លោកយ័ញភុក នាយកមន្ទីរជនជាតិនិងសាសនាខេត្តអាងយ៉ាង៖
គោលនយោបាយជនជាតិចូលក្នុងជីវភាពប្រជាជន
![]() |
| កយ័ញភុក នាយកមន្ទីរជនជាតិនិងសាសនាខេត្តអាងយ៉ាង។ |
អ្នកយកព័ត៌មាន៖ ស្របឱកាសបុណ្យចូលឆ្នាំថ្មីរបស់ជនរួមជាតិខ្មែរ សូមជូនពរលោកនិងថ្នាក់ដឹកនាំ បុគ្គលិកនៃមន្ទីរជនជាតិនិងសាសនាខេត្តអាងយ៉ាង សុខភាពល្អ សម្រេចជោគជ័យរាល់ភារកិច្ចដែលបានប្រគល់បន្តអនុវត្តប្រកបដោយប្រសិទ្ធភាពនូវរាល់គោលនយោបាយជនជាតិ រួមចំណែកលើកកម្ពស់គុណភាពជីវភាពរបស់មាមីងជនជាតិភាគតិចក្នុងខេត្ត។ ជម្រាបប្រសាសន៍លោក ក្រោយពីពេលអនុវត្តគោលការណ៍រួមបញ្ចូលខេត្តមក តើស្ថានភាពតំបន់ជនជាតិភាគតិចមានការប្រែប្រួលយ៉ាងដូចម្តេចខ្លះ ហើយអ្វីទៅជាលទ្ធផលលេចធ្លោក្នុងការផ្សព្វផ្សាយអនុវត្តគោលនយោបាយជនជាតិ?
លោកយ័ញភុក៖ ក្រោយពីការបង្រួបបង្រួម ខេត្តអាងយ៉ាងមានផ្ទៃដីសរុប ៩.៨៨៨,៩១ គីឡូម៉ែត្រការ៉េ និងមានប្រជាជនចំនួន ៤.៩៥២.២៣៨ នាក់។ ក្នុងនោះ ជនជាតិភាគតិចមានចំនួន ៤៧២.១៣២ នាក់ ស្មើនឹង៩,៥៣% នៃប្រជាជនទូទាំងខេត្ត ដោយឡែកជនជាតិខ្មែរមានចំនួន៣៩៩.០០២ នាក់ ស្មើនឹង៨,០៦%។
ទូទាំងខេត្តមាន ១០២ អង្គភាពរដ្ឋបាលថ្នាក់ឃុំ សង្កាត់ ដែលមានភូមិឋានធំទូលាយ មានភាពចម្រុះនៃជនជាតិនិងសាសនា ពិសេស គឺនៅតំបន់ព្រំដែន។ អាចបញ្ជាក់បានថា ស្ថានភាពផលិតនិងជីវភាពរបស់ជនជាតិភាគតិចមានភាពលំនឹង សុខុមាលភាពសង្គមត្រូវបានធានា និងផែនមហាសាមគ្គីទូទាំងជនជាតិបានពង្រឹងជាបន្តបន្ទាប់។
ចំណុចលេចធ្លោបំផុត គឺហេដ្ឋារចនាសម្ព័ន្ធតំបន់ជនជាតិភាគតិចតែងបានវិនិយោគព្រមៗ គ្នា។ បច្ចុប្បន្ន ស្ទើរតែគ្រប់ឃុំក្នុងតំបន់ជនជាតិភាគតិច មានផ្លូវរថយន្តទៅដល់មជ្ឈមណ្ឌលភូមិដែលលំបាកខ្លាំងមានផ្លូវចាក់បេតុង ឃុំលំបាកខ្លាំងមានប្រព័ន្ធអគ្គិសនីដល់មជ្ឈមណ្ឌល គ្រួសារប្រជាជនមានអគ្គិសនីប្រើប្រាស់និងមានទឹកស្អាតប្រើប្រាស់ស្របអនាម័យ។ មានឃុំចំនួន ៤១/៤១ បានសម្រេចបទដ្ឋានជនបទថ្មី (តាមសេចក្តីសម្រេចលេខ ៨៦១/QĐ-TTg របស់នាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាល)។
ចំពោះការងារបន្ថយភាពក្រីក្រ ចុងឆ្នាំ ២០២៥ ទូទាំងខេត្តនៅសល់គ្រួសារក្រីក្រចំនួន ១២.៧៣៦ គ្រួសារ ក្នុងនោះគ្រួសារក្រីក្រជាជនជាតិភាគតិចនៅត្រឹមតែ ២.៣៦១ គ្រួសារ។ អត្រាគ្រួសារក្រីក្រនៅតំបន់ជនជាតិភាគតិចបានថយចុះយ៉ាងខ្លាំង បង្ហាញឱ្យឃើញពីគោលនយោបាយពិតជាបានស៊ីជម្រៅចូលក្នុងជីវភាពជាក់ស្តែងរបស់ប្រជាជន។
អ្នកយកព័ត៌មាន៖ តើកម្មវិធីទិសដៅជាតិអភិវឌ្ឍសេដ្ឋកិច្ច-សង្គម តំបន់ជនជាតិភាគតិច បានជះឥទ្ធិពលយ៉ាងដូចម្តេចខ្លះដល់ជីវភាពរបស់ជនរួមជាតិខ្មែរ ជម្រាបប្រសាសន៍លោក?
លោកយ័ញភុក៖ ក្នុងឆ្នាំ២០២៥នេះ សរុបប្រភពទុនវិនិយោគអភិវឌ្ឍសម្រាប់អនុវត្តកម្មវិធីគឺ ១២២.៧០៧ លានដុង និងបានរំសាយទុនសម្រេចបាន១០០%។ ផ្តើមពីប្រភពទុននេះ យើងបានប្រមូលផ្តុំវិនិយោគលើហេដ្ឋារចនា សម្ព័ន្ធចាំបាច់នានា ជំនួយការអភិវឌ្ឍផលិតតាមខ្សែសង្វាក់តម្លៃនិងបង្កមុខរបរចិញ្ចឹមជីវិតប្រកបដោយចីរភាព។ល។
តាមរយៈកម្មវិធីនេះ ទម្រង់ផលិតជាច្រើនបានបង្កើតឡើងរចនាសម្ព័ន្ធពលកម្មមានការផ្លាស់ប្តូរយ៉ាងសកម្មនិងប្រាក់ចំណូលរបស់ប្រជាជនបានកែលម្អ។ មិនត្រឹមតែវិស័យសេដ្ឋកិច្ចប៉ុណ្ណោះទេ ការទទួលសេវាសុខាភិបាល វប្បធម៌និងការអប់រំក៏បានលើកកម្ពស់ផងដែរ។
ដោយឡែកវិស័យសុខុមាលភាពសង្គម ក្នុងរយៈពេល ៦ ខែដើមឆ្នាំ ២០២៥ បានផ្តល់ប័ណ្ណធានារ៉ាប់រងសុខាភិបាលជូនជនជាតិភាគតិចប្រមាណ ៦៩.៥៨២ នាក់ ជាមួយនឹងថវិកាជាង ៤៣,៧ ពាន់លានដុង។ ទន្ទឹមនឹងនោះ ខេត្តក៏បានគួបផ្សំកម្មវិធីទិសដៅជាតិអភិវឌ្ឍសេដ្ឋកិច្ច - សង្គមតំបន់ជនជាតិភាគតិច ជាមួយកម្មវិធីបំបាត់ផ្ទះបណ្តោះអាសន្ន ផ្ទះទ្រុឌទ្រោម ឧបត្ថម្ភសាងសង់ផ្ទះជូនមាមីងជនជាតិភាគតិច បាន ១១៣ ខ្នង ដោយថវិកាជិត ៧ ពាន់លានដុង។ នេះជាលទ្ធផលជាក់ស្តែង រួមចំណែកលើកកម្ពស់ជីវភាពសម្ភារៈនិងស្មារតីជូនប្រជាជន។
អ្នកយកព័ត៌មាន៖ តើពេលខាងមុខ មន្ទីរជនជាតិនិងសាសនានឹងផ្តោតលើភារកិច្ចសំខាន់ៗអ្វីខ្លះ?
លោកយ័ញភុក៖ យើងខ្ញុំនឹងបន្តធ្វើជាសេនាធិការក្នុងការផ្សព្វផ្សាយអនុវត្តមានប្រសិទ្ធភាពការងារជនជាតិ ដំណាក់កាល ២០២១-២០៣០ ក្នុងនោះ ផ្តោតលើការវិនិយោគហេដ្ឋារចនាសម្ព័ន្ធចាំបាច់ ពង្រីកទម្រង់ការងារបង្កបង្កើនផលឱ្យមានប្រសិទ្ធភាព លើកកម្ពស់គុណភាពអប់រំនិងបណ្តុះបណ្តាលវិជ្ជាជីវៈសម្រាប់យុវជន ជនជាតិភាគតិច ព្រមទាំងយកចិត្តទុកដាក់លើគោលនយោបាយពិសេសសម្រាប់តំបន់ជនជាតិភាគតិចនិងតំបន់ព្រំដែន។
ទិសដៅចម្បង គឺកាត់បន្ថយគម្លាតនៃការអភិវឌ្ឍរវាងតំបន់ជនជាតិភាគតិចជាមួយនឹងកម្រិតទូទៅរបស់ខេត្ត សំដៅកសាងតំបន់ជនជាតិភាគតិចឱ្យកាន់តែមានការអភិវឌ្ឍគ្រប់ជ្រុងជ្រោយនិងចីរភាព។
អ្នកយកព័ត៌មាន៖ សូមអរគុណលោក ដែលបានផ្តល់កិច្ចសម្ភាសន៍!
ភូមិស្រុកនិងជីវភាពកាន់តែរីកចម្រើន ជនរួមជាតិខ្មែរមានជំនឿមុតមាំឈានចូលយុគសម័យថ្មី
![]() |
| លោកស្រីង្វៀងធូតឺ នាយិកាមន្ទីរជនជាតិនិងសាសនាខេត្តកាម៉ាវ។ |
ជនរួមជាតិខ្មែរនៅខេត្តកាម៉ាវ ស្រូបអត្រាជាង ៥% នៃចំនួនប្រជាជនសរុបរបស់ខេត្ត។ ជាច្រើនឆ្នាំកន្លង ដោយការយកចិត្តទុកដាក់វិនិយោគរបស់រដ្ឋអំណាចគ្រប់ថ្នាក់ បានធ្វើឱ្យភូមិស្រុកដែលមានជនរួមជាតិខ្មែររស់នៅកុះករអភិវឌ្ឍន៍លើគ្រប់វិស័យ។ ផ្ដើមពីការផ្លាស់ប្តូររបស់ភូមិស្រុក និងការអភិវឌ្ឍរបស់មាតុភូមិ ហាក់ដូចជួយជំរុញកម្លាំងចលករ ធ្វើឱ្យជនរួមជាតិខ្មែរកាន់តែមានជំនឿមុតមាំចំពោះអនាគតដ៏រុងរឿង និងបន្តជឿជាក់លើការដឹកនាំរបស់បក្សនិងរដ្ឋ។
តាមប្រសាសន៍លោកស្រី ង្វៀងធូតឺ នាយិកាមន្ទីរជនជាតិនិងសាសនាខេត្តកាម៉ាវ ឆ្នាំ២០២៥ បានកំណត់ច្បាស់ថា ជាឆ្នាំចុងក្រោយនៃការអនុវត្តសេចក្តីសម្រេចមហាសន្និបាតបក្ខភាគខេត្ត ហើយក៏ជាឆ្នាំដែលមានអត្ថន័យដ៏សំខាន់ ដើម្បីអនុវត្តសម្រេចគោលដៅនៃផែនការអភិវឌ្ឍន៍សេដ្ឋកិច្ច - សង្គម រយៈពេល៥ឆ្នាំ ២០២១-២០២៥។
ដោយមានតួនាទីជាស្ថាប័នគ្រប់គ្រងរដ្ឋក្នុងវិស័យជនជាតិ ជំនឿសាសនា មន្ទីរជនជាតិនិងសាសនា បានផ្តោតការយកចិត្តទុកដាក់អនុវត្តយ៉ាងម៉ឺងម៉ាត់ ព្រមទាំងសហការយ៉ាងមានប្រសិទ្ធភាពជាមួយមន្ទីរ គណៈ ផ្នែកនិងភូមិភាគ អនុវត្តប្រកបដោយប្រសិទ្ធភាពការងារជនជាតិ ជំនឿសាសនា ក៏ដូចជាគោលនយោបាយជនជាតិនិងសាសនា។ ការងារទាំងនេះ បានចូលរួមយ៉ាងសកម្មក្នុងការអភិវឌ្ឍសេដ្ឋកិច្ច- សង្គម នៅតំបន់ជនជាតិ សាសនានិយាយដោយឡែក និងរបស់ខេត្តនិយាយរួម។
ឆ្នាំកន្លង ផ្អែកលើមូលដ្ឋាននៃការរួមបញ្ចូលខេត្តបាកលីវនិងកាម៉ាវ មន្ទីរជនជាតិនិងសាសនា បានសកម្មសហការជាមួយស្ថាប័ន អង្គភាពនិងភូមិភាគនានាដែលពាក់ព័ន្ធ ដើម្បីកត់សម្គាល់ ទទួលយកទាន់ពេលនូវការលំបាកនិងបញ្ហាប្រឈមនានា ព្រមទាំងដាក់សំណើនិងធ្វើសេនាធិការជូនគណៈកម្មាធិការប្រជាជនខេត្ត ក្នុងការដឹកនាំ ចង្អុលការអនុវត្តកម្មវិធី គម្រោង និងគោលនយោបាយសម្រាប់ជនជាតិភាគតិចនិងសាសនាលើភូមិឋានខេត្ត ធានាគោលនយោបាយនានាបានផ្សព្វផ្សាយអនុវត្តព្រមៗគ្នា ដោយមិនមានការអាក់ខានឡើយ។
តាមរយៈនោះ កម្មវិធី គម្រោងនិងគោលនយោបាយដែលផ្តល់ជូនជនជាតិភាគតិច តែងបានផ្សព្វផ្សាយអនុវត្តយ៉ាងពេញលេញ ទាន់ពេលវេលានិងមានប្រសិទ្ធភាព អត្រារំសាយថវិកាសម្រេចជាង ៧៩%; ហើយបានបញ្ចប់គោលដៅលុបបំបាត់ផ្ទះបណ្ដោះអាសន្ន ផ្ទះទ្រុឌទ្រោម។ ការអនុវត្តច្បាប់ ក៏ដូចជាការបែងចែកភារកិច្ចនិងសិទ្ធិអំណាចក្នុងវិស័យការងារជនជាតិ ជំនឿសាសនា ត្រូវបានអនុវត្តយ៉ាងមានប្រសិទ្ធភាព ទាន់ពេលវេលា កំណត់តំបន់ មានជនជាតិភាគតិចរស់នៅកុះករ ដើម្បីធ្វើជាមូលដ្ឋានសម្រាប់អនុវត្តគោលនយោបាយនានានៅលើភូមិឋានខេត្ត។ បច្ចុប្បន្ន អត្រាគ្រួសារជនជាតិភាគតិចក្រីក្រនៅត្រឹម ២%។ ក្នុងនោះ ជនជាតិភាគតិចដែលរស់នៅតំបន់លំបាក បានផ្តល់ប័ណ្ណធានារ៉ាប់រងសុខាភិបាលដោយឥតគិតថ្លៃ ១០០%។
ប្រាក់ចំណូលមធ្យមភាគក្នុងមនុស្សម្នាក់ គិតដល់ចុងឆ្នាំ ២០២៥ ប៉ាន់ស្មានសម្រេចជាង ៨០ លានដុងក្នុងមួយឆ្នាំ។ ក្នុងនោះ មាន ៤៣/៥៥ ឃុំ បានសម្រេចតាមលក្ខឋានជនបទថ្មី; លើសពីនេះទៅទៀត មានប្រជាជនរស់នៅតំបន់ជនបទជាង ៩៦% បានប្រើប្រាស់ទឹកស្អាតស្របអនាម័យ។
ដើម្បីបន្តលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនឱ្យកាន់តែប្រសើរឡើង នៅពេលខាងមុខ ខេត្តកាម៉ាវនឹងបន្តចលនានិងអាទិភាពរៀបចំប្រភពកម្លាំង ដើម្បីវិនិយោគអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនៅតំបន់ដែលមានជនជាតិភាគតិចរស់នៅកុះករ បង្កលក្ខណៈសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច - សង្គមគ្រប់ជ្រុងជ្រោយ; ទន្ទឹមនឹងនេះ ខេត្តក៏បន្តការយកចិត្តទុកដាក់ក្នុងការអភិរក្ស លើកតម្កើងនិងទាញយកផលប្រកបដោយប្រសិទ្ធភាពនូវអត្តសញ្ញាណវប្បធម៌ប្រពៃណីដ៏ល្អប្រសើររបស់បណ្តាជនជាតិទាំងឡាយ។
លោកស្រី ង្វៀងធូតឺ ក៏បានបញ្ជាក់៖ ការពង្រីកនូវលទ្ធផលដែលសម្រេចបាន មន្ទីរជនជាតិនិងសាសនាខេត្តកាម៉ាវ នឹងបន្តយកចិត្តទុកដាក់អនុវត្ត ពិសេសគឺការកសាងកងកម្លាំងស្នូល និងអ្នកមានប្រិយភាពក្នុងតំបន់ដែលមានជនជាតិភាគតិច និងតំបន់ដែលមានសាសនា ដើម្បីប្រមូលផ្តុំសាសនិករួមគ្នាកសាងជីវភាព និងអនុវត្តការរស់នៅ “ល្អទាំងផ្លូវលោក ល្អទាំងផ្លូវធម៌”។ ទន្ទឹមនឹងនេះ បន្តយកចិត្តទុកដាក់ និងពង្រីកតួនាទីរបស់កងជួរអ្នកមានប្រិយភាពក្នុងសហគមន៍ជនជាតិភាគតិច អ្នកមុខអ្នកការ សាសនា និងអ្នកតំណាងអង្គការសាសនាដែលមានប្រិយភាពនៅលើភូមិឋានខេត្ត បង្កលក្ខណៈដើម្បីពួកគាត់ចូលរួមកាន់តែច្រើន និងផ្ទាល់ជាងមុនក្នុងកិច្ចការនានារបស់មូលដ្ឋាន។ ជាមួយគ្នានេះ នឹងរៀបចំការបណ្តុះបណ្តាលចំណេះដឹង និងផ្តល់ព័ត៌មានទាន់ពេលវេលាអំពីស្ថានភាពសេដ្ឋកិច្ច សន្តិសុខនយោបាយ និងសណ្ដាប់ធ្នាប់សុវត្ថិភាពសង្គម ដើម្បីបង្កលក្ខណៈងាយស្រួលដើម្បីពួកគាត់ពង្រីកតួនាទីក្នុងសហគមន៍។
.gif)
ពិធីបុណ្យវប្បធម៌ប្រពៃណីរបស់ជនរួមជាតិខ្មែរនៅខេត្តកាម៉ាវ ត្រូវបានអភិរក្សនិងពង្រីក។
អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តកាម៉ាវ លោក ង៉ោវ៉ូវថាំង បានបញ្ជាក់៖ ការអនុវត្តគោលនយោបាយជនជាតិ ជាភារកិច្ចនយោបាយដ៏សំខាន់មានលក្ខណៈជាយុទ្ធសាស្ត្រយូរអង្វែង។ រយៈពេលកន្លង ខេត្តបានផ្សព្វផ្សាយអនុវត្តទាន់ពេល ប្រកបដោយប្រសិទ្ធភាពនូវកម្មវិធីគោលដៅជាតិ ព្រមទាំងសេចក្តីសម្រេចនិងផែនការអភិវឌ្ឍតំបន់ជនជាតិភាគតិច។ រួមជាមួយនឹងកម្មវិធីគោលដៅជាតិអំពីការកសាងជនបទថ្មីនិងការអភិវឌ្ឍសេដ្ឋកិច្ច - សង្គមតំបន់ជនជាតិភាគតិចនិងតំបន់ភ្នំ ខេត្តក៏បានផ្គួបបញ្ចូលនិងផ្សព្វផ្សាយអនុវត្តនូវកម្មវិធីនិងគោលនយោបាយបន្ថយភាពក្រីក្រសម្រាប់ជនជាតិ។ តាមរយៈកម្មវិធីនិងគម្រោងខាងលើ បានធ្វើឱ្យជីវភាពរបស់ជនរួមជាតិខ្មែរ មានភាពរីកចម្រើនជាវិជ្ជមាន ទាំងផ្នែកសម្ភារៈ និងផ្នែកស្មារតី។
រាល់គោលការណ៍ គោលនយោបាយ បានពង្រីកប្រសិទ្ធភាពជាបន្តបន្ទាប់ បង្កជាកម្លាំងជំរុញសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច - សង្គម; ទិដ្ឋភាពនៃតំបន់ជនរួមជាតិខ្មែរនៅតំបន់ដីចុងប៉ូចភាគខាងត្បូងនៃមាតុភូមិ មានការរីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃ។ ផ្ដើមពីភាពរឹងមាំលើមាគ៌ា អភិវឌ្ឍន៍នេះ កាន់តែបញ្ជាក់យ៉ាងច្បាស់និងពង្រឹងបន្ថែមនូវជំនឿយ៉ាងមុតមាំរបស់ជនរួមជាតិខ្មែរ ចំពោះការដឹកនាំរបស់បក្ស រដ្ឋ និងរដ្ឋអំណាចភូមិភាគ។ ខេត្តកាម៉ាវ កំពុងផ្លាស់ប្ដូរទិដ្ឋភាពថ្មីចំពោះការអភិវឌ្ឍឈានឡើងនិង សាមគ្គី សម្បូររុងរឿង៕
លោកស្រី ថាច់ធីធូហា នាយិកាមន្ទីរជនជាតិនិងសាសនា ខេត្តវិញឡុង៖
ជីវភាពជនជាតិភាគតិចនៅខេត្តវិញឡុង វិវឌ្ឍន៍ជាវិជ្ជមាន និងគ្រប់ជ្រុងជ្រោយ
![]() |
| លោកស្រី ថាច់ធីធូហា។ |
ការអនុវត្តកម្មវិធីទិសដៅជាតិអភិវឌ្ឍន៍សេដ្ឋកិច្ច - សង្គម នៅតំបន់ជនជាតិភាគតិចនិងតំបន់ភ្នំ ដំណាក់កាល ២០២១ - ២០៣០ ដំណាក់កាល ១ ចាប់ពីឆ្នាំ ២០២១ - ២០២៥ (ហៅកាត់ថា កម្មវិធី) ពីមជ្ឈិមរហូតដល់ភូមិភាគ បង្កបានភាពវិវឌ្ឍន៍ជាវិជ្ជមានគ្រប់ជ្រុងជ្រោយលើគ្រប់ផ្នែករស់នៅរបស់ជនជាតិភាគតិចនៅខេត្តវិញឡុង។ ផ្តើមពីប្រភពទុនរបស់កម្មវិធី ខេត្តបានក្រាលកៅស៊ូ និងចាក់បេតុងផ្លូវគមនាគមន៍បន្ថែមបាន ២១៦,៧៥ គីឡូម៉ែត្រ។ ពិសេសគឺចាប់ពីឆ្នាំ ២០២២ មកទល់ពេលនេះ ខេត្តសាងសង់និងប្រគល់ផ្ទះបាន ១.២៧០ ខ្នងដល់គ្រួសារចំនួន ១.២៧០; ដោះស្រាយដីសង់ផ្ទះជូនគ្រួសារចំនួន ៤៤ និងឧបត្ថម្ភមុខរបររកស៊ីចិញ្ចឹមជីវិតដល់គ្រួសារចំនួន ៥៤៥ ផ្លាស់ប្តូរមុខរបរ និងលំនឹងជីវភាព។ ខេត្តបានវិនិយោគកសាងសំណង់ទឹកស្អាតប្រមូលផ្តុំបាន ៣ សំណង់; ផ្គត់ផ្គង់ឧបករណ៍តម្កល់ទឹកចំនួន ៤១៨ ដល់គ្រួសារជនជាតិភាគតិចចំនួន ៤១៨ គ្រួ ដែលរស់នៅតំបន់ដាច់ស្រយាលខ្វះទឹកស្អាតប្រើប្រាស់។ ទន្ទឹមនឹងនោះ បង្កើនកម្រិតមូលដ្ឋានសម្ភារៈ និងឧបករណ៍បង្ហាត់បង្រៀនដល់ទាំង៩សាលាជនជាតិអន្តេវាសិក។
ដើម្បីអភិរក្សអត្តសញ្ញាណវប្បធម៌ជនជាតិ ខេត្តវិញឡុងបានវិនិយោគកសាងស្ថាប័នវប្បធម៌ចំនួន ៦៨ ស្តារពិធីបុណ្យប្រពៃណីឡើងវិញ និងកសាងគោលដៅទេសចរណ៍គំរូចំនួន ៤ ជួយផ្សារភ្ជាប់អភិវឌ្ឍសេដ្ឋកិច្ចជាមួយនឹងអភិរក្សអត្តសញ្ញាណជនជាតិ។ ចាត់តាំងប្រមូលនិងថែរក្សាវត្ថុជាង ១.០០០ មុខ ដែលមានតម្លៃក្នុងជីវភាពវប្បធម៌របស់ជនជាតិភាគតិចនៅក្នុងខេត្ត។ ទន្ទឹមនឹងនោះ ពង្រីកបេតិកភណ្ឌវប្បធម៌អរូបីចំនួន ៦ របស់ជនជាតិភាគតិច បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីថ្នាក់ជាតិ។
ក្នុងដំណើរការអនុវត្តគោលនយោបាយជនជាតិរបស់បក្ស និងរដ្ឋ ខេត្តតែងយកចិត្តទុកដាក់គិតគូរដល់អ្នកមានប្រិយភាពក្នុងជនជាតិភាគតិចបានល្អ ដូចជា៖ អ្នកមានប្រិយភាពបានឧបត្ថម្ភធានារ៉ាប់រងសុខាភិបាលសម្រេច ១០០%; ចាត់តាំងបានល្អការសួរសុខទុក្ខ លើកទឹកចិត្ត និងទស្សនារៀនសូត្របទពិសោធន៍ គិតជាទឹកប្រាក់សរុបជាង ៦,១ ពាន់លានដុង។ ចាត់តាំងបំប៉នចំណេះដឹងជនជាតិជូនកម្មាភិបាល ១.៥៣១ នាក់; ផ្សព្វផ្សាយច្បាប់ដល់ព្រះសង្ឃ និងគណៈកម្មការវត្តខ្មែរនានាក្នុងខេត្តបានជាង ៥.០០០ លើកអង្គនិងរូប។ ដើម្បីគ្រួសារជនជាតិភាគតិចមានលក្ខណៈឈានឡើង មន្ទីរក៏បានសហការជាមួយអង្គភាពជាប់ពាក់ព័ន្ធ ឧទ្ទេសនាមគ្រួសារជាង ១.៣០០ បានបុលទុនដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ចគ្រួសារ។ ផ្តើមពីប្រភពទុននេះ ជនជាតិភាគតិចបានអភិវឌ្ឍទម្រង់រកស៊ីដើម្បីឈានឡើងចាកផុតពីភាពក្រីក្រ។ ឆ្លងតាមរយៈនោះ ទូទាំងខេត្តវិញឡុង មានចំនួនគ្រួសារក្រីក្រថយចុះស្មើអត្រា ០,២៨% (ប្រហាក់ប្រហែល ២.៧៤១ គ្រួសារ)។
អាចបញ្ជាក់បានថា កម្មវិធីបានរួមចំណែកបង្រួមគម្លាតជាបណ្តើរៗអំពីកម្រិតរស់នៅ ប្រាក់ចំណូលរបស់តំបន់ជនជាតិភាគតិចជាមួយនឹងមធ្យមភាគរួមនៃទូទាំងខេត្ត និងទូទាំងប្រទេស; ជីវភាពសម្ភារៈ និងស្មារតីរបស់ជនរួមជាតិនៅតំបន់ជនជាតិភាគតិចបានកែលម្អយ៉ាងច្បាស់។ ពិសេស ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ច - សង្គមនៅតំបន់ជនជាតិបានវិនិយោគព្រមៗគ្នា តភ្ជាប់ជាមួយតំបន់ផ្សេងទៀត; អំពីផ្ទះ ដីសង់ផ្ទះ ដីផលិត (ផ្លាស់ប្តូររបរ) ទឹកស្អាតប្រើប្រាស់ និងការងារធ្វើជូនពលករ បានយកចិត្តទុកដាក់ដោះស្រាយ។ លេចធ្លោបំផុតគឺបុព្វហេតុអប់រំ វប្បធម៌ ថែទាំសុខភាពជនជាតិភាគតិចមានភាពវិវឌ្ឍន៍ជាវិជ្ជមាន។ ទន្ទឹមនឹងនោះ អ្នកក្របានកៀកជិតយ៉ាងងាយស្រួលនូវសេវាសាធារណៈ គោលនយោបាយឧបត្ថម្ភរបស់រដ្ឋ និងគោលនយោបាយសុខុមាលភាពសង្គមកាន់តែគ្រប់គ្រាន់និងទាន់ពេល។ ឆ្លងតាមរយៈនោះ បញ្ហាសង្គមនៅតំបន់ជនជាតិភាគតិចបានអនុវត្តកាន់តែល្អ ប្រសើរ និងសាយភាយទូលំទូលាយជាបណ្តើរៗ រួមចំណែកលើកកម្ពស់ការយល់ដឹង និងផ្លាស់ប្តូរ “ផ្នត់គំនិត របៀបធ្វើ” ដែលហួសសម័យ។ ប្រព័ន្ធនយោបាយមូលដ្ឋាន កាន់តែបានពង្រឹងរឹងមាំ និងដំណើរការមានប្រសិទ្ធភាព កងជួរកម្មាភិបាលជាជនជាតិភាគតិចបានយកចិត្តទុកដាក់បំប៉ន; ការការពារប្រទេស សន្តិសុខ សណ្តាប់ធ្នាប់ទូទាំងសង្គមបានរក្សាលំនឹង រួមចំណែកលើកកម្ពស់ទំនុកចិត្តរបស់ជនជាតិភាគតិចចំពោះបក្ស និងរដ្ឋ៕
ក្រុមអ្នកយកព័ត៌មាន ៖ វឌ្ឍា- ចិន្តា - ហាថាញ- ពេជ្រសឿន- វិមាន
| ចែករំលែកអត្ថបទ |
|
ពាក្យគន្លឹះនាយក៖ ហ្វិញហ្វាងម៉េន
លិខិតអនុញាតលេខ ៧៨៩/GP- BTTTTអាស្រ័យក្រសួងព័ត៌មាននិងសារគមនាគមន៍ផ្តល់នូវថ្ងៃទី០២-១២-២០២១។លេខ២៤ ត្រឹងវ៉ាំងហ្វាយ សង្កាត់និញកេវ ក្រុងកឹងធើ - ទូរស័ព្ទ: (០២៩២) ៣៨៣០០៩៨
ទូរសារ: (០២៩២) ៣៨៣០៥៦១។ អ៊ីម៉ែល: toasoan@baocantho.com.vn
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម: quangcao@baocantho.com.vn
សរសេរច្បាស់ប្រភព "សារព័ត៌មានអេឡិចត្រូនិកកឹងធើ" នៅពេលផ្សាយបន្តពី websiteនេះ។
