ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

10/06/2026 - 16:09

ម្ចាស់​ការ​ក្នុង​ការ​ពិ​និត្យ​ជំងឺ​របេង ថែ​រក្សា​សុខ​ភាព​សហ​គមន៍ 

ដើម្បី​រក​ឃើញ​ជំងឺ​របេង​ឱ្យ​បាន​ឆាប់​និង​លើក​កម្ពស់​គុណ​ភាព​នៃ​ការ​ថែ​ទាំ​សុខ​ភាព​សហ​គមន៍ ចាប់​ពី​ថ្ងៃ​ទី ១០ ដល់​ថ្ងៃ​ទី ១២ ខែ​មិ​ថុ​នា ឆ្នាំ​២០២៦ នៅ​ឃុំ​ត្រឹង​ដេ  ទី​ក្រុង​កឹង​ធើ បាន​ចាត់​តាំង​កម្ម​វិធី​ពិ​និត្យ និង​ស្វែង​រក​ជំងឺ​របេង​ដោយ​ឥត​គិត​ថ្លៃ​ជូន​ដល់​ប្រ​ជា​ជន ពិ​សេស​គឺ​មា​មីង​ជន​ជាតិ​ភាគ​តិច។

 ប្រ​ជា​ជន​នៅ​ក្នុង​ឃុំ​ត្រឹង​ដេ មក​ពិ​និត្យ និង​ស្វែង​រក​ជំងឺ​របេង​ដោយ​ឥត​គិត​ថ្លៃ។

តាម​ផែន​ការ កម្ម​វិធី​ពិ​និត្យ និង​ស្វែង​រក​ជំងឺ​របេង​ដោយ​ឥត​គិត​ថ្លៃ​ជូន​ប្រ​ជា​ជន​នៅ​ឃុំ​ត្រឹង​ដេ អា​ស្រ័យ​មន្ទីរ​ពេទ្យ​សួត​ខេត្ត​សុក​ត្រាំង​សហ​ការ​ជា​មួយ​ផ្នែក​សុខា​ភិ​បាល​ភូមិ​ភាគ​ចាត់​តាំង ត្រៀម​នឹង​ពិ​និត្យ​ជូន​ប្រ​ជា​ជន​ឱ្យ​បាន​ជាង ១.០០០ នាក់។ កម្ម​វិធី​នេះ​សំ​ដៅ​ស្វែង​រក​ឱ្យ​បាន​ទាន់​ពេល​នូវ​ជំ​ងឺ​របេង ជំងឺ​របេង​ស៊ាំ​នឹង​ថ្នាំ និង​ជំងឺ​របេង​បង្កប់​នៅ​ក្នុង​សហ​គមន៍ ដើម្បី​ព្យា​បាល​បាន​ទាន់​ពេល​បន្ថយ​ការ​ឆ្លង​រាល​ដាល ដើម្បី​អនុ​វត្ត​គោល​ដៅ​បញ្ចប់​ជំងឺ​របេង​នៅ​ឆ្នាំ ២០៣៥ តាម​ការ​តម្រង់​ទិស​នៃ​កម្ម​វិធី​ប្រ​ឆាំង​ជំងឺ​របេង​ជាតិ។

កម្ម​វិធី​នេះ​ប្រ​មូល​ផ្តុំ​សំ​ខាន់​លើ​ការ​ពិ​និត្យ​ស្វែង​រក​ជំងឺ​របេង និង​ជំងឺ​ផ្លូវ​ដង្ហើម តាម​រយៈ​យុទ្ធ​សាស្ត្រ “2X” ផ្គួប​ផ្សំ​រវាង​ការ​ថត​កាំ​រស្មី​អិក និង​ការ​ធ្វើ​តេស្ត Xpert។ នេះ​ជា​វិធី​សាស្ត្រ​ទំ​នើប​ជួយ​ស្វែង​រក​ជំងឺ​របេង​បាន​ទាន់​ពេល សូម្បី​តែ​ក្នុង​ករណី​ដែល​មិន​ទាន់​មាន​រោគ​សញ្ញា​ច្បាស់​លាស់​ក៏​ដោយ។

តាម​វេជ្ជ​បណ្ឌិត​ឯក​ទេស​ ២ ហា​ហ្វាង​ជិន - នា​យក​មន្ទីរ​ពេទ្យ​សួត សុក​ត្រាំង យុទ្ធ​នា​ការ​លើក​នេះ​មាន​អត្ថ​ន័យ​យ៉ាង​សំ​ខាន់​ចំ​ពោះ​ការ​ងារ​ថែ​ទាំ​សុខ​ភាព​សហ​គមន៍។ "ជន​ជាតិ​ភាគ​តិច ចាស់​ជរា ឬ​អ្នក​ដែល​មាន​ជីវ​ភាព​លំ​បាក ជា​ញឹក​ញាប់​មិន​សូវ​មាន​លក្ខណៈ​ក្នុង​ការ​ទៅ​ពិ​និត្យ​សុខ​ភាព​តាម​កាល​កំ​ណត់​នោះ​ទេ។ ដូច្នេះ ​ការ​នាំ​យក​សេវា​សុខា​ភិ​បាល​មក​ដល់​ភូមិ​ភាគ បាន​ជួយ​ឱ្យ​យើង​ខ្ញុំ​អាច​ជួប​ប្រ​ជា​ជន ស្វែង​រក​ឃើញ​ទាន់​ពេល​នូវ​ជំ​ងឺ​សួត​ផ្សេងៗ និង​ណែ​នាំ​ការ​ព្យា​បាល​បាន​ទាន់​ពេល" វេជ្ជ​បណ្ឌិត​បាន​ចែក​រំ​លែក​ដូច្នេះ “។

បើ​តាម​វេជ្ជ​បណ្ឌិត​ជិន នា​ពេល​បច្ចុប្បន្ន មាន​អ្នក​ជំ​ងឺ​របេង​ប្រ​មាណ ៤០% មិន​មាន​រោគ​សញ្ញា​ឡើយ ធ្វើ​ឱ្យ​ការ​ស្វែង​រក​ជំ​ងឺ​ជួប​ការ​លំ​បាក​ជា​ច្រើន ប្រ​សិន​បើ​ផ្អែក​តែ​លើ​អា​ការៈ​ខាង​ក្រៅ។ ការ​អនុ​វត្ត​យុទ្ធ​សាស្ត្រ 2X ជួយ​លើក​កម្ពស់​ប្រ​សិទ្ធ​ភាព​នៃ​ការ​ពិ​និត្យ​ស្វែង​រក ទន្ទឹម​នឹង​នោះ​អាច​រក​ឃើញ​និង​ព្យា​បាល​បាន​ទាន់​ពេល រួម​ចំ​ណែក​កាត់​ផ្តាច់​ប្រ​ភព​ចម្លង​នៅ​ក្នុង​សហ​គមន៍។

នៅ​កន្លែង​ពិ​និត្យ ប្រ​ជា​ជន​ទទួល​បាន​ការ​ពិ​គ្រោះ​សុខ​ភាព ថត​កាំ​រស្មី​អិក ហើយ​បាន​ណែ​នាំ​ឱ្យ​ធ្វើ​តេស្ត​ស៊ី​ជម្រៅ ប្រ​សិន​បើ​ស្វែង​រក​ឃើញ​រោគ​សញ្ញា​សង្ស័យ។ ក្រៅ​ពី​នេះ កម្ម​វិធី​ក៏​មាន​ការ​រួម​បញ្ចូល​ការ​ពិ​និត្យ​ស្វែង​រក​ជំងឺ​ផ្លូវ​ដង្ហើម​រ៉ាំ​រ៉ៃ ដូច​ជាជំ​ងឺ​ហឺត និង​ជំងឺ​សួត​ស្ទះ​រ៉ាំ​រ៉ៃ ជួយ​ឱ្យ​ប្រ​ជា​ជន​យល់​ដឹង​កាន់​តែ​ច្បាស់​អំ​ពី​ស្ថាន​ភាព​សុខ​ភាព​របស់​ខ្លួន។

រថ​យន្ត​កាំ​រស្មី​អិក​ចល័ត បាន​ចុះ​ទៅ​ដល់​ភូមិ​ភាគ ជួយ​ឱ្យ​ងាយ​ស្រួល​ក្នុង​ការ​ពិនិត្យ​ជំងឺ​របេង។

លោក​ឡឹម​សែម នៅ​ភូមិ​ញ៉ា​ធើ បាន​ចែក​រំ​លែក៖ "កាល​ពី​មុន បើ​ចង់​ទៅ​ពិ​និត្យ​ជំ​ងឺ ត្រូវ​ទៅ​មន្ទីរ​ពេទ្យ​ឆ្ងាយ និង​ចំ​ណាយ​ថវិ​កា​ច្រើន ដូច្នេះ​ពេល​ខ្លះ​ក៏​មិន​អាច​ទៅ​ពិនិត្យ​ជំ​ងឺ​បាន។ ឥ​ឡូវ​នេះ បាន​គ្រូ​ពេទ្យ​ចុះ​មក​ពិ​និត្យ និង​ណែ​នាំ​យ៉ាង​យក​ចិត្ត​ទុក​ដាក់​ដល់​កន្លែង​ផ្ទាល់ ខ្ញុំ​មាន​អា​រម្មណ៍​សប្បាយ​រីក​រាយ​និង​ស្ងប់​ចិត្ត"។

ដើម្បី​ឱ្យ​យុទ្ធ​នា​ការ​នេះ​ទទួល​បាន​ប្រ​សិទ្ធ​ភាព​ខ្ពស់ ការ​ងារ​ឃោស​នា​ផ្សព្វ​ផ្សាយ​ត្រូវ​បាន​អនុ​វត្ត​ព្រមៗ​គ្នា​ក្នុង​ប៉ុន្មាន​ថ្ងៃ​មុន។ ដំ​ណាក់​សុខា​ភិ​បាល​ឃុំ​បាន​សហ​ការ​ជា​មួយ​សហ​ការី ចុះ​ទៅ​តាម​ផ្ទះ​ប្រ​ជា​ជន ដើម្បី​ចល​នា​បង្កើត​បញ្ជី​ឈ្មោះ​អ្នក​ដែល​មាន​ហា​និភ័យ​ខ្ពស់ ព្រម​ទាំង​ផ្សាយ​តាម​ប្រ​ព័ន្ធ​ឧគ្ឃោ​សន​ស័ព្ទ​របស់​ឃុំ ដើម្បី​ឱ្យ​ប្រ​ជា​ជន​ទទួល​បាន​ព័ត៌​មាន។

អាច​មើល​ឃើញ​ថា ភាព​ម្ចាស់​ការ​ក្នុង​ការ​នាំ​យក​សេវា​សុខា​ភិ​បាល​ឱ្យ​មក​ជិត​ប្រ​ជា​ជន ពិ​សេស​គឺ​មា​មីង​ជន​ជាតិ​ភាគ​តិច មិន​ត្រឹម​តែ​ជួយ​ស្វែង​រក​ឃើញ​ជំងឺ​បាន​ទាន់​ពេល​ប៉ុណ្ណោះ​ទេ ថែម​ទាំង​ជួយ​លើក​កម្ពស់​ការ​យល់​ដឹង​ក្នុង​ការ​ថែ​ទាំ​សុខ​ភាព​ទៀត​ផង។ នេះ​គឺ​ជា​ទិស​ដៅ​ដ៏​ជាក់​ស្តែង រួម​ចំ​ណែក​យ៉ាង​សំ​ខាន់​ក្នុង​ការ​ងារ​បង្ការ​និង​ទប់​ស្កាត់​ជំ​ងឺ​របេង សំ​ដៅ​ឈាន​ទៅ​រក​ទិស​ដៅ​ការ​ពារ​សុខ​ភាព​សហ​គមន៍​ប្រ​កប​ដោយ​ចីរ​ភាព៕

ហុង​ទើ-ដា​លីន

ចែករំលែកអត្ថបទ