10/04/2026 - 13:37

ជួយ​សមា​ជិ​កា​ចាក​ផុត​ពី​ភាព​ក្រី​ក្រ និង​លើក​កម្ពស់​កម្រិត​ជីវ​ភាព 

ក្នុង​ឆ្នាំ​២០២៥​និង​៣​ខែ​ដើម​ឆ្នាំ​២០២៦ សមា​គម​សហ​ព័ន្ធ​នារី​សង្កាត់​ធើយ​ឡុង បាន​ប្រ​មូល​ផ្តុំ​កសាង និង​លើក​កម្ពស់​គុណ​ភាព​ទម្រង់​សេដ្ឋ​កិច្ច​មាន​ប្រ​សិទ្ធ​ភាព​ជា​ច្រើន។ ទន្ទឹម​នឹង​នោះ សមា​គម​បាន​សហ​ការ​ពិ​គ្រោះ​យោ​បល់ ឧទ្ទេស​នាម​ការ​ងារ​ធ្វើ និង​ឧបត្ថម្ភ​ប្រ​ភព​ទុន​បុល​អា​ទិភាព ដើម្បី​ឱ្យ​សមា​ជិកា​និង​ស្ត្រី​ទាំង​ឡាយ​យក​ទៅ​ផលិត លក់​ដូរ និង​ប្រ​កប​អា​ជីវ​កម្ម...។ តាម​រយៈ​នោះ បង​ប្អូន​នារី​ជា​ច្រើន​មាន​លក្ខណៈ​បង្កើន​ចំ​ណូល និង​មាន​ជីវ​ភាព​រស់​នៅ​ស្ថិរ​ភាព។

សមា​គម​សហ​ព័ន្ធ​នារី​សង្កាត់​ធើយ​ឡុង បាន​ចាត់​តាំង​ពិធី​សម្ពោធ និង​ប្រ​គល់​ទុន​បុល​ឧបត្ថម្ភ​មុខ​របរ​ចិញ្ចឹម​ជីវិត ជូន​ដល់​សមា​ជិកា​នៃ​ទម្រង់ “ក្រុម​ចង​សម្ព័ន្ធ​លក់​ដូរ​តូច” របស់​សា​ខា​សមា​គម​នារី​មណ្ឌល​ភូ​លួង។

ក្នុង​គោល​បំ​ណង​បន្ត​ឧបត្ថម្ភ​សមា​ជិកា​និង​ឱ្យ​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច និង​​បន្ថយ​ភាព​ក្រី​ក្រ កាល​ពី​ខែ​មក​រា​កន្លង សមា​គម​សហ​ព័ន្ធ​នារី​សង្កាត់​ធើយ​ឡុង បាន​បង្កើត​ទម្រង់ "ក្រុម​ចង​សម្ព័ន្ធ​លក់​ដូរ​តូច" ដែល​មាន​សមា​ជិកា​ចំ​នួន ១២​រូប នៅ​មណ្ឌល​ភូ​លួង។

តាម​សម្ដី​បង​ស្រី ង្វៀង​ធី​គីម​អ្វាន់ ប្រ​ធាន​ក្រុម​ចង​សម្ព័ន្ធ​លក់​ដូរ​តូច បាន​ឱ្យ​ដឹង​ថា សមា​ជិកា​ក្នុង​ក្រុម​តែង​តែ​ប្រ​ជុំ​ជីវ​ភាព​ជា​ប្រ​ចាំ​រាល់​ខែ បាន​ទទួល​ការ​ឧបត្ថម្ភ​ទុន​បុល​តាម​តម្រូវ​ការ និង​បាន​ចូល​រួម​វគ្គ​បណ្តុះ​បណ្តាល​ស្តី​ពី​ជំ​នាញ​អា​ជីវ​កម្ម។ ដោយ​ឡែក បង​ស្រី គីម​អ្វាន់ កំ​ពុង​បើក​ហាង​លក់​សារ​ពើ​ភ័ណ្ឌ​និង​ទទួល​ដេរ​កែ​ច្នៃ​លប (លូ) ដែល​ផ្ដល់​ចំ​ណូល​ស្ថិរ​ភាព​ចំ​នួន ៩​លាន​ដុង​ក្នុង​មួយ​ខែ។ បង​ស្រី ង្វៀង​ធី​តាម សមា​ជិកា​ក្រុម​ចង​សម្ព័ន្ធ​លក់​ដូរ​តូច បាន​បន្ត​ថា៖ "កាល​ពី​មុន ខ្ញុំ​លក់​ដូរ​បន្លែ​បង្ការ និង​ផល​ដំ​ណាំ​នៅ​ផ្សារ ប៉ុន្តែ​ដោយ​សារ​មាន​ទុន​តិច ចំ​ណូល​ក៏​មិន​សូវ​បាន​ប៉ុន្មាន​ដែរ។ អា​ស្រ័យ​ដោយ​មាន​ប្រ​ភព​ទុន​បុល​របស់​សមា​គម ខ្ញុំ​មាន​លក្ខណៈ​ពង្រីក​ការ​លក់​ដូរ និង​បច្ចុប្បន្ន​បាន​បើក​ហាង​លក់​សារ​ពើ​ភ័ណ្ឌ​បន្ថែម​នៅ​ផ្ទះ។ ហេតុ​នេះ គ្រួ​សារ​ខ្ញុំ​មាន​ចំ​ណូល​បន្ថែម​ប្រ​ហែល ៥​លាន​ដុង​ក្នុង​មួយ​ខែ"។ 

ទម្រង់ "ក្រុម​ចង​សម្ព័ន្ធ​កាត់​ដេរ​កែ​ច្នៃ" បាន​សមា​គម​សហ​ព័ន្ធ​នារី​សង្កាត់​ចលនា​បង្កើត​ឡើង​ក្នុង​ឆ្នាំ​២០២៤ ហើយ​កំ​ពុង​បង្កើន​ប្រ​សិទ្ធ​ភាព​យ៉ាង​ខ្លាំង។ តាម​បង​ស្រី ហ្វិញ​ធី​ភឿង​ថាវ ប្រ​ធាន​សមា​គម​សហ​ព័ន្ធ​នារី​សង្កាត់ បាន​ឱ្យ​ដឹង​ថា បច្ចុប្បន្ន​ក្រុម​មាន​សមា​ជិកា​ចំ​នួន ១៨​រូប ដែល​មាន​ចំ​ណូល​ពី ៣ ដល់ ៥​លាន​ដុង​ក្នុង​ម្នាក់​ក្នុង​មួយ​ខែ។

បង​ស្រី ឡេ​ធី​ទ្វៀត​ម៉ាយ សមា​ជិកា​ក្រុម​ចង​សម្ព័ន្ធ​កាត់​ដេរ​កែ​ច្នៃ បាន​រៀប​រាប់​ថា៖ "ប្ដី​ប្រ​ពន្ធ​ខ្ញុំ​មាន​កូន​តូច​កំ​ពុង​ស្ថិត​ក្នុង​វ័យ​សិក្សា។  កាល​ពី​មុន ខ្ញុំ​នៅ​ផ្ទះ​ធ្វើ​កិច្ច​ការ​មេ​ផ្ទះ សេដ្ឋ​កិច្ច​គ្រួ​សារ​ទាំង​មូល​គឺ​ពឹង​ផ្អែក​លើ​ប្រាក់​ឈ្នួល​ធ្វើ​ការ​ងារ​របស់​ប្ដី។ ដោយ​មាន​ការ​លើក​ទឹក​ចិត្ត​ពី​កម្មា​ភិ​បាល​​សមា​គម ខ្ញុំ​បាន​ចូល​រួម​ក្រុម​ដេរ​និង​បាន​ណែ​នាំ​បង្រៀន​ជំ​នាញ។ ចំ​ណូល​រាល់​ខែ​ប្រ​ហែល ៤​លាន​ដុង ពី​ការ​ងារ​កាត់​ដេរ​កែ​ច្នៃ​នេះ បាន​ជួយ​ឱ្យ​ខ្ញុំ​មាន​លក្ខណៈ​ថែ​ទាំ​កូនៗ​ឱ្យ​រៀន​សូត្រ​បាន​ល្អ​ជាង​មុន"។ 

អនុ​វត្ត​គម្រោង​លេខ ២៤១៥ “ឧបត្ថម្ភ​នា​រី​បង្កើត​អា​ជីវ​កម្ម ដំ​ណាក់​កាល ២០២៦​-២០៣៥” ក្នុង​ឆ្នាំ​២០២៦ សមា​គម​សហ​ព័ន្ធ​នារី​សង្កាត់ ទើប​តែ​បាន​សម្ពោធ​ដាក់​ឱ្យ​ដំ​ណើរ​ការ​ទម្រង់ “ឧបត្ថម្ភ​មុខ​របរ​ចិញ្ចឹម​ជីវិត” នៅ​សា​ខា​សមា​គម​នារី​មណ្ឌល​ឡុង​ថាញ់ ដែល​មាន​សមា​ជិកា​ចំ​នួន ៣៥​រូប។ តាម​រយៈ​នោះ សមា​គម​បាន​បញ្ចេញ​ទុន​បុល​ចំ​នួន ១០០​លាន​ដុង ដើម្បី​ឧបត្ថម្ភ​សមា​ជិកា​ជា​នា​រី​ក្រី​ក្រ នារី​ងាយ​រង​គ្រោះ និង​នា​រី​ពិ​ការ រួម​ចំ​ណែក​កែ​លម្អ​ជីវ​ភាព និង​លើក​កម្ពស់​តួនា​ទី​សេដ្ឋ​កិច្ច​របស់​ក្នុង​គ្រួ​សារ និង​សហ​គមន៍។ បង​ស្រី ថាយ​ធី​ថាញ់​យីវ សមា​ជិកា​នៃ​ទម្រង់​ដែល​ទើប​តែ​ទទួល​បាន​ការ​ឧបត្ថម្ភ​មុខ​របរ​ចិញ្ចឹម​ជីវិត បាន​រៀប​រាប់​ថា៖ "កាល​ពី​មុន  ខ្ញុំ​នៅ​ផ្ទះ​ធ្វើ​កិច្ច​ការ​មេ​ផ្ទះ និង​មើល​ថែ​កូនៗ។ ពេល​ចូល​រួម​ទម្រង់​នេះ ខ្ញុំ​បាន​ឧបត្ថម្ភ​ទុន​បុល ១០​លាន​ដុង ដើម្បី​ទិញ​វត្ថុ​ធាតុ​ដើម​ធ្វើ​លប (លូ)។ បច្ចុប្បន្ន ខ្ញុំ​មាន​ចំ​ណូល ៤​លាន​ដុង​ក្នុង​មួយ​ខែ"។ 

តាម​បង​ស្រី ហ្វិញ​ធី​ភឿង​ថាវ ប្រ​ធាន​សមា​គម​សហ​ព័ន្ធ​នារី​សង្កាត់ បាន​ឱ្យ​ដឹង​ថា បច្ចុប្បន្ន សមា​គម​បាន​កសាង និង​លើក​កម្ពស់​គុណ​ភាព​ទម្រង់​អភិ​វឌ្ឍន៍​សេដ្ឋ​កិច្ច​សមូ​ហភាព​ចំ​នួន ១៧​ទម្រង់ ដែល​មាន​សមា​ជិកា​ជាង ៣៦៥​រូប។ តាម​រយៈ​នោះ បាន​ជួយ​ឱ្យ​បង​ប្អូន​នារី​មាន​លក្ខណៈ​បង្កើន​ចំ​ណូល និង​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​គ្រួ​សារ។ ទន្ទឹម​នឹង​នោះ សមា​គម​បាន​គ្រប់​គ្រង​យ៉ាង​មាន​ប្រ​សិទ្ធ​ភាព​នូវ​បណ្តា​ក្រុម​បុល​ទុន​របស់​ធនា​គារ​គោល​នយោ​បាយ​សង្គម បង្ក​លក្ខណៈ​ឱ្យ​សមា​ជិកា​បុល​ទុន​ដើម្បី​កែ​ប្រែ​ចម្ការ ចិញ្ចឹម​សត្វ និង​លក់​ដូរ​តូច​តាច។

បង​ស្រី ត្រឹង​ធី​ហាញ់ សមា​ជិកា​សា​ខា​សមា​គម​នារី​មណ្ឌល​រាច់​សុង មាន​ដី​ចំ​នួន ៤​កុង ដែល​កាល​ពី​មុន​ដាំ​មៀន។ ប៉ុន្តែ​ដោយ​សារ​ដើម​ឈើ​ចាស់​យូរ​ឆ្នាំ ទិន្ន​ផល និង​គុណ​ភាព​ផ្លែ​ឈើ​ថយ​ចុះ ធ្វើ​ឱ្យ​ចំ​ណូល​បាន​តិច​តួច។ បង​ស្រី​ហាញ់ ក៏​បាន​សមា​គម​ឧបត្ថម្ភ​ទុន​បុល​ដើម្បី​កែ​ប្រែ​ចម្ការ​ទៅ​ដាំ​សាវ​ម៉ាវ​ថៃ ប្រ​ហែល ៥​ឆ្នាំ​មក​ហើយ។ បង​ស្រី​ហាញ់ និយាយ​ថា៖ "បច្ចុប្បន្ន ចម្ការ​សាវ​ម៉ាវ ៤​កុង នាំ​មក​នូវ​ប្រាក់​ចំ​ណូល​ជូន​គ្រួ​សារ​ប្រ​ហែល ១៥០​លាន​ដុង​ក្នុង​មួយ​ឆ្នាំ។ បើ​ប្រៀប​ធៀប​នឹង​កាល​ពី​មុន ចំ​ណូល​មាន​ភាព​ប្រ​សើរ​ជាង​មុន​ច្រើន"។ 

ទន្ទឹម​នឹង​ការ​ឧបត្ថម្ភ​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច សមា​គម​សហ​ព័ន្ធ​នារី​សង្កាត់​ក៏​បាន​យក​ចិត្ត​ទុក​ដាក់​ជួយ​ដល់​សមា​ជិកា និង​កូនៗ​របស់​សមា​ជិកា​ដែល​មាន​ស្ថាន​ភាព​លំ​បាក។ ក្នុង​នោះ សមា​គម​គ្រប់​ថ្នាក់​បាន​ចល​នា​កសាង​ថ្មី​និង​ជួស​ជុល​ផ្ទះ "មេត្តា​ធម៌" ចំ​នួន ២​ខ្នង និង​បាន​ចលនា​ប្រ​គល់​អំ​ណោយ​ជាង ១.៨០០​ចំ​ណែក ដល់​សមា​ជិ​កា និង​កូនៗ​របស់​សមា​ជិកា​ដែល​មាន​ស្ថាន​ភាព​លំ​បាក។ សរុប​តម្លៃ​នៃ​ការ​ងារ​សប្បុ​រស​ធម៌ និង​សុខុ​មាល​ភាព​សង្គម​ក្នុង​ឆ្នាំ​២០២៥ និង ៣​ខែ​ដើម​ឆ្នាំ២០២៦ មាន​ទឹក​ប្រាក់​ជាង ៥០០​លាន​ដុង។

"ផ្តើម​ពី​ប្រ​សិទ្ធ​ភាព​នៃ​ទម្រង់​នា​នា និង​តាម​រយៈ​សកម្ម​ភាព​ផ្សេងៗ នៅ​ចុង​ឆ្នាំ២០២៥ សមា​គម​បាន​ជួយ​ដល់​គ្រួ​សារ​ក្រី​ក្រ​ចំ​នួន ៥​គ្រួ​សារ​ដែល​ជា​មេគ្រួ​សារ ឱ្យ​ឈាន​ឡើង​ចាក​ផុត​ពី​ភាព​ក្រី​ក្រ។ ក្នុង​ពេល​ខាង​មុខ សមា​គម​សហ​ព័ន្ធ​នារី​សង្កាត់​នឹង​បន្ត​លើក​កម្ពស់​គុណ​ភាព និង​ពង្រីក​ទម្រង់​ឧបត្ថម្ភ​សមា​ជិ​កា​ធ្វើ​សេដ្ឋ​កិច្ច ដោះ​ស្រាយ​ការ​ងារ​ធ្វើ បង្កើត​អា​ជីវ​កម្ម... ដើម្បី​ជួយ​ឱ្យ​បង​ប្អូន​នារី​ចាក​ផុត​ពី​ភាព​ក្រី​ក្រ លើក​កម្ពស់​កម្រិត​ជីវ​ភាព កសាង​គ្រួ​សារ​ប្រ​កប​ដោយ​សុភ​មង្គល វិបុល​ភាព និង​សម​ធម៌"  - បង​ស្រី ហ្វិញ​ធី​ភឿង​ថាវ បាន​ឱ្យ​ដឹង​ដូច្នេះ។

ហាយ​ធឺ - ចន្ថា

ចែករំលែកអត្ថបទ