ជាច្រើនឆ្នាំមកនេះ កសិករនៅទីក្រុងកឹងធើ មិនរារែកក្នុងការបង្វែររចនាសម្ព័ន្ធពូជដំណាំ ពីការធ្វើស្រែនិងដាំដំណាំដែលមិនសូវមានប្រសិទ្ធភាព បង្វែរមកដាំទៀបបន្លានិងឪឡឹក ជាជំហាននាំមកប្រសិទ្ធភាពសេដ្ឋកិច្ច បង្កើនប្រាក់ចំណូល។

ទម្រង់ដាំទៀបបន្លារបស់បងស្រីត្រឹងធីង៉ុកយុង នៅឃុំសាភៀង។
ពីមុន គ្រួសារបងស្រីត្រឹងធីង៉ុកយុង នៅភូមិធ្វឹងហ្វា ឃុំសាភៀង ផលិតស្រូវប៉ុន្តែផ្តល់ទិន្នផលទាប ដូច្នេះ ឆ្នាំ ២០០៦ គាត់បានបង្វែរផ្ទៃដីស្រែ ៣ កុង បង្វែរមកដាំទៀបបន្លា ៤០០ ដើម។ នាំយើងខ្ញុំមកទស្សនាចម្ការ បងស្រីយុង ចែករំលែក៖ “មូលហេតុដែលខ្ញុំជ្រើសរើសដាំដើមទៀបបន្លា គឺដោយសារតែដើមទៀបបន្លាងាយស្រួលដាំ សមស្របនឹងតំបន់ដី មិនសូវមានជំងឺនិងសត្វល្អិតបំផ្លាញ ចំណាយកម្លាំងថែទាំតិច”។ ជាមួយនឹងផ្ទៃដីដាំទៀបបន្លា ៣ កុង ផ្តល់ទិន្នផលប្រមាណ ២៤ តោនក្នុងមួយឆ្នាំ។ ផ្លែទៀបបន្លាលក់ក្នុងតម្លៃពី ១៥.០០០ - ២៧.០០០ ដុងក្នុងមួយគីឡូក្រាម ក្រោយពីទូទាត់ចំណាយរួចនៅចំណេញប្រមាណ ៣០០ លានដុង។ “បើប្រៀបធៀបនឹងដំណាំឈើហូបផ្លែផ្សេងៗ ដាំទៀបបន្លាឆាប់បានប្រមូលផល ផ្តល់ទិន្នផលខ្ពស់គួរសម ដាំរយៈពេល ២០ ខែគឺអាចប្រមូលផលបាន។ ឆ្នាំដំបូងផ្តល់ផលតិច មួយដើមប្រមាណ ៣០ គីឡូក្រាម ប៉ុន្តែចាប់ពីឆ្នាំទី ២ ឡើងទៅ ទិន្នផលកើនឡើងទ្វេដង។ ប្រសិនបើចង់ឱ្យចេញផ្លែខុសរដូវ រយៈពេលផ្ទេរលំអង ចាប់ពីខែមិថុនាដល់ខែកក្កដា (សុរិយាគតិ)។ ចាប់ពីពេលផ្ទេរលំអងរហូតដល់ប្រមូលផលប្រមាណជាង ៤ ខែ។ រដូវប្រមូលផល ចាប់ពីខែវិច្ឆិកាដល់ខែឧសភា (សុរិយាគតិ) ឆ្នាំបន្ទាប់” បងស្រីយុង បានឱ្យដឹងបន្ថែមដូច្នេះ។
បង្កើនប្រាក់ចំណូលពីទម្រង់បង្វែររចនាសម្ព័ន្ធពូជដំណាំ គ្រួសារលោកឡឹមថាញហ៊ុង នៅភូមិព្រែកពិន្ទង ឃុំមីហឿង ចែករំលែក៖ “ពីមុន គ្រួសារខ្ញុំផលិតសូ្រវជាចម្បង ប៉ុន្មានឆ្នាំមកនេះ សង្កេតឃើញទម្រង់ដាំឪឡឹកនាំមកប្រសិទ្ធភាពសេដ្ឋកិច្ចខ្ពស់ ខ្ញុំសម្រេចចិត្តបង្វែរផ្ទៃដីស្រែ ៥ កុង បង្វែរមកដាំឪឡឹក។ ទម្រង់នេះ រួមចំណែកក្នុងការបង្វែររចនាសម្ព័ន្ធពូជដំណាំ ថែមទាំងបង្កើនប្រាក់ចំណូល”។ បានដឹង លោកហ៊ុង ចុះពូជចាប់ពីខែកុម្ភៈ ក្រោយពីរយៈពេលជិត ៣ ខែទើប្រមូលផល។ អាស្រ័យដំណាំសមស្របនឹងលក្ខណៈដី អាកាសធាតុអំណោយផល គ្មានភ្លៀងក្នុងដំណាក់កាលចេញផ្កា ដូច្នេះជាប់ផ្លែច្រើន។ មានទម្ងន់មធ្យមពី ២-៣ គីឡូក្រាមក្នុងមួយផ្លែ ទិន្នផលសម្រេចប្រមាណ ២០ តោន។ លក់ក្នុងតម្លៃពី ៦.០០០ - ៧.០០០ ដុងក្នុងមួយគីឡូក្រាម ក្រោយពីទូទាត់ចំណាយរួច នៅចំណេញប្រមាណ ៧០ លានដុង។
តាមប្រសាសន៍លោកឌាំងតឹងយ៉ាង អនុប្រធានសមាគមកសិករទីក្រុងកឹងធើ ការប្រើប្រាស់ផ្ទៃដីផលិតស្រូវដោយភាពឈ្លាសវៃ បានជួយឱ្យកសិករបង្កើនប្រាក់ចំណូល កែលម្អជីវភាព។ ដើម្បីពង្រីកប្រសិទ្ធភាពនៅពេលខាងមុខ សមាគមនឹងបន្តផ្តល់អនុសាសន៍ដល់ប្រជាជន បង្វែររចនាសម្ព័ន្ធពូជដំណាំនិងវិធីសាស្ត្រផលិតបន្សាំនឹងការប្រែប្រួលអាកាសធាតុ ប្រើប្រាស់ពូជដំណាំផ្ដល់ទិន្នផល គុណភាពនិងតម្លៃសេដ្ឋកិច្ចខ្ពស់។ បង្កលក្ខណៈពង្រីកទម្រង់ផលិតមានប្រសិទ្ធភាព អនុវត្តវិទ្យាសាស្ត្រ បច្ចេកវិទ្យា ជួយបង្កើនតម្លៃកសិផល”៕
ថាញវ៉ាង-មុនី