29/07/2026 - 18:22

ទី​ក្រុង​កឹង​ធើ អនុ​វត្ត​យុទ្ធ​នា​ការ​ ១០០ ថ្ងៃ​បង្កើត​និង​ធ្វើ​បច្ចុប្បន្ន​ភាព​សៀវ​ភៅ​សុខ​ភាព​អេឡិច​ត្រូ​និកលើ​ VNeID 

(អ.ឡ​) - លោក​ស្រី​ ង្វៀង​ធី​ង៉ុកដេប អនុ​ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ទី​ក្រុង​កឹង​ធើ ទើប​ចុះ​ហត្ថ​លេខា​ប្រ​កាស​ឱ្យ​ប្រើ​ផែន​ការ​លេខ​ ៣៦០/KH-UBND អនុ​វត្ត​យុទ្ធ​នា​ការ​ ១០០ ថ្ងៃ​បង្កើត​និង​ធ្វើ​បច្ចុប្បន្ន​ភាព​សៀវ​ភៅ​សុខ​ភាព​អេឡិច​ត្រូ​និកលើ​កម្ម​វិធី​ VNeID។ យុទ្ធ​នា​ការ​នេះ​ប្រ​ព្រឹត្ត​ទៅ​ចាប់​ពី​ពេល​នេះ​រហូត​ដល់​ថ្ងៃ​ទី​ ១៥ ខែ​តុ​លា​ ឆ្នាំ​ ២០២៦ ដោយ​អនុ​វត្ត​ចំ​ពោះ​មន្ទីរ​ ផ្នែក​ ភូមិ​ភាគ​ទាំង​អស់​ រួម​ទាំង​ប្រ​ព័ន្ធ​គ្រឹះ​ស្ថាន​សុខា​ភិបាល​រដ្ឋ​និង​ឯ​កជន​នៅ​ក្នុង​ទី​ក្រុង​។

ទី​ក្រុង​កឹង​ធើ អនុ​វត្ត​យុទ្ធ​នា​ការ​ ១០០ ថ្ងៃ​បង្កើត​និង​ធ្វើ​បច្ចុប្បន្ន​ភាព​សៀវ​ភៅ​សុខ​ភាព​អេឡិច​ត្រូ​និកលើ​ VNeID។ រូប​ថត​ជា​ឧទាហរណ៍​។

យុទ្ធ​នា​ការ​នេះ​ឆ្ពោះ​ដល់​ទិស​ដៅ​ ប្រ​ជា​ជន​ទី​ក្រុង​កឹង​ធើទាំង​១០០% មាន​សៀវ​ភៅ​សុខ​ភាព​អេឡិច​ត្រូ​និកដែល​បាន​ដំ​ឡើង​និង​ប្រើ​ប្រាស់​ជាក់​ស្តែង​លើ​ VNeID; តភ្ជាប់​និង​ភ្ជាប់​ទិន្ន​ន័យ​ទាំង​ស្រុង​អំ​ពី​ការ​ពិ​និត្យ​សុខ​ភាព​តាម​កាល​កំ​ណត់​ ពិ​និត្យ​ស្វែង​រក​ជំងឺ​ និង​ពិ​និត្យ​ព្យា​បាល​ជំងឺ​បាន​ដាក់​ចូល​ប្រ​ព័ន្ធ​ទិន្ន​ន័យ​សុខ​ភាព​នៃ​ក្រ​សួង​សុខា​ភិបាល​។ ថ្នាក់​ដឹក​នាំ​ទី​ក្រុង​សំ​ណូម​ពរ​ក្នុង​ដំ​ណើរ​ការ​អនុ​វត្ត​ត្រូវ​តែ​គោរព​គោល​ការណ៍​ “ច្បាស់​មនុស្ស​ ច្បាស់​ការ​ងារ​ ច្បាស់​ពេល​វេលា​ ច្បាស់​លទ្ធ​ផល​ ច្បាស់​ការ​ទទួល​ខុស​ត្រូវ​ ច្បាស់​សមត្ថ​កិច្ច​”។ ទិន្ន​ន័យ​តភ្ជាប់​ត្រូវ​តែ​សម្រេច​បទ​ដ្ឋាន​ “ត្រឹម​ត្រូវ​ - គ្រប់​គ្រាន់​ - ស្អាត​ - រស់​” ផ្ទៀង​ផ្ទាត់​យ៉ាង​សុក្រឹត​ជា​មួយ​មូល​ដ្ឋាន​ទិន្ន​ន័យ​ជាតិ​អំ​ពី​ចំ​នួន​ប្រ​ជា​ជន​ និង​ធា​នា​សុវត្ថិ​ភាព​ សន្តិ​សុខ​ព័ត៌​មាន​ដាច់​ខាត​។

បណ្តា​ភារ​កិច្ច​ស្នូល​ដែល​អនុ​វត្ត​ព្រម​ៗគ្នា​ រួម​មាន​៖ ចាត់​តាំង​ពិ​និត្យ​ឡើង​វិញ​នូវ​ហេ​ដ្ឋារចនា​សម្ព័ន្ធ​ ផ្តល់​គណ​នី​តភ្ជាប់​ជូនប​ណ្តា​គ្រឹះ​ស្ថាន​សុខា​ភិបាល​; បើក​វគ្គ​បណ្តុះ​បណ្តា​លបច្ចេក​ទេស​ជូន​កម្មា​ភិបាល​បច្ចេក​វិទ្យា​ព័ត៌​មាន​ និង​បុគ្គលិក​សុខា​ភិបាល​; ប្រ​មូល​និង​ធ្វើ​បច្ចុប្បន្ន​ភាព​ទិន្ន​ន័យ​តាម​បណ្តា​លើក​ពិ​និត្យ​សុខ​ភាព​តាម​កាល​កំ​ណត់​; តភ្ជាប់​ទិន្ន​ន័យ​តាម​ច្រក​ API។ ទន្ទឹម​នឹង​នោះ​ ទី​ក្រុង​ជំ​រុញ​ការ​ឃោស​នា​ ណែ​នាំ​ប្រ​ជា​ជន​ឱ្យ​ចេះ​ដំ​ឡើង​និង​ទាញ​យក​ផល​ប្រ​យោជន៍​ពី​កម្ម​វិធី​ដោយ​ខ្លួន​ឯង​។

អង្គ​ភា​ពពាក់​ព័ន្ធ​ចាត់​តាំង​អនុ​វត្ត​ រំលឹក​ដាស់​តឿន​ និង​រាយ​ការណ៍​លទ្ធ​ផល​តាម​បទ​បញ្ញត្តិ​។ ថវិកា​អនុ​វត្ត​បាន​ថ្លឹង​ថ្លែង​ពី​ថវិកា​រដ្ឋ​តា​មកា​របែង​ចែក​និង​បណ្តា​ប្រ​ភព​ស្រប​ច្បាប់​ផ្សេង​ៗទៀត​៕

ធូសឿង​ - សុផន​

ចែករំលែកអត្ថបទ