មហាសាមគ្គីជនជាតិ គំរូក្នុងសហគមន៍

29/04/2026 - 08:45

គំរូ​ប្រ​ធាន​គណៈ​ប្រ​ជា​ជន​ភូមិ​ជិត​ស្និទ្ធ​នឹង​ប្រ​ជា​ជន 

ក្នុង​តួ​នា​ទី​ជា​ប្រ​ធាន​គណៈ​ប្រ​ជា​ជន​មណ្ឌល​ដាយ​ជី សង្កាត់​មី​ស្វៀង ទី​ក្រុង​កឹង​ធើ លោក​យ័ញ​វ៉ាំង​ហ្វៀង តែង​ខ្នះ​ខ្នែង​និង​យក​ចិត្ត​ទុក​ដាក់​គិត​គូរ​ជីវ​ភាព​របស់​ប្រ​ជា​ជន។ អា​ស្រ័យ​ហេតុ​នេះ ជីវ​ភាព​របស់​មា​មីង​ក្នុង​ភូមិ​តែង​បាន​លើក​កម្ពស់​ជា​លំ​ដាប់ រួម​ចំ​ណែក​យ៉ាង​សំ​ខាន់​ក្នុង​ការ​បន្ថយ​ភាព​ក្រី​ក្រ​នៅ​ភូមិ​ភាគ។

  លោក​យ័ញ​វ៉ាំង​ហ្វៀង (ខាង​ឆ្វេង) ពិ​និត្យ​ទម្រង់​ដាំ​ដុះ​របស់​មា​មីង។

ធ្វើ​ការ​នៅ​ភូមិ​ភាគ​តាំង​ពី​ឆ្នាំ ២០០៩ ធ្លាប់ធ្វើ​ជា​លេខា​សា​ខា​បក្ស និង​ជា​ប្រ​ធាន​គណៈ​ប្រ​ជា​ជន​ភូមិ​តាំង​ពី​ឆ្នាំ ២០១៧ រហូត​មក​ដល់​សព្វ​ថ្ងៃ លោក​យ័ញ​វ៉ាំង​ហ្វៀង តែង​ចុះ​ទៅ​តាម​គ្រួ​សារ ដើម្បី​ក្តាប់​នូវ​ស្ថាន​ភាព​រស់​នៅ​របស់​ប្រ​ជា​ជន។ លោកហ្វៀង បាន​ចែក​រំ​លែក៖ “មណ្ឌល​ដាយ​ជី​មាន ៤៨១ គ្រួ​សារ ក្នុង​នោះ ជន​រួម​ជាតិ​ខ្មែរ​មាន ៨៥%។ ក្នុង​តួ​នា​ទី​ជា​ប្រ​ធាន​មណ្ឌល ខ្ញុំ​តែង​សញ្ជឹង​គិត​ធ្វើ​យ៉ាង​ណា​ដើម្បី​ឱ្យ​ប្រ​ជា​ជន​កាន់​តែ​មាន​ឱកាស​ក្នុង​ការ​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច គ្មាន​នៅ​គ្រួ​សារ​ក្រី​ក្រ​និង​ក្បែរ​ក្រ​ទៀត”។ ក្នុង​ការ​ងារ លោក​មិន​ខ្លាច​នឿយ​ហត់ លោក​តែង​ចុះ​ទៅ​តាម​គ្រួ​សារ​ដើម្បី​ស្វែង​យល់​ពី​ចិត្ត​គំ​និត​និង​បំ​ណង​ប្រាថ្នា​របស់​ប្រ​ជា​ជន បន្ទាប់​មក​លោក​បាន​សហ​ការ​ជា​មួយ​អង្គ​ការ​មហា​ជន​ក្នុង​ភូមិ ដើម្បី​ដាក់​ចេញ​នូវ​ភារ​កិច្ច និង​ដំ​ណោះ​ស្រាយ​ជាក់​ស្តែង សំ​ដៅ​ជួយ​ដល់​គ្រួ​សារ​ដែល​មាន​ជីវ​ភាព​លំ​បាក​ឱ្យ​មាន​ឱកាស​ឈាន​ឡើង។ លោក​ក៏​បាន​ស្នើ​រដ្ឋ​អំ​ណាច ដើម្បី​ឱ្យ​គ្រួ​សារ​ក្រី​ក្រ​និង​ក្បែរ​ក្រ បាន​បុល​ទុន​ពី​ធនា​គារ​គោល​នយោ​បាយ​សង្គម និង​បាន​ទទួល​ផល​ពី​កម្ម​វិធី​និង​គោល​នយោ​បាយ​ផ្សេងៗ។

ជាក់​ស្ដែង​ដូច​ជា គ្រួ​សារ​បង​ស្រី​លី​ធី​ក្វៀង នៅ​មណ្ឌល​ដាយ​ជី ជា​គ្រួ​សារ​ក្រ​គ្មាន​ដី​បង្ក​បង្កើន​ផល ធ្វើ​ការ​ឈ្នួល​មាន​ប្រាក់​ចំ​ណូល​មិន​លំ​នឹង។ ដោយ​ឃើញ​ពី​ស្ថាន​ភាព​លំ​បាក​របស់​បង​ស្រី​ លោក​បាន​ស្នើ​រដ្ឋ​អំ​ណាច​ភូមិ​ភាគ ពិ​និត្យ​ជំ​នួយ​គោ​មេ​មួយ​គូ ដើម្បី​ឱ្យ​គ្រួ​សារ​គាត់​មាន​លក្ខណៈ​ក្នុង​ការ​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច។ បង​ស្រី​ក្វៀង ឱ្យ​ដឹង៖ “ពូ​ហ្វៀង តែង​យក​ចិត្ត​ទុក​ដាក់​ដល់​ជីវ​ភាព​របស់​មា​មីង​ណាស់ គាត់​តែង​ចុះ​មក​ដល់​ផ្ទះ​ដើម្បី​ផ្សព្វ​ផ្សាយ ចល​នា​ឱ្យ​ខិត​ខំ​ធ្វើ​ការ​បង្ក​បង្កើន​ផល ក៏​ដូច​ជា​ចែក​រំ​លែក​បទ​ពិ​សោធន៍​ក្នុង​ការ​ចិញ្ចឹម​គោ​ផង​ដែរ...”។

ដោយ​ការ​អស់​ពី​ចិត្ត​និង​ជិត​ស្និទ្ធ​ជា​មួយ​ប្រ​ជា​ជន​របស់​លោក​ហ្វៀង បាន​រួម​ចំ​ណែក​ផ្លាស់​ប្តូរ​ទិដ្ឋ​ភាព​មណ្ឌល​ដាយ​ជី។ ជីវ​ភាព​របស់​ប្រ​ជា​ជន​កាន់​តែ​លំ​នឹងមាន​គ្រួ​សារ​ជា​ច្រើន​បាន​ឈាន​ឡើង​ចាក​ផុត​ពី​ភាព​ក្រី​ក្រ និង​កសាង​ជីវ​ភាព​ឱ្យ​កាន់​តែ​ធូរ​ធារ រហូត​មក​ទល់​ពេល​នេះ គ្រួ​សារ​ក្រី​ក្រ​ក្នុង​មណ្ឌល​នៅ​ត្រឹម​តែ ១០ គ្រួ​សារ​ប៉ុណ្ណោះ។

មិន​ត្រឹម​តែ​គិត​គូរ​ចំ​ពោះ​ជីវ​ភាព​របស់​ប្រ​ជា​ជន​ប៉ុណ្ណោះ​ទេ លោក​ហ្វៀង ថែម​ទាំង​សកម្ម​ក្នុង​ការ​ងារ​សង្គ​មូប​នីយ​កម្ម។ ក្នុង​រយៈ​ពេល​កន្លង លោកបាន​កៀរ​គរ​ប្រ​ជា​ជន ១៦ គ្រួ​សារ បរិ​ច្ចាគ​ដី​ស​រុប ១.៥០០ ម៉ែត្រ​កា​រ៉េ ដើម្បី​ធ្វើ​ផ្លូវ​ដាន ដាក់​បង្គោល​ភ្លើង​បំ​ភ្លឺ​ផ្លូវ ៩៥ ដើម ដាក់​កា​មេ​រ៉ា​សុ​វត្ថិ​ភាព ៥ គ្រឿង និង​កសាង​ស្ពាន​ជន​បទ ២ កន្លែង សរុប​ថវិ​កា​ជាង ២០០ លាន​ដុង។

លោក ង៉ោ​ថាញ់​ត្វង ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​សង្កាត់​មី​ស្វៀង ឱ្យ​ដឹង៖ “ក្នុង​តួ​នា​ទី​ជា​ប្រ​ធាន​គណៈ​ប្រ​ជា​ជន​ភូមិ​ដាយ​ជី លោក​ហ្វៀង តែង​ធ្វើ​ជា​គំរូ​និង​យក​ចិត្ត​ទុក​ដាក់​ចំ​ពោះ​ជីវ​ភាព​របស់​ប្រ​ជា​ជន។ ពិ​សេស លោក​បាន​ចល​នា​ប្រ​ជា​ជន​ចូល​រួម​ថវិ​កា​និង​កម្លាំង​ពល​កម្ម ដើម្បី​កសាង និង​ជួស​ជុល​ហេដ្ឋា​រចនា​សម្ព័ន្ធ​ជន​បទ អនុ​វត្ត​គម្រោង​ដង​ផ្លូវ​គំរូ​និង​ដង​ផ្លូវ​មាន​ភ្លើង​បំ​ភ្លឺ។ ការ​ផ្លាស់​ប្តូរ​នៃ​មណ្ឌល​ដាយ​ជី នា​ពេល​បច្ចុប្បន្ន ក្រៅ​ពី​ការ​ខិត​ខំ​ប្រឹង​ប្រែង​ដោយ​ឥត​ឈប់​ឈររបស់​ប្រ​ជា​ជន ក៏​មាន​ការ​រួម​ចំ​ណែក​យ៉ាង​ធំ​ធេង​ពី​លោក យ័ញ​វ៉ាំង​ហ្វៀង ក្នុង​រយៈ​ពេល​កន្លង​មក​ផង​ដែរ”៕

   ថាញ់​វ៉ាង-ដា​លីន

ចែករំលែកអត្ថបទ