អំណរខួបអនុស្សាវរីយ៍លើកទី ៨៥ឆ្នាំ ទិវាបង្កើតក្រុមយុវជនឈានមុខហូជីមិញ (១៥/៥/១៩៤១–១៥/៥/២០២៦) បណ្តាអន្តរក្រុមយុវជននៅលើភូមិឋានទីក្រុងកឹធើ បានរៀបចំសកម្មភាពយ៉ាងពុះពោរ និងមានអត្ថន័យជាច្រើន រួមចំណែកដល់ការអប់រំប្រពៃណី បំប៉នឧត្តមគតិបដិវត្តន៍ និងបង្កសួនកម្សាន្តសម្រាប់សមាជិកកងយុវជននិងកុមារា កុមារី។

ពិធីអំណរខួបអនុស្សាវរីយ៍លើកទី ៨៥ ឆ្នាំទិវាបង្កើតក្រុមយុវជនឈានមុខហូជីមិញ
(១៥/៥/១៩៤១ – ១៥/៥/២០២៦) ។
ក្នុងរយៈពេល ៨៥ ឆ្នាំបង្កើតនិងរីកចម្រើន ក្រុមយុវជនឈានមុខហូជីមិញ តែងតែជាបរិស្ថានសម្រាប់ហ្វឹកហាត់និងអប់រំយុវជនជំនាន់ក្រោយរបស់ប្រទេសជាតិ។ បណ្តាការចលនាដូចជា "កុមារវៀតណាមប្រឡងប្រណាំងអនុវត្តតាមប្រាំចំណុចដែលអ៊ំហូបានបង្រៀន", "ផែនការតូច", "រាប់ពាន់ទង្វើល្អ", "សំណង់ពន្លកខ្ចី"... រួមចំណែកកសាងបុគ្គលិកលក្ខណៈលើកកម្ពស់ស្មារតីសិក្សា និងស្មារតីទទួលខុសត្រូវរបស់កុមារ។
ចំណុចលេចធ្លោនៅក្នុងសកម្មភាពបន្តបន្ទាប់គ្នាគឺសំណង់ពន្លកខ្ចី "កង់ឡានមិត្តភាព" របស់អន្តរក្រុមសាលាបឋមសិក្សាហ្វាទូ២B ឃុំហ្វាទូ។ តាមរយៈការចូលរួមយ៉ាងសកម្មពីសំណាក់សមាជិក សិស្សានុសិស្ស និងលោកគ្រូ អ្នកគ្រូ កង់ឡានចាស់ៗបានយកមកកែច្នៃឡើងវិញដោយមានពណ៌សោភ័ណភាពរស់រវើក។ ពីរបស់របរដែលស្ទើរតែបោះចោលទៅហើយ ប្អូនៗបានច្នៃប្រតិដ្ឋបង្កជាកន្លែងលេងកម្សាន្ត រង្វង់ផ្កា កៅអីអង្គុយ និងជ្រុងសិក្សានៅខាងក្រៅថ្នាក់រៀន រួមចំណែកលើកកម្ពស់សោភ័ណភាពក្នុងបរិវេណសាលារៀន។
សំណង់នេះមិនត្រឹមតែមានអត្ថន័យក្នុងការការពារបរិស្ថានប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជារបៀបរៀនដ៏រស់រវើក ជួយឱ្យប្អូនៗបង្កទម្លាប់សន្សំសំចៃ ចេះឱ្យតម្លៃធនធាននិងពង្រីកសមត្ថភាពច្នៃប្រតិដ្ឋ។ តាមរយៈនោះ សមាជិកក្រុមម្នាក់ៗកាន់តែយល់ច្បាស់ សកម្មភាពតូចតែមានប្រយោជន៍ អាចរួមចំណែកក្នុងការកសាងបរិស្ថានរស់នៅបៃតង-ស្អាតផងដែរ។
ទន្ទឹមនឹងសំណង់ពន្លកខ្ចី សកម្មភាពប្រពៃណីផ្សេងៗក៏ត្រូវបានក្រុមយុវជនរៀបចំឡើងយ៉ាងអធិកអធមនិងមានអត្ថន័យ។ នៅក្រុមយុវជនសាលាអនុវិទ្យាល័យជនជាតិអន្តេវាសិកតឹងថាញ់ ឃុំតឹងថាញ់ ពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី ៨៥ឆ្នាំ ទិវាបង្កើតក្រុមយុវជនឈានមុខហូជីមិញ បានប្រព្រឹត្តទៅក្នុងបរិយាកាសដ៏ឧឡារិកនិងកក់ក្តៅ។
រំលឹកឡើងវិញនូវប្រពៃណី ៨៥ ឆ្នាំនៃការកសាង និងការរីកចម្រើនរបស់ក្រុមយុវជនហូជីមិញ បានជួយឱ្យប្អូនៗយល់ដឹងកាន់តែច្បាស់អំពីប្រវត្តិសាស្ត្រដ៏ត្រចះត្រចង់របស់អង្គការក្រុមយុវជន ដែលផ្សារភ្ជាប់ជាមួយនឹងលោកប្រធានហូជីមិញជាទីគោរពស្រឡាញ់ និងកុមារវៀតណាមជាច្រើនជំនាន់។ តាមរយៈនោះ បានដាស់ភ្ងោកនូវមោទនភាព ស្មារតីខិតខំរៀនសូត្រ និងលត់ដំខ្លួន ដើម្បីឱ្យស័ក្តិសមជាកូនល្អ សិស្សល្អ និងជាសមាជិកយុវជនឆ្នើម។
លោកគ្រូ លៀងហ្វៀងស៊ឺ ចាងហ្វាងសាលា បានសង្កត់ធ្ងន់លើតួនាទីយ៉ាងសំខាន់នៃការងារកងយុវជនក្នុងការអប់រំសិស្សានុសិស្សគ្រប់ជ្រុងជ្រោយ ពិសេសគឺការអប់រំអំពីឧត្តមគតិការរស់នៅ ស្មារតីស្នេហាជាតិ និងស្មរតីទទួលខុសត្រូវរបស់យុវជនជំនាន់ក្រោយ។ លោកគ្រូក៏បានកោតសរសើរចំពោះស្មារតីរៀនសូត្រ និងលត់ដំខ្លួនរបស់សមាជិកក្រុមយុវជនទាំងអស់ ហើយសង្ឃឹមថាប្អូនៗនឹងបន្តពង្រីកប្រពៃណីដ៏ល្អរបស់ក្រុមយុវជន។
ក្នុងឱកាសនេះ អន្តរក្រុមយុវជន បានធ្វើការស្ងើចសរសើរ និងផ្តល់រង្វាន់ដល់សមាជិកយុវជនឆ្នើមចំនួន៨រូប ដែលសម្រេចកិត្តិនាម "ចៅល្អរបស់អ៊ំហូ"។ គំរូដ៏ភ្លឺស្វាងទាំងនេះ បានរួមចំណែករីកសាយភាយចលនាប្រឡងប្រណាំងរៀនសូត្រ និងលត់ដំខ្លួនក្នុងសាលាទាំងមូល ព្រមទាំងបង្កើតជាកម្លាំងចិត្តដើម្បីឱ្យប្អូនៗបន្តខិតខំប្រឹងប្រែងឈានទៅមុខ។
អាចនិយាយបានថា តាមរយៈសកម្មភាពជាក់ស្តែង និងមានប្រយោជន៍ សមាជិកយុវជននាពេលបច្ចុប្បន្ន កំពុងបោះជំហានទៅមុខក្នុងការសរសេរបន្តនូវប្រពៃណីដ៏ត្រចះត្រចង់របស់ក្រុមយុវជនឈានមុខហូជីមិញ។ ចាប់ផ្ដើមពីសំណង់តូចៗ ប៉ុន្តែមានអត្ថន័យធំធេង ប្អូនៗកំពុងធ្វើឱ្យ "រស្មីប្រពៃណីរបស់កងយុវជន" កាន់តែមានទំនុកចិត្ត "បោះជំហានយ៉ាងមាំទៅកាន់អនាគត" រួមចំណែកកសាងភូមិស្រុកឱ្យកាន់តែរីកចម្រើន និងសម្បូរសប្បាយ៕
ហុងទើ-ដាលីន