សំដៅអភិវឌ្ឍន៍សេដ្ឋកិច្ចកសិកម្ម បង្កើនចំណូលជូនមាមីងកសិករ រួមចំណែកអនុវត្តបានល្អកម្មវិធីគោលដៅជាតិអំពីការកសាងជនបទថ្មី ទីក្រុងកឹងធើបានជំរុញខ្លាំងការអភិវឌ្ឍ និងពង្រីកទម្រង់ផលិតនានាដោយមានប្រសិទ្ធភាព។ ក្នុងនោះ ទម្រង់ដាំខ្ទឹមស្លឹកបានជួយដល់គ្រួសារកសិករជាច្រើននៅទីនេះមានជីវភាពកាន់តែល្អប្រសើរឡើង។
អាស្រ័យអាកាសធាតុអំណោយផល ដីល្បាប់គ្របដណ្តប់រៀងរាល់ឆ្នាំ ប្រជាជនឃុំញូយ៉ា មានលក្ខណៈងាយស្រួលជាច្រើនដើម្បីអភិវឌ្ឍន៍កសិកម្ម ដូច៖ ស្រូវ និងបន្លែគ្រប់ប្រភេទ ក្នុងនោះដំណាំខ្ទឹមស្លឹកបានក្លាយជាដំណាំមួយ ក្នុងចំណោមដំណាំដ៏សំខាន់របស់មាមីងនៅភូមិភាគ។

ចម្ការខ្ទឹមស្លឹករបស់អ្នកមីង បាញ់ធីអុក នៅឃុំញូយ៉ា កំពុងលូតលាស់រង់ចាំថ្ងៃប្រមូលផល។
ជាគ្រួសារដែលមានបទពិសោធន៍ជិត ២០ ឆ្នាំក្នុងការដាំខ្ទឹមស្លឹក អ្នកមីង បាញ់ធីអុក នៅភូមិព្រែកឆ្វេង ឃុំញូយ៉ា បានចែករំលែក៖ “ខ្ទឹមស្លឹកគឺជាប្រភេទដំណាំងាយដាំ ងាយស្រួលថែទាំ រយៈពេលដាំឆាប់ ដូច្នេះប្រសិទ្ធភាពសេដ្ឋកិច្ចខ្ពស់។ ជាមធ្យមក្នុងមួយឆ្នាំអាចដាំបានពី ៦ - ៧ រដូវ ក្នុងមួយរដូវៗមានរយៈពេលលូតលាស់រហូតដល់ប្រមូលផលគឺចាប់ពី ៤០ ដល់ ៤៥ ថ្ងៃ ប្រសិនបើថែទាំបានល្អ នឹងសម្រេចបានទិន្នផលខ្ពស់ជាងចាប់ពី ៤ ដល់ ៤,៥ តោន/រដូវក្នុងមួយកុង”។ ជាមួយនឹងតម្លៃខ្ទឹមស្លឹកកំពុងមានស្ថិរភាពដូចសព្វថ្ងៃនេះ គឺចន្លោះពី ១៨.០០០ ដល់ ២៥.០០០ ដុងក្នុងមួយគីឡូក្រាម ដោយរំពឹងថាជាមួយនឹងផ្ទៃដី ១.០០០ ម៉ែត្រការ៉េ គ្រួសារអ្នកមីងអុក បានចំណេញជាង ៣០ លានដុងក្នុងមួយរដូវ អាចខ្ពស់ជាងការធ្វើស្រែជាច្រើនដង។ “ដើម្បីឱ្យខ្ទឹមស្លឹកលូតលាស់បានល្អ មាមីងត្រូវម្ចាស់ការលើប្រភពទឹកស្រោចស្រព និងផ្គត់ផ្គង់សំណើមទាន់ពេលវេលា ដើម្បីឱ្យដំណាំលូតលាស់បានល្អ” - អ្នកមីង បានឱ្យដឹងបន្ថែមដូច្នេះ។

បង គៀងណារ៉ា នៅឃុំង៉ុកតូ រីករាយជាមួយនឹងទម្រង់ដាំខ្ទឹមស្លឹកដែលផ្តល់ប្រសិទ្ធភាពសេដ្ឋកិច្ចខ្ពស់។
នៅឃុំង៉ុកតូ មាមីងកសិករជាច្រើនមានជីវភាពស្ថិរភាពដោយសារការដាំខ្ទឹមស្លឹក តួយ៉ាងដូចជាគ្រួសារបង គៀងណារ៉ា នៅភូមិបឹងជ្រុំ ជារៀងរាល់ឆ្នាំ ក្រៅពីការដាំគូឆាយ បងនៅទាំងបានចំណាយផ្ទៃដី ១.០០០ ម៉ែត្រការ៉េ ដើម្បីដាំខ្ទឹមស្លឹក ដោយសារងាយស្រួលដាំ និងងាយថែទាំ ចំណាយដើមទុនតិច ហើយសមស្របនឹងលក្ខណៈអាកាសធាតុ និងស្របជាមួយដីធ្លីនៅភូមិភាគផង។ អាស្រ័យការរៀនសូត្រ និងអនុវត្តជឿនលឿនវិទ្យាសាស្ត្រ បច្ចេកទេសទៅក្នុងការផលិត យកចិត្តទុកដាក់លើការប្រើប្រាស់ជីមានប្រសិទ្ធភាព ប្រិតសំចៃ និងការបង្ការកំចាត់សត្វល្អិតបំផ្លាញដំណាំ។ ថ្មីៗនេះ ដើម្បីកាត់បន្ថយកម្លាំងពលកម្ម និងការស្រោចស្រពខ្ទឹមស្លឹកឱ្យបានសមស្រប បងក៏បានវិនិយោគតម្លើងប្រព័ន្ធស្រោចស្រពស្វ័យប្រវត្តិ។ អាស្រ័យហេតុនោះ ខ្ទឹមរបស់បងសម្រេចបានទិន្នផលខ្ពស់ជាងមុនបើប្រៀបនឹងវិធីសាស្ត្រផលិតប្រពៃណី។ ជាមួយនឹងផ្ទៃដីដាំខ្ទឹមស្លឹក ១.០០០ ម៉ែត្រការ៉េ ក្រោយពេលដាំបាន ៤០ ថ្ងៃ បងប្រមូលផលប្រមាណ ៤ តោនក្នុងមួយរដូវ ជាមួយតម្លៃ ២០.០០០ ដុង/គីឡូក្រាម ក្រោយពេលទូទាត់រួច បងចំណេញប្រមាណ ៣០ លានដុង។
វាយតម្លៃអំពីប្រសិទ្ធភាពពីទម្រង់ដាំខ្ទឹមស្លឹករបស់កសិករនៅភូមិភាគ លោក ដាំងតឹងយ៉ាង អនុប្រធានសមាគមកសិករទីក្រុងកឹងធើ បានឱ្យដឹង៖ “បច្ចុប្បន្ន ខ្ទឹមស្លឹកបានចាត់ទុកថាជាដំណាំសំខាន់របស់ភូមិភាគ ជាពិសេសគឺឃុំញូយ៉ា និងឃុំង៉ុកតូ។ ទោះបីតម្លៃខ្ទឹមស្លឹកជារៀងរាល់ឆ្នាំមានការប្រែប្រួលក៏ដោយ ប៉ុន្តែបើពិនិត្យឡើងវិញនូវរដូវក្នុងឆ្នាំ កសិករតែងបានចំណេញខ្ពស់ជាងច្រើនដងបើធៀបនឹងធ្វើស្រែ។ ដើម្បីនាំមកនូវចំណូលខ្ពស់បំផុតជូនកសិករ ក្រៅពីយន្តការជួយឧបត្ថម្ភ សមាគមនឹងបើកថ្នាក់បណ្តុះបណ្តាលវិទ្យាសាស្ត្រ បច្ចេកទេសស្តីពីការដាំដុះជាប្រចាំ ជំរុញទឹកចិត្តកសិករវិនិយោគកសាងប្រព័ន្ធស្រោចស្រពស្វ័យប្រវត្តិ ទាំងជួយកាត់បន្ថយចំណាយ និងផ្គត់ផ្គង់ទឹកបានគ្រប់គ្រាន់ ជួយឱ្យដំណាំលូតលាស់ល្អ និងសម្រេចបានទិន្នផលខ្ពស់ជាង”៕
ថាញវ៉ាង - មេងលី