ក្រោយរយៈពេល ៥ ឆ្នាំអនុវត្តសេចក្តីសម្រេចលេខ ១៧១៩/QĐ-TTg របស់នាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាល៖ អនុម័តកម្មវិធីទិសដៅជាតិអភិវឌ្ឍន៍សេដ្ឋកិច្ច - សង្គម តំបន់ជនជាតិភាគតិចនិងតំបន់ភ្នំ ដំណាក់កាល ២០២១ - ២០៣០ ដំណាក់កាលទី ១៖ ២០២១ - ២០២៥ (ហៅកាត់ថា កម្មវិធី) ហេដ្ឋារចនាសម្ព័ន្ធតំបន់ជនជាតិខ្មែរនៅវាលរាបទន្លេគឺវឡុងមានភាពសមរម្យ ផ្ទះឥដ្ឋសង់ថ្មីស្អាតបាត ជីវភាពរបស់មាមីងកាន់តែល្អប្រសើរជាលំដាប់។

ការអភិរក្សវប្បធម៌ គឺជាគម្រោងមួយក្នុងចំណោមគម្រោងនៃកម្មវិធីទិសដៅជាតិដែលបានភូមិភាគនានាអនុវត្តយ៉ាងល្អ។ ក្នុងរូប៖ គឺសកម្មភាពសម្តែងសិល្បៈរបស់សិស្សសាលាចំណេះទូទៅជនជាតិអន្តេវាសិកកឹងធើ។
បងស្រី នាងសុខរុន នៅភូមិតូធ្វឹង ឃុំទ្រីតូង ខេត្តអាងយ៉ាង មានប្រសាសន៍៖ “ចាប់តាំងពីខ្សែផ្លូវក្រវាត់បានកសាងរួចរាល់ការដោះដូរទំនិញមានភាពងាយស្រួល ហេតុនេះ ជីវភាពសម្ភារៈ និងស្មារតីរបស់អ្នកភូមិ កាន់តែមានភាពរីកចម្រើនជាងមុនដែរ”។ បង ស្រីរុន រៀបរាប់៖ ក្រោយពីប្រឡងជាប់សញ្ញាបត្រវិទ្យាល័យ ប្អូនប្រុសរបស់គាត់បានទៅរៀនមុខរបរតាមកម្មវិធីឧបត្ថម្ភផ្លាស់ប្ដូរមុខរបររបស់ខេត្តអាងយ៉ាង ហើយបានឧទ្ទេសនាមឱ្យទៅធ្វើការនៅខេត្តប៊ិញយឿង។ ក្រោយរយៈពេលសន្សំសំចៃ ប្អូនគាត់ក៏មានប្រាក់ល្មមសម្រាប់សង់ផ្ទះ និងរៀបការ ប៉ុន្តែជួបការលំបាកដោយសារប្ដីប្រពន្ធរស់នៅឆ្ងាយពីគ្នា។ ចាប់តាំងពីរដ្ឋវិនិយោគកសាងមណ្ឌលកីឡាទេសចរណ៍ តាប៉ាស្វាយចេក ប្អូនប្រុសរបស់បងស្រីសម្រេចចិត្តវិលត្រឡប់មកស្រុកកំណើតវិញ ដើម្បីបើកហាងអាហារជាមួយប្រពន្ធក្នុងតំបន់ទេសចរណ៍ និងមានជីវភាពលំនឹង។ បន្ទាប់ពីខ្សែផ្លូវក្រវាត់ បានសាងសង់រួចរាល់ ការធ្វើដំណើរពីផ្ទះប្អូន ប្រុសបងស្រីរុន ទៅកាន់មណ្ឌលទេសចរណ៍ចំណាយពេលត្រឹមតែ ៥ នាទីប៉ុណ្ណោះដោយម៉ូតូ។
តាមប្រសាសន៍បងស្រី នាងចន្ថាប្រធានភូមិតូធ្វឹង ខ្សែផ្លូវក្រវាត់ទទួលបានការវិនិយោគពីប្រភពទុននៃកម្មវិធីទិសដៅជាតិ មានប្រវែង ១,១ គីឡូម៉ែត្រ ព័ទ្ធជុំវិញភូមិតូធ្វឹង និងតភ្ជាប់ជាមួយផ្លូវធំចំនួនពីរឆ្ពោះទៅកាន់មជ្ឈមណ្ឌលឃុំទ្រីតូង។ ពិសេស ដោយសារភូមិតូធ្វឹងមាន សណ្ឋានចតុកោណកែង ដូច្នេះផ្លូវក្រវាត់បានព័ទ្ធជុំវិញភូមិទាំងមូល និងតភ្ជាប់បណ្តាញផ្លូវសាខាពីផ្លូវលេខ ១ ដល់ផ្លូវលេខ ៥ ក្នុងភូមិ។ បងស្រី ចន្ថា រ៉ាយរ៉ាប់៖ “នៅពេលហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍ក្នុងភូមិបានចាក់បេតុង មាមីងប្រមូលផលនិងលក់កសិផលបានងាយស្រួលជាងមុន។ ក្រៅពីរដូវធ្វើស្រែ មាមីងថែមទាំងដាំត្រាវយកមើម ទទួលបានទិន្នផលខ្ពស់និងលក់បានថ្លៃ។ ក្រោយពីរដូវស្រូវនិងរដូវត្រាវ វាលស្រែតាប៉ាបានជ្រើសរើសធ្វើជាទីកន្លែងសម្រាប់បង្ហោះខ្លែងក្នុងរដូវទេសចរណ៍ ហេតុនេះចំណូលរបស់មាមីងកើនឡើងគួរឱ្យកត់សម្គាល់”។ ដើម្បីបញ្ជាក់ពីប្រសិទ្ធភាពនៃកម្មវិធីទិសដៅជាតិ បងស្រី ចន្ថា បានរៀបរាប់ដោយក្តីរីករាយអំពីគ្រួសារមួយចំនួនដែលធ្វើស្រែផង និងប្រកបរបរលក់ដូរតូចតាចបម្រើវិស័យទេសចរណ៍ផង រហូតបានចាកផុតពីភាពក្រីក្រ ដូចជាគ្រួសារលោក ចៅចន្ធី, នាងស្រីម៉ៅ, នាងសារ៉ងជាដើម។ បច្ចុប្បន្ន ភូមិទាំងមូលនៅគ្រួសារក្រីក្រមិនដល់ ២០ គ្រួសារ។ តាមលោកស្រី ផាមធីកេវក្វាន់ ប្រធានការិយាល័យសេដ្ឋកិច្ច - សង្គម ឃុំទ្រីតូង ក្រោយពីការរួមបញ្ចូលឃុំ បច្ចុប្បន្ន ឃុំទ្រីតូងមាន ១៩ ភូមិ ក្នុងនោះមាន ១៦ ភូមិ ស្ថិតក្នុងតំបន់ជនជាតិភាគតិច និង ៣ ភូមិជួបការលំបាកខ្លាំង។ ក្រោយពេលបញ្ចប់ដំណាក់កាលទី ១ នៃកម្មវិធី ជីវភាពរបស់មាមីងជនជាតិភាគតិចមានការផ្លាស់ប្តូរយ៉ាងច្បាស់ក្រឡែត។ នេះគឺជាមូលដ្ឋានគ្រឹះដ៏រឹងមាំ សម្រាប់ភូមិភាគអនុវត្តប្រកបដោយប្រសិទ្ធភាពនូវកម្មវិធីទិសដៅជាតិក្នុងដំណាក់កាលបន្ទាប់។
លោក យ័ញភុក នាយកមន្ទីរជនជាតិនិងសាសនាខេត្តអាងយ៉ាង បានផ្តល់ព័ត៌មានថា អស់រយៈកាល ៥ ឆ្នាំអនុវត្តកម្មវិធីទិសដៅជាតិ បានបង្ហាញឱ្យឃើញនូវទិដ្ឋភាពជនបទកាន់តែមានភាពល្អប្រសើរពីមួយថ្ងៃទៅមួយថ្ងៃនៅតំបន់ជនជាតិភាគតិច៖ មាន ១០០% ឃុំមានផ្លូវរថយន្តចូលដល់មជ្ឈមណ្ឌល មាន ១០០% ឃុំមានដំណាក់សុខាភិបាលសម្រេចបទដ្ឋាន។ល។ ជាពិសេស គឺការអភិរក្សវប្បធម៌បានថែរក្សា និងលើកកម្ពស់តាមរយៈថ្នាក់បង្រៀនអក្សរសាស្រ្តជនជាតិនិងពិធីបុណ្យនានា។

ហេដ្ឋារចនាសម្ព័ន្ធតំបន់ជនជាតិភាគតិចនៅទីក្រុងកឹងធើ។
យោងតាមមន្ទីរជនជាតិនិងសាសនាទីក្រុងកឹងធើ ស្ថានភាពផលិត និងជីវភាពរបស់ជនជាតិភាគតិចនៅលើភូមិឋានទីក្រុង ជាមូលដ្ឋានបានធានាស្ថិរភាព ការងារសុខុមាលភាពសង្គម បានយកចិត្តទុកដាក់អនុវត្តយ៉ាងល្អ។ គិតតែក្នុងដំណាក់កាលទី ១ សរុបប្រភពទុនដែលបានបែងចែកឱ្យខេត្តសុកត្រាំង និងខេត្តហូវយ៉ាង (ចាស់) ដើម្បីអនុវត្តកម្មវិធី មានប្រមាណ ១.៥០០ ពាន់លានដុង។ ក្រុងកឹងធើ (ចាស់) ទោះបីមិនទទួលបានការបែងចែកថវិកាពីមជ្ឈិម ប៉ុន្តែបានម្ចាស់ការគួបផ្សំអនុវត្តចំនួន ៦៤,២៨ ពាន់លានដុង ពីថវិកាភូមិភាគដើម្បីផ្សព្វផ្សាយ អនុវត្តគម្រោងនានា។ តាមរយៈនោះ រួមចំណែកជួយដល់គ្រួសារក្រីក្រ គ្រួសារក្បែរក្រនិយាយរួម និងគ្រួសារជនជាតិភាគតិចនិយាយដោយឡែក ឈានឡើងកែលម្អជីវភាព អភិវឌ្ឍសេដ្ឋកិច្ច និងចាកផុតពីភាពក្រីក្រ។
ចំណែកនៅខេត្តវិញឡុង លោកស្រីថាច់ធីធូហា ប្រធានមន្ទីរជនជាតិនិងសាសនាខេត្ត ឱ្យដឹង៖ “តាមរយៈការអនុវត្តកម្មវិធីទិសដៅជាតិ ខេត្តបានឧបត្ថម្ភដីសង់លំនៅឋាន ៤៤ គ្រួសារ; លំនៅឋាន ១.២៧០ គ្រួសារ; ផ្លាស់ប្តូរមុខរបរ ៥៤៥ គ្រួសារ; ឧបត្ថម្ភទឹកស្អាតប្រើប្រាស់រាត់រាយ ១.៣២៧ គ្រួសារ និងវិនិយោគសំណង់ទឹកស្អាតប្រមូលផ្តុំចំនួន ៣ កន្លែង។ ទន្ទឹមនឹងនោះ ខេត្តបានកសាងផ្លូវកៅស៊ូ បេតុង ឬធ្វើឱ្យរឹងមាំផ្លូវគមនាគមន៍ជនបទបាន ២១៦,៧៥ គីឡូម៉ែត្រ បម្រើការផលិតនិងជីវភាពរបស់ប្រជាជន ព្រមទាំងជួសជុលនិងពង្រីកសាលាចំណេះទូទៅជនជាតិអន្តេវាសិកចំនួន ៩ ខ្នង។ រហូតមកទល់ពេលនេះ មាន ១៧/១៧ ឃុំ ក្នុងតំបន់ III និង ៦៤ ឃុំតំបន់ជនជាតិភាគតិចសម្រេចបទដ្ឋានជនបទថ្មី និងមាន ៦២/៦២ ភូមិលំបាកខ្លាំងសម្រេចបទដ្ឋានភូមិជនបទថ្មី សម្រេចលើសភាគកម្រិតនៃផែនការដំណាក់កាល ២០២១ - ២០២៥។
យោងតាមរបាយការណ៍របស់នាយកដ្ឋានឃោសនាការងារជនជាតិនិងសាសនានៃក្រសួងជនជាតិ និងសាសនា ការងារជនជាតិ សាសនានិយាយរួម និងកម្មវិធីនិយាយដោយឡែក បានរួមចំណែកផ្លាស់ប្តូរជីវភាពសម្ភារៈ និងស្មារតីរបស់មាមីងជនជាតិភាគតិចនៅតំបន់វាលរាបទន្លេគឺវឡុង។ តាមរយៈកម្មវិធីនេះ មាមីងមិនត្រឹមតែបានបំបាត់ផ្ទះបណ្តោះអាសន្ន និងផ្ទះទ្រុឌទ្រោមប៉ុណ្ណោះទេ ជីវភាពវប្បធម៌ស្មារតីក៏បានលើកកម្ពស់ផងដែរ នៅពេលតម្លៃវប្បធម៌ប្រពៃណីបានអភិរក្សនិងពង្រីក។ នេះជាមូលដ្ឋានគ្រឹះដើម្បីអនុវត្តដំណាក់កាលទី ២ (២០២៦ - ២០៣០) នៃកម្មវិធីឱ្យបានងាយស្រួល បង្កបាននូវជំហានថ្មី ជួយឱ្យតំបន់ជនជាតិភាគតិចនៅវាលរាបទន្លេគឺវឡុងកាន់តែរីកចម្រើន៕
ហាថាញ - ថាច់ធី