នៅព្រឹកថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ២០២៦ សង្កាត់វិញចូវបានសហការជាមួយសង្កាត់ខាញ់ហ្វា ព្រមជាមួយនឹងសប្បុរសជន បានប្រារព្វពិធីបើកការដ្ឋានសាងសង់ស្ពានស្វាយកូង - វិញទ្រុង ដែលជាស្ពានលេខ ៤៤ សាយភាយសេចក្តីស្រឡាញ់។ អញ្ជើញចូលរួមក្នុងពិធីនេះ មានលោក ត្រឹងត្រុងឃីម អនុលេខាប្រចាំការនៃគណៈកម្មាធិការបក្ស ប្រធានគណៈកម្មាធិការត្រួតពិនិត្យនៃគណៈកម្មាធិការបក្សសង្កាត់វិញចូវ; លោក ឌិញថាញឡុង សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្ស ប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមសង្កាត់វិញចូវ និងថ្នាក់ដឹកនាំសង្កាត់ខាញ់ហ្វា រួមជាមួយនឹងសប្បុរសជន និងប្រជាជននៅភូមិភាគយ៉ាងច្រើនកុះករ។

.jpg)
ពិធីបើកការដ្ឋានសាងសង់ស្ពានទី ៤៤ សាយភាយសេចក្តីស្រឡាញ់។
ស្ពានចាស់មានភាពទ្រុឌទ្រោមខ្លាំង ញ៉ាំងឱ្យការធ្វើដំណើរទៅមក និងដឹកជញ្ជូនកសិផល ទំនិញរបស់ប្រជាជន និងប្អូនទៅរៀនសូត្រជួបការលំបាកច្រើន ។ ស្ពានស្វាយកូង - វិញទ្រុង តភ្ជាប់សង្កាត់ខាញ់ហ្វា និងសង្កាត់វិញចូវ មានប្រវែង ៤០ ម៉ែត្រ ទទឹង ៣ ម៉ែត្រ បន្ទុកទម្ងន់ ៥ តោន គិតជាទឹកប្រាក់សរុប ៦០០ លានដុង។ ក្នុងនោះ ក្រុមសប្បុរសធម៌ទីក្រុងហូជីមិញឧបត្ថម្ភ ២០០ លានដុង; ចំណែកថវិកា ក្រៅពីនោះ អាស្រ័យបុគ្គលមួយចំនួនក្នុងសមាគមអ្នករួមស្រុកកំណើតវិញចូវនៅទីក្រុងហូជីមិញ ព្រមជាមួយនឹងអាជីវកម្ម បុគ្គល និងសប្បុរសជននៅលើភូមិឋានសង្កាត់វិញចូវរួមវិភាគទាន។
ថ្លែងក្នុងពិធីនេះ លោក ត្រឹងត្រុងឃីម បានបញ្ជាក់៖ ការសាងសង់ស្ពាននេះមិនត្រឹមតែបំពេញនូវបំណងប្រាថ្នាដ៏យូរលង់របស់ប្រជាជន អំពីផ្លូវគមនាគមន៍មានសុវត្ថិភាព និងរលូនប៉ុណ្ណោះទេ ថែមទាំងមានអត្ថន័យជាក់ស្តែងជួយប្អូនៗស្ងប់អារម្មណ៍ពេលទៅសាលារៀនទៀតផង។ ទន្ទឹមនឹងនោះ សំណង់នេះជួយឱ្យដំណើរការជួញដូរ ដឹកជញ្ជូនកសិផលមានភាពងាយស្រួលជាង រួមចំណែកបង្កសន្ទុះអភិវឌ្ឍសេដ្ឋកិច្ច - សង្គមរបស់ភូមិភាគទាំងពីរ។ នេះក៏ជាភស្តុតាងដ៏រស់រវើកបង្ហាញពីស្មារតីសាមគ្គី ជួយគ្នាទៅវិញទៅមក និងរួមកម្លាំងរបស់អង្គការ អាជីវកម្ម និងសប្បុរសជនចំពោះការងារសុខុមាលភាពសង្គម។
ស្របក្នុងឱកាសនេះ សង្កាត់វិញចូវ ក៏បានជូនអំណោយលើកទឹកចិត្តដល់អង្គភាពសាងសង់ ដើម្បីឧបត្ថម្ភថវិកាសកម្មភាពក្នងអំឡុងពេលដំណើរការសាងសង់ស្ពាន។ សប្បុរសជនក៏បានជូនអំណោយ ១០ ចំណែក រួមមានអង្ករ និងគ្រឿងឧបភោគបរិភោគដល់គ្រួសារក្រីក្រដែលរស់នៅក្នុងតំបន់សាងសង់ស្ពាន រួមចំណែកចែករំលែកការលំបាក និងសាយភាយស្មារតីជួយគ្នាទៅវិញទៅមកនៅក្នុងសហគមន៍៕
ថាញហ៊ុង - វិមាន