ប៉ុន្មានថ្ងៃជិតដល់បុណ្យចូលឆ្នាំថ្មី មាមីងកសិករខ្មែរនៅលើភូមិឋានទីក្រុងកឹងធើ កំពុងមមាញឹកក្នុងការថែចម្ការដំណាំ ដោយរំពឹងថានឹងបានផលកាក់កប លក់បានថ្លៃ មានប្រាក់ចំណូលបន្ថែម ដើម្បីទទួលអំណរបុណ្យចូលឆ្នាំថ្មីប្រពៃណីកាន់តែមានភាពសម្បូរសប្បាយ។

ទម្រង់ដាំឪឡឹកលើដីស្រែរបស់បងថាយថាញទូ (ខាងស្តាំ) នៅសង្កាត់មីស្វៀង។
រួមដំណើរជាមួយកម្មាភិបាលសង្កាត់ ទៅទស្សនាទម្រង់ដាំឪឡឹកលើដីស្រែរបស់គ្រួសារបងថាយថាញទូ នៅមណ្ឌលដាយជី សង្កាត់មីស្វៀង។ សំណេះសំណាលជាមួយយើងខ្ញុំ បងទូ ឱ្យដឹង៖"ពីមុន គ្រួសារធ្វើស្រែជាចម្បង ប៉ុន្តែ ប៉ុន្មានឆ្នាំមកនេះ សង្កេតឃើញមាមីងជិតខាងដាំឪឡឹកនាំមកប្រសិទ្ធភាពសេដ្ឋកិច្ចខ្ពស់ ទើបខ្ញុំឆ្លៀតយកដីស្រែដែលមិនព្រោះស្រូវរដូវប្រាំងដើម្បីដាំឪឡឹក។ ទម្រង់នេះ រួមចំណែកក្នុងការបង្វែររចនាសម្ព័ន្ធពូជដំណាំនិងបន្ថយសម្ពាធព្រោះស្ថានភាពកង្វះទឹកស្រោចស្រពដោយសារអាកាសធាតុរាំងរឹះនិងជ្រាបជាតិប្រៃ ជួយឱ្យគ្រួសារខ្ញុំរកបានប្រាក់ចំណូលបន្ថែម"។ ជាមួយនឹងឧត្តមភាពចំណាយដើមទុនទាប រយៈពេលដាំខ្លី ត្រឹមតែ២ខែបានប្រមូលផល។ ហេតុដូច្នោះ ឆ្នាំនេះបងទូដាំឪឡឹកលើផ្ទៃដីស្រែទំហំ ៤.០០០ម៉ែត្រការ៉េ។ ដោយបានអាកាសធាតុអំណោយផល ដូច្នេះ ដំណាំឪឡឹករបស់បងលូតលាស់ល្អ តាមប៉ាន់ស្មានសម្រេចទិន្នផលប្រមាណពី៣-៤តោនក្នុងមួយហិកតា។ ប្រសិនបើលក់ក្នុងតម្លៃពី ៦.០០០-៧.០០០ ដុងក្នុងមួយគីឡូក្រាម គឺរកបានប្រាក់ចំណេញខ្ពស់លើសជាងការធ្វើស្រែ៣ដង។ បងទូ ចែករំលែក៖ "រដូវដាំឪឡឹកឆ្នាំនេះ បានផលកាក់កបលក់បានថ្លៃ គ្រួសារខ្ញុំរកបានប្រាក់ចំណូលបន្ថែម ដើម្បីទទួលអំណរបុណ្យចូលឆ្នាំថ្មីប្រពៃណីកាន់តែមានភាពសម្បូរសប្បាយ"។

ទម្រង់ដាំស្ពៃក្តោបរបស់បងដៀងឌុង នៅភូមិតាមាឃ ឃុំង៉ុកតូ កំពុងលូតលាស់ល្អ រងចាំថ្ងៃប្រមូលផល។
ក្រៅពីឪឡឹក ស្ពៃក្តោបក៏ជាប្រភេទដំណាំដែលបានមាមីងនៅឃុំង៉ុកតូជ្រើសដាំ ដើម្បីបម្រើទីផ្សារក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។ មានការមមាញឹកក្នុងការថែចម្ការស្ពៃក្តោបរបស់គ្រួសារ បងដៀងឌុង នៅភូមិតាមាឃ ឃុំង៉ុកតូ ឱ្យដឹង៖ "ដើម្បីមានបន្លែលក់ទាន់ពេលក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ជាងមួយខែមកនេះ គ្រួសារខ្ញុំបានរៀបចំដី ជ្រើសរើសពូជនិងថែដំណាំត្រឹមត្រូវតាមបច្ចេកទេស សង្ឃឹមថានឹងសម្រេចបានទិន្នផលខ្ពស់។ ខ្ញុំដាំចម្ការជាង១០ឆ្នាំ ជាមួយនឹងផ្ទៃដី២កុង ខ្ញុំដាំដំណាំគ្រប់ប្រភេទមានដូច៖ខ្ទឹមស្លឹក ស្ពៃក្តោប ស្ពៃផ្កា។ល។ដោយសារដាំដំណាំលក់ជុំឆ្នាំ ដូច្នេះ សម្រាប់ឱកាសបុណ្យចូលឆ្នាំថ្មី ខ្ញុំតែងជ្រើសដាំស្ពៃក្តោប ពីព្រោះនេះជាបន្លែដែលបានភ្ញៀវពេញនិយម លក់ក្នុងតម្លៃពី ៥.០០០-៧.០០០ ដុងក្នុងមួយគីឡូក្រាម។ តាមការគ្រោងទុក ជាមួយផ្ទៃដីដាំស្ពៃក្តោប ២.០០០ ម៉ែត្រការ៉េ បម្រុងនឹងបានប្រមូលផលនៅថ្ងៃទី ៩ ខែមេសា ទិន្នផលសម្រេចជាង៤តោន ក្រោយពីទូទាត់ចំណាយ គិតស្មានគ្រួសារនៅចំណេញជាង២០លានដុង"។
ជាមួយនឹងការថែទាំយ៉ាងហ្មត់ចត់ មាមីងកសិករខ្មែរនៅលើភូមិឋានទីក្រុងកឹងធើ កំពុងដាក់ក្តីសង្ឃឹមទៅលើរដូវដំណាំសម្រាប់បម្រើទីផ្សារបុណ្យចូលឆ្នាំថ្មីឆ្នាំនេះ។ ដំណាំបានផលកាកកប់ លក់បានថ្លៃ ជួយមាមីងរកបានប្រាក់ចំណូលបន្ថែម លំនឹងជីវភាពនិងទទួលអំណរបុណ្យចូលឆ្នាំថ្មីប្រពៃណីកាន់តែមានភាពសម្បូសប្បាយជាង៕
ថាញវ៉ាង-មុនី