ស្ថិតក្នុងចង្វាក់នៃជីវភាពរូតរះនៃយុគសម័យថ្មី នៅសង្កាត់វីថាញ មានគ្រូបង្រៀនជនជាតិខ្មែរម្នាក់នៅតែខិតខំប្រឹងប្រែងទាំងយប់ទាំងថ្ងៃលះបង់ដោយស្ងៀមស្ងាត់៖ ទាំងបណ្តុះអក្សរជាតិនៅលើវេទិកាបង្រៀន ទាំងខិតខំថែរក្សាភាសា និងអក្សរសាស្ត្ររបស់ជនជាតិខ្លួននៅក្នុងវត្ត។ នោះគឺលោកគ្រូ យ័ញគ្រោង - គំរូភ្លឺស្វាងនៃស្មារតីសង្វាត់រៀនសូត្រ និងការលះបង់ដើម្បីវិស័យអប់រំ បានជនរួមជាតិខ្មែរនៅភូមិស្រុកគោរព និងកោតសរសើរយ៉ាងខ្លាំង។
កើតនិងធំដឹងក្តីនៅសង្កាត់វីថាញ បងយ័ញគ្រោង មានសេចក្តីស្រឡាញ់យ៉ាងជ្រាលជ្រៅចំពោះស្រុកកំណើត និងអត្តសញ្ញាណវប្បធម៌របស់ជនជាតិ។ ដូចយុវជនខ្មែរដទៃទៀតដែរ ដើម្បីតបស្នងសងគុណអ្នកមានគុណ និងលត់ដំសីលធម៌ លោកបានចូលសាងផ្នួសបួសរៀននៅវត្តមហាមង្គលរង្សីឃូរ ចាប់ពីឆ្នាំ ១៩៨៧ ដល់ឆ្នាំ ១៩៩៥។ អំឡុងពេល ៨ ឆ្នាំជ្រកកោនក្រោមម្លប់ព្រះពុទ្ធសាសនា មិនត្រឹមតែជួយឱ្យលោកលត់ដំចិត្តគំនិត យល់ដឹងយ៉ាងជ្រាលជ្រៅអំពីទស្សនវិជ្ជាព្រះពុទ្ធសាសនាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានបំពេញបន្ថែមនូវចំណេះដឹងទូលំទូលាយអំពីភាសា និងវប្បធម៌ប្រពៃណីរបស់ជនជាតិទៀតផង។
.jpg)
លោកយ័ញគ្រោងកំពុងបង្រៀនអក្សរខ្មែរដល់ប្អូនៗនៅវត្តមហាមង្គលរង្សីឃូរ។
ក្រោយពីបានលាចាកសិក្ខាបទត្រឡប់មកកាន់ជីវភាពធម្មតាវិញ ដោយមានគុណធម៌ល្អ និងមានទំនុកចិត្តខ្ពស់ពីសំណាក់មាមីងក្នុងភូមិស្រុក លោកបានជ្រើសរើសធ្វើជាប្រធានគណៈប្រជាជនមណ្ឌល ៤ សង្កាត់ ៣ ទីក្រុងវីថាញ ខេត្តហូវយ៉ាង (ចាស់)។ ទោះបីស្ថិតក្នុងតំណែងណាក៏ដោយ លោកតែងបង្ហាញពីការខិតខំប្រឹងប្រែង និងស្មារតីទទួលខុសត្រូវខ្ពស់។ ថ្វីដ្បិតតែដូច្នោះ ក្រោយពីរយៈពេល ២ ឆ្នាំផ្សារភ្ជាប់ជាមួយនឹងការងារនៅមូលដ្ឋាន ដោយយល់ឃើញថាមានតែការសិក្សាប៉ុណ្ណោះទើបជាកូនសោដ៏រឹងមាំបំផុតដើម្បីផ្លាស់ប្តូរជីវភាព និងជួយដល់ស្រុកកំណើតបានយូរអង្វែង លោកក៏បានសម្រេចចិត្តយ៉ាងក្លាហានសុំឈប់ធ្វើការ ប្រឡងចូលមហាទ្យាល័យកឹងធើ។ នៅទីនេះ លោកបានសិក្សាជំនាញគរុកោសល្យបឋមសិក្សា ព្រមទាំងរៀនបន្ថែមជំនាញវិធីសាស្ត្របង្រៀនភាសាខ្មែរ។ ការសម្រេចចិត្តនេះបានបើកនូវរបត់ដ៏ធំមួយនៅក្នុងឆាកជីវិតរបស់យ័ញកោង ពីប្រធានភូមិម្នាក់ ក្លាយជាគ្រូបង្រៀន “បណ្តុះធនធានមនុស្ស”។ ឆ្នាំ ២០០៩ បន្ទាប់ពីបញ្ចប់ការសិក្សា លោកយ័ញគ្រោង បានចាត់តាំងឱ្យទៅបង្រៀននៅសាលាជនជាតិអន្តេវាសិកហីមឡាម។ នៅទីនេះ លោកទទួលបន្ទុកបង្រៀនមុខវិជ្ជាភាសាខ្មែរដល់សិស្សានុសិស្សជាជនរួមជាតិខ្មែរ។ ដោយវិធីសាស្ត្រគរុកោសល្យ អស់ពីចិត្តនិងក្តីស្រឡាញ់អាជីព លោកបានជួយឱ្យសិស្សខ្មែរជាច្រើនជំនាន់កាន់តែស្រឡាញ់ និងយល់ដឹងកាន់តែច្បាស់អំពីភាសាកំណើតរបស់ខ្លួន។ រហូតដល់ឆ្នាំ ២០១៩ តាមបំណងប្រាថ្នាផ្ទាល់ខ្លួន និងការចាត់តាំងរបស់ផ្នែក លោកបានសុំផ្លាស់ទៅបង្រៀននៅសាលាបឋមសិក្សា វ៉ធីសាវ (សង្កាត់វីថាញ) បន្តបណ្តុះពន្លកសម្រាប់ភូមិស្រុក។
អ្វីដែលធ្វើឱ្យលោក យ័ញគ្រោង គួរឱ្យគោរពបំផុតនោះគឺ មិនត្រឹមតែជាអាជីពអប់រំប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាគ្រូបង្រៀននៅរដូវវិស្សមកាល ពិសេសដោយមិនយកកម្រៃសិក្សាទៀតផង។ អស់រយៈកាលជិត ២០ ឆ្នាំមកនេះ ឱ្យតែដល់រដូវវិស្សមកាល បរិយាកាសនៅវត្តមហាមង្គលរង្សីឃូរ តែងលាន់រំពងសំឡេងប្រកបអក្សរខ្មែររបស់ប្អូនៗ។ អ្នកឈរនៅលើវេទិកាបង្រៀន មិនមែននរណាផ្សេងក្រៅពីលោក យ័ញគ្រោង ឡើយ។ ចែករំលែកជាមួយយើងខ្ញុំ លោក យ័ញគ្រោង បានឱ្យដឹង៖ “ជារៀងរាល់ឆ្នាំ ខ្ញុំតែងរួមជាមួយព្រះសង្ឃ បើកថ្នាក់បង្រៀនភាសាខ្មែរ ដើម្បីឱ្យកូនចៅបានចេះដឹងនូវភាសា និងវប្បធម៌របស់ជនជាតិខ្លួន ប្អូនៗរៀនក្នុងរយៈពេលប្រមាណ ៣ ខែ ឬប្រសិនបើមិនគ្រប់ ៣ ខែទេក៏បាន ២ ខែកន្លះដែរ ដើម្បីឱ្យប្អូនៗបានរៀន រួមចំណែកថែរក្សាភាសាជនជាតិ។ យើងខ្ញុំតែងបើកថ្នាក់រៀនដោយមិនដែលរំលងឆ្នាំណាមួយឡើយ”។
អាស្រ័យមានថ្នាក់រៀននេះហើយ ទើបកូនចៅជនរួមជាតិខ្មែរនៅទីនេះចេះភាសា និងអក្សរសាស្ត្ររបស់ ជាតិខ្លួន។ ហើយក៏ចាប់ពីពេលនោះមក ប្អូនៗកាន់តែស្រឡាញ់វប្បធម៌ជនជាតិខ្លួនថែមទៀត។ ប្អូនយ័ញធីមីដ្វងត្រាង នៅសង្កាត់វីថាញ ទីក្រុងកឹងធើ បានចែករំលែក៖ “ប្អូនរៀនភាសាខ្មែរបានលោកគ្រូគ្រោងបង្រៀន ប្អូនបានចេះអាន ចេះសរសេរ ប្អូនសប្បាយចិត្តណាស់។ ប្អូននឹងខិតខំរៀនសូត្រ ខណៈពេលទៅណាមកណាជួបជនជាតិខ្មែរ ប្អូនអាចប្រាស្រ័យទាក់ទងជាភាសាខ្មែរជាមួយអ្នករាល់គ្នាបាន”។
មិនត្រឹមតែជាគ្រូបង្រៀនគំរូនៅលើវេទិកា និងជាអ្នករក្សាអណ្តាតភ្លើងវប្បធម៌នៅក្នុងវត្តអារាមប៉ុណ្ណោះទេ នៅក្នុងជីវភាពប្រចាំថ្ងៃ លោក យ័ញគ្រោង នៅទាំងជាកសិករឧស្សាហ៍ម្នាក់ និងជាសសរស្តម្ភសេដ្ឋកិច្ចរឹងមាំរបស់គ្រួសារ។ លោកតែងឈានមុខក្នុងការអនុវត្តវិទ្យាសាស្ត្របច្ចេកទេសជឿនលឿនទៅក្នុងការចិញ្ចឹមសត្វ និងការផលិត ខិតខំបង្កើនការផលិតដើម្បីកែលម្អជីវភាព។ ដោយការខិតខំប្រឹងប្រែងឈានឡើងឥតឈប់ឈរនោះហើយ បានធ្វើឱ្យលោកក្លាយជា “អ្នកមានប្រិយភាព” ដ៏ពិតប្រាកដនៅក្នុងតំបន់ជនជាតិភាគតិច ពាក្យនិយាយរបស់លោកតែង បានប្រជាជនជឿទុកចិត្តនិងធ្វើតាម។ វាយតម្លៃអំពីលោក យ័ញគ្រោង លោក ត្រឹងវ៉ាំងវៀត - អតីតប្រធានគណៈប្រជាជនមណ្ឌល ៧ សង្កាត់វីថាញ បានឱ្យដឹង៖ “លោក យ័ញគ្រោង មិនត្រឹមតែជាគ្រូបង្រៀនល្អម្នាក់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាគំរូដ៏ភ្លឺស្វាងសម្រាប់សហគមន៍ទៀតផង។ លោកទៅបង្រៀនផង ទាំងសកម្មក្នុងការបង្កើនផលផង ជាអ្នករួមចំណែកយ៉ាងធំធេងក្នុងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមនៅភូមិភាគ។ ជាពិសេស លោកជាបុគ្គលម្នាក់មានប្រជាប្រិយរបស់ទីក្រុង បានរដ្ឋអំណាចគ្រប់លំដាប់ថ្នាក់ទុកចិត្ត និងប្រជាជនស្រឡាញ់ គោរពរាប់អាន”។
ផ្តើមពីយុវជនម្នាក់សាងផ្នួសបួសរៀននៅក្នុងវត្ត ក្លាយជាប្រធានភូមិដ៏អស់ពីចិត្ត រួចឈានជើងឡើងវេទិកាធ្វើជាគ្រូបង្រៀន ក្នុងតួនាទីណាក៏ដោយ លោក យ័ញគ្រោង តែងលះបង់ដោយទឹកចិត្តបរិសុទ្ធ និងខ្នះខ្នែងដ៏កម្រមាន។ ដំណើរនៃការខិតខំប្រឹងប្រែងរបស់លោក គឺជាសក្ខីភាពបញ្ជាក់ពីស្មារតីសង្វាត់រៀនសូត្រ និងបំណងប្រាថ្នាលះបង់ដោយឥតឈប់ឈរ។ ជិត ២០ ឆ្នាំបង្រៀនអក្សរខ្មែរដោយឥតគិតថ្លៃនៅក្នុងវត្ត និងរួមចំណែកយ៉ាងធំធេងក្នុងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមនៅភូមិភាគ បានកសាងនូវរូបភាពនៃគ្រូបង្រៀនម្នាក់ អ្នកបញ្ញវន្តខ្មែរម្នាក់គំរូនៅក្នុងសហគមន៍៕
ថាញហ៊ុង-វ៉ាន់តឹន