យោងតាមនាយកដ្ឋានបង្ការជំងឺ(ក្រសួងសុខាភិបាល) ការងារបង្ការ ទប់ស្កាត់ជំងឺឆ្លងក្នុងសាលារៀន ត្រូវបានអនុវត្តយ៉ាងសកម្ម ខ្ជាប់ខ្ជួន ដោយមានកិច្ចសហការរវាងផ្នែកសុខាភិបាល ផ្នែកអប់រំ សាលារៀននិងគ្រួសារ។ក្នុងនោះ ឆាប់ប្រទះឃើញជំងឺ អនាម័យបរិស្ថាននិងអនុវត្តវិធានការបង្ការជំងឺនៅសាលារៀនមានតួនាទីសំខាន់ណាស់។
តាមនាយកដ្ឋានបង្ការជំងឺ ឆ្នាំ២០២៦ ជំងឺពងបែកដៃ ជើងនិងមាត់ បន្តជាជំងឺមួយក្នុងចំណោមជំងឺដែលគប្បីយកចិត្តទុកដាក់ ពេលកុមារឈានចូលឆ្នាំសិក្សាថ្មី។ គិតចាប់តាំងពីដើមឆ្នាំ២០២៦ រហូតដល់ថ្ងៃទី១៥ ខែសីហា ទូទាំងប្រទេសបានកត់សម្គាល់ជំងឺពងបែកដៃ ជើង មាត់ជិត ១០០.០០០ ករណី ខ្ពស់ជាងបើប្រៀបទៅនឹងឆ្នាំមុន ចំនួនករណីជំងឺក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះនៅតែមានកម្រិតខ្ពស់ ប្រមូលផ្តុំច្រើននៅខេត្ត ក្រុងធំៗ ពិសេសគឺតំបន់ភាគខាងត្បូង។

ការលាងដៃជាមួយសាប៊ូជាប្រចាំ ជួយឱ្យកុមារបង្ការជំងឺពងបែកដៃ ជើង មាត់និងជំងឺប្រព័ន្ធរំលាយអាហារ។
នៅទីក្រុងកឹងធើ យោងតាមមជ្ឈមណ្ឌលត្រួតពិនិត្យជំងឺតម្កាត់ទីក្រុងកឹងធើ ចាប់ពីដើមឆ្នាំ២០២៦ រហូតដល់ថ្ងៃទី៧ ខែកញ្ញា ទីក្រុងកឹងធើបានកត់សម្គាល់ជំងឺពងបែកដៃ ជើង មាត់ ៤.១៨៧ករណី កើន១.៥៤៤ករណី(ក្នុងនោះ ស្លាប់២ករណី)។ ទន្ទឹមនឹងនោះ ជំងឺគ្រុនឈាមក៏កើនខ្ពស់ គិតចាប់តាំងពីដើមឆ្នាំ២០២៦ រហូតដល់ថ្ងៃទី៧ ខែកញ្ញា បានកត់សម្គាល់ ៥.៣១៤ករណី កើនទ្វេដងបើប្រៀបនឹងឆ្នាំ២០២៥ (ក្នុងនោះ ស្លាប់១ករណី)។
ក្រៅពីជំងឺគ្រុនឈាម ជំងឺពងបែកដៃ ជើង មាត់ មជ្ឈមណ្ឌលត្រួតពិនិត្យជំងឺតម្កាត់ទីក្រុងកឹងធើ ក៏បានផ្តល់អនុសាសន៍អំពីហានិភ័យជំងឺឆ្លងរោគភ្នែកក្រហម ជំងឺផ្លូវដង្ហើមនិងអុតស្វាយ។
អនុបណ្ឌិត ហាមិញហ៊ុង អនុប្រធានផ្នែកបង្ការនិងប្រយុទ្ធប្រឆាំងជំងឺឆ្លងនិងត្រួតពិនិត្យសុខាភិបាលអន្តរជាតិ-បរាសិតសត្វល្អិតនៃមជ្ឈមណ្ឌលត្រួតពិនិត្យជំងឺតម្កាត់ទីក្រុងកឹងធើ ឱ្យដឹង៖ សិស្សានុសិស្ស ជាពិសេសសិស្សបឋមសិក្សា សិស្សថ្នាក់មេត្តយ្យ រៀនពេញមួយថ្ងៃនៅសាលារៀន។ ហេតុនេះ សាលារៀនត្រូវមានវិធានការការពារសុខភាពឱ្យក្មេងៗ។ អ្នកគ្រូគួរតែពិនិត្យស្ថានភាពកុមារពេលចូលរៀន។ ពេលកុមារប្រជុំជីវកិច្ច ត្រូវយកចិត្តទុកដាក់កុមារប្រើប្រាស់សម្ភារៈផ្ទាល់ខ្លួន មានដូច៖ ច្រាសដុសធ្មេញ កន្សែង។ល។ កុមារគេងដាក់មុង លាងដៃឱ្យបានញឹកញាប់។ សាលារៀននិងគ្រូបង្រៀនត្រូវសម្អាតប្រដាប់លេង សិក្ខូបករណ៍ តុ កៅអី ដៃទ្វារ កម្រាលឥដ្ឋ និងលើផ្ទៃផ្សេងៗដែលកុមារតែងប៉ះពាល់ជារឿយៗ ព្រមទាំងរៀបចំឱ្យមានសាប៊ូលាងដៃ ទឹកស្អាត ទឹកដាំពុះទុកឱ្យត្រជាក់សម្រាប់កុមារផឹក ត្រូវយកចិត្តទុកដាក់លើសុវត្ថិភាពចំណីអាហារ។ល។ ពិនិត្យឧបករណ៍ស្តុកទឹក លូរំដោះទឹក មិនទុកឱ្យមានទឹកដក់ កម្ចាត់មូស ដង្កូវទឹក…។
តាមក្រុមអ្នកជំនាញផ្នែកសុខាភិបាល កត្តាមួយក្នុងចំណោមកត្តាសំខាន់ៗ ជួយកាត់បន្ថយរោគរាលដាលក្នុងសាលារៀន គឺការប្រទះឃើញកុមារមានរោគសញ្ញាខុសប្រក្រតីបានទាន់ពេល។ អាណាព្យាបាលសិស្សនិងអ្នកគ្រូត្រូវមើលថែកុមារឱ្យបានដិតដល់ ពេលមានរោគសញ្ញាគ្រុនក្តៅ ក្អក ហៀរសំបោរ ឈឺបំពង់ក ឡើងកន្ទួល រាគរូស ក្អួតចង្អោរឬមានដំបៅពងមាត់ បាតដៃ បាតជើង។ល។ ត្រូវឱ្យកុមារផ្អាក់រៀន តាមដាននិងនាំទៅមូលដ្ឋានសុខាភិបាលដើម្បីពិនិត្យ។
ក្រៅពីបង្ការជំងឺឆ្លង សុខភាពរបស់កុមារក្នុងឆ្នាំសិក្សាក៏ពឹងទាំងស្រុងលើរបបអាហារ ការគេងនិងហាត់ប្រាណផងដែរ។ ក្រោយពីសម្រាករដូវវិស្សមកាល កុមារមួយចំនួនអាចមានការផ្លាស់ប្តូរប្រជុំជីវកិច្ច។ អាណាព្យាបាលសិស្សចាំបាច់ត្រូវសម្រួលពេលគេងនិងក្រោកពីដំណេកបន្តិចម្តងៗ ដើម្បីកុមារធ្លាប់នឹងកាលបរិច្ឆេតសិក្សា។ កុមារត្រូវការគេងឱ្យបានគ្រប់គ្រាន់ ហូបគ្រប់ជីវជាតិ ធានាគ្រប់សារធាតុចិញ្ចឹមផ្សេងៗ។ ទន្ទឹមនឹងនោះ ត្រូវលើកទឹកចិត្តឱ្យកុមារផឹកទឹកឱ្យបានគ្រប់គ្រាន់និងបង្កើនការហាត់ប្រាណសមស្របតាមអាយុ។
ក្រៅពីដំណោះស្រាយបង្ការជំងឺដែលបានរៀបរាប់ខាងលើ អាណាព្យាបាលសិស្សអាចម្ចាស់ការបង្ការជំងឺឱ្យកូនចៅដោយវិធីចាក់វ៉ាក់សាំង។ បច្ចុប្បន្ន ជំងឺឆ្លងតែងជួបប្រទះជាច្រើន មានដូច៖ គ្រុនឈាម អុតស្វាយ។ល។ សុទ្ធតែមានថ្នាំការពារ។
តាមមជ្ឈមណ្ឌលត្រួតពិនិត្យជំងឺតម្កាត់ទីក្រុងកឹងធើ មជ្ឈមណ្ឌលកំពុងផ្សព្វផ្សាយយុទ្ធនាការកម្ចាត់ដង្កូវទឹក គួបផ្សំនឹងបាញ់ថ្នាំកម្ចាត់មូសក្នុងការបង្ការ ទប់ស្កាត់ជំងឺគ្រុនឈាមនិងជំងឺ ហ្ស៊ីកា(Zika)។ យុទ្ធនាការនេះ ប្រព្រឹត្តទៅចាប់ពីខែកញ្ញា រហូតដល់ខែវិច្ឆិកា ឆ្នាំ២០២៦ លើវិសាលភាពទូទាំងក្រុង។មជ្ឈមណ្ឌលត្រួតពិនិត្យជំងឺតម្កាត់ទីក្រុងកឹងធើ សំណូមពរឱ្យគ្រប់សាលារៀនទាំងអស់ ចាត់តាំងយុទ្ធនាការធ្វើអនាម័យក្នុងនិងក្រៅសាលានៅដើមឆ្នាំសិក្សា ដើម្បីអប់រំនិងលើកកម្ពស់ស្មារតីទទួលខុសត្រូវចំពោះសិស្សនិងគ្រូបង្រៀនក្នុងការបង្ការ ទប់ស្កាត់ជំងឺឆ្លង។ គ្រប់សាលារៀនទាំងអស់ ត្រូវចងបដាមានខ្លឹមសារ “គ្មានដង្កូវទឹក គ្មានជំងឺគ្រុនឈាម” នៅមុខខ្លោងទ្វារសាលា។ សហការជាមួយដំណាក់សុខាភិបាលឃុំ សង្កាត់ ដើម្បីបញ្ចូលការផ្សព្វផ្សាយអំពីការបង្ការ ទប់ស្កាត់ជំងឺគ្រុនឈាមក្នុងពិធីគោរពទង់នៅដើមសប្តាហ៍។ បើកឧគ្ឃោសនស័ព្ទផ្សាយខ្លឹមសារអំពីការបង្ការទប់ស្កាត់ជំងឺគ្រុនឈាម ក្នុងអំឡុងពេលចុងម៉ោងសិក្សា ពេលដែលមានអាណាព្យាបាលសិស្សជាច្រើនកំពុងរង់ចាំទទួលសិស្ស។ អនុវត្តខ្លឹមសារផ្សព្វផ្សាយបង្ការ ទប់ស្កាត់ជំងឺគ្រុនឈាម។
តាមការគ្រោងទុក នៅពេលខាងមុខ មជ្ឈមណ្ឌលត្រួតពិនិត្យជំងឺតម្កាត់ទីក្រុងកឹងធើនឹងធ្វើសេនាធិកាជូនមន្ទីរសុខាភិបាល សហការជាមួយផ្នែកអប់រំ ដើម្បីចាត់តាំងការត្រួតពិនិត្យការបង្ការ ទប់ស្កាត់ជំងឺឆ្លង សុវត្ថិភាពចំណីអាហារ ការចាក់វ៉ាក់សាំង ។ល។ នៅតាមសាលារៀនទូទាំងទីក្រុង៕
ហ្វែហ្វា-មុនី