ទីក្រុងកឹងធើ កំពុងពន្លឿនការដាក់ចេញដំណោះស្រាយ លើកកម្ពស់ប្រសិទ្ធភាពនៃការគ្រប់គ្រងរដ្ឋអំពីការការពារបរិស្ថាន ឆ្ពោះទៅរកទិសដៅកសាងទីក្រុងអេកូឡូស៊ី ស៊ីវិល័យនិងទំ នើប។

បើកយុទ្ធនាការសម្អាតអនាម័យបរិស្ថាននៅលើភូមិឋានទីក្រុងកឹងធើ។
មើលចំទៅលើចំណុចខ្វះខាត
បន្ទាប់ពីរួមបញ្ចូល បរិយាកាសអភិវឌ្ឍន៍របស់ទីក្រុងកឹងធើ បានពង្រីកនិងបង្កលក្ខណៈងាយស្រួលសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ប៉ុន្តែក៏ដាក់សម្ពាធចំពោះការងារគ្រប់គ្រងបរិស្ថាន។ ទីក្រុងបានអនុវត្តកម្មវិធីនិងផែនការជាច្រើន ព្រមទាំងអនុវត្តយ៉ាងម៉ឺងម៉ាត់នូវច្បាប់ស្តីពីការការពារបរិស្ថាន ឆ្នាំ២០២០ រួមចំណែកលើកកម្ពស់ការយល់ដឹង និងស្មារតីទទួលខុសត្រូវរបស់គ្រប់ថ្នាក់ គ្រប់ផ្នែក សហគមន៍អាជីវកម្មនិងប្រជាជន។
លោកឡាទ្រុងគី នាយករងមន្ទីរកសិកម្មនិងបរិស្ថានទីក្រុងកឹងធើ បានឱ្យដឹង គុណភាពបរិស្ថាននៅលើភូមិឋានទីក្រុង ជាសារវន្តបានគ្រប់គ្រងយ៉ាងល្អ។ ក៏ប៉ុន្តែ ការគ្រប់គ្រងនិងការការពារបរិស្ថានរបស់ទីក្រុង នៅតែប្រឈមនឹងបញ្ហាលំបាកមួយចំនួន ដូចជា ធនធានវិនិយោគមិនទាន់ឆ្លើយតបនឹងតម្រូវការ; យន្តការ គោលនយោបាយ និងបទប្បញ្ញត្តិគ្រប់គ្រងបានបង្ហាញនូវចំណុចខ្វះចន្លោះមួយចំនួន; ហេដ្ឋារចនាសម្ព័ន្ធសម្រាប់ការការពារបរិស្ថានមិនទាន់ព្រមៗគ្នា; នៅតែមានស្ថានភាពកខ្វក់បរិស្ថានមួយចំនួន ដូចតាមដងទន្លេ ប្រឡាយនិងព្រែក។ ទន្ទឹមនឹងនោះ ការប្រែប្រួលអាកាសធាតុរួមនឹងបាតុភូតអាកាសធាតុខុសប្រក្រតី បន្តបង្កជាសម្ពាធដល់ការងារការពារបរិស្ថានរបស់ទីក្រុង។
បច្ចុប្បន្ន នៅទីក្រុងកឹងធើ អត្រាប្រមូលនិងកែច្នៃសំរាមនៅតំបន់ទីប្រជុំជន សម្រេចបាន ៩៦,៧៦%។ ទីក្រុងកំពុងដំណើរការយ៉ាងមានប្រសិទ្ធភាពនូវរោងចក្រកែច្នៃទំនើបៗ ដូចជា រោងចក្រផលិតអគ្គិសនីពីសំរាម EB កឹងធើ ដែលកែច្នៃសំរាមប្រមាណ ៥២៩,៥៧ តោនក្នុងមួយថ្ងៃ; រោងចក្រផលិតអគ្គិសនីពីសំរាមហូវយ៉ាង កែច្នៃបាន ១៦០ តោនក្នុងមួយថ្ងៃ; រោងចក្រសុកត្រាំង ផលិតជីកំប៉ុស មានពលានុភាព ៣២០ តោនក្នុងមួយថ្ងៃ និងក្រុមហ៊ុនទទួលខុសត្រូវមានកម្រិតសេវាពាណិជ្ជកម្មមិញដុង ធ្វើការដុតសំរាមដោយមិនប្រើប្រាស់ថាមពលឡើងវិញ បាន ១៤៨,៣៥ តោនក្នុងមួយថ្ងៃ។ ទោះជាយ៉ាងណា ទីក្រុងនៅមានទីលានចាក់សំរាម និងកន្លែងកប់កាកសំណល់រឹងចំនួន ៤៤ កន្លែង។ ក្នុងនោះ មាន ២៩ កន្លែង កំពុងបន្តទទួលកាកសំណល់រឹងតាមគេហដ្ឋានទ្រង់ទ្រាយឃុំ-សង្កាត់ ដែលមានការកកស្ទះប្រមាណ ២៧២.៩១៣ តោន និងទទួលបន្ថែមប្រមាណ ២០៩ តោនក្នុងមួយថ្ងៃ។ ទីតាំងចាក់សំរាម ១៥ កន្លែងបានបញ្ឈប់ដំណើរការ មានការកកស្ទះជាង ២,៨ លានតោន។
ដោយសារមានកន្លែងផ្ទេរសំរាមតែ ២ ប៉ុណ្ណោះដែលកំពុងដំណើរការស្របតាមគម្រោងប្លង់ ទើបទីក្រុងត្រូវប្រើប្រាស់ទីតាំងប្រមូលសំរាមបណ្តោះអាសន្នចំនួន ១៥ កន្លែង ដែលប៉ះពាល់ដល់សោភណភាពទីក្រុង និងអាចបង្កហានិភ័យកខ្វក់បរិស្ថាន។ ទីក្រុងបច្ចុប្បន្នមានរោងចក្រប្រព្រឹត្តិកម្មទឹកកខ្វក់ក្នុងទីប្រជុំជនចំនួន ២ កំពុងដំណើរការដោយពលានុភាពសរុប ៥៤.០០០ ម៉ែត្រគូបក្នុងមួយថ្ងៃមួយយប់។ ទោះជាយ៉ាងណា បរិមាណទឹកកខ្វក់ដែលបានប្រមូលនិងប្រព្រឹត្តិកម្មតែមួយកន្លែងប្រមាណ ៣២.០០០ ម៉ែត្រគូបក្នុងមួយថ្ងៃមួយយប់ប៉ុណ្ណោះ សម្រេចអត្រា ១៣,២១% ។
ដំណោះស្រាយព្រមៗគ្នា
ដើម្បីឆ្ពោះដល់ទីក្រុងបៃតង បន្ស៊ាំនឹងការប្រែប្រួលអាកាសធាតុ និងការអភិវឌ្ឍប្រកបដោយចីរភាព ទីក្រុងកឹងធើ កំពុងខិតខំផ្សព្វផ្សាយអនុវត្តវិធានការទប់ស្កាត់យ៉ាងម៉ឺងម៉ាត់នូវចំណុចខ្វះខាតក្នុងការការពារបរិស្ថាន។ តាមរយៈនោះ ទីក្រុងផ្តល់អាទិភាពថ្លឹងថ្លែងប្រភពថវិកាវិនិយោគរដ្ឋរយៈពេលមធ្យម ដើម្បីពន្លឿនល្បឿនដំណើរការសាងសង់ បង្កើនកម្រិតបណ្ដាញកន្លែងផ្ទេរសំរាមឱ្យមានលក្ខណៈទំនើប និងបិទជិត។ ជាមួយគ្នានេះ ទីក្រុងក៏បានបែងចែកថវិកាសម្រាប់បង្កើតគម្រោងមេ ស្តីពីការកែលម្អ ការបិទនិងការស្តារបរិស្ថានឡើងវិញ នៅវាលកប់សំរាមយូរឆ្នាំ។ ទន្ទឹមនឹងនោះ ក៏ពន្លឿនការអំពាវនាវវិនិយោគលើគម្រោងរោងចក្រកែច្នៃកាកសំណល់រឹងកឹងធើ ២ នៅឃុំទ្រឿងស្វឹង ដែលមានពលានុភាពកែច្នៃ ៤០០ តោនក្នុងមួយថ្ងៃ និងគម្រោងរោងចក្រផលិតអគ្គិសនីពីកាកសំណល់រឹង នៅឃុំមីហឿង ដែលមានពលានុភាព ៨០០ តោនក្នុងមួយថ្ងៃ។
យោងតាមលោកឡាទ្រុងកី ទីក្រុងនឹងបន្តធ្វើឱ្យសុក្រឹតស្ថាប័ន គោលនយោបាយនិងបទប្បញ្ញត្តិ ដើម្បីលើកកម្ពស់សុពលភាពនិងប្រសិទ្ធភាពនៃការគ្រប់គ្រង; កសាងនិងធ្វើឱ្យសុក្រឹតមូលដ្ឋានទិន្នន័យបរិស្ថាន មូលដ្ឋានទិន្នន័យប្រភពបញ្ចេញសារធាតុបំពុល ពង្រីកប្រព័ន្ធត្រួតពិនិត្យគុណភាពបរិស្ថានដោយស្វ័យប្រវត្តិ តភ្ជាប់ជាមួយមូលដ្ឋានទិន្នន័យបរិស្ថានថ្នាក់ជាតិ។ ទីក្រុងក៏លើកទឹកចិត្តដល់អាជីវកម្មឱ្យវិនិយោគលើបច្ចេកវិទ្យាប្រព្រឹត្តិកម្មនិងកែច្នៃឡើងវិញដ៏ទំនើប ព្រមទាំងអភិវឌ្ឍទម្រង់ផលិតស្អាត កសិកម្មវិលជុំ។
ចំពោះវិស័យឯកទេស ការវិនិច្ឆ័យកាកសំណល់វេជ្ជសាស្ត្រ លោកត្រឹងវ៉ាំងយុង នាយករងមន្ទីរសុខាភិបាលទីក្រុងកឹងធើ បានឱ្យដឹង មន្ទីរបានពិនិត្យឡើងវិញនិងបែងចែកមូលដ្ឋានសុខាភិបាលជា ៣ ក្រុម។ ក្រុមទី១ មូលដ្ឋានសុខាភិបាលសម្រេចតាមស្តង់ដារ ហើយបន្តបានណែនាំឱ្យរក្សាគុណភាពដដែល។ ក្រុមទី២ មូលដ្ឋានសុខាភិបាលដែលកំពុងប្រឈមនឹងការហួសចំណុះ តម្រូវឱ្យផ្នែកឯកជនធ្វើឱ្យសុក្រឹតប្រព័ន្ធកែច្នៃសំរាមក្នុងឆ្នាំ ២០២៦-២០២៧ ផ្នែកមន្ទីរពេទ្យរដ្ឋកំពុងពិនិត្យផ្ទៀងផ្ទាត់ថវិកា រាយការណ៍ជូនគណៈកម្មាធិការប្រជាជនទីក្រុង។ សម្រាប់ក្រុមទី៣ ដែលមិនទាន់ឆ្លើយតបតាមតម្រូវការ មន្ទីរបានកំណត់តំបន់និងដាក់បញ្ចូលទៅក្នុងបញ្ជីគម្រោងវិនិយោគរដ្ឋរបស់ផ្នែកសុខាភិបាល សម្រាប់ដំណាក់កាលរហូតដល់ឆ្នាំ ២០៣០។
លោកវឿងក្វឹកណាម អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុងកឹងធើ សង្កត់ធ្ងន់ ទីក្រុងមិនយកបរិស្ថានទៅប្តូរជាមួយកំណើនសេដ្ឋកិច្ចឡើយ។ គ្រប់មន្ទីរ គណៈ ផ្នែក និងអង្គភាពពាក់ព័ន្ធ ផ្ដុំកម្លាំងដោះស្រាយបញ្ហាដែលនៅអន់ថយ មានចំណុចខ្វះខាតក្នុងការងារការពារបរិស្ថាន។ ទីក្រុងនឹងជំរុញការធ្វើវិមជ្ឈការក្នុងការគ្រប់គ្រង ដោយភ្ជាប់ជាមួយការទទួលខុសត្រូវឱ្យរដ្ឋអំណាចថ្នាក់ឃុំចូលរួមដោយផ្ទាល់ ក្នុងការតាមដាននិងការទទួលខុសត្រូវ ចំពោះការងារការពារបរិស្ថាននៅលើភូមិឋាន; ពង្រីកតួនាទីរបស់រណសិរ្សមាតុភូមិវៀតណាម និងអង្គការមហាជននានាក្នុងការផ្សព្វផ្សាយ ដើម្បីបង្កការផ្លាស់ប្តូរយ៉ាងស៊ីជម្រៅទាំងការយល់ដឹង និងសកម្មភាពរបស់ប្រជាជនអំពីការការពារបរិស្ថាន៕
ធូទ្រិញ - ពេជ្រសឿន