12/06/2026 - 06:00

ភ្លេង​ពិណ​ពាទ្យ​ក្នុង​ជីវ​ភាព​វប្ប​ធម៌​របស់​ជន​រួម​ជាតិ​ខ្មែរ 

ពិណ​ពាទ្យ ជា​ទម្រង់​ភ្លេង​មួយ​ប្រ​ភេទ​ផ្សារ​ភ្ជាប់​នឹង​ជីវ​ភាព​ស្មារ​តី​របស់​ជន​រួម​ជាតិ​ខ្មែរ។ តាំង​ពីបុ​រាណ​មក ភ្លេង​នេះ​បាន​ផ្សារ​ភ្ជាប់​ស្អិត​ល្មួត​ជា​មួយ​សិល្បៈ​សម្តែង និង​ជំ​នឿ​សាស​នា ទន្ទឹម​នឹង​នោះ តែង​អំ​ណះ​អំ​ណាង​ពីតួ​នា​ទី​ដ៏​សំ​ខាន់​រហូត​មក​ដល់​សព្វ​ថ្ងៃ ពិ​សេស​នៅ​ក្នុង​ពិធី​បុណ្យ​ប្រ​ពៃ​ណី និង​ពិ​ធី​កិច្ច​សាស​នា​របស់​សហ​គមន៍​ជន​រួម​ជាតិ​ខ្មែរ​នៅ​ណាម​បូ។

​ វង់​ភ្លេង​ពិណ​ពាទ្យ​របស់​ជន​រួម​ជាតិ​ខ្មែរ។

តាម​ឯក​សារ​ស្រាវ​ជ្រាវ​ជា​ច្រើន ភ្លេង​ពិណ​ពាទ្យ​របស់​ជន​រួម​ជាតិខ្មែរ​មាន​តាំង​ពី​យូរ​យារ​ណាស់​មក​ហើយ។ ឈ្មោះ​ហៅ​របស់​វង់​ភ្លេង​គឺ​ផ្អែក​លើ​ឧប​ករណ៍​ពិណ​និង​ពាទ្យ (ជា​ឧប​ករណ៍​ភ្លេង​១​ប្រ​ភេទ) ក្នុង​ពេល​ប្រ​គំ​ឧប​ករណ៍​ពិណ​ផ្តើម​មុន​គេ។ ទោះ​បី​សព្វ​ថ្ងៃ​ឧប​ករណ៍​ទាំង​ពីរ​នេះ​មិន បាន​ប្រើ​ប្រាស់​ក្នុង​វង់​ភ្លេង​ក៏​ដោយ ក៏​ឈ្មោះ​ពិណ​ពាទ្យ​នៅ​តែ​បាន​រក្សា​និង​ហៅ​ឈ្មោះ​នេះ​រហូត​មក​ដល់​សព្វ​ថ្ងៃ។

នៅ​សម័យ​បុរាណ​ភ្លេង​ពិណ​ពាទ្យ​បាន​ប្រើ​ប្រាស់ ជា​សំ​ខាន់​សម្រាប់​ទម្រង់​សិល្បៈ​សម្តែង ដូច​ជា​ល្ខោនខោល ល្ខោន​របាំ ឬ​ប្រ​គំ​ឡើង​ដើម្បី​ថ្វាយព្រ​អា​ទិ​ទេព ឬ​បារ​មី​ដែល​មាន​មហិទ្ធិ​ឫទ្ធិ​ឬនៅ​ពេល​ប្រ​ជា​ជន​ប្រា​រព្ធ​ពិធី​អំ​ណរ​គុណ​ចំ​ពោះ​បារ​មី​ដែល​មាន​មហិទ្ធិ​ឫទ្ធិ​ជា​កសិណ​សាក្សី​ដល់​ការ​បួង​សួង។

សព្វ​ថ្ងៃ ភ្លេង​ពិណ​ពាទ្យ​បាន​ប្រើ​ប្រាស់​ទូ​លំ​ទូលាយ​នៅ​ក្នុង​សហ​គមន៍។ ក្រៅ​ពី​ថ្ងៃ​បុណ្យ​ប្រ​ពៃ​ណី ដូច​ជា បុណ្យ​ចូល​ឆ្នាំ​ថ្មី សែន​ដូន​តា បុណ្យ​បញ្ចុះ​ខណ្ឌ​សីមា​។ល។ ភ្លេង​ពិណ​ពាទ្យ​នៅ​តែ​បាន​ប្រ​គំ​កំ​ដរ​នៅ​ក្នុង​កម្ម​វិធី​សម្តែង​សិល្បៈ - ច្រៀង - រាំ និង​ប្រ​គំ​នៅ​ក្នុង​ការ​សម្តែង​ល្ខោន​យូរ​កេរ ឬ​ពិ​ធី​បុណ្យ​នៅ​តាម​ផ្ទះ​ពុទ្ធ​បរិ​ស័ទ ដូច​ជា​បុណ្យ​ពុទ្ធាភិ​សេក ឬ​បុណ្យ​សព​ជា​ដើម។

តាម​ប្រ​សាសន៍​លោក​អា​ចារ្យ យ័ញ​ស៊ីវ គណៈ​កម្ម​ការ​វត្ត​សេរី​កណ្តាល​សង្កាត់​វិញ​ភឿក ឱ្យ​ដឹង ភ្លេង​ពិណ​ពាទ្យ​ក៏​ជា​សញ្ញា​ប្រាប់​អ្នក​ភូមិ​ស្រុក​ឱ្យ​បាន ដឹង​ថា​មាន​អ្នក​ទើប​ស្លាប់​ផង​ដែរ។ ដល់​ថ្ងៃ​រំកិល​សព ភ្លេង​ពិណ​ពាទ្យ​បន្លឺ​ឡើង​ដូច​ជា​ពាក្យ​ជូន​វិញ្ញាណ​ក្ខន្ធ ជូន​អ្នក​អនិច្ច​កម្ម​ទៅ​កាន់​ឈាប​នដ្ឋាន។

ក្រៅ​ពី​បុណ្យ​សព នៅ​ក្នុង​ថ្ងៃ​បុណ្យ​ទាន ឬ​ព្រឹត្តិ​ការណ៍​វប្ប​ធម៌ ទន្ទឹម​នឹង​ការ​ប្រ​គំ​កំ​ដរ​នូវ​បទ​ភ្លេង​ប្រ​ពៃ​ណី តន្ត្រី​ករ​សព្វ​ថ្ងៃ​ក៏​រវៀសរ​វៃ​ប្រ​គំ​កំ​ដរ​នូវ​ចង្វាក់សម័យ​ទៀត​ផង ដើម្បី​រួម​ចំ​ណែក​ញ៉ាំង​កម្ម​វិធី បរិយា​កាស​ឱ្យ​កាន់​តែ​មាន​ភាព​អ៊ូ​អរ​ជាង​ទៀត។

ចំ​ពោះ​ជន​រួម​ជាតិ​ខ្មែរ ចាប់​ពី​ធំ​ដឹង​ក្តី​មក​សូរ​ភ្លេងពិណ​ពាទ្យ​បាន​ស៊ី​ជម្រៅ​ទៅ​ក្នុង​ផ្នត់​គំ​និត និង​ផ្សារ​ភ្ជាប់​ក្នុង​ការ​រស់​នៅ​របស់​ពួក​គាត់​ទៅ​ហើយ។

យល់​ច្បាស់​ពី​តម្លៃ​ដ៏​សំ​ខាន់​របស់​បេតិក​ភណ្ឌ សព្វ​ថ្ងៃ​ជន​រួម​ជាតិ​ខ្មែរ​នៅ​ណាម​បូ​នៅ​តែ​រក្សា​ភ្លេង​ពិណ​ពាទ្យ ដូច​ជា​ល័ក្ខ​ការណ៍​មិន​ផ្លាស់​ប្តូរ​ក្នុង​សកម្ម​ភាពវប្ប​ធម៌​របស់​សហ​គមន៍។ នៅ​តាម​វត្ត​អា​រាម​ជា​ច្រើន បាន​បើក​បង្រៀន​ភ្លេង​ពិណ​ពាទ្យ​ដោយ​ឥត​គិត​ថ្លៃ ដើម្បី​បណ្តុះ​បណ្តាល​ដល់​ជំ​នាន់​ស្នង​បន្ត​វេន ធា​នា​មិន​ដាច់​រយៈ​នៃ​បេតិក​ភណ្ឌ។

ព្រឹត្តិ​ការណ៍​ភ្លេង​ពិណ​ពាទ្យ​របស់​ជន​រួម​ជាតិ​ខ្មែរ មាន​កិត្តិ​យល​បាន​ទទួល​ស្គាល់​ជា​បេតិក​ភណ្ឌ​វប្ប​ធម៌​អរូបី​ថ្នាក់​ជាតិ ឬ​ការ​បង្កើត​កំ​ណត់​ត្រា​ឯក​ទគ្គ​កម្ម​ប្រ​គំ​ភ្លេង​ទ្រង់​ទ្រាយ​ធំ​បំ​ផុត​នៅ​វៀត​ណាម មិន​ត្រឹម​តែ​ជា​មោទន​ភាព​របស់​ជន​រួម​ជាតិ​ខ្មែរ​ប៉ុណ្ណោះ​ទេ ថែម​ទាំង​បង្ហាញ​ពី​ការ​ព្រួត​ដៃ​ថែ​រក្សា និង​ពង្រីក​នូវ​តម្លៃ​បេតិក​ភណ្ឌ​វប្ប​ធម៌​ជន​ជាតិ​ពី​ជំ​នាន់​មួយ​ទៅ​ជំ​នាន់​មួយ​ទៀត​ផង៕

                                     វឌ្ឍា - វិមាន

ចែករំលែកអត្ថបទ