ព្រឹកថ្ងៃទី ២៤ ខែឧសភា មន្ទីរអប់រំនិងបណ្ដុះបណ្តាលខេត្តកាម៉ាវ បានចាត់តាំងពិធីបើកការប្រកួតកីឡាសិស្សចំណេះទូទៅខេត្តកាម៉ាវ ឆ្នាំ២០២៦។ ពិធីប្រឡងបានទាក់ទាញអត្តពលិកជាង ៣.៩០០ នាក់ មកពី ១១៧ ក្រុមរបស់ឃុំ សង្កាត់និងសាលារៀននានានៅលើភូមិដ្ឋានខេត្ត។ នេះពិតជាព្រឹត្តិការណ៍កីឡាដ៏សំខាន់មួយសម្រាប់សិស្សានុសិស្សទូទាំងខេត្ត។

ទិដ្ឋភាពនៃពិធីបើកការប្រកួតត។
ការប្រកួតកីឡាសិស្សចំណេះទូទៅខេត្តកាម៉ាវ គឺជាសកម្មភាពកីឡាប្រពៃណីរបស់យុវជនក្នុងសាលារៀន និងជាទីលានលេងកម្សាន្តដ៏មានប្រយោជន៍ ដើម្បីបន្តរក្សា និងជំរុញការចលនា “ទូទាំងប្រជាជនហ្វឹកហាត់កាយសម្បទាតាមគំរូអ៊ំហូដ៏មហិមា” ។ រួមចំណែកដល់ការអប់រំសិស្សានុសិស្ស ទាំងសីលធម៌ផង បញ្ញាកាយសម្បទា និងសោភ័ណភាពផង ស្របតាមទិសដៅនៃការផ្លាស់ថ្មីជាមូលដ្ឋាន ទូទាំងវិស័យអប់រំ និងបណ្តុះបណ្តាល។

ការសម្តែងបង្ហាញក្បាច់គុននៅនាពិធីបើកការប្រកួត។
ថ្លែងក្នុងពិធី លោក ង្វៀងវ៉ាំងង្វៀង នាយកមន្ទីរអប់រំ និងបណ្តុះបណ្តាលខេត្តកាម៉ាវ មានប្រសាសន៍៖ “ការប្រកួតនេះ មានសារៈសំខាន់ខ្លាំងណាស់ក្នុងការអភិវឌ្ឍរាងកាយ លើកកម្ពស់កាយសម្បទា បណ្តុះបណ្តាលឆន្ទៈ ស្មារតីសាមគ្គី ភាពស្មោះត្រង់ និងភាពក្លាហានសម្រាប់សិស្សានុសិស្ស។ តាមរយៈសកម្មភាពប្រកួតកីឡា ប្អូនៗមានឱកាសដោះដូរ ស្វែងយល់ ពង្រីកសមត្ថភាព លើកកម្ពស់ជីវភាពស្មារតី និងបង្កើតរបៀបរស់នៅដោយវិជ្ជមាន និងមានប្រយោជន៍។ ទន្ទឹមនឹងនោះ នេះក៏ជាឱកាសដើម្បីវិស័យអប់រំ វាយតម្លៃគុណភាពការងារអប់រំកាយ និងចលនា កីឡាហាត់ប្រាណនៅតាមមូលដ្ឋានអប់រំទាំងមូល; បន្តលើកកម្ពស់សមត្ថភាព ចាត់តាំងសកម្មភាពអប់រំកាយនៅក្នុងសាលារៀន; រកឃើញ និងជ្រើសរើសសិស្សដែលមានទេពកោសល្យខាងកីឡា ដើម្បីបំពាក់បំប៉ន បណ្តុះបណ្តាល ដើម្បីចូលរួមការប្រកួតកីឡាកម្រិតតំបន់ និងថ្នាក់ជាតិរយៈពេលខាងមុខ”។
ការប្រកួតបានប្រព្រឹត្តឡើងចាប់ពីថ្ងៃទី ២៤ ដល់ថ្ងៃទី ៣១ ខែឧសភា ដោយមាន ៦ វិញ្ញាសា រួមមាន៖ អត្តពលកម្ម, ហែលទឹក, វាយសី, វាយកូនឃ្លីលើតុ, បាល់ទះ និងបាល់ទាត់ ជាមួយនឹងមេដាយសរុបចំនួន ៦៣ ៕
លីធាន-មេងលី