ជាច្រើនឆ្នាំមកនេះ គ្រួសារជនរួមជាតិខ្មែរជាច្រើននៅទីក្រុងកឹងធើ បានមោះមុតបង្វែររចនាសម្ព័ន្ធដំណាំ សត្វចិញ្ចឹម អនុវត្តវិទ្យាសាស្រ្តបច្ចេកទេសជឿនលឿនក្នុងការផលិត មានកសិករជាច្រើនមិនត្រឹមតែបង្កើនប្រាក់ចំណូលប៉ុណ្ណោះទេ ថែមទាំងជាជំហានលំនឹងជីវភាព ឈានឡើងធ្វើមានទៀតផង។

ទម្រង់ដាំស្ពៃមើមផ្ដល់ប្រសិទ្ធភាពសេដ្ឋកិច្ចរបស់ពូឡឹមហ្វាងវ៉ូវ សង្កាត់មីស្វៀង។
ពង្រីកសក្តានុភាពក្នុងការផលិតកសិកម្ម រយៈពេលកន្លង សង្កាត់មីស្វៀង បានផ្តុំកម្លាំងជំរុញបង្វែររចនាសម្ព័ន្ធកសិកម្ម ខ្នះខ្នែង ឃោសនា ចលនាកសិករប្រឡងប្រណាំងផលិត មោះមុតអនុវត្តវិទ្យាសាស្ត្រ - បច្ចេកទេស លើកកម្ពស់តម្លៃកសិផល។ តួយ៉ាងដូចដំណាំស្ពៃមើមរបស់ពូឡឹមហ្វាងវ៉ូវ ភូមិដាយថាញ់ សង្កាត់មីស្វៀង មុននេះ គ្រួសារគាត់ផលិតស្រូវជាចម្បង ប៉ុន្តែប្រសិទ្ធភាពសេដ្ឋកិច្ចមិនសូវខ្ពស់។ ឆ្នាំ ២០២៥ គាត់បង្វែរដីស្រែ ៣ កុង បង្វែរមកដាំស្ពៃមើម ពូហ្វាងវ៉ូវ ឱ្យដឹង៖ “ដំណាំស្ពៃមើមងាយដាំ ចំណាយដើមទុនតិច ងាយស្រួលថែទាំ ឱ្យតែចុះពូជត្រូវតាមរដូវកាលត្រូវតាមវិធីនិងអនុវត្តបច្ចេកទេស ដាក់ជីដើម្បីបង្កើនទិន្នផល”។ ដំណាំស្ពៃមើម ៣ កុង ក្រោយរយៈពេលប្រមាណ ៥០ ថ្ងៃអាចនឹងប្រមូលផល ទិន្នផលប្រមាណ ១៤ តោនក្នុងមួយរដូវ តម្លៃចាប់ពី ៣.០០០ ដល់ ៥.០០០ ដុងក្នុងមួយគីឡូក្រាម ក្រោយពីផាត់ទាត់ចំណេញបានជិត ៣០ លានដុង។ ក្រោយពីរដូវប្រមូលផលស្ពៃមើមម្តងៗ ខ្ញុំឆ្លៀតភ្ជួរដី ទុកចោលប្រមាណ ១០ ថ្ងៃ អាចនឹងចុះពូជរដូវបន្ត ពីព្រោះស្ពៃមើមអាចនឹងដាំបាន ៤ រដូវក្នុងមួយ ឆ្នាំ”- ពូវ៉ូវ បានឱ្យដឹងបន្ថែមដូច្នេះ។
ប៉ុន្មានឆ្នាំមកនេះ គ្រួសារប្រជាជនជាច្រើននៅឃុំលីវទូ រកបានប្រាក់ចំណូលលំនឹង ដោយសារដាំខ្ទឹមស្លឹក។ តួយ៉ាងដូចគ្រួសារបងស៊ើងផល នៅភូមិផ្តៅពេន ឃុំលីវទូ នាំយើងខ្ញុំពិនិត្យមើលទម្រង់ដាំដំណាំ បងផល ឱ្យដឹង៖ “ខ្ទឹមស្លឹកងាយដាំ ចន្លោះពេលនៃការដាំដុះលឿន។ មធ្យមភាគក្នុងមួយឆ្នាំអាចនឹងដាំបានពី ៥ ដល់ ៦ រដូវ តាំងពីដាំរហូតដល់ប្រមូលផល រយៈពេលពី ៤៥-៥០ ថ្ងៃ។ ប្រសិនបើថែទាំបានល្អ ក្នុង ១ កុងផ្តល់ផលប្រមាណ ១,៥ តោនក្នុងមួយរដូវ”។ បច្ចុប្បន្ន តម្លៃខ្ទឹមស្លឹកកំពុងមានភាពលំនឹងចាប់ពី ១៥.០០០ ដល់ ២០.០០០ ដុងក្នុងមួយគីឡូក្រាម មានពេលខ្លះឡើងដល់ ៣៥.០០០ ដុងក្នុងមួយគីឡូក្រាម។ ជាមួយតម្លៃដូចសព្វថ្ងៃ ក្នុងមួយកុងគ្រួសារបងផលចំណេញបាន ១៥ លានដុងក្នុងមួយរដូវ កើនច្រើនដងបើប្រៀបធៀបនឹងការផលិតស្រូវ។
លោកង្វៀងតឹម ប្រធានសមាគមកសិករឃុំលីវទូ ឱ្យដឹង៖ “បច្ចុប្បន្ន ខ្ទឹមស្លឹកបានចាត់ជាដំណាំចម្បងរបស់ភូមិភាគ។ តម្លៃខ្ទឹមស្លឹករាល់ឆ្នាំពិតមែនតែមានការប្រែប្រួល ប៉ុន្តែសរុបមករៀងរាល់រដូវមាមីងតែងរកបានប្រាក់ចំណូលខ្ពស់ជាងការផលិតស្រូវ”។
អាស្រ័យការរួមដំណើររបស់សមាគមកសិករ និងការយកចិត្តទុកដាក់ជំរុញរបស់រដ្ឋអំណាច ព្រមទាំងការព្យាយាមប្រឹងប្រែងរៀនសូត្រ និងច្នៃប្រតិដ្ឋដោយឥតឈប់ឈរ កសិករទីក្រុងកឹងធើ ជាជំហានៗ បានផ្លាស់ប្តូរផ្នត់គំនិត របៀបធ្វើ អភិវឌ្ឍទម្រង់ផលិតមានប្រសិទ្ធភាព បង្កើនប្រាក់ចំណូលឈានឡើងលើតំបន់ដីភូមិស្រុក៕
ថាញវ៉ាង - លីសៀ