ដើរគឺជាទម្រង់នៃការលំហាត់ប្រាណដ៏សាមញ្ញ និងងាយស្រួលអនុវត្ត ប៉ុន្តែមានអ្នកជាច្រើនមានចម្ងល់ថា តើគួរដើរនៅពេលព្រឹក ឬពេលល្ងាច ទើបអាចសម្រកទម្ងន់មានប្រសិទ្ធភាពជាង។

ដើរហាត់ប្រាណពេលវេលាណាក៏ល្អដល់សុខភាពដែរ។
ខ្ញុំតែងដើរប្រហែល ៤០-៥០ នាទីរៀងរាល់ពេលល្ងាច ប៉ុន្តែទម្ងន់នៅតែមិនស្រកសោះ។ មានអ្នកជាច្រើននិយាយថា គួរតែប្តូរមកដើរនៅពេលព្រឹកវិញ ទើបសម្រកទម្ងន់បានលឿនជាង។ សូមអ្នកជំនាញជួយផ្តល់ប្រឹក្សា តើរឿងនេះត្រឹមត្រូវដែរឬទេ? (ឡេខាង-យ៉ាឡឹម ហាណូយ)។
វេជ្ជបណ្ឌិត ង្វៀងហ្វីហ្វាង - សមាជិកនៃសមាគមវេជ្ជសាស្ត្រក្រោមទឹកនិងអុកស៊ីសែនសម្ពាធខ្ពស់ វៀតណាម បានពិគ្រោះ៖
ការដើរប្រហែល ៣០ នាទីក្នុងមួយថ្ងៃ ជួយបង្កើនចង្វាក់បេះដូង កែលម្អចរន្តឈាម និងជំនួយដល់សុខភាពសរសៃឈាមបេះដូង។ ទម្លាប់នេះរួមចំណែកបន្ថយហានិភ័យនៃជំងឺលើសឈាម ជំងឺខ្លាញ់ក្នុងឈាម និងជំងឺបេះដូងផ្សេងៗទៀតផង។
ទន្ទឹមនឹងនោះ ការដើរជាប្រចាំជួយឱ្យរាងកាយប្រើប្រាស់ជាតិស្ករកាន់តែមានប្រសិទ្ធភាព តាមរយៈនោះ ជួយបង្ការជំងឺទឹកនោមផ្អែមប្រភេទ២។ ការសិក្សាជាច្រើនក៏បានបង្ហាញផងដែរថា ចលនារាងកាយទៀងទាត់ដូចជាការដើរ អាចរួមចំណែកបន្ថយហានិភ័យនៃជំងឺមហារីកមួយចំនួន ពិសេសគឺមហារីកសុដននិងមហារីកពោះវៀនធំ។
ក្រៅពីនោះ ការដើរជួយរក្សាកម្លាំងសាច់ដុំ បង្កើនភាពរឹងមាំនៃឆ្អឹង ពន្យារពេលនៃការចាស់និងបង្កើនអាយុ រួមចំណែកលើកកម្ពស់គុណភាពនៃការរស់នៅសម្រាប់វ័យចាស់។
អ្នកជាច្រើនមានចម្ងល់ដូចអ្នកដែរ ថាតើដើរហាត់ប្រាណនៅពេលព្រឹក ឬពេលល្ងាច អាចជួយដុតបំផ្លាញកាឡូរី និងសម្រកទម្ងន់បានល្អជាង។ ខ្ញុំយល់ថា ពេលវេលាទាំងពីរនេះសុទ្ធតែផ្តល់អត្ថប្រយោជន៍ដល់សុខភាព ប្រការសំខាន់គឺការជ្រើសរើសពេលវេលាណាដែលសមស្របនឹងលក្ខណៈរស់នៅ និងការរក្សាទម្លាប់ហាត់ប្រាណឱ្យបានទៀងទាត់។
វេជ្ជបណ្ឌិតហ្វាង បានឱ្យដឹង ដើរហាត់ប្រាណនៅពេលព្រឹកប្រហែល ៣០ នាទី ពិសេស មុនពេលញ៉ាំអាហារពេលព្រឹក អាចជួយបន្ថយអារម្មណ៍ឃ្លាន អាហារជួយឱ្យរាងកាយស្វាងនិងផ្តល់ថាមពលសម្រាប់ថ្ងៃធ្វើការប្រកបដោយប្រសិទ្ធភាព។ នេះក៏ជាវិធីមួយដើម្បីបង្កើតទម្លាប់ហាត់ប្រាណឱ្យបានទៀងទាត់ជារៀងរាល់ថ្ងៃ។
ចំណែកឯការដើរហាត់ប្រាណនៅពេលល្ងាចវិញ ពិសេសក្រោយពេលញ៉ាំអាហាររួចប្រហែលមួយម៉ោង អាចជួយឱ្យរាងកាយប្រើប្រាស់ថាមពល កាន់តែមានប្រសិទ្ធភាព រួមចំណែកក្នុងការដុតបំផ្លាញជាតិខ្លាញ់លើស។ សកម្មភាពនេះក៏ជួយឱ្យផ្លូវចិត្តបានធូរស្រាល បន្ថយភាពតានតឹងបន្ទាប់ពីធ្វើការពេញមួយថ្ងៃ និងជួយឱ្យគេងលក់ស្រួលជាងផងដែរ។
តាមអ្នកជំនាញ មិនទាន់មានភស្តុតាងណាមួយ បញ្ជាក់ច្បាស់លាស់ថា ការដើរហាត់ប្រាណនៅពេលព្រឹក ឬពេលល្ងាច អាចដុតបំផ្លាញកាឡូរីបានច្រើន ជាងនោះទេ។ ប្រសិទ្ធភាពគឺអាស្រ័យលើកត្តាជា ច្រើនដូចជា កម្រិតនៃការធ្វើចលនា រយៈពេលនៃការហាត់ប្រាណរបបអាហារ និងស្ថានភាពរាងកាយរបស់បុគ្គលម្នាក់ៗ។
អ្វីដែលសំខាន់បំផុតនោះគឺ ការរក្សាទម្លាប់ដើរហាត់ប្រាណឱ្យបានទៀងទាត់។ ប្រសិនបើមានលក្ខណៈអាចដើរបានទាំងពេលព្រឹកនិងពេលល្ងាចបរិមាណកាឡូរីដែលបានដុតបំផ្លាញច្បាស់ជាខ្ពស់ ជាងផ្តល់នូវផលល្អសម្រាប់សុខភាពនិងជួយគ្រប់គ្រងទម្ងន់កាន់តែប្រសើរ។
ទន្ទឹមនឹងការរក្សាចលនារាងកាយ អ្នកដែលចង់សម្រកទម្ងន់ចាំបាច់ត្រូវយកចិត្តទុកដាក់បន្ថយទទួល ទានអាហារដែលមានថាមពលខ្ពស់ ដូចជា អាហារសម្រន់ ភេសជ្ជៈមានជាតិស្ករ នំផ្អែមៗ និងអាហារបំពង។ ការរួមបញ្ចូលគ្នារវាងរបបអាហារសមស្រប និងការហាត់ប្រាណឱ្យបានទៀងទាត់ ទើបជាកត្តាកំណត់សម្រេចដល់ប្រសិទ្ធភាពនៃការគ្រប់គ្រងទម្ងន់ជាយូរអង្វែង៕
យោងតាមvietnamnet.vn-ដាលីន