ក្នុងដំណើរការអភិវឌ្ឍតំបន់ជនជាតិភាគតិច អ្នកមានប្រិយភាពតែងមានតួនាទីយ៉ាងពិសេស។ នៅទីក្រុងកឹងធើ ការលើកកម្ពស់ការយល់ដឹង និងបំប៉នបំណិនសម្រាប់កម្លាំងនេះ កំពុងទទួលបានការយកចិត្តទុកដាក់ជំរុញយ៉ាងខ្លាំង រួមចំណែកនាំយកគោលការណ៍របស់បក្ស គោលនយោបាយនិងច្បាប់របស់រដ្ឋទៅដល់ប្រជាជន។

អ្នកមានប្រិយភាពក្នុងតំបន់ជនជាតិភាគតិចអញ្ជើញចូលរួមសន្និសីទហ្វឹកហ្វឺន។
កន្លងមក មន្ទីរជនជាតិនិងសាសនាទីក្រុងកឹងធើ បានចាត់តាំងសន្និសីទហ្វឹកហ្វឺន បំ ប៉នការផ្តល់ព័ត៌មានដល់អ្នកមានប្រិយភាពក្នុងជនជាតិភាគតិច ឆ្នាំ២០២៦ ដោយមានការចូលរួមពីអ្នកតំណាង ៤៧២ រូប ដែលជាអ្នកមុខអ្នកការសាសនា អ្នកមានប្រិយភាពលេចធ្លោលើភូមិឋានទីក្រុង។ នេះជាសកម្មភាពជាក់ស្តែង សំដៅពង្រឹងធ្វើបច្ចុប្បន្នភាពចំណេះដឹង និងបំពាក់បំប៉នបន្ថែមនូវបំណិនសម្រាប់កម្លាំងពិសេសនេះ។
កម្មវិធីហ្វឹកហ្វឺនមានទិសដៅពង្រឹងនិងបំប៉នចំណេះដឹង បំណិនដល់អ្នកមានប្រិយភាព។ ទន្ទឹមនឹងនោះ ធ្វើបច្ចុប្បន្នភាពទាន់ពេលនូវគោលនយោបាយ គោលមាគ៌ារបស់បក្ស ច្បាប់របស់រដ្ឋ ស្តីពីការងារជនជាតិនិងសាសនា។ ក្នុងនោះ ផ្តោតសំខាន់លើខ្លឹមសារពាក់ព័ន្ធនឹងកម្មវិធីទិសដៅជាតិអំពីការកសាងជនបទថ្មី បន្ថយភាពក្រីក្រប្រកបដោយចីរ ភាព និងការអភិវឌ្ឍសេដ្ឋកិច្ច -សង្គមតំបន់ជនជាតិ ភាគតិចនិងតំបន់ភ្នំ ដំណាក់កាល ២០២៦-២០៣៥។ តាមរយៈនោះ ជួយឱ្យអ្នកមានប្រិយភាព ក្ដាប់ច្បាស់ពីទិសដៅនិងដំណើរការអភិវឌ្ឍន៍ ដើម្បីផ្សព្វផ្សាយ ចលនាមាមីងឱ្យខ្នះខ្នែងចូលរួម និងរួមចំណែកអនុវត្តប្រកបដោយប្រសិទ្ធភាពនូវកម្មវិធីគោលនយោបាយនៅភូមិភាគ។
លោកត្រឹងខាក់ទ្រុង នាយករងមន្ទីរជនជាតិ និងសាសនា ទីក្រុងកឹងធើ ឱ្យដឹង៖ “បក្សនិងរដ្ឋតែងយកចិត្តទុកដាក់ពីគោលនយោបាយជាច្រើន ដើម្បីអភិវឌ្ឍសេដ្ឋកិច្ច-សង្គមតំបន់ជនជាតិភាគតិច ភ្ជាប់ជាមួយការពង្រឹងការពារប្រទេស សន្តិសុខនិងគិតគូរដល់ជីវភាពប្រជាជន។ កន្លងមក កងជួរអ្នកមានប្រិយភាព បានពង្រីកយ៉ាងល្អនូវតួនា ទីឈានមុខ ព្រមទាំងខ្នះខ្នែងចលនាជនរួមជាតិកសាងជនបទថ្មី បន្ថយភាពក្រីក្រប្រកបដោយចីរភាព ថែរក្សាអត្តសញ្ញាណវប្បធម៌ លុបបំបាត់ទម្លាប់ឱនថយ និងរួមចំណែកដោះស្រាយបញ្ហា ដែលកើតឡើងនៅមូលដ្ឋានបង្កការឯកភាពក្នុងសហគមន៍”។
លោកស៊ើងញ៉ាយ អ្នកមានប្រិយភាពនៅសង្កាត់ ខាញ់ហ្វា ចែករំលែក៖ “សន្និសិទបានជួយឱ្យយើងខ្ញុំធ្វើបច្ចុប្បន្នភាពព័ត៌មានថ្មីៗជាច្រើនស្តីពីគោលការណ៍ គោលនយោបាយ និងកម្មវិធីទិសដៅជាតិក្នុងដំណាក់កាលថ្មី។ នេះជាមូលដ្ឋានដើម្បីខ្ញុំបន្តពង្រីកតួនាទីជាអ្នកមានប្រិយភាព ខ្នះខ្នែងផ្សព្វផ្សាយ ចលនាមាមីងរួមគ្នាអភិវឌ្ឍសេដ្ឋកិច្ច កសាងជីវភាព កាន់តែល្អប្រសើរ”។
ក្នុងបរិការណ៍ថ្មី ការលើកកម្ពស់ការយល់ដឹង និងពង្រីកតួនាទីរបស់អ្នកមានប្រិយភាព មិនត្រឹមតែជាភារកិច្ចចំពោះមុខប៉ុណ្ណោះទេ ថែមទាំងមានអត្ថន័យជាយូរអង្វែង។ ជាមួយនឹងការយកចិត្តទុកដាក់និងការវិនិយោគចំទិសដៅរបស់ទីក្រុងកឹងធើ កងជួរនេះនឹងបន្តជាទីបង្អែករឹងមាំក្នុងសហគមន៍ រួមចំណែកកសាងទីក្រុងឱ្យកាន់តែអភិវឌ្ឍចីរភាព ស៊ីវិល័យនិងពោរពេញដោយអត្តសញ្ញាណ៕
ហុងទើ - ថាច់ធី