ក្នុងវប្បធម៌ម្ហូបអាហារដ៏សម្បូរបែបរបស់ជនជាតិខ្មែរណាមបូ នំបំពង់គឺជាមុខម្ហូបប្រពៃណីដ៏ជិតស្និទ្ធមួយដែលបានថែរក្សាឆ្លងកាត់ច្រើនជំនាន់។ នៅរមណីយដ្ឋានគូស្រះស្រី សង្កាត់ង្វៀកហ្វា ខេត្តវិញឡុង គ្រួសារអ្នកមីងថាច់ធីស្វឹង នៅតែរក្សាវិធីចំហុយនំដោយបំពង់ឫស្សី រួមចំណែកថែរក្សារសជាតិ និងវិធីសាស្ត្រចម្អិនរបស់បុព្វបុរស។

អ្នកមីងថាច់ធីស្វឹង នៅតែរក្សាវិធីចំហុយនំបំពង់ដោយបំពង់ឫស្សីប្រពៃណី។
ម្ហូបអាហារគឺជាផ្នែកមួយក្នុងជីវភាពវប្បធម៌របស់ជនជាតិនីមួយៗ។ ផ្ដើមពីវត្ថុធាតុដើមនៅជុំវិញខ្លួន ជនជាតិខ្មែរបានបង្កើតនូវមុខម្ហូបជាច្រើនប្រកបដោយលក្ខណៈដោយឡែក ក្នុងនោះមាននំបំពង់។ នំនេះមានរូបភាពស្មុគស្មាញ តែទាក់ទាញភ្នែកនិងក្រអូបឈ្ងុយដោយពណ៌បៃតងនៃស្លឹកតើយ រសជាតិម្លាន់នៃដូង ឈ្ងុយល្ង រួមផ្សំជាមួយស្ករផ្អែម ល្មមនិងអំបិលប្រៃតិចៗ។ ឈ្មោះហៅដ៏សាមញ្ញនេះ កើតចេញពីឧបករណ៍ចំហុយផ្ទាល់ ដែលផ្សារភ្ជាប់នឹងរបៀបធ្វើតាំងពីបុរាណកាល។ អ្នកមីងថាច់ធីស្វឹង (កើតឆ្នាំ១៩៧០) នៅអនុសង្កាត់ទី៧ សង្កាត់ង្វៀក ហ្វា ជាអ្នកបន្តវេនរបរធ្វើនំបំពង់របស់ដូនតា ឱ្យដឹងថា កាលពីមុន អ្នកមីងធ្លាប់រែកនំដើរលក់ បច្ចុប្បន្នលក់នៅត្រង់ផ្លូវបែកចូលគូស្រះស្រី។ តាមសម្ដីរបស់អ្នកមីង បច្ចុប្បន្នអ្នកប្រកបរបរនេះមានចំនួនតិចតួចណាស់ ដោយភាគច្រើនបានបង្វែរមកប្រើបំពង់អាលុយមីញ៉ូម ឬអ៊ីណុកដើម្បីឱ្យងាយស្រួល ប៉ុន្តែចំពោះអ្នកមីងផ្ទាល់នៅតែប្រកាន់ខ្ជាប់នូវការប្រើបំពង់ ឫស្សីធម្មជាតិដដែល ដើម្បីរក្សាឱ្យបាននូវរសជាតិដែលធ្លាប់ស្គាល់តាំងពីយូរលង់ណាស់មកហើយ។
រំលឹកពីប្រវត្តិគ្រួសារ អ្នកមីងស្វឹងចែករំលែក៖ “គ្រួសារខ្ញុំបានបន្តវេនមុខរបរធ្វើនំនេះអស់បួនជំនាន់មកហើយ។ ការប្រើបំពង់ឬស្សីសម្រាប់ចំហុយ គឺផ្តល់នូវក្លិនក្រអូបដែលធ្លាប់មានមក ហេតុនេះហើយ ទើបខ្ញុំនៅតែប្រកាន់ខ្ជាប់របៀបធ្វើបែបប្រពៃណី។ ដើម្បីធ្វើនំ អង្ករត្រូវបានយកមកត្រាំ រួចកិនលាយជាមួយស្លឹកតើយដើម្បីបង្កើតពណ៌ខៀវធម្មជាតិនិងក្លិនក្រអូប។ ផ្នែកម្សៅដែលកិនរួច ត្រូវយកមកពូតទឹកឱ្យស្ងួតល្មម។ អ្នកធ្វើត្រូវដាក់ល្បាយម្សៅចូលទៅក្នុងបំពង់ឫស្សីនីមួយៗ រួចយកទៅចំហុយរហូតដល់ឆ្អិន។ ពេលយកនំចេញពីបំពង់ ទើបបន្ថែមដូង កោសសណ្តែកដី ល្ង ស្ករស និងអំបិលបន្តិចបន្តួច។ គ្រឿងផ្សំទាំងនេះត្រូវបានផ្សំយ៉ាងសមស្រប ដើម្បីបង្កើតបានរសជាតិផ្អែម ម្លាន់ និងឈ្ងុយឆ្ងាញ់ពិសា។ នំនេះគួរទទួលទានពេលនៅក្តៅទើបទន់ និងក្រអូបឈ្ងុយស្លឹកតើយ។ ដំណើរការកែច្នៃទោះបីមើលទៅសាមញ្ញមែន ប៉ុន្តែទាមទារភាពប៉ិនប្រសប់ ជាពិសេស ពេលចំហុយដោយបំពង់ឫស្សីដើម្បីឱ្យនំឆ្អិនស្មើល្អ”។
ឆ្លងកាត់បួនជំនាន់មកហើយ របរធ្វើនំរបស់គ្រួសារអ្នកមីងស្វឹង បានបន្តវេនតាមរយៈសកម្មភាពការងារជាក់ស្តែងប្រចាំថ្ងៃ ដូចជា ការរៀបចំម្សៅការ លាយធាតុផ្សំ ការចំហុយ និងការបម្រើជូនអតិថិជន។ ការរក្សាការប្រើប្រាស់បំពង់ឫស្សី មិនត្រឹមតែជាការជ្រើសរើសឧបករណ៍ធ្វើម្ហូបធម្មតាប៉ុណ្ណោះទេ ថែមទាំងបង្ហាញពីការផ្សារភ្ជាប់យ៉ាងស្អិតល្មួតជាមួយវិធីសាស្ត្របុរាណរបស់ដូនតា។ ចំពោះអ្នកមីង របរនេះមិនត្រឹមតែផ្តល់ប្រាក់ចំណូលប៉ុណ្ណោះទេ ថែមទាំងជួយថែរក្សាផ្នែកមួយនៃអនុស្សាវរីយ៍ដ៏មានតម្លៃរបស់គ្រួសារផងដែរ។ គាត់តែងមានសេចក្តីសង្ឃឹមថា នំបំពង់ប្រពៃណីនេះនឹងបន្តមានអ្នកស្គាល់ និងគាំទ្រកាន់តែច្រើនឡើងថែមទៀត។
នៅរមណីយដ្ឋានគូស្រះស្រី បំពង់ឫស្សីនៅលើចង្ក្រានចំហុយ អមដោយក្លិនស្លឹកតើយ ធ្វើឱ្យអ្នកទទួលទានអាចស្វែងយល់ពីមុខម្ហូបបានតាំងពីដំណាក់កាលចំហុយ។ ម្យ៉ាងទៀត នំបំពង់បានបង្ហាញនូវទិដ្ឋភាពដ៏ជិតស្និទ្ធអំពីជីវភាពរស់នៅរបស់សហគមន៍។ ផ្ដើមពីគ្រឿងផ្សំដែលធ្លាប់ស្គាល់ និងកិច្ចខិតខំប្រឹងប្រែងរបស់អ្នករក្សាប្រពៃណីវប្បធម៌ម្ហូបអាហារបន្តបានបង្ហាញឡើងយ៉ាងច្បាស់ ដែលរួមចំណែកដល់ការអភិរក្សអត្តសញ្ញាណរបស់ជន រួមជាតិខ្មែរណាមបូ៕
ទីទុយ - ថាច់ធី