25/09/2026 - 08:18

ឈាន​ឡើង​ធូរ​ធារ​ផ្តើម​ពី​ការ​ចិញ្ចឹម​សត្វ​ 

បង​ឡឹម​ថាញ​ឡុង​ កើត​ឆ្នាំ​ ១៩៩២ នៅ​ភូមិ​ព្រែក​ឈូក​ ឃុំ​ង៉ាយទឺ ខេត្ត​វិញ​ឡុង​ ផ្សារ​ភ្ជាប់​នឹង​របរ​ចិញ្ចឹម​គោ​ជា​ច្រើន​ឆ្នាំ​មក​ហើយ​ គាត់​បន្ត​អភិវឌ្ឍ​ចិញ្ចឹម​គោ​មេ​ ចិញ្ចឹម​គោ​បន្ធាត់​ គួប​ផ្សំ​នឹង​ចិញ្ចឹម​ជ្រូក​ និង​ដាំ​ក្រូច​ពោធិ៍​សាត់​។ ទម្រង់​ផលិត​រួម​ផ្សំ​នេះ​ ជួយ​ឱ្យ​គ្រួ​សា​របង​មាន​ប្រ​ភព​ចំ​ណូល​បន្ថែម​ ហើយ​ជីវ​ភាព​ឈាន​ឡើង​ធូរ​ធារ​ជា​បណ្តើ​រៗ។

បង​ឡឹម​ថាញ​ឡុង​ ដាក់​ចំ​ណី​ឱ្យ​គោ​។

បង​ឡឹម​ថាញ​ឡុង​ ឱ្យ​ដឹង​៖ គ្រួ​សារ​គាត់​ប្រ​កប​របរ​កសិ​កម្ម​ និង​ចិញ្ចឹម​សត្វ​។ តាំង​ពី​តូច​មក​ គាត់​ធ្លាប់​នឹង​ការ​ងារ​ថែ​ទាំ​គោ​ ជ្រូក​ និង​ធ្វើ​ការ​ងារ​ស្រែ​ចម្ការ​ជា​មួយ​ឪ​ពុក​ម្តាយ​។ របរ​ចិញ្ចឹម​គោ​នេះ​ បាន​គ្រួ​សារ​ចិញ្ចឹម​ជា​យូរ​មក​ហើយ​ ពេល​ធំ​ដឹង​ក្តី​ គាត់​ក៏​ស្នង​បន្ត​បទ​ពិសោធន៍​របស់​ឪ​ពុក​ម្តាយ​ ដើម្បី​ពង្រីក​ហ្វូង​គោ​មេ​។ ថ្វី​ដ្បិត​ដូច្នេះ​ក្តី​ ពី​មុន​គ្រួ​សារ​ចិញ្ចឹម​តាម​បទ​ពិសោធន៍​ប្រ​ពៃ​ណី​ជា​សំ​ខាន់​ ដូច្នេះ​ប្រ​សិទ្ធ​ភាព​មិន​ខ្ពស់​។ បន្ទាប់​ពី​ស្វែង​យល់​ និង​ប្រ​មែ​ប្រ​មូល​បទ​ពិសោធន៍​ គាត់​សង្កេត​ឃើញ​ថា​ បើ​ចង់​ចិញ្ចឹម​គោ​ទទួល​បាន​ប្រ​សិទ្ធ​ភាព​ គប្បី​យក​ចិត្ត​ទុក​ដាក់​ដល់​ផ្នែក​ជ្រើស​រើស​ពូជ​ ថែ​ទាំ​ និង​តាម​ដាន​សុខ​ភាព​ រហូត​ដល់​ធា​នា​ប្រ​ភព​ចំ​ណី​មាន​សារ​ធា​តុ​ចិញ្ចឹម​គ្រប់​គ្រាន់​។ ផ្តើម​ពី​នោះ​មក​ គាត់​ម្ចាស់​ការ​អនុ​វត្ត​របៀប​ថែ​ទាំ​សម​ស្រប​ជាង​មុន​ តែង​តាម​ដាន​ហ្វូង​គោ​ជា​ប្រ​ចាំ​ និង​យក​ចិត្ត​ទុក​ដាក់​ដល់​ការ​បង្ការ​ជំងឺ​។ អា​ស្រ័យ​ហេ​តុ​នោះ​ ហ្វូង​គោ​របស់​គាត់​ធំ​ធាត់​ល្អ​ នាំ​មក​នូវ​ប្រ​សិទ្ធ​ភាព​សេដ្ឋ​កិច្ច​ដល់​គ្រួ​សារ​ជា​បណ្តើ​រៗ។ ទន្ទឹម​នឹង​ចិញ្ចឹម​គោ​មេ​ គាត់​នៅ​ទាំង​ចិញ្ចឹម​ជ្រូក​ និង​ដាំ​ក្រូច​ពោធិ៍​សាត់​ ដើម្បី​ប្រើ​ប្រាស់​អស់​ផ្ទៃ​ដី​ កម្លាំង​ពល​កម្ម​ បង្ក​ប្រ​ភព​ចំ​ណូល​បន្ថែម​។

បង​ឡឹម​ថាញ​ឡុង​ ត្រៀម​បម្រុង​ចំ​បើង​ ស្មៅ​ រួម​ផ្សំ​នឹង​ចំ​ណី​សត្វ​បន្ធាត់​គោ​។

បច្ចុប្បន្ន​ គ្រួ​សា​របង​ឡុង​ កំ​ពុង​ចិញ្ចឹម​គោ​បន្ធាត់​ ៥ ក្បាល​។ រៀង​រាល់​ឆ្នាំ​ គ្រួ​សារ​គាត់​លក់​ពី​ ២  - ៣ ក្បាល​ ដោយ​តម្លៃ​ពី​ ៤៥ - ៥៥ លាន​ដុង​ក្នុង​មួយ​ក្បាល​ អា​ស្រ័យ​លើ​ទម្ងន់​ និង​ដំ​ណាក់​កាល​លក់​។ បង​ឡុង​ ឱ្យ​ដឹង​៖ “បើ​ចង់​ឱ្យ​គោ​ឆាប់​ធំ​ ត្រូវ​ឱ្យ​ចំ​ណី​មាន​សារ​ធា​តុ​ចិញ្ចឹម​គ្រប់​គ្រាន់​ សម​ស្រប​នឹង​ដំ​ណាក់​កាល​គោ​ធំ​ធាត់​នីមួយៗ​”។ ចំ​ណី​ឱ្យ​គោ​ជា​សំ​ខាន់​គឺ​ចំ​បើង​ និង​ស្មៅ​ រួម​ផ្សំ​ចំ​ណី​សត្វ​បន្ថែម​ ដើម្បី​ធា​នា​សារ​ធា​តុ​ចិញ្ចឹម​។ តាម​ប្រ​សាសន៍​របស់​បង​ ពេល​ប្រ​ភព​ចំ​ណី​បាន​ផ្គត់​ផ្គង់​គ្រប់​គ្រាន់​ គោ​នឹង​ឆាប់​ធំ​ ឡើង​ទម្ងន់​រហ័ស​ និង​មាន​សុខ​ភាព​ល្អ​។ ទន្ទឹម​នឹង​ចិញ្ចឹម​គោ​មេ​ គាត់​នៅ​ទាំង​ចិញ្ចឹម​ជ្រូក​ទៀត​ផង​។ បច្ចុប្បន្ន​ គ្រួ​សា​របង​ចិញ្ចឹម​ជ្រូក​បាន​ ៣៥ ក្បាល​ ក្នុង​នោះ​មាន​ជ្រូក​មេ​ ៥ ក្បាល​ និង​ជ្រូក​សាច់​៣០ក្បាល​ ត្រៀម​នឹង​លក់​។ ការ​ចិញ្ចឹម​សត្វ​ច្រើន​ប្រ​ភេទ​ ជួយ​ឱ្យ​គ្រួ​សា​របង​មាន​ប្រ​ភព​ចំ​ណូល​បន្ថែម​ និង​ម្ចាស់​ការ​ជាង​ទៀត​ក្នុង​ការ​ផលិត​។ 

ក្រៅ​ពី​ចិញ្ចឹម​សត្វ​ គ្រួ​សា​របង​ឡុង​ នៅ​ទាំង​ដាំ​ក្រូច​ពោធិ៍​សាត់​ប្រ​មា​ណ​ ៥ កុង​។ បង​ឱ្យ​ដឹង​ ការ​គួប​ផ្សំ​ដំ​ណាំ​ជា​មួយ​នឹង​ចិញ្ចឹម​សត្វ​ ជួយ​ប្រើ​ប្រាស់​អស់​ផ្ទៃ​ដី​ និង​កម្លាំង​ពល​កម្ម​។ ក្នុង​ដំ​ណើរ​ការ​ផលិត​ គាត់​យក​ចិត្ត​ទុក​ដាក់​ថែ​ទាំ​ដើម​ក្រូច​។ តាម​ប្រ​សាសន៍​របស់​បង​ ធ្វើ​កសិ​កម្ម​បើ​ចង់​ទទួល​បាន​ប្រ​សិទ្ធ​ភាព​ល្អ​ ត្រូវ​តែ​ទ្រាំ​លំ​បាក​ អត់​ធ្មត់​ និង​រៀន​សូ​ត្រ​បទ​ពិសោធន៍​ជា​ប្រ​ចាំ​។ គាត់​យល់​ថា​ គ្រួ​សារ​នីមួយៗ​សុទ្ធ​តែ​មា​នល​ក្ខណៈ​ដី​ធ្លី​ ដើម​ទុន​ និង​កម្លាំង​ពល​កម្ម​ខុស​ៗគ្នា​ ហេ​តុ​នោះ​គប្បី​ជ្រើស​រើស​ទម្រង់​ឱ្យ​បាន​សម​ស្រប​ វិនិយោ​គជា​សន្សឹម​ៗ និង​មិន​ឱ្យ​ហួស​ពី​សមត្ថ​ភាព​។ ពិ​សេស​ ក្នុង​ការ​ចិញ្ចឹម​សត្វ​ ក្រៅ​ពី​កូន​ពូជ​ អ្នក​ចិញ្ចឹម​ត្រូវ​យក​ចិត្ត​ទុក​ដាក់​លើ​ប្រ​ភព​ចំ​ណី​សត្វ​ សម្អាត​ទ្រុង​ និង​បង្ការ​ជំងឺ​។ ពេល​ថែ​ទាំ​សត្វ​បាន​ល្អ​ ជួយ​បន្ថយ​ហា​និភ័យ​ផង​ និង​លើក​កម្ពស់​ប្រ​សិទ្ធ​ភាព​ផលិត​ផង​។

 ជា​មួយ​ស្មារតី​ទ្រាំ​លំ​បាក​ពល​កម្ម​ មាន​បទ​ពិសោធន៍​ និង​ម្ចាស់​ការ​ស្វែង​រក​ទិស​ដៅ​ផលិត​សម​ស្រប​ បង​ឡុង​ កំ​ពុង​អភិវឌ្ឍ​សេដ្ឋ​កិច្ច​គ្រួ​សារ​ជា​សន្សឹម​ៗផ្តើម​ពី​លក្ខ​ណៈដែល​មាន​ស្រាប់​។ ការ​ងារ​ចិញ្ចឹម​គោ​មេ​ គួប​ផ្សំ​ចិញ្ចឹម​ជ្រូក​ និង​ដាំ​ក្រូច​ពោធិ៍​សាត់​របស់​បង​ គឺ​ជា​របៀប​ធ្វើ​ដែល​ប្រ​ជា​ជន​អាច​ស្វែង​យល់​ រៀន​សូ​ត្រ​បទ​ពិសោធន៍​ និង​ជ្រើស​រើ​សទិស​ដៅ​អភិវឌ្ឍ​សម​ស្រប​នឹង​លក្ខ​ណៈជាក់​ស្តែង​របស់​គ្រួ​សារ​នីមួយៗ​៕

ទីទុយ​ - វិមាន​

ចែករំលែកអត្ថបទ