ខែកក្កដាមកដល់ ក្នុងចិត្តរបស់ប្រជាជនវៀតណាមគ្រប់រូប តែងមាននូវក្ដីរំភើប និងសេចក្តីដឹងគុណយ៉ាងជ្រាលជ្រៅចំពោះវីរជន យុទ្ធជនពលី យុទ្ធជនពិការ និងយុទ្ធជនជំងឺ - អ្នកដែលបានបរិច្ចាកយុវវ័យ សាច់ស្រស់ឈាមស្រស់ ដើម្បីឱ្យប្រទេសជាតិមានសន្តិភាព ឯករាជ្យ និងមានជីវភាពសុខសាន្តដូចសព្វថ្ងៃនេះ។
ពង្រីកប្រពៃណី “ផឹកទឹកនឹកប្រភព” គណៈកម្មាធិការបក្សគ្រប់ថ្នាក់ ផ្នែកនៅទីក្រុងកឹងធើ តែងយកចិត្តទុកដាក់គិតគូរជូនគ្រួសារគោលនយោបាយ និងអ្នកមានសគុណចំពោះបដិវត្តន៍ តាមរយៈសកម្មភាពអត្ថន័យនិងជាក់ស្តែងជាច្រើន។ ប្រការនេះមិនត្រឹមតែជួយឱ្យគ្រួសារគោលនយោបាយ និងអ្នកមានសគុណជម្នះបានការលំបាកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាស្ពានតភ្ជាប់យ៉ាងរឹងមាំ ពង្រឹងក្តីជំនឿដ៏ស្មោះស្ម័គ្រចំពោះបក្ស និងរដ្ឋផងដែរ។
អត្ថបទទី១៖ “ផឹកទឹកនឹកប្រភព”
ផ្ទះមួយខ្នងស្ថិតនៅក្នុងផ្លូវលំដ៏តូចមួយរបស់អ្នកម្តាយវៀតណាមវីរភាព ង្វៀង ធីឡាញ់ នៅមណ្ឌល ៥ សង្កាត់តឹងអាង នាថ្ងៃចុងសប្តាហ៍មានភាពអ៊ូអរដោយសំឡេងជជែក សើចក្អាក់ក្អាយរបស់សិស្សានុសិស្សនៃវិទ្យាល័យអាងខាញ់មកសួរសុខទុក្ខអ្នកម្តាយ។ ខណៈពេលជំនាន់កើតក្នុងសម័យសន្តិភាព បានលង់អារម្មណ៍ស្តាប់រឿងរ៉ាវអំពីស្មារតីស្មោះស្ម័គ្រ និងការលះបង់របស់គ្រួសារអ្នកម្តាយ មិនត្រឹមតែជាដំណើរសួរសុខទុក្ខប៉ុណ្ណោះទេ ប៉ុន្តែជាមេរៀនមួយដ៏រស់រវើកអំពីទឹកចិត្តស្នេហាជាតិ និងសីលធម៌ “ផឹកទឹកនឹកប្រភព” ទៀតផង។
លម្អបន្ថែមប្រពៃណី “តបស្នងសងគុណ”
ស្លាកស្នាមពេលវេលាបានបន្សល់ទុកលើសក់ស្កូវ និងដៃស្គាំងស្គមរបស់អ្នកម្តាយវៀតណាមវីរភាព ង្វៀន ធីឡាញ់។ ក្នុងជន្មាយុ ៩៤ ឆ្នាំ ការចងចាំអំពីសង្គ្រាមបានក្លាយជាបំណែកខ្លះជាប់គ្នា ខ្លះដាច់ពីគ្នា។ ថ្វីដ្បិតតែដូច្នោះ ជាមួយកូនចៅ ឬនៅពេលដែលសម្ព័ន្ធយុវជន និងសិស្សានុសិស្សមកសួរសុខទុក្ខ អ្នកម្តាយតែងតែផ្តាំផ្ញើថា៖ “ត្រូវរៀនសូត្រឱ្យបានត្រឹមត្រូវ រស់នៅឱ្យបានល្អ ចេះស្រឡាញ់ប្រទេសជាតិ និងក្លាយជាមនុស្សដែលមានប្រយោជន៍”។ បណ្តាំដ៏សាមញ្ញនោះ ហាក់ដូចទទួលនូវភាពទុក្ខសោក និងការបាត់បង់ក្នុងមួយឆាកជីវិត ផ្តាំផ្ញើក្តីជំនឿទៅកាន់ជំនាន់បន្តវេន។

កម្មាភិបាលសង្កាត់ និងលោកគ្រូ អ្នកគ្រូ សិស្សានុសិស្សនៃវិទ្យាល័យអាងខាញ់ បានមកសួរសុខទុក្ខ និងជូនអំណោយដល់អ្នកម្តាយវៀតណាមវីរភាព ង្វៀង ធីឡាញ់ ក្នុងឱកាសអនុស្សាវរីយ៍ ៧៩ ឆ្នាំទិវាយុទ្ធជនពិការ - ពលី។
រៀងរាល់ខែ ប្អូន ង្វៀងមិញថាយ - សិស្សថ្នាក់ទី ១២ នៃវិទ្យាល័យអាងខាញ់ តែងតែមកសួរសុខទុក្ខ និងនិយាយលេងជាមួយអ្នកម្តាយ។ អ្នកម្តាយក៏ស្រឡាញ់ និងរាប់អានមិញថាយ ដូចជាកូនចៅក្នុងគ្រួសារដែរ។ “សម្ព័ន្ធយុវជនសាលា បានទទួលចិញ្ចឹមបីបាច់អ្នកម្តាយអស់មួយជីវិត។ ប្អូនៗបានរៀបចំប្តូរវេនសាខាសម្ព័ន្ធយុវជនតាមថ្នាក់នីមួយៗមកសួរសុខទុក្ខ និងជូនអំណោយដល់អ្នកម្តាយរៀងរាល់ខែ។ ដោយឡែកប្អូនផ្ទាល់ បានចាត់ទុកអ្នកម្តាយដូចជាលោកយាយដ៏គួរឱ្យគោរព តែងតែឆ្លៀតពេលមកសួរសុខទុក្ខ។ ព្រោះនេះមិនត្រឹមតែជាឱកាសសម្រាប់យុវជនបានស្តាប់ពីប្រវត្តិសាស្ត្រប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការបន្តប្រពៃណីសីលធម៌ដ៏ប្រពៃរបស់ប្រជាជាតិផងដែរ” - មិញថាយបានរៀបរាប់ដូច្នេះ។
តាមអ្នកគ្រូ ង្វៀង ង៉ុកធ្វីវី គ្រូបង្រៀនមុខវិជ្ជាប្រវត្តិសាស្ត្រនៃវិទ្យាល័យអាងខាញ់ មេរៀនអំពីប្រពៃណីប្រវត្តិសាស្ត្រនឹងមានភាពរស់រវើកជាងនៅពេលសិស្សបានមកជួបសំណេះសំណាល និងស្តាប់ការរៀបរាប់ពីសាក្សីផ្ទាល់។ “ការបានជួបសំណេះសំណាលជាមួយអ្នកម្តាយ គឺជាម៉ោងសិក្សាប្រវត្តិសាស្ត្រដ៏ពិសេសមួយ ជួយឱ្យសិស្សមានអារម្មណ៍ស៊ីជម្រៅជាងអំពីតម្លៃនៃសន្តិភាព និងការលះបង់របស់ជំនាន់មុន។ ផ្តើមពីនោះ ប្អូនៗចេះស្រឡាញ់បច្ចុប្បន្ន មានកម្លាំងចិត្តក្នុងការសិក្សារៀនសូត្រ លត់ដំនិងលើកកម្ពស់ស្មារតីទទួលខុសត្រូវចំពោះមាតុភូមិ និងប្រទេសជាតិ”។ ប្អូន ង្វៀង ថាញ់ង៉ុកយ៉ាវ សិស្សថ្នាក់ទី ១១ នៃវិទ្យាល័យអាងខាញ់ បានបន្តថា៖ “តាមរយៈការរៀបរាប់របស់អ្នកម្តាយ ប្អូនកាន់តែស្រឡាញ់ប្រវត្តិសាស្ត្រជាតិ។ ប្អូនមានបំណងប្រាថ្នាចង់ក្លាយជាគ្រូបង្រៀនប្រវត្តិសាស្ត្រ ដើម្បីបញ្ជូន “ភ្លើង” ស្នេហាជាតិទៅកាន់ជំនាន់ក្រោយ”។
លោកស្រី ត្រឹង ធីគឹមកឿង - កូនស្រីទី ៤ របស់អ្នកម្តាយ បានរៀបរាប់ដោយក្តីរំភើប៖ “ម្តាយខ្ញុំមានកូន ៥ នាក់ កូនប្រុស ៣ នាក់ និងប្តីបានពលីទាំងអស់ក្នុងសង្គ្រាមតស៊ូប្រឆាំងអាមេរិកសង្គ្រោះជាតិ ក្នុងនោះមាន ២ នាក់មិនទាន់រកឃើញអដ្ឋិធាតុនៅឡើយ។ ម្តាយក៏បានចូលរួមបដិវត្តន៍ និងបានប្រទានសញ្ញាលក្ខណ៍អាយុបក្ស៥៥ឆ្នាំ នៅឆ្នាំ ២០២៣។ រៀងរាល់ខែ និងក្នុងឱកាសបុណ្យ ទិវាអនុស្សាវរីយ៍នានា ក្រុមគណៈប្រតិភូថ្នាក់ដឹកនាំ សម្ព័ន្ធយុវជន និងសិស្សានុសិស្សតែងមកសួរសុខទុក្ខ ជួយឱ្យអ្នកម្តាយមានភាពកក់ក្តៅក្នុងចិត្ត រស់នៅដោយសប្បាយរីករាយ និងមានសុខភាពល្អ”។
“ដំណើររំលឹកនឹកគុណ” អាស្រ័យគណៈយុវជននគរបាលក្រុងកឹងធើ ចាត់តាំងឡើងនៅឃុំនានាមានដូច៖ ឡុងហ៊ឹង, មីទូ, មីភឿក នាពាក់កណ្តាលខែកក្កដា ឆ្នាំ ២០២៦ បានបន្សល់ទុកនូវមនោសញ្ចេតនាកក់ក្តៅជាច្រើនចំពោះគ្រួសារគោលនយោបាយ និងអ្នកមានគុណចំពោះបដិវត្តន៍។ យុវរជននគរបាលក្រុងបានប្រគល់ផ្ទះមហាសាមគ្គី ១ ខ្នង និងជូនអំណោយ ១០០ ចំណែកដល់គ្រួសារគោលនយោបាយ; ពិនិត្យជំងឺជូនអ្នកម្តាយវៀតណាមវីរភាព។ លោក ឡេ វ៉ាំងយ័ញ នៅភូមិអា២ ឃុំឡុងហ៊ឹង បានចែករំលែក៖ “ខ្ញុំបានចូលរួមបដិវត្តន៍នៅឆ្នាំ ១៩៧៤ ធ្វើជាបុគ្គលិកសន្តិសុខនៅភូមិ។ ក្រោយពីរំដោះ គ្រួសារខ្ញុំភាគច្រើនធ្វើការឈ្នួលដើម្បីចិញ្ចឹមជីវិត។ ដោយបានការយកចិត្តទុកដាក់ពីរដ្ឋអំណាចភូមិភាគ ខ្ញុំបានឧបត្ថម្ភប័ណ្ណធានារ៉ាប់រងសុខភាព និងលំនៅឋាន។ គណៈកម្មាធិការគ្រប់ថ្នាក់ គ្រប់ផ្នែក តែងតែមកសួរសុខទុក្ខ និងជូនអំណោយនាឱកាសបុណ្យ ទិវាអនុស្សាវរីយ៍នានា... ការយកចិត្តទុកដាក់ និងគិតគូរជីវភាពសម្ភារៈ និងស្មារតីបានទាន់ពេលពីគណៈ ផ្នែក និងអង្គការមហាជន មិនត្រឹមតែជួយឱ្យគ្រួសារខ្ញុំជម្នះបានការលំបាកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាស្ពានតភ្ជាប់យ៉ាងរឹងមាំ ពង្រឹងជំនឿជាក់ដ៏ស្មោះស្ម័គ្រចំពោះបក្ស និងរដ្ឋផងដែរ”។
ចាប់តាំងពីដើមឆ្នាំ ២០២៦ មកទល់ពេលនេះ យុវជននគរបាលក្រុងកឹងធើ បានអនុវត្តសកម្មភាពស្ម័គ្រចិត្តដើម្បីសហគមន៍ និងសុខុមាលភាពសង្គមជាង ២០០ សកម្មភាព មានដូច៖ កម្មវិធីជួយឧបត្ថម្ភសាងសង់ផ្ទះ សកម្មភាពសួរសុខទុក្ខ ជូនអំណោយដល់គ្រួសារគោលនយោបាយ អ្នកម្តាយវៀតណាមវីរភាព យុទ្ធជនពិការ យុទ្ធជនជំងឺ និងអ្នកមានសគុណចំពោះបដិវត្តន៍ ប្រជាជនដែលមានជីវភាពលំបាក ដោយតម្លៃសរុបជិត ២,៥ ពាន់លានដុង។
បន្តឧត្តមគតិបរិច្ចាគ
មកសួរសុខទុក្ខគ្រួសារអ្នកម្តាយវៀតណាមវីរភាព ង្វៀង ធីង៉ីប (អាយុ៩៩ឆ្នាំ) នៅភូមិ ៣ ឃុំតឹងហូកើ ខេត្តដុងថាប ក្រុមនិស្សិតនៃសាកលវិទ្យាល័យណាមកឹងធើ បានប្រគល់ដោយផ្ទាល់ដៃរូបថត ២ សន្លឹករបស់អ្នកម្តាយ និងយុទ្ធជនពលី ង្វៀង វ៉ាំងឡើយ - កូនរបស់អ្នកម្តាយ ង្វៀន ធីងៀប។ រូបថតទាំងពីរសន្លឹកបាននិស្សិតស្តារឡើងវិញ បោះពុម្ព និងដាក់ស៊ុមយ៉ាងប្រណីត។ ស្ទាបអង្អែលរូបថតកូនប្រុសដែលបានពលីក្នុងសង្គ្រាមតស៊ូប្រឆាំងអាមេរិក ទឹកភ្នែករបស់អ្នកម្តាយស្រាប់តែរលីមរលាម មានអារម្មណ៍ហាក់ដូចជាបានជួបកូនដែលបានពលីយ៉ាងក្លាហានដើម្បីឯករាជ្យ និងសេរីភាពនៃមាតុភូមិម្តងទៀតបន្ទាប់ពីបែកគ្នាយ៉ាងយូរឆ្នាំ។ ចំពោះអ្នកម្តាយ នោះគឺជាវត្ថុអនុស្សាវរីយ៍មិនអាចកាត់ថ្លៃបាន រក្សានូវរូបរបស់កូនប្រុសជាទីស្រឡាញ់ ជួយឱ្យការចងចាំដ៏ពិសិដ្ឋបានបង្ហាញខ្លួនយ៉ាងច្បាស់ម្តងទៀត។

គណៈយុវជននគរបាលក្រុងកឹងធើ ចាត់តាំង “ដំណើររំលឹកនឹកគុណ” ដោយមានសកម្មភាពសួរសុខទុក្ខ និងជូនអំណោយដល់គ្រួសារគោលនយោបាយ និងអ្នកមានសគុណចំពោះបដិវត្តន៍នៅឃុំឡុងហ៊ឹង។
លោកស្រី ង្វៀង ធីមីហាញ់ - កូនស្រីទី ៦ របស់អ្នកម្តាយ បានរៀបរាប់៖ “ម្តាយខ្ញុំមានកូន ៨ នាក់ ក្នុងនោះកូនប្រុស ៣ នាក់បានពលីយ៉ាងក្លាហានក្នុងសង្គ្រាមតស៊ូប្រឆាំងអាមេរិក។ នៅពេលទទួលរូបថត គ្រួសារខ្ញុំមានក្ដីរំភើបយ៉ាងខ្លាំងចំពោះទឹកចិត្ត ការយកចិត្តទុកដាក់ និងអំពើគុណធម៌ដ៏ប្រពៃរបស់ប្អូនៗនិស្សិត។
ប្អូន ង្វៀង ក្វឹកខាង និស្សិតមហាវិទ្យាល័យសារគមនាគមន៍ពហុប្រព័ន្ធ ប្រធានសាខាសមាគមនិស្សិតខេត្តដុងថាប (សាកលវិទ្យាល័យណាមកឹងធើ) បានឱ្យដឹង៖ “ក្នុងដំណើរចុះសួរសុខទុក្ខគ្រួសារគោលនយោបាយ ខ្ញុំបានឃើញរូបថតរបស់យុទ្ធជនពលីជាច្រើនដែលគ្រួសារគោរពបូជា មានការខូចខាត។ ខ្ញុំបានគិតដល់ការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលដើម្បីស្តាររូបថតរបស់យុទ្ធជនពលីឡើងវិញ ជួយឱ្យគ្រួសារគោលនយោបាយបន្ថយការនឹករលឹកដល់សាច់ញាតិ”។ ចេញពីអត្ថន័យនោះ ចាប់តាំងពីឆ្នាំ ២០២៥ មកទល់ពេលនេះ ក្រុមមហាវិទ្យាល័យគ្រប់គ្រងពាណិជ្ជកម្ម - ទីផ្សារ និងសាខាសមាគមនិស្សិតខេត្តដុងថាប បានសហការជាមួយគណៈកម្មាធិការសម្ព័ន្ធយុវជនឃុំតឹងហូកើ ខេត្តដុងថាប ត្រួតពិនិត្យនិងស្តាររូបថតយុទ្ធជនពលីបានចំនួន ៤៥ សន្លឹក ប្រគល់ជូនគ្រួសារគោលនយោបាយ។
អំណរអនុស្សាវរីយ៍ទិវាយុទ្ធជនពិការ - ពលី ចាប់ពីចុងខែមិថុនា ឆ្នាំ២០២៦ គណៈអចិន្ត្រៃយ៍នៃសម្ព័ន្ធយុវជនក្រុងបានបំផុសនូវគម្រោងផ្សព្វផ្សាយរឿងរ៉ាវប្រវត្តិសាស្ត្រ ក្រោមប្រធានបទ “រឿងរ៉ាវសម័យភ្លើងសង្គ្រាម”។ មកទល់ពេលនេះ យុវជនក្រុងបានផលិតជា ២០.០០០ វីដេអូ, infographic, រូបភាពអំពីសាក្សី កេរដំណែលប្រវត្តិសាស្ត្រ - វប្បធម៌ រឿងរ៉ាវប្រវត្តិសាស្ត្រ និងព័ត៌មានអំពីវីរជន យុទ្ធជនពលីជិត... បានចុះផ្សាយនិងបង្ហោះលើបណ្តាញឌីជីថលនានា។ គម្រោងនេះបានរួមចំណែកអប់រំប្រពៃណីស្នេហាជាតិ បំប៉ន់ឧត្តមគតិបដិវត្តន៍សម្រាប់ជំនាន់យុវវ័យ។ នេះក៏ជាស្ពានតភ្ជាប់ដើម្បីឱ្យយុវជនយល់ដឹងកាន់តែស៊ីជម្រៅអំពីតម្លៃនៃសន្តិភាព ផ្តើមពីនោះបន្តប្រពៃណីតាមរយៈសកម្មភាពជាក់ស្តែងក្នុងការសិក្សា ពលកម្ម ស្ម័គ្រចិត្ត និងការបរិច្ចាគដើម្បីមាតុភូមិ និងប្រទេសជាតិ។
អនុវត្តការចលនា “តបស្នងសងគុណ” ចាប់តាំងពីដើមឆ្នាំ ២០២៦ មកទល់ពេលនេះ សម្ព័ន្ធយុវជនគ្រប់ថ្នាក់នៅទីក្រុងកឹងធើ បានចាត់តាំងសួរសុខទុក្ខ និងជូនអំណោយជាង ១.០០០ ចំណែកដល់គ្រួសារគោលនយោបាយ និងអ្នកមានសគុណចំពោះបដិវត្តន៍។ ទន្ទឹមនឹងនោះ ចាត់តាំងការពិនិត្យជំងឺ និងចែកថ្នាំដោយឥតគិតថ្លៃជូនប្រជាជនស្ថិតក្នុងក្របខណ្ឌ គ្រួសារគោលនយោបាយ និងអ្នកមានជីវភាពលំបាកជាង ៣.០០០ លើកនាក់ ព្រមទាំងចាត់តាំងសកម្មភាពសុខុមាលភាពសង្គម នៅតាមឃុំព្រំដែន តំបន់ធ្លាប់ជាមូលដ្ឋានបដិវត្តន៍ និងតំបន់ជនជាតិភាគតិចជាង ១៨០ លើក។
ក្រុមអ្នកយកព័ណ៌មានយោបាយ - វ៉ាន់តឹន
អត្ថបទទី២៖ បទបញ្ជាចេញពីបេះដូង