ចាប់ពីថ្ងៃទី១ ខែមិថុនា ស្របពេលជាមួយទូទាំងប្រទេស គ្រប់ស្ថានីយប្រេងសាំងទាំងអស់នៅទីក្រុងកឹងធើ បានដំណើរការធ្វើអាជីវកម្មសាំងជីវសាស្ត្រ E១០ ជាផ្លូវការ តាមសេចក្តីកំណត់ក្នុងសារាចរលេខ ៥០/២០២៥/TT-BCT របស់ក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្ម (សារាចរលេខ ៥០)។ ការផ្លាស់ប្តូរព្រមៗគ្នាមកប្រើប្រាស់ប្រភេទឥន្ធនៈថ្មីនេះ បានចាត់ទុកថាជាជំហានដ៏សំខាន់មួយក្នុងដំណើរការអភិវឌ្ឍន៍ថាមពលបៃតង រួមចំណែកបន្ថយការភាយឧស្ម័ន និងជំរុញទិសដៅកំណើនប្រកបដោយចីរភាព។

សកម្មភាពធ្វើអាជីវកម្មនៅស្ថានីយប្រេងសាំងមួយកន្លែងចំណុះក្រុមហ៊ុន PV Oil។
ក្នុងថ្ងៃដំបូងដាក់ឱ្យដំណើរការ សកម្មភាពធ្វើអាជីវកម្មសាំង E១០ នៅតាមស្ថានីយប្រេងសាំងនានានៅលើភូមិឋាន បានប្រព្រឹត្តទៅមានស្ថិរភាព។ ការកត់សម្គាល់នៅតាមកន្លែងលក់ជាច្រើនបានបង្ហាញថា ប្រជាជនមានភាពបើកចំហរក្នុងការទទួលយកឥន្ធនៈប្រភេទនេះ។ លោកង្វៀងហីវហៀង នៅសង្កាត់និញកេវ បានឱ្យដឹងថា លោកបានប្រើប្រាស់សាំង E១០ តាំងពីពាក់កណ្តាលខែឧសភា ឆ្នាំ២០២៦ ហើយមិនទាន់ឃើញមានសញ្ញាមិនប្រក្រតីណាមួយចំពោះម៉ាស៊ីនយានយន្តនោះឡើយ។ តាមសម្តីរបស់លោកហីវហៀង ប្រទេសជាច្រើននៅលើពិភពលោកបានប្រើប្រាស់សាំង E១០ ជាច្រើនឆ្នាំមកហើយ និងបានបង្ហាញពីលក្ខណៈស្ថិរភាព ហេតុនេះ លោកគាំទ្រទាំងស្រុងចំពោះគោលការណ៍ពង្រីកការប្រើប្រាស់ឥន្ធនៈជីវសាស្ត្រនៅប្រទេសវៀតណាម។
តាមមន្ទីរឧស្សាហកម្មនិងពាណិជ្ជកម្មទីក្រុងកឹងធើ បច្ចុប្បន្នទីក្រុងមានពាណិជ្ជករលក់ដុំប្រេងសាំងចំនួន៥ ពាណិជ្ជករចែកចាយចំនួន២០ ឃ្លាំងលក់ដុំចំនួន៦កន្លែង និងស្ថានីយប្រេងសាំងចំនួន ៨៤៦ កន្លែងកំពុងដំណើរការ។ មុននោះ គ្រប់ស្ថានីយទាំងអស់សុទ្ធតែបានធ្វើល្អនូវការងារត្រៀមលក្ខណៈ ដើម្បីដាក់សាំង E១០ ចូលធ្វើអាជីវកម្មចាប់ពីថ្ងៃទី១ ខែមិថុនា។
លោកង្វៀងង៉ុកហៀង ប្រធានសាខានាយកដ្ឋានគ្រប់គ្រងទីផ្សារទីក្រុងកឹងធើ បានឱ្យដឹងថា មុនពេលសារាចរលេខ ៥០ មានសុពលភាព កម្លាំងគ្រប់គ្រងទីផ្សារបានបង្កើនការឃោសនា ផ្សព្វផ្សាយបទប្បញ្ញត្តិថ្មីដល់បណ្តាអាជីវកម្ម ស្ថានីយធ្វើអាជីវកម្មប្រេងសាំងនិងប្រជាជន។ តាមការកត់សម្គាល់ក្នុងថ្ងៃដំបូងនៃការអនុវត្ត ទីផ្សារដំណើរការប្រកបដោយស្ថិរភាព ប្រភពផ្គត់ផ្គង់ត្រូវបានធានា មិនមានបាតុភូតកាត់ផ្តាច់ ឬប្រែប្រួលមិនប្រក្រតីណាមួយកើតឡើងឡើយ។
ដើម្បីត្រៀមលក្ខណៈសម្រាប់នាំសាំង E១០ ចូលក្នុងទីផ្សារ បណ្តាអាជីវកម្មលក់ដុំបានម្ចាស់ការកសាងផែនការអំពីប្រភពវត្ថុធាតុដើម និងសមត្ថភាពលាយបញ្ចូលគ្នា។ លោកហ្វិញតឹងមិញ នាយករងក្រុមហ៊ុនភាគហ៊ុនប្រេងកាតមេគង្គ (PV Oil) បានឱ្យដឹងថា អាជីវកម្មបានផ្សព្វផ្សាយធ្វើអាជីវកម្មសាំង E១០ លើវិសាលភាពទូទាំងប្រទេសចាប់ពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦។ តាមលោកតឹងមិញ មូលដ្ឋានលាយសាំង E១០ ទាំងអស់របស់ PV Oil សុទ្ធតែបានស្ថាប័នមានសមត្ថកិច្ចពិនិត្យ វាយតម្លៃ អនុញ្ញាត និងត្រួតពិនិត្យយ៉ាងតឹងរ៉ឹងអំពីសង្វាក់បច្ចេកទេស និងគុណភាពផលិតផល។ ប្រភពសាំងបាតត្រូវបានផ្គត់ផ្គង់ពីបណ្តារោងចក្រចម្រាញ់ប្រេងង៉ីសើងនិងយ៉ុងក្វឹក ខណៈដែលអេតាណុល (ethanol) បានទិញពីបណ្តាអ្នកផលិតក្នុងប្រទេសនិងនាំចូលពីទីផ្សារធំៗដូចជា អាមេរិក និងប្រេស៊ីល។
តាមការកំណត់ក្នុងសារាចរលេខ ៥០ ចាប់ពីថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៦ សាំងគ្មានជាតិសំណទាំងអស់បានប្រើប្រាស់សម្រាប់ម៉ាស៊ីនសាំងក្នុងវិសាលភាពទូទាំងប្រទេស ត្រូវបានលាយបញ្ចូលទៅជាសាំងជីវសាស្ត្រ E១០។ ដោយឡែក សាំងជីវសាស្ត្រ E៥, RON ៩២ នៅតែបន្តបានចរាចរនៅលើទីផ្សាររហូតដល់ដាច់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០៣០។ ការដែលសាំង E១០ បានអតិថិជនជាច្រើនទទួលយកភ្លាមៗចាប់ពីថ្ងៃដំបូងនៃការដាក់លក់ បានបង្ហាញថាទីផ្សារកំពុងតែស៊ាំបន្តិចម្តងៗជាមួយប្រភេទឥន្ធនៈដែលស្និទ្ធស្នាលនឹងបរិស្ថាននេះ។
បណ្តាអ្នកជំនាញបានវាយតម្លៃថា ការពង្រីកការប្រើប្រាស់សាំង E១០ មិនត្រឹមតែរួមចំណែកកាត់បន្ថយបរិមាណភាយឧស្ម័នពីយានយន្តចរាចរនោះទេ ថែមទាំងបង្កកម្លាំងចលករអភិវឌ្ឍន៍វិស័យឧស្សាហកម្មឥន្ធនៈជីវសាស្ត្រក្នុងប្រទេសទៀតផង។ តម្រូវការអេតាណុលកើនឡើងនឹងបើកឱកាសលើកកម្ពស់តម្លៃកសិផល ជំរុញសេដ្ឋកិច្ចវិលជុំ និងកាត់បន្ថយជាបណ្តើរៗនូវការពឹងផ្អែកលើឥន្ធនៈហ្វូស៊ីលប្រពៃណី។
តាមរបាយការណ៍របស់បណ្តាពាណិជ្ជករលក់ដុំ ប្រភពអេតាណុលក្នុងប្រទេស និងនាំចូលបច្ចុប្បន្នគឺបានឆ្លើយតបនឹងតម្រូវការលាយបញ្ចូលសាំង E១០។ ទន្ទឹមនឹងនោះ សមត្ថភាពផ្សំក៏កំពុងបានពង្រីកយ៉ាងរហ័សផងដែរ។ រហូតមកដល់ពេលនេះ មានពាណិជ្ជករលក់ដុំចំនួន១២ ក្នុងចំណោម ២៦ មានកម្មសិទ្ធិលើប្រព័ន្ធលាយបញ្ចូលសាំង E១០។
ដោយឡែក អាជីវកម្មធំៗចំនួន៣ រួមមាន៖ Petrolimex, PV Oil និង Saigon Petro បច្ចុប្បន្នមានលទ្ធភាពផលិតសាំង E១០ ប្រមាណ ៧០០.០០០ ម៉ែត្រគូប ក្នុងមួយខែៗ។ បន្ទាប់ពីបំពេញបន្ថែមនូវពលានុភាពដែលបានចុះបញ្ជីថ្មី សមត្ថភាពលាយបញ្ចូលសរុបក្នុងទូទាំងប្រទេសសម្រេចបានប្រមាណ ៨៩០.០០០ ម៉ែត្រគូបក្នុងមួយខែ ជាមូលដ្ឋានឆ្លើយតបនូវតម្រូវការប្រើប្រាស់នៃទីផ្សារក្នុងប្រទេស។
ការដាក់ឱ្យដំណើរការអាជីវកម្មសាំង E១០ ព្រមៗគ្នានៅទីក្រុងកឹងធើនិយាយដោយឡែក និងទូទាំងប្រទេសនិយាយរួម ត្រូវបានរំពឹងថានឹងបង្កជំហានផ្លាស់ប្តូរដ៏សំខាន់ក្នុងទម្លាប់ប្រើប្រាស់ឥន្ធនៈរបស់ប្រជាជន។ នេះមិនត្រឹមតែជាដំណោះស្រាយកាត់បន្ថយការភាយឧស្ម័ន ការពារបរិស្ថានប៉ុណ្ណោះទេ ថែមទាំងជាចំណុចដ៏សំខាន់មួយក្នុងដំណើរការផ្លាស់ប្តូរថាមពល សំដៅទៅរកទិសដៅអភិវឌ្ឍន៍បៃតងនិងចីរភាពរបស់វៀតណាម៕
ខាញ់ណាម - សុផន