បាន​ទាក់​ទាញ​វិនិយោគ​ថ្មី​ចំ​នួន​ ៤៤ គម្រោង​  ក្នុង​នោះ​មាន​គម្រោង​វិនិយោគ​ក្នុង​ប្រ​ទេស​ចំ​នួន​ ៣៩ ដែល​មាន​ទុន​ចុះ​បញ្ជី​សរុប​ប្រ​មា​ណ​ ៤៤.៦៩៤ ពាន់​លាន​ដុង​ និង​គម្រោង​វិនិយោគ​ផ្ទាល់​ពី​បរ​ទេស​ចំ​នួន​ ៥  ដែល​មាន​ទុន​សរុប​ ៣៥,៩២ លាន​ដុល្លារ​អា​មេ​រិក​។ ថ្វី​ដ្បិត​ដូច្នេះ​ក៏​ដោយ​ សកម្ម​ភាព​របស់​អា​ជីវ​កម្ម​នៅ​ជួប​ការ​លំ​បាក​ ដោយ​ចំ​នួន​អា​ជីវ​កម្ម​ដែល​បង្កើត​ថ្មី​ថយ​ចុះ​ ៦,២២% ខណៈ​ចំ​នួន​អា​ជីវ​កម្ម​ដែល​ស្ម័គ្រ​ចិត្ត​រំ​សាយ​បាន​កើន​ឡើង​ ១២៦,០២% បើ​ប្រើប​នឹង​រយៈ​ពេល​ដូច​គ្នា​នៃ​ឆ្នាំ​កន្លង​។

គិត​ត្រឹម​ថ្ងៃ​ទី​២៤ ខែ​តុ​លា​ ចំ​ណូល​ថវិកា​រដ្ឋ​សម្រេច​ ២៣.៣៥៦ ពាន់​លាន​ដុង​ ស្មើ​នឹង​ ៨៦,៩% នៃ​ផែន​ការ​ដែល​មជ្ឈិម​ប្រ​គល់​។ ល្បឿន​ដំ​ណើរ​ការ​ផ្ដល់​ផ្ទេរ​ទុន​វិនិយោគ​រដ្ឋ​នៅ​មាន​ភាព​យឺត​យ៉ាវ​។ គិត​ត្រឹម​ថ្ងៃ​ទី​២៣ ខែ​តុ​លា​ ទី​ក្រុង​បាន​ផ្ដល់​ផ្ទេរ​ទុន​ជាង​ ១១.៣៥៦ ពាន់​លាន​ដុង​ សម្រេច​ ៥៩,៦៩% នៃ​ផែន​ការ​ទុន​ដែល​នា​យក​រដ្ឋ​មន្ត្រី​នៃ​រដ្ឋា​ភិបាល​បាន​ប្រ​គល់​ជូន​ ដោយ​នៅ​សល់​ទឹក​ប្រាក់​ប្រ​មា​ណ​ ៧.៦៧១ ពាន់​លាន​ដុង​ដែល​ត្រូវ​បន្ត​ផ្ដល់​ផ្ទេរ​។ គម្រោង​សំ​ខាន់​ៗជា​ច្រើន​នៅ​តែ​បន្ត​ជួប​បញ្ហា​ប្រ​ឈម​នឹង​ការ​រំ​ដោះ​ផ្ទៃ​ដី​ ចាត់​ចែង​តាំង​ទី​លំ​នៅ​ថ្មី​ ផ្លាស់​ប្តូរ​ទី​តាំង​ហេ​ដ្ឋារចនា​សម្ព័ន្ធ​បច្ចេក​ទេស​ និង​ការ​ផ្គត់​ផ្គង់​សម្ភារៈ​សំ​ណង់​។

តាម​ការ​វាយ​តម្លៃ​របស់​មន្ទីរ​ហិរញ្ញ​វត្ថុ​ ក្នុង​ចំ​ណោម​ភាគ​កម្រិត​សេដ្ឋ​កិច្ច​-សង្គម​ចំ​នួន​ ៥២ សម្រាប់​ឆ្នាំ​ ២០២៦ ដែល​មាន​កាល​កំ​ណត់​វាយ​តម្លៃ​ក្នុង​ឆ្នាំ​នេះ​ បាន​រំ​ពឹង​ថា​ មាន​ភាគ​កម្រិត​ចំ​នួន​ ៥ សម្រេច​លើស​តាម​សេច​ក្តី​សម្រេច​ចិត្ត​ មាន​ភាគ​កម្រិត​ចំ​នួន​ ៣៧ សម្រេច​តាម​សេច​ក្តី​សម្រេច​ចិត្ត​និង​មាន​ភាគ​កម្រិត​ចំ​នួន​ ១០ អាច​នឹង​មិន​សម្រេច​បាន​។ កំ​ណើន​ផលិត​ផល​សរុប​ (GRDP) ក្នុង​ឆ្នាំ​ប៉ាន់​ស្មាន​នឹង​កើន​ឡើង​ ៨,៥% ទាប​ជាង​គោល​ដៅ​នៃ​សេច​ក្តី​សម្រេច​ចិត្ត​ដែល​បាន​កំ​ណត់​ពី​ ១០-១០,៥% ។ ភាគ​កម្រិត​មួយ​ចំ​នួន​ទៀត​ដូច​ជា​ ទំ​ហំ​ GRDP ផលិត​ផល​សរុប​ជា​មធ្យម​សម្រាប់​មនុស្ស​ម្នាក់​ ប្រ​មូល​ថវិកា​រដ្ឋ​ ទុន​វិនិយោគ​សរុប​ទូ​ទាំង​សង្គម​ និង​គុណ​ភាព​ធន​ធាន​មនុស្ស​ ក៏​ប្រ​ឈម​នឹង​ហា​និភ័យ​មិន​អាច​សម្រេច​តាម​ផែន​ការ​។

ដើម្បី​ខិត​ខំ​សម្រេច​ឱ្យ​បាន​គោល​ដៅ​កំ​ណើន​ GRDP ក្នុង​ឆ្នាំ​ ១០,០៧% តាម​សេ​ណា​រី​យ៉ូនៃ​ការ​ដឹក​នាំ​ GRDP ក្នុង​ត្រី​មាស​ទី​៤ ត្រូវ​កើន​ឡើង​ ១៦,០៨% ក្នុង​នោះ​ វិស័យ​ឧស្សាហ​កម្ម​និង​សំ​ណង់​ត្រូវ​កើន​ឡើង​ ១៧,២៦% និង​វិស័យ​សេ​វា​កម្ម​ត្រូវ​កើន​ឡើង​ ២០,៩៤%។ នេះ​ជា​សម្ពាធ​ដ៏​ធំ​មួយ​ដែល​ទាម​ទារ​ឱ្យ​ទី​ក្រុង​ ផ្តុំ​កម្លាំង​ដឹក​នាំ​និង​អនុ​វត្ត​នូវ​វិធាន​ការ​នា​នា​ឱ្យ​បាន​ព្រម​ៗគ្នា​និង​មាន​ប្រ​សិទ្ធ​ភាព​ ក្នុង​រយ​:ពេល​ដែល​នៅ​សល់​នៃ​ឆ្នាំ​នេះ​។

លោក​ទ្រឿង​កាញ់​ត្វៀង​ អនុ​លេខា​គណៈ​កម្មា​ធិ​ការ​បក្ស​ទី​ក្រុង​ ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ទី​ក្រុង​កឹង​ធើ​ ថ្លែង​ចង្អុល​ការ​ក្នុង​កិច្ច​ប្រ​ជុំ​។

ថ្លែង​ចង្អុល​ការ​ក្នុង​កិច្ច​ប្រ​ជុំ​ លោក​ទ្រឿង​កាញ់​ត្វៀង​ បាន​សំ​ណូម​ពរ​ដល់​មន្ទីរ​ ស្ថា​ប័ន​និង​ភូមិ​ភាគ​នា​នា​ ផ្ដុំ​កម្លាំង​អនុ​វត្ត​យ៉ាង​ម៉ឺង​ម៉ាត់​នូវ​បណ្ដា​ភាគ​កម្រិត​អភិវឌ្ឍ​ន៍សេដ្ឋ​កិច្ច​-សង្គម​ ជា​ពិ​សេស​កំ​ណើន​ GRDP ការ​ផ្ដល់​ផ្ទេរ​ទុន​វិនិយោគ​រដ្ឋ​ និង​ការ​ប្រ​មូល​ថវិកា​រដ្ឋ​។ អង្គ​ភាព​នីមួយៗ​ត្រូវ​ត្រួត​ពិ​និត្យ​ឱ្យ​បាន​ដិត​ដល់​នូវ​សេ​ណា​រី​យ៉ូកំ​ណើន​ក្នុង​ត្រី​មាស​ទី​៤ កំ​ណត់​ឱ្យ​បាន​ច្បាស់​លាស់​នូវ​ការ​លំ​បាក​ បញ្ហា​ប្រ​ឈម​និង​មូល​ហេ​តុ​ ព្រម​ទាំង​ស្នើ​ដំ​ណោះ​ស្រាយ​សម​ស្រប​ ដើម្បី​ធា​នា​ការ​អនុ​វត្ត​នូវ​បណ្ដា​ភាគ​កម្រិត​ដែល​បាន​ប្រ​គល់​ជូន​បាន​ល្អ​បំ​ផុត​។

ចំ​ពោះ​ការ​ងារ​ប្រ​មូល​ថវិកា​រដ្ឋ​ ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ទី​ក្រុង​ សំ​ណូម​ពរ​ត្រួត​ពិ​និត្យ​ប្រ​ភព​ចំ​ណូល​ទាំង​អស់​ឱ្យ​បាន​គ្រប់​ជ្រុង​ជ្រោយ​ ពង្រឹង​ការ​គ្រប់​គ្រង​ពន្ធ​និង​កម្រៃ​នា​នា​ ដោយ​មិន​ឱ្យ​មាន​ការ​ឆ្លៀត​ឆ្លក​ប្រ​ភព​ដែល​ត្រូវ​ប្រ​មូល​។ ទន្ទឹម​នឹង​នោះ​ ត្រូវ​លើក​កម្ពស់​គុណ​ភា​ពរ​បាយ​ការណ៍​របស់​មន្ទីរ​ និង​ស្ថា​ប័ន​នា​នា​ ជា​ពិ​សេស​ក្នុង​វិស័យ​សុខា​ភិបាល​និង​អប់​រំ​; សហ​ការ​ជា​មួយ​ស្ថា​ប័ន​ស្ថិតិ​ដើម្បី​ធ្វើ​បច្ចុប្បន្ន​ភាព​ទិន្ន​ន័យ​ឱ្យ​បាន​ពេញ​លេញ​និង​ត្រឹម​ត្រូវ​ស្រប​តាម​ស្ថាន​ភាព​ជាក់​ស្តែង​។

ចាប់​ពី​ពេល​នេះ​រហូត​ដល់​ថ្ងៃ​ទី​១៥ ខែ​វិច្ឆិកា អង្គ​ភាព​នា​នា​ត្រូវ​ផ្តោត​លើ​ការ​ត្រួត​ពិ​និត្យ​និង​រាយ​ការណ៍​ឱ្យ​បាន​ពេញ​លេញ​អំ​ពី​ការ​លំ​បាក​ បញ្ហា​ប្រ​ឈម​និង​សំណើ​វិធាន​ការ​ដោះ​ស្រាយ​។ នា​យក​មន្ទីរ​ ស្ថា​ប័ន​ និង​ថ្នាក់​ដឹក​នាំ​អង្គ​ភាព​នីមួយៗ​ ត្រូវ​ទទួល​ខុស​ត្រូវ​ដោយ​ផ្ទាល់​ចំ​ពោះ​លទ្ធ​ផល​នៃ​ការ​អនុ​វត្ត​ភារ​កិច្ច​; ម្ចាស់​ការ​សហ​ការ​ជា​មួយ​អង្គ​ភា​ពពាក់​ព័ន្ធ​ និង​ចុះ​បញ្ជី​កាល​វិភាគ​ធ្វើ​ការ​ជា​មួយ​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ទី​ក្រុង​ ដើម្បី​ដោះ​ស្រាយ​បញ្ហា​ដែល​កើត​មាន​ឡើង​ឱ្យ​បាន​ទាន់​ពេល​វេលា​។ ចំ​ពោះ​បញ្ហា​ដែល​ហួស​ពី​សមត្ថ​កិច្ច​ ឬ​ត្រូវ​ការ​ចង្អុល​ការ​ដោយ​ផ្ទាល់​ ត្រូវ​រាយ​ការណ៍​ជា​បន្ទាន់​ដោយ​ភ្ជាប់​ឯក​សា​រពាក់​ព័ន្ធ​ មិន​ត្រូវ​ទុក​ឱ្យ​អូស​បន្លាយ​ដែល​អាច​ប៉ះ​ពាល់​ដល់​ល្បឿន​ដំ​ណើរ​ការ​អនុ​វត្ត​ភារ​កិច្ច​រួម​៕

ណាម​ហឿង - ពេជ្រ​សឿន​

ចែករំលែកអត្ថបទ