ចូលរួមបរិយាកាសដែលយុវជនទូទាំងប្រទេស សមាជិកសម្ព័ន្ធយុវជន និងយុវជននៅទីក្រុងកឹងធើ បានបើកព្រមៗគ្នាយុទ្ធនាការយុវជនស្ម័គ្រចិត្តរដូវវិស្សមកាល ឆ្នាំ២០២៦ ដោយមានសកម្មភាពជាក់ស្តែងជាច្រើន ធ្វើឱ្យរីកសាយភាយស្មារតីទទួលខុសត្រូវនិងភាពរវៀសរវៃដើម្បីសហគមន៍។

ពិធីបើកយុទ្ធនាការយុវជនស្ម័គ្រចិត្តរដូវវិស្សមកាល ឆ្នាំ២០២៦។
គាំទ្រពិធីបើកយុទ្ធនាការយុវជនស្ម័គ្រចិត្តរដូវវិស្សមកាល ឆ្នាំ២០២៦ អាស្រ័យសម័្ពន្ធយុវជនទីក្រុងកឹងធើបំផុស សម្ព័ន្ធយុវជនមូលដ្ឋានចំនួន ១១៨ នៅតាមឃុំ សង្កាត់ចំនួន ១០៣ បានអនុវត្តនូវសកម្មភាពជាក់ស្តែងជាច្រើន សមស្របទៅនឹងលក្ខណៈជាក់ស្តែងរបស់ភូមិភាគនិងអង្គភាពនីមួយៗ។ តាំងពីថ្ងៃដំបូង សកម្មភាពស្ម័គ្រចិត្តបានអនុវត្តព្រមៗគ្នា ទូលំទូលាយ ទាក់ទាញសមាជិកសម្ព័ន្ធយុវជននិងយុវជនជាច្រើនចូលរួម បង្កការរីកសាយភាយជាវិជ្ជមានក្នុងសហគមន៍។
ចាប់ពីតំបន់មជ្ឈមណ្ឌលទីក្រុងរហូតដល់មូលដ្ឋាន សមាជិកសម្ព័ន្ធយុវជននិងយុវជន បានផ្ដោតលើការអនុវត្តសំណង់និងផ្នែកការងារជាក់ស្តែង ផ្សារភ្ជាប់ជាមួយភារកិច្ចអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម កសាងទីក្រុងស៊ីវិល័យនិងជនបទថ្មី។ ចំណុចសំខាន់គឺ ការកសាងដងផ្លូវ “ភ្លឺ-បៃតង-ជ្រះ-ស្អាត” ដោះស្រាយទីតាំងប្រឈមនឹងបញ្ហាសំរាម ការចូលរួមការពារបរិស្ថាន គាំទ្រការផ្លាស់ប្ដូរឌីជីថលសម្រាប់សហគមន៍ ទន្ទឹមនឹងនោះ ចាត់តាំងសកម្មភាពជួយឧបត្ថម្ភកុមារដែលមានជីវភាពលំបាកក្នុងឱកាសទិវាកុមារអន្តរជាតិ ថ្ងៃទី១ ខែមិថុនា។
ផ្អែកលើស្មារតីនោះ សម្ព័ន្ធយុវជនឃុំឡុងភូ បានចាត់តាំងយុទ្ធនាការកម្រិតកំពូលចុះជួយប្រជាជនដំឡើងនិងបើកដំណើរការគណនីអត្តសញ្ញាណអេឡិចត្រូនិក VNeID; ការបញ្ចូលឯកសារផ្ទាល់ខ្លួនផ្សេងៗទៅក្នុងកម្មវិធី។ ជាមួយគ្នានេះ ក៏បានជួយណែនាំប្រជាជនប្រើប្រាស់សេវារដ្ឋតាមប្រព័ន្ធអនឡាញនិងអត្ថប្រយោជន៍ឌីជីថលផ្សេងៗ។ តាមរយៈនោះ រួមចំណែកលើកកម្ពស់ការយល់ដឹង បំណិនឌីជីថលដល់ប្រជាជន ជំរុញដំណើរការផ្លាស់ប្ដូរឌីជីថល ចូលរួមកសាងរដ្ឋបាលឌីជីថល សង្គមឌីជីថលនៅមូលដ្ឋាន ភ្ជាប់ជាមួយការអនុវត្តយុទ្ធនាការកំពូល “៦០ថ្ងៃ/យប់ ណែនាំប្រជាជន បើកដំណើរការនិងបញ្ចូលព័ត៌មាន ទិន្នន័យលើVNeID កម្រិត២“ អាស្រ័យនគរបាលទីក្រុងកឹងធើផ្សព្វផ្សាយអនុវត្ត។

សមាជិកសម្ព័ន្ធយុវជន និងយុវជនឃុំឡុងភូ ចេញយុទ្ធនាការកំពូលជួយប្រជាជនដំឡើងនិងបើកដំណើរការគណនីអត្តសញ្ញាណអេឡិចត្រូនិក VNeID។
ទន្ទឹមនឹងនោះ នៅតំបន់ជាប់ឆ្នេរសមុទ្រ សម្ព័ន្ធយុវជនសង្កាត់វិញចូវ សម្ព័ន្ធយុវជនសង្កាត់វិញភឿក និងសម្ព័ន្ធយុវជនសង្កាត់ខាញ់ហ្វា បានសហការជាមួយសាខាយុវជននៃមជ្ឈមណ្ឌលសុខាភិបាលតំបន់វិញចូវ ចាត់តាំងសកម្មភាពស្ម័គ្រចិត្ត “វិស្សមកាលក្រហម”។ អង្គភាពទាំងនេះ បានជូនអំណោយ ២៥ ចំណែកដល់កុមារដែលកំពុងសម្រាកព្យាបាលជំងឺនៅមជ្ឈមណ្ឌល។ សកម្មភាពនេះ បានរួមចំណែកបង្ហាញពីតួនាទីនិងការទទួលខុសត្រូវរបស់អង្គការសម្ព័ន្ធយុវជនក្នុងការថែទាំ ការពារកុមារនិងយុវវ័យ។
តាមការបញ្ជាក់របស់អ្នកស្រី ឡឺធីង៉ុកអាញ់ លេខាសម្ព័ន្ធយុវជនទីក្រុងកឹងធើ យុទ្ធនាការយុវជនស្ម័គ្រចិត្តរដូវវិស្សមកាល គឺជាឱកាសមួយដើម្បីលើកកម្ពស់ស្មារតីឈានមុខ ស្ម័គ្រចិត្តរបស់សមាជិកសម្ព័ន្ធយុវជន និងយុវជនលើវិស័យនានាក្នុងជីវភាពសង្គម; តាមរយៈនោះ រួមចំណែកការពារបរិស្ថាន ធានាសុខុមាលភាពសង្គម និងរួមដៃគ្នាកសាងទីក្រុងឱ្យកាន់តែស៊ីវិល័យនិងទំនើប។
បន្តពង្រីកបរិយាកាសសកម្មភាពនៃថ្ងៃដំបូងបើកយុទ្ធនាការ សម្ព័ន្ធយុវជនទីក្រុងកឹងធើគ្រប់ថ្នាក់ ប្តេជ្ញាអនុវត្តឱ្យមានប្រសិទ្ធភាពយុទ្ធនាការយុវជនស្ម័គ្រចិត្តរដូវវិស្សមកាល ឆ្នាំ២០២៦ ដើម្បីបញ្ជាក់ពីតួនាទីឈានមុខរបស់យុវជនក្នុងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមនៅភូមិភាគ និងរួមចំណែកអនុវត្តសម្រេចជោគជ័យនូវទិសដៅ ភារកិច្ចដែលបានដាក់ចេញ៕
ហុងទើ-ពេជ្រសឿន