មិនត្រឹមតែគិតគូរការងារវត្តរាមបុណ្ណោះទេ អស់រយៈពេលជាច្រើនឆ្នាំកន្លងព្រះតេជព្រះគុណ ឡឹមតៀង ព្រះចៅអធិការវត្តនិគ្រោធកំពង់ក្សាន្ត បានផ្តល់កន្លែងស្នាក់នៅដោយឥតគិតថ្លៃ ហើយបង្រៀនអក្សរខ្មែរនិងជំនួយកម្លាំងដល់សមណសិស្ស និស្សិតក្រីក្រជាច្រើនមានលក្ខណៈរៀនសូត្រ ឈានឡើងក្នុងជីវភាព។

ព្រះតេជព្រះគុណឡឹមតៀង។
ព្រះតេជព្រះគុណឡឹមតៀង កើតឆ្នាំ ១៩៦៨ ក្នុងគ្រួសារខ្មែរនៅសង្កាត់ត្រាវិញ ខេត្តវិញឡុង។ តាំងពីកុមារ ឡឹមតៀង បានម្ដាយឪពុកឱ្យចូលវត្តសាងផ្នួសដើម្បីសិក្សាធម៌វិន័យ និងរៀនអក្សរខ្មែរតាមទំនៀមទម្លាប់ប្រពៃណីដូចយុវជនខ្មែរដទៃផងដែរ។ បន្ទាប់ពីបញ្ចប់ការសិក្សាពុទ្ធិកមធ្យមសិក្សា (វៀតណាម) នៅវត្តភឿកហ្វា និងបញ្ចប់ការសិក្សាថ្នាក់ពុទ្ធិកមធ្យមសិក្សាទុតិយភូមិបាលី - ខ្មែរខេត្តវិញឡុង ឆ្នាំ ២០២៣ ព្រះតេជព្រះគុណ បានបន្តសិក្សានៅសាលាមធ្យមសិក្សាបំពេញវិជ្ជាបាលីណាមបូ នៅទីក្រុងកឹងធើ។ ឆ្នាំ ២០០៧ ព្រះតេជព្រះគុណបានត្រឡប់មកវត្តដើម្បីបង្រៀនអក្សរខ្មែរដល់កូនចៅជនរួមជាតិខ្មែរនិងព្រះសង្ឃនៅក្នុងនិងក្រៅភូមិភាគ។
ឆ្នាំ ២០១០ ព្រះតេជព្រះគុណ បានពុទ្ធបរស័ទនិងគណៈកម្មការវត្តជឿទុកចិត្តហើយតែងតាំងជាព្រះចៅអធិការវត្តនិគ្រោធកំពង់ក្សាន្តរហូតមកទល់បច្ចុប្បន្ន។ ក្នុងតួនាទីជាព្រះចៅអធិការ ក្រៅពីគិតគូរ ការងារវត្តអារាម ពិសេស ព្រះតេជព្រះគុណបានលះបង់និងមានឆន្ទៈមោះមុតលើការអប់រំនិងឧបត្ថម្ភការសិក្សារៀនសូត្រដល់យុវជនខ្មែរ។ បច្ចុប្បន្ន វត្តបើកថ្នាក់បង្រៀនអក្សរខ្មែរក្នុងរដូវវិស្សមកាលដល់ប្អូនៗ ជិត ១០០ នាក់ ចាប់ពីថ្នាក់ទី ១ ដល់ថ្នាក់ទី ៥ ជួយប្អូនៗចេះអាន និងសរសេរភាសាកំណើត រួមចំណែកអភិរក្សវប្បធម៌ជនរួមជាតិខ្មែរ។ ទន្ទឹមនឹងនោះ វត្តបានផ្តល់កន្លែងស្នាក់នៅដោយឥតគិតថ្លៃដល់សមណសិស្សនិងនិស្សិតក្រីក្រចំនួន ១៨ អង្គនិងរូប បានស្ងប់អារម្មណ៍សិក្សានៅអនុមហាវិទ្យាល័យនិងមហាវិទ្យាល័យ។
ដោយសារវត្តស្ថិតនៅក្បែរសកលវិទ្យាល័យត្រាវិញ ដូច្នេះ និស្សិតជាច្រើនដែលមានស្ថានភាពលំបាក មកពីខេត្តនានាដូចជាអាងយ៉ាង សុកត្រាំង (កឹងធើ)... បានមកសុំស្នាក់អាស្រ័យ។ មិនត្រឹមតែឱ្យកន្លែងស្នាក់នៅនិងហូបចុកប៉ុណ្ណោះទេ ព្រះអង្គថែមទាំងលើកទឹកចិត្តអប់រំ និងទូន្មានប្អូនៗអំពីសីលធម៌ក្នុងការរស់នៅ ស្មារតីសាមគ្គីនិងឆន្ទៈជម្នះលំបាកឈានឡើងក្នុងជីវភាព។ ប្អូនចូវវិសាល (កើតឆ្នាំ ២០០២) និស្សិតឆ្នាំបញ្ចប់ផ្នែកគរុកោសល្យភាសាខ្មែរនៃសកលវិទ្យាល័យត្រាវិញ ឱ្យដឹង៖ “គ្រួសារប្អូននៅឃុំត្រាកូង ខេត្តវិញឡុង។ ដោយបានព្រះចៅអធិការឱ្យស្នាក់នៅនិងហូបចុកដោយឥតគិតថ្លៃ ទើបខ្ញុំមានលក្ខណៈបន្តការសិក្សា។ ជាពិសេស ព្រះអង្គតែងរំលឹកពួកប្អូនត្រូវរស់នៅឱ្យបានល្អនិងចេះជួយអ្នកជួបលំបាក”។
ដោយព្រះទ័យមេត្តានិងយកព្រះទ័យទុកដាក់ចំពោះសហគមន៍ ព្រះតេជព្រះគុណឡឹមតៀង បានក្លាយជាទីបង្អែកសម្រាប់សមណសិស្សនិងនិស្សិតក្រីក្រជាច្រើន ក្នុងដំណើរស្វែងរកចំណេះដឹង។ ការងារដ៏មានអត្ថន័យទាំងនេះ មិនត្រឹមតែរួមចំណែកគិតគូរដល់យុវជនជំនាន់ក្រោយប៉ុណ្ណោះទេ ថែមទាំងបានសាយភាយនូវស្មារតីចែករំលែកនិងមនុស្សធម៌ក្នុងសហគមន៍ជនរួមខ្មែរទៀតផង៕
ទីទុយ