ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

11/06/2026 - 22:46

ខេត្ត​កា​ម៉ាវ​ផ្សព្វ​ផ្សាយ​ផែន​ការ​យក​សំ​ណាក​អដ្ឋិ​ធាតុ​យុទ្ធ​ជន​ពលី​ 

ថ្ងៃ​ទី ១១ ខែ​មិថុ​នា គណៈ​ចង្អុល​ការ​ស្វែង​រក ប្រ​មូល និង​កំ​ណត់​ឈ្មោះ​អដ្ឋិ​ធាតុ​យុទ្ធ​ជន​ពលី ខេត្ត​កា​ម៉ាវ​បាន​ចាត់​តាំង​សន្និ​សីទ​ផ្សព្វ​ផ្សាយ​ភារ​កិច្ច​យក​សំ​ណាក ការ​ប្រ​គល់ និង​ធ្វើ​ឌីជី​ថល​សំ​ណាក​អដ្ឋិ​ធាតុ​យុទ្ធ​ជន​ពលី​នៅ​លើ​ភូមិ​ឋាន​ខេត្ត។

នៅ​ក្នុង​សន្និ​សីទ តំ​ណាង​ទាំង​ឡាយ​បាន​ផ្សព្វ​ផ្សាយ​ពី​ផែន​ការ​អនុ​វត្ត​ការ​ងារ​យក​សំ​ណាក​និង​ប្រ​គល់​អដ្ឋិ​ធាតុ​យុទ្ធ​ជន​ពលី។ ទន្ទឹម​នឹង​នោះ ឯក​ភាព​បណ្តា​ខ្លឹម​សារ​ វិធាន​ការ​នា​នា​ក្នុង​ការ​ប្រ​មូល​ផ្តុំ និង​ការ​កំ​ណត់​ឈ្មោះ​អដ្ឋិ​ធាតុ​យុទ្ធ​ជន​ពលី​នៅ​ក្នុង​ខេត្ត។ ផ្អែក​តាម​សេចក្តី​សម្រេច​របស់​គណៈ​ចង្អុល​ការ​ស្វែង​រក ប្រ​មូល​និង​កំ​ណត់​ឈ្មោះ​យុទ្ធ​ជន​ពលី ខេត្ត​កា​ម៉ាវ​នឹង​បង្កើត​ក្រុម​ការ​ងារ​អន្តរ​ផ្នែក​មួយ​ក្រុម និង​ក្រុម​ប្រ​មូល​សំ​ណាក​ចំ​នួន ០២ ក្រុម ដើម្បី​អនុ​វត្ត​ភារ​កិច្ច​យក​សំ​ណាក ការ​ប្រ​គល់ និង​ធ្វើ​ឌី​ជី​ថល​អដ្ឋិ​ធាតុ​យុទ្ធ​ជន​ពលី។

 គណៈ​បញ្ជា​ការ​យោ​ធា​ខេត្ត​កា​ម៉ាវ បាន​ចុះ​ពិនិត្យ​ជាក់​ស្តែង​នៅ​ទី​បញ្ចុះ​សព​យុទ្ធ​ជន​ពលី​ឃុំ​ត្រឹង​វ៉ាន់​ថើយ ដើម្បី​ត្រៀម​លក្ខណៈ​អនុ​វត្ត​ការ​ងារ​យក​សំ​ណាក ការ​ប្រ​គល់ និង​ធ្វើ​ឌីជី​ថល​អដ្ឋិ​ធាតុ​យុទ្ធ​ជន​ពលី។

ខេត្ត​កា​ម៉ាវ​នឹង​ធ្វើ​ការ​យក​សំ​ណាក និង​ប្រ​គល់​សំ​ណាក​អដ្ឋិ​ធាតុ​យុទ្ធ​ជន​ពលី​ចំ​ពោះ​ផ្នូរ​ចំ​នួន ២៦៣ ដែល​មិន​ទាន់​មាន​ព័ត៌​មាន​ច្បាស់​លាស់​នៅ​ទី​បញ្ចុះ​សព​យុទ្ធ​ជន​ពលី​ឃុំ​ត្រឹង​វ៉ាន់​ថើយ។ ពេល​វេលា​អនុ​វត្ត​ការ​យក​សំ​ណាក​គឺ​ចាប់​ពី​ថ្ងៃ​ទី ១៥ ខែ​មិថុ​នា ដល់​ថ្ងៃ​ទី ១០ ខែក​ក្កដា។ ចាប់​ពី​ថ្ងៃ​ទី ១៩ ដល់​ថ្ងៃ​ទី ២៦ ខែ​មិថុ​នា នឹង​រៀប​ចំ​ការ​ប្រ​គល់​សំ​ណាក​លើក​ទី ១ និង​ដល់​ថ្ងៃ​ទី ៣ ខែ​កក្ក​ដា នឹង​រៀប​ចំ​ការ​ប្រ​គល់​សំ​ណាក​លើក​ទី ២ ជូន​ស្ថា​ប័ន​មាន​សមត្ថ​កិច្ច ដើម្បី​បម្រើ​ឱ្យ​ការ​ងារ​ពិ​និត្យ​អង្កេត ADN កំ​ណត់​ឈ្មោញ​អដ្ឋិ​ធាតុ​យុទ្ធ​ជន​ពលី។

លោក​វរ​សេនីយ៍​ឯក ឡេ​ក្វាង​លឹក ស្នង​ការ​នយោ​បាយ​រង​នៃ​គណៈ​បញ្ជា​ការ​យោ​ធា​ខេត្ត​កា​ម៉ាវ បាន​សង្កត់​ធ្ងន់៖ ការ​យក​សំ​ណាក​ដើម្បី​កំ​ណត់​ឈ្មោះ​អដ្ឋិ​ធាតុ​យុទ្ធ​ជន​ពលី គឺ​ជា​ភារ​កិច្ច​មាន​អត្ថ​ន័យ​ដ៏​សំ​ខាន់​ពិ​សេស​ រួម​ចំ​ណែក​ឈាន​ទៅ​រក​ការ​កំ​ណត់​ដឹង​ឈ្មោះ​បណ្តា​យុទ្ធ​ជន​ពលី​ដែល​នៅ​ខ្វះ​ព័ត៌​មាន ឆ្លើយ​តប​ទៅ​នឹង​បំ​ណង​ប្រាថ្នា​របស់​សាច់​ញាតិ​យុទ្ធ​ជន​ពលី ទន្ទឹម​នឹង​នោះ បង្ហាញ​យ៉ាង​ជ្រាល​ជ្រៅ​នូវ​សីល​ធម៌ “ផឹក​ទឹក​នឹក​ប្រ​ភព” បង្ហាញ​ពី​ការ​ទទួល​ខុស​ត្រូវ និង​មនោ​សញ្ចេត​នា​ដឹង​គុណ​របស់​បក្ស រដ្ឋ កង​ទ័ព និង​ប្រ​ជា​ជន ចំ​ពោះ​បណ្តា​វីរ​យុទ្ធ​ជន​ពលី​។ ហេតុ​នេះ សំ​ណូម​ពរ​បណ្តា​សមា​ជិក​ក្រុម​ការ​ងារ និង​បណ្តា​ស្ថា​ប័ន អង្គ​ភាព លើក​កម្ពស់​ស្មារតី​ទទួល​ខុស​ត្រូវ បង្កើន​កិច្ច​សហ​ការ​គ្នា​យ៉ាង​ជិត​ស្និទ្ធ​ក្នុង​ដំ​ណើរ​ការ​អនុ​វត្ត​ភារ​កិច្ច។ ចាប់​តាំង​ពី​ដំ​ណាក់​កាល​យក​សំ​ណាក ការ​រក្សា​ទុក រហូត​ដល់​ការ​ធ្វើ​បច្ចុប្បន្ន​ភាព​ព័ត៌​មាន និង​ការ​ប្រ​គល់​សំ​ណាក​ជីវ​សាស្ត្រ ត្រូវ​តែ​អនុ​វត្ត​ម៉ឺង​ម៉ាត់​តាម​ដំ​ណើរ​ការ​បច្ចេក​ទេស ធា​នា​លក្ខណៈ​វិទ្យា​សាស្ត្រ ច្បាស់​លាស់ និង​ជា​ទី​គោ​រព​ដ៏​ខ្ពង់​ខ្ពស់។

យោង​តាម​ផែន​ការ ខេត្ត​កា​ម៉ាវ​នឹង​ធ្វើ​ការ​យក​សំ​ណាក​ជីវ​សាស្ត្រ​ចំ​ពោះ​ផ្នូរ​យុទ្ធ​ជន​ពលី​ចំ​នួន ៣.៣៨២ ផ្នូរ ដែល​មិន​ទាន់​កំ​ណត់​បាន​ព័ត៌​មាន នៅ​តាម​ទី​បញ្ចុះ​សព​យុទ្ធ​ជន​ពលី​ចំ​នួន ១១ កន្លែង​នៅ​លើ​ភូមិ​ឋាន​ខេត្ត ដើម្បី​បម្រើ​ឱ្យ​ការ​ងារ​ពិនិត្យ​អង្កេត ADN។ ក្នុង​នោះ មាន​ទី​បញ្ចុះ​សព​ចំ​នួន ០២ កន្លែង​គ្រប់​គ្រង​ដោយ​ថ្នាក់​ខេត្ត និង​ទី​បញ្ចុះ​សព​ចំ​នួន ០៩ កន្លែង​ទៀត​ក្រោម​ការ​គ្រប់​គ្រង​របស់​ថ្នាក់​ឃុំ និង​សង្កាត់។ រយៈ​ពេល​អនុ​វត្ត​គឺ​ចាប់​ពី​ខែ​មិថុ​នា ឆ្នាំ ២០២៦ ដល់​ដាច់​ត្រី​មាស​ទី ១ ឆ្នាំ ២០២៧៕

យ្វី​អាញ - វ៉ាំង​ដុង - បក​ប្រែ​៖ ថាច់​ធី​

ចែករំលែកអត្ថបទ