ដោយកំណត់ច្បាស់ ការកសាងជនបទថ្មី គឺជាដំណើរការដែលមានចំណុចចាប់ផ្ដើម ប៉ុន្តែគ្មានចំណុចបញ្ចប់ ឃុំញ៉ីទ្រឿង ខេត្តវិញឡុង កំពុងប្រមូលផ្តុំរាល់ប្រភពធនធាន ដើម្បីលើកកម្ពស់ និងរក្សាលំនឹងលក្ខឋានជនបទថ្មី ឆ្ពោះទៅសម្រេចបទដ្ឋានជនបទថ្មីកម្រិតខ្ពស់។ មកទល់ពេលនេះ ឃុំញ៉ីទ្រឿងអនុវត្តសម្រេច ១៩/១៩ លក្ខឋានជនបទថ្មី (ដំណាក់កាល ២០២១-២០២៥)។

ដងផ្លូវនៅភូមិត្រពាំងវែង ឃុំញ៉ីទ្រឿង បានវិនិយោគកសាងយ៉ាងស្អាតបាត។
លោកត្រឹងវុាំងអាង ប្រធានគណៈកម្មាធិការប្រជាជនឃុំញ៉ីទ្រឿង ឱ្យដឹង៖ “តាមរយៈការអនុវត្តកម្មវិធីទិសដៅជាតិកសាងជនបទថ្មី ទិដ្ឋភាពឃុំញ៉ីទ្រឿងមានការផ្លាស់ប្តូរជាច្រើន។ សេដ្ឋកិច្ច-សង្គមមានការរីកចម្រើនជាលំដាប់ ហេដ្ឋារចនាសម្ព័ន្ធបានវិនិយោគព្រមៗគ្នា។ ពិសេស តាមរយៈការបណ្តុះបណ្តាលវិជ្ជាជីវៈ និងផ្ទេរវិទ្យាសាស្ត្រ-បច្ចេកទេស មាមីងបានអនុវត្តលើទម្រង់សេដ្ឋកិច្ចមានប្រសិទ្ធភាព ដូចជា៖ ចិញ្ចឹមគោមេ ដាំដំណាំរួមផ្សំ និងផលិតស្រូវគុណភាពខ្ពស់កាត់បន្ថយការបំភាយឧស្ម័ន។ ការអនុវត្តតាមអភិក្រមនៃការផលិតប្រកបដោយសុវត្ថិភាព ជួយកាត់បន្ថយហានិភ័យ លើកកម្ពស់តម្លៃកសិផល និងកែលម្អប្រាក់ចំណូលស្ថិរភាព។ ប្រាក់ចំណូល ជាមធ្យមសម្រាប់មនុស្សម្នាក់ក្នុងឆ្នាំ ២០២៥ សម្រេច ៦៩ លានដុង”។
ដើម្បីសម្រេចទិសដៅឃុំជនបទថ្មីកម្រិតខ្ពស់ ឃុំញ៉ីទ្រឿងកំពុងប្រមូលផ្តុំកៀរគររាល់ប្រភពកម្លាំង តាមទិសស្លោក “យកកម្លាំងប្រជាជនបម្រើផលប្រយោជន៍ប្រជាជន” គួបផ្សំនឹងប្រភពទុនថវិការដ្ឋ និងការកៀរគរប្រាក់ពីអាជីវកម្ម ដើម្បីវិនិយោគហេដ្ឋារចនាសម្ព័ន្ធចាំបាច់។
ជាក់ស្តែង ចំពោះលក្ខឋានទី ១ អំពីការរៀបគម្រោងប្លង់ ឃុំបានផ្សព្វផ្សាយអនុវត្តព្រមៗគ្នានូវបណ្តាសំណង់វិនិយោគរដ្ឋ ដំណាក់កាល ២០២៦ -២០៣០។ ឃុំធ្វើការកែសម្រួលរៀបគម្រោងប្លង់រួមកសាងជនបទថ្មី (ដំណាក់កាល ២០២៦-២០៣០ ចក្ខុវិស័យដល់ឆ្នាំ ២០៣៥)។ លក្ខឋានទី២ អំពីចរាចរណ៍ កសាងថ្មីផ្លូវបេតុង ២ គីឡូម៉ែត្រ ផ្លូវកៅស៊ូ ៤,៤គីឡូម៉ែត្រ និងជួសជុលផ្លូវកៅស៊ូ ១,៨គីឡូម៉ែត្រ។ លក្ខឋានទី ៥ អំពីសាលារៀន ស្នើជួសជុលនិងបង្កើនកម្រិតសាលារៀនដែលទ្រុឌទ្រោម ទិញសម្ភារៈបរិក្ខារបម្រើការងារអប់រំ ថវិកាអនុវត្តប្រមាណ ១៥ពាន់លានដុង។ លក្ខឋានទី ៦ អំពីមូលដ្ឋានសម្ភារៈវប្បធម៌ ជួសជុល លើកកម្ពស់និងបង្កើនកម្រិតអគារវប្បធម៌ដែលទ្រុឌទ្រោម ព្រមទាំងស្នើពង្រីកផ្ទៃដីដើម្បីធានាកន្លែងអង្គុយចាប់ពី ១០០ កន្លែងឡើងទៅ សរុបថវិកាចំនួន ១,៥ ពាន់លានដុង។
ត្រេកអរចំពោះការផ្លាស់ថ្មីរបស់ឃុំក្រោយពេលកសាងជនបទថ្មី លោកថាច់ច័ន្ទ ចែករំលែក៖ “បច្ចុប្បន្ន ផ្លូវដីពីមុន ត្រូវបានជំនួសដោយផ្លូវកៅស៊ូ និងផ្លូវបេតុងយ៉ាងរឹងមាំ តភ្ជាប់ពីភូមិមួយទៅភូមិមួយ ពីឃុំមួយទៅឃុំមួយ។ មាមីងធ្វើដំណើរ និងដឹកជញ្ជូនកសិផលបានងាយស្រួល ធានាបានទាំងរដូវប្រាំងនិងរដូវវស្សា ចំណែកក្មួយៗសិស្សានុសិស្សក៏ទៅរៀនបានស្រួលជាងមុនដែរ។ ការងារការពារបរិស្ថាន ទេសភាព ការអនុវត្តផ្នត់រស់នៅស៊ីវិល័យ និងការកសាងផ្នត់រស់នៅប្រកបដោយអនាម័យ ក៏បានមាមីងកសិករម្ចាស់ការអនុវត្តយ៉ាងសកម្ម”។
បណ្តាសំណង់កើតចេញពីឆន្ទៈបក្សនិងទឹកចិត្តប្រជាជន កំពុងកើតមានឡើង បញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ឃុំញ៉ីទ្រឿង ក្នុងការលើកកម្ពស់ទិដ្ឋភាពស្រុកភូមិ។ តំបន់ជនបទថ្មីដ៏ទំនើប និងសម្បូរទៅដោយអត្តសញ្ញាណ កំពុងបង្ហាញខ្លួនយ៉ាងច្បាស់ តាមរយៈការឈានឡើងរបស់ភូមិភាគ៕
ស៊ើងម៉ាល័យ - ថាច់ធី