ផ្តើមពីផ្ទៃដីស្រែផលិតស្រូវផ្តល់ទិន្នផលទាប បង គៀងសម្បូរ កើតឆ្នាំ ១៩៨៦ នៅភូមិហឿងភូ B ឃុំចូវថាញ់ ខេត្តវិញឡុង បានមោះមុតប្តូរមកដាំឈូកយកក្រឳ។ អាស្រ័យដោយឧស្សាហ៍ព្យាយាមពលកម្ម ទម្រង់ដាំឈូកជំហានដំបូងបាននាំមកនូវប្រសិទ្ធភាពសេដ្ឋកិច្ច ជួយគ្រួសារមានប្រភពចំណូលទៀងទាត់ និងលើកស្ទួយជីវភាព។

ស្រះឈូករបស់បងគៀងសម្បូរកំពុងលូតលាស់ល្អ។
ក្រោយចេញពីកងជួរទ័ព ឆ្នាំ ២០០៧ បង គៀងសម្បូរ វិលត្រឡប់មកភូមិស្រុក ធ្វើការឈ្នួលមួយរយៈ រួចហើយត្រឡប់មកផលិតកសិកម្មវិញ។ ថ្វីត្បិតដូច្នោះក្តី ច្រើនឆ្នាំផលិតស្រូវលើផ្ទៃដីរបស់គ្រួសារ ទិន្នផលមិនបានខ្ពស់ ប្រសិទ្ធភាពសេដ្ឋកិច្ចនៅទាប។ ដោយឃើញថាគួរតែស្វែងរកទិសដៅផលិតថ្មី បងចាប់ផ្តើមស្វែងយល់អំពីប្រភេទដំណាំដែលសមស្របនឹងលក្ខណៈដីធ្លីនៅភូមិស្រុក។ តាមរយៈការស្វែងយល់ បងឃើញថាដំណាំឈូកមានសមត្ថភាពសមស្របល្អ ម្ល៉ោះហើយសម្រេចចិត្តដាំសាកល្បងលើផ្ទៃដី ៣ កុង។ ក្នុងដំណាក់កាលផលិត បងធ្វើបណ្តើររៀនសូត្រពីបទពិសោធន៍ថែទាំ សម្រួលទឹក និងប្រមូលផលក្រឳឈូកបណ្តើរ។ ដោយឃើញដំណាំឈូកលូតលាស់ល្អ ចេញក្រឳស្មើ បងបន្តបើកពង្រីកដល់ទៅ ៧ កុងបន្ថែមទៀត។ មកទល់ពេលនេះ គ្រួសារបងមានផ្ទៃដីដាំឈូកប្រមាណ ១ ហិកតា។

បងគៀងសម្បូររីករាយក្បែរស្រែឈូកកំពុងលូតលាស់ល្អ។
បងគៀងសម្បូរ ឱ្យដឹង៖ បច្ចុប្បន្ន ស្រែឈូកកំពុងផ្តល់ផលក្រឳ។ ជាមធ្យមក្នុងមួយថ្ងៃ បងប្រមូលផលក្រឳឈូកបានពី ២៥ ដល់ ៣០ គីឡូក្រាម បានឈ្មួញទិញក្នុងតម្លៃពី ២០.០០០ ដល់ ៣០.០០០ ដុង/មួយគីឡូក្រាម ។ អាស្រ័យឈូកផ្តល់ក្រឳជាប្រចាំ ម្ល៉ោះហើយគ្រួសារមានប្រភពចំណូលរៀងរាល់ថ្ងៃ។ ទន្ទឹមនឹងនោះបងថែមទាំងឆ្លៀតលក់ផ្កាឈូក ដើម្បីបង្កើនប្រាក់ចំណូលបន្ថែមទៀតផង។ ក្នុងមួយសប្តាហ៍ បងប្រមូលផលផ្កាឈូកប្រហែល ២០០ ដល់ ៣០០ ផ្កា លក់ឱ្យឈ្មួញក្នុងតម្លៃប្រមាណ ៥.០០០ ដុង/១០ផ្កា ។ បើតាមបង ប្រភពចំណូលពីផ្កាឈូក ទោះបីជាមិនច្រើនក៏ពិតមែន ប៉ុន្តែរួមចំណែកបង្កើនបន្ថែមប្រសិទ្ធភាពសេដ្ឋកិច្ចលើផ្ទៃដីផលិតតែមួយ។ ជាមួយបរិមាណផលក្រឳឈូក បច្ចុប្បន្ន តម្លៃលក់ឡើងចុះតាមពេលវាលា ក្នុងមួយខែ គ្រួសាររកបានប្រាក់ចំណូលរាប់សិបលានដុង ខ្ពស់ជាងបើប្រៀបនឹងផលិតស្រូវដូចកាលពីមុននេះ។

បងគៀងសម្បូរប្រមូលផលក្រឳឈូកនិងផ្កាឈូក។
បើតាមបងគៀងសម្បូរ ដាំឈូកមិនចាំបាច់វិនិយោគទុនច្រើនពេកទេ សំខាន់គឺចំណាយកម្លាំងថែទាំនិងប្រមូលផល។ ថ្វីត្បិតដូច្នោះក្តី នេះគឺជាការងារនឿយហត់ ជាពិសេសគឺការដកក្រឳ។ រៀងរាល់ថ្ងៃ អ្នកដាំត្រូវចុះស្រែ រើសរកក្រឳនីមួយៗ ដែលមានទំហំ ទើបដកយក បន្ទាប់មកលាងជម្រះ ចងជាដុំ រួចប្រគល់ឱ្យឈ្មួញ។ ដំណាំឈូក មិនសូវមានសត្វល្អិតនិងជំងឺបំផ្លាញ ដូច្នេះ ចំណាយលើថ្នាំការពាររុក្ខជាតិមិនច្រើននោះទេ។ ក្នុងដំណាក់កាលថែទាំ បងយកចិត្តទុកដាក់បំផុត គឺការបញ្ចូលទឹក ជាពិសេសនៅរដូវប្រាំង ធានាស្រែមានទឹកគ្រប់គ្រាន់ ដើម្បីឈូកលូតលាស់ និងរីកចម្រើនបានល្អ។ “ដាំឈូកទោះបីជាលំបាក ប៉ុន្តែថ្ងៃណាក៏មានប្រាក់ចំណូលដែរ។ សំខាន់គឺយើងស៊ូលំបាក នោះនឹងមានប្រាក់រៀងរាល់ថ្ងៃ។ បើប្រៀបធៀបនឹងការធ្វើស្រែមុននេះ ដាំឈូកពិតមែនតែចំណាយកម្លាំងកាយច្រើនជាង ប៉ុន្តែចំណូលខ្ពស់ជាង និងជីវភាពគ្រួសារ ក៏បានលំនឹងផងដែរ” បង គៀងសម្បូរ ចែករំលែកដូច្នេះ។
លោក ថាច់សីហាឡា ប្រធានគណៈប្រជាជនភូមិហឿងភូ B ឱ្យដឹង៖ “បងគៀងសម្បូរ គឺជាកសិករម្នាក់ក្នុងចំណោមកសិករដែលឧស្សាហ៍ព្យាយាមពលកម្ម។ ទម្រង់ដាំឈូកយកក្រឳ បានជួយឱ្យគ្រួសារបងមាន ប្រភពចំណូលបន្ថែមជាប្រចាំ ជាជំហានលំនឹងជីវភាព។ នេះគឺជាទម្រង់សមស្របនឹងលក្ខណៈផលិតនៅភូមិស្រុក គួរតែផ្សព្វផ្សាយទូលាយ ដើម្បីមាមីងស្វែងយល់ រៀនសូត្រនិងអនុវត្ត”។
ផ្តើមពីផ្ទៃដីផលិតស្រូវផ្តល់ទិន្នផលទាប ប្តូរមកដាំឈូកយកក្រឳ បានជួយឱ្យគ្រួសារបងគៀងសម្បូរ លើកកម្ពស់ ប្រសិទ្ធភាពប្រើប្រាស់ដី បង្កើនប្រភពចំណូលជាប្រចាំ។ ទម្រង់នេះ ក៏បង្ហាញឱ្យឃើញ ការជ្រើសរើសមុខដំណាំ សមស្របនឹងលក្ខណៈផលិត គួបផ្សំជាមួយភាពឧស្សាហ៍ព្យាយាម ទ្រាំលំបាករបស់កសិករ អាចនឹងរួមចំណែកលើកកម្ពស់ប្រសិទ្ធភាពសេដ្ឋកិច្ច ជំហានលើកស្ទួយជីវភាព ៕
ទីទុយ - លីសៀ