“ឈាមមួយដំណក់បានផ្ដល់ទៅ ជីវិតម្នាក់រស់ឡើងវិញ” គឺជាសកម្មភាពដ៏ឧត្តុង្គឧត្តម បង្ហាញពីប្រពៃណីជួយគ្នាទៅវិញទៅមករបស់ប្រជាជាតិវៀតណាម។ បច្ចុប្បន្ន ប្រពៃណីដ៏ល្អនោះ នៅតែបានជំនាន់ក្រោយបន្តវេននិងពង្រីកយ៉ាងខ្លាំងក្លាក្នុងនោះមានលោកត្រឹងក្វឹកអាញ់ ជំនាញការការិយាល័យផ្នែកវប្បធម៌ - សង្គមកិច្ចឃុំតាយវ៉ាំង ទីក្រុងកឹងធើ។

លោក ត្រឹងក្វឹកអាញ់ គំរូល្អក្នុងចលនា
ដោយយល់ច្បាស់ពីសារៈសំខាន់ និងសកម្មភាពដ៏ល្អនៃការបរិច្ចាគឈាមសង្គ្រោះជីវិតមនុស្ស លោកត្រឹងក្វឹកអាញ់ បានចូលរួមយ៉ាងសកម្មក្នុងចលនាបរិច្ចាគឈាមស្ម័គ្រចិត្ត។ ចាប់តាំងពីឆ្នាំ ២០១១ រហូតមកទល់ពេលនេះ លោកបានបរិច្ចាគឈាមស្ម័គ្រចិត្តចំនួន ២៥ លើកដោយក្ដីបំណងចែករំលែកការលំបាក និងជួយដល់អ្នកមាន វាសនាមិនល្អ ដែលត្រូវការឈាមដើម្បីបន្តជីវិត។ សំណេះសំណាលអំពីការងារដ៏មានអត្ថន័យនេះ លោកក្វឹកអាញ់ ឱ្យដឹង៖ “រាល់ពេលបរិច្ចាគឈាមម្តងៗ ខ្ញុំសប្បាយរីករាយណាស់ ព្រោះខ្លួនបានធ្វើការងារមួយមានប្រយោជន៍ដល់សង្គម។ ខ្ញុំកាន់តែមានសេចក្តីសុខ ថែមទៀតនៅពេលដឹងថា តំណក់ឈាមរបស់ខ្លួនអាចព្យាបាលនិងសង្គ្រោះមនុស្សជាច្រើននាក់។ ទៅថ្ងៃមុខប្រសិនបើមានសុខភាពល្អមាំមួន ខ្ញុំនឹងបន្តចូលរួមដើម្បីជួយដល់មនុស្សកាន់តែច្រើន”។ ទោះបីជាការគិតរបស់លោកមានភាពសាមញ្ញ ប៉ុន្តែប្រកបទៅដោយសកម្មភាពដ៏ឧត្តុង្គឧត្តម បង្ហាញពីរូបភាពដ៏ល្អរបស់កម្មាភិបាលខ្មែរវ័យក្មេង ហើយថែមទាំងរួមចំណែកផ្សព្វផ្សាយនូវតម្លៃមនុស្សធម៌យ៉ាងជ្រាលជ្រៅទៀតផង។
មិនត្រឹមតែជាគំរូឈានមុខក្នុងចលនាបរិច្ចាគឈាមស្ម័គ្រចិត្តប៉ុណ្ណោះទេ លោកថែមទាំងជាអ្នកឃោសនា ដ៏ពូកែម្នាក់ដោយតែងតែចលនាមិត្តរួមការងារនិងសាច់ញាតិឱ្យចូលរួមបរិច្ចាគឈាម។ លទ្ធផលជារៀងរាល់ឆ្នាំ លោកចលនាបានជាង ៧០ ឯកតាឈាម ឆ្លើយតបបានទាន់ពេលនូវតម្រូវការឈាមសម្រាប់សង្គ្រោះបន្ទាន់ និងព្យាបាលអ្នកជំងឺ។ នៅក្នុងការងារ លោកក្វឹកអាញ់ ក៏ជាកម្មាភិបាលម្នាក់ខិតខំប្រឹងប្រែងអស់ពីចិត្តក្នុងការធ្វើជាសេនាធិការជូនគណៈកម្មាធិការប្រជាជនឃុំ អំពីការទទួលសំណុំឯកសារ ពិនិត្យ អនុម័តចំពោះមុខសញ្ញាអ្នកវ័យចាស់ អ្នកពិការ និងកុមារកំព្រា ព្រមទាំងការបើកប្រាក់ឧបត្ថម្ភប្រចាំខែ និងជួយឧបត្ថម្ភភ្លាមៗ ពេលមានគ្រោះធម្មជាតិឬហានិភ័យផ្សេងៗ។ ក្រៅពីនោះ ជារៀងរាល់ឆ្នាំ លោកបានសហការជាមួយបណ្តាអង្គការមហាជននៅភូមិភាគ ដើម្បីកាប់ឆ្ការព្រៃស៊ុបទ្រុបតាមដងផ្លូវមានប្រ វែង ១០ គីឡូម៉ែត្រ ជួសជុលស្ពានជនបទចំនួន ៧ ដំឡើងភ្លើងបំភ្លឺផ្លូវចំនួន ៥០ អំពូលនិងប្រគល់អំណោយរាប់រយកញ្ចប់ដល់មាមីងក្រីក្រនៅក្នុងឃុំ។
យោងតាមលោក ង្វៀងវ៉ាំងត្វឹង ប្រធានគណៈកម្មាធិការប្រជាជនឃុំតាយវ៉ាំង ឱ្យដឹង៖ “លោកក្វឹក អាញ់ គឺជាគំរូដ៏ឆ្នើមម្នាក់ តែងជាអ្នកឈានមុខនិងសកម្មក្នុងចលនាបរិច្ចាគឈាមស្ម័គ្រចិត្តរបស់អង្គភាព។ នៅក្នុងការងារ លោកតែងគោរពនិងអនុវត្តបានយ៉ាងល្អនូវគោលការណ៍ គោលមាគ៌ារបស់បក្ស គោលនយោបាយច្បាប់របស់រដ្ឋ ព្រមទាំងលក្ខន្តិកៈនិងសេចក្ដីកំណត់របស់ស្ថាប័ន អង្គភាពនាពេលកន្លងមក”។
អាចសង្កេតឃើញថា ការងារដ៏សាមញ្ញរបស់លោក ត្រឹងក្វឹកអាញ់ ទោះបីជាតូចតាចមែន ប៉ុន្តែមានអត្ថន័យមនុស្សធម៌យ៉ាងជ្រាលជ្រៅ ជួយកសាងរូបភាព ដ៏ល្អរបស់កម្មាភិបាលបម្រើប្រជាជន គឺជាគំរូដ៏ពិតប្រាកដមួយសម្រាប់មិត្តភក្តិនិងមិត្តរួមការងារយកតម្រាប់តាម។ ទង្វើប្រកបដោយអត្ថន័យមនុស្សធម៌និងសកម្មភាពដ៏ល្អរបស់លោក បានរួមចំណែកយ៉ាងធំធេងក្នុងការឃោសនា អប់រំស្មារតី និងការទទួលខុសត្រូវរបស់គ្រប់ៗរូបចំពោះសហគមន៍និងសង្គម៕
ថាញវ៉ាំង - ថាច់ធី