គាំទ្រការបំផុសចលនា "ទូទាំងប្រជាជនសាមគ្គីកសាងជនបទថ្មី ទីក្រុងអរិធម៌ រណសិរ្សមាតុភូមិឃុំវិញទ្រិញ បានម្ចាស់ការសហការ និងបំផុសកម្លាំងរបស់ប្រជាជនក្នុងការរៀបចំលម្អសោភ័ណភាពភូមិភាគនិងអភិវឌ្ឍសេដ្ឋកិច្ច។ ការខិតខំប្រឹងប្រែងទាំងនេះ មិនត្រឹមតែជួយឱ្យឃុំសម្រេចល្អប្រសើរនូវរាល់ភារកិច្ចនយោបាយប៉ុណ្ណោះទេ ថែមទាំងបង្កើតនូវការផ្សារភ្ជាប់សហគមន៍យ៉ាងរឹងមាំ ព្រមទាំងលើកកម្ពស់គុណភាពជីវភាពសម្ភារៈ និងស្មារតីរបស់ប្រជាជនទៀតផង។

គណៈប្រចាំការនៃគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមឃុំវិញទ្រិញ បានបង្ហាញទម្រង់ប្រជាចលនាឈ្លាសវៃ "ដងផ្លូវបង្គោលទង់ជាតិ" នៅភូមិវិញឡុក។
គណៈប្រចាំការនៃគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមឃុំវិញទ្រិញ ទើបបង្ហាញទម្រង់ប្រជាចលនាឈ្លាសវៃ "ដងផ្លូវបង្គោលទង់ជាតិ" នៅភូមិវិញឡុក។ អនុវត្តទម្រង់នេះ កម្មាភិបាលឃុំនិងភូមិបានសហការចលនាប្រជាជននិងសប្បុរសជនដំឡើងបង្គោលទង់ជាតិចំនួន ៥០ បង្គោល ដែលមានតម្លៃសរុប ៣២,៥ លានដុង។ លោកឡេឌឹកថាំង នៅភូមិវិញឡុក បានមានប្រសាសន៍៖ "កាលពីមុន មាមីងចងទង់ជាតិមិនឯកភាពគ្នាទេ នៅកំណាត់ផ្លូវណាដែលគ្មានផ្ទះប្រជាជនគឺមិនមានចងទង់ជាតិឡើយ។ ពេលកម្មាភិបាលឃុំនិងភូមិចលនាធ្វើដងផ្លូវបង្គោលទង់ជាតិ ប្រជាជនបានចូលរួមយ៉ាងស្រស្រាក់ស្រស្រាំ។ បច្ចុប្បន្ន ក្នុងឱកាសបុណ្យទាន និងបុណ្យចូលឆ្នាំថ្មីវៀតណាម ប្រជាជនចងទង់ជាតិយ៉ាងសមរម្យ ដែលនេះជួយឱ្យរីកសាយភាយនូវមោទនភាពជាតិ និងបង្កើតសោភ័ណភាពដល់មណ្ឌលតាំងទីលំនៅឱ្យកាន់តែស្រស់បំព្រង"។
ដងផ្លូវគមនាគមន៍ចាប់ពីផ្ទះលោកសាវតូក ដល់ស្ពានឆ្លងទៅវត្តសាមគ្គី បានបង្កើនកម្រិតស្អាតបាត ក្នុងក្តីត្រេកអររបស់ប្រជាជនភូមិវិញញឹង។ តាមការឆ្លុះបញ្ចាំងរបស់ប្រជាជន កាលពីមុនដងផ្លូវនេះមានទទឹងត្រឹមតែ ៣ ម៉ែត្រ ហើយមានកំណាត់ខ្លះរងការខូចខាត ទ្រុឌទ្រោម ធ្វើដំណើរជួបការលំបាក។ កម្មាភិបាលឃុំនិងភូមិបានសហការចលនាប្រជាជនរួមចំណែកថវិកាចំនួន ៥២ លានដុង និងថ្ងៃពលកម្មចំនួន ៨០ ថ្ងៃ ដើម្បីបង្កើនកម្រិតនិងពង្រីកផ្លូវដល់ ៤ ម៉ែត្រ។ លោក ង្វៀងវ៉ាំងញ៉ា រស់នៅភូមិវិញញឹង បានឱ្យដឹង៖ "ក្រៅពីការរួមចំណែកថវិកាទិញស៊ីម៉ងត៍ចំនួន ៣០ បាវ ខ្ញុំនិងកូនប្រុសក៏បានចូលរួមថ្ងៃពលកម្មដើម្បីបង្កើនកម្រិតផ្លូវដែរ... ឥឡូវនេះ ផ្លូវបានចាក់បេតុង និងពង្រីកធំទូលាយ ធ្វើដំណើរបានងាយស្រួល នរណាក៏សប្បាយចិត្តដែរ"។
កម្លាំងសាមគ្គីភាពរបស់ប្រជាជនឃុំវិញទ្រិញ នៅទាំងបង្ហាញឡើងតាមរយៈការកសាងស្ពាន ៣០០ និងស្ពាន ៦០០ នៅភូមិវិញថ។ ពីស្ពានដែកចាស់ទ្រុឌទ្រោមដែលមានទទឹងត្រឹមតែ ២ ម៉ែត្រ ឥឡូវនេះបានជំនួសដោយស្ពានបេតុងរឹងមាំ មានទទឹង ៣ ម៉ែត្រ និងមានបង្កាន់ដៃសងខាង។ សំណង់នេះបានអនុវត្តដោយប្រភពថវិកាចលនាក្នុងសង្គមចំនួន ៧០០ លានដុង និងជិត ៦០០ ថ្ងៃពលកម្មរបស់ប្រជាជន។ លោកឡេថាញហុង សមាជិកគណៈកសាងស្ពានគមនាគមន៍ បានចែករំលែកដោយក្តីរីករាយ៖ "បានឃើញមាមីងរួមកម្លាំងគ្នាក្នុងបណ្តាសំណង់នានា ខ្ញុំមានអារម្មណ៍ថាកក់ក្តៅចិត្តណាស់។ ស្ពានថ្មីៗទាំងនេះគឺជាសក្ខីភាពនៃការស្របចិត្តគំនិតរបស់ប្រជាជន ព្រមទាំងបើកផ្លូវសម្រាប់ការអភិវឌ្ឍភូមិស្រុកផងដែរ"។
ទិដ្ឋភាពឃុំវិញទ្រិញកាន់តែស្រស់បំព្រង ផ្តើមពីការឯកភាពនៃប្រព័ន្ធនយោបាយ និងប្រជាជន តាមរយៈការបំផុសចលនា "ទូទាំងប្រជាជនសាមគ្គីកសាងជនបទថ្មី ទីក្រុងអរិធម៌"។ គិតចាប់ពីឆ្នាំ ២០២៥ មកទល់ពេលនេះ រណសិរ្សមាតុភូមិឃុំ រួមជាមួយអង្គការសមាជិក បានកៀរគរកម្លាំងប្រជាជនរួមចំណែកថវិកាជិត ១ ពាន់លានដុង និងថ្ងៃពលកម្មជាង ៩០០ ថ្ងៃ ដើម្បីកសាងស្ពាន និងផ្លូវគមនាគមន៍។ ទន្ទឹមនឹងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ រណសិរ្សមាតុភូមិឃុំ និងអង្គការសមាជិកក៏បានជំរុញចលនារក្សាអនាម័យបរិស្ថាន នាំមកនូវលំហរស់នៅ "បៃតង ជ្រះ ស្អាត"។
រណសិរ្សមាតុភូមិឃុំ និងអង្គការសមាជិក បានអនុវត្តយ៉ាងមានប្រសិទ្ធភាពនូវការងារធានាសុខុមាលភាពសង្គម។ ជាក់ស្តែង ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីវៀតណាម ឆ្នាំ ២០២៦ រណសិរ្សមាតុភូមិឃុំបានសហការជាមួយអង្គការសមាជិក ចលនាក្នុងសង្គមជូនអំណោយចំនួន ២៤៧ ចំណែក ដែលមានតម្លៃជាង ១២៣ លានដុង ដល់គ្រួសារក្បែរក្រ និងគ្រួសារដែលមានស្ថានភាពលំបាក។ ចាប់ពីឆ្នាំ ២០២៥ មកទល់ពេលនេះ រណសិរ្សមាតុភូមិឃុំបានសហការកសាង និងជួសជុលផ្ទះចំនួន ៣៨ ខ្នង ជូនដល់គ្រួសារប្រជាជន... លោកស្រី ង្វៀងធីត្រាំង នៅភូមិវិញហឹង បានចែករំលែល៖ "ផ្ទះចាស់ទ្រុឌទ្រោមណាស់ ប៉ុន្តែគ្មានប្រាក់ជួសជុលឡើយ។ ខ្ញុំសប្បាយចិត្តណាស់ដែលទទួលបានការឧបត្ថម្ភសាងសង់ផ្ទះរឹងមាំ ដើម្បីឱ្យគ្រួសារមានទីលំនៅស្ថិរភាព"។
លោកស្រី ង្វៀងធីឡេធ្វី ប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមឃុំវិញទ្រិញ អំណះអំណាង៖ "រណសិរ្សមាតុភូមិឃុំ និងអង្គការសមាជិក នឹងបន្តជំរុញការឃោសនា លើកកម្ពស់ប្រសិទ្ធភាពនៃការបំផុសចលនា "ទូទាំងប្រជាជនសាមគ្គីកសាងជនបទថ្មី ទីក្រុងអរិធម៌"។ ក្នុងនោះ ចំណុចសំខាន់គឺការកៀរគរកម្លាំងប្រជាជនរួមដៃជាមួយរដ្ឋ ដើម្បីបង្ហើយហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍ កសាងបណ្តាដងផ្លូវ "ភ្លឺ បៃតង ជ្រះ ស្អាត" និងអនុវត្តល្អការងារសុខុមាលភាពសង្គម រួមចំណែកធ្វើឱ្យមាតុភូមិវិញទ្រិញកាន់តែអភិវឌ្ឍប្រកបដោយចីរភាព"។
ថាញធី - ចន្ថា