ក្នុងទិវាទឹកពិភពលោកឆ្នាំនេះ ថ្ងៃទី២២ ខែមីនា នៅទីក្រុងកឹងធើ បានរៀបចំសិក្ខាសាលាក្រោមប្រធានបទ "សន្តិសុខប្រភពទឹកនៅតំបន់វាលរាបទន្លេគឺវឡុង ចំពោះការប្រែប្រួលអាកាសធាតុ" ដែលចាត់តាំងឡើងដោយកាសែតតៀងផុង សហការជាមួយគណ:កម្មាធិការប្រជាជនទីក្រុងកឹងធើ និងក្រុមហ៊ុន Keppel។ សិក្ខាសាលានេះ ជាវេទិកាសម្រាប់ក្រសួង ស្ថាប័ន អ្នកជំនាញ ភូមិភាគនិងអាជីវកម្ម រួមគ្នាពិភាក្សា ចែករំលែកនូវដំណោះស្រាយ បទពិសោធន៍ធន់នឹងភាពរាំងស្ងួត ការជ្រាបទឹកប្រៃ ការស្រុតបាក់ដីនិងសន្តិសុខប្រភពទឹក ឆ្ពោះទៅរកការអភិវឌ្ឍន៍ប្រកបដោយចីរភាពសម្រាប់តំបន់វាលរាបទន្លេគឺវឡុង ក្នុងបរិការណ៍នៃការប្រែប្រួលអាកាសធាតុកំពុងកើនឡើងយ៉ាងខ្លាំង។

ទំនប់ទ្វារទឹកកៃហប់ ជួយរំដោះទឹកប្រៃ បញ្ចូលទឹកសាបសម្រាប់ស្រោចស្រពបម្រើការផលិតកសិកម្មលើភូមិឋានខេត្តវិញឡុង។
ប្រឈមនឹងបញ្ហាខ្វះទឹកសាប
តាមនាយកដ្ឋានគ្រប់គ្រងធនធានទឹក ក្រសួងកសិកម្មនិងបរិស្ថាន ប្រភពទឹករបស់វៀតណាមភាគច្រើនពឹងផ្អែកលើទឹកពីបរទេស និងមានការចែកចាយមិនស្មើគ្នាតាមលំហនិងពេលវេលា។ ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ លំហូរទឹកពីដងទន្លេខាងលើចូលមកតំបន់វាលរាបទន្លេគឺវឡុង តាមស្ថានីយវាស់ទឹកតឹងចូវនិងចូវដុក បានថយចុះបើប្រៀបនឹងកម្រិតមធ្យមភាគរយៈពេលច្រើនឆ្នាំប្រហែល១៣%។ ជាពិសេស ក្នុងរដូវប្រាំងឆ្នាំ២០១៥-២០១៦ ថយចុះ ៣៦%; ឆ្នាំ២០១៩- ២០២០ ថយចុះ ២៨%។ ការជ្រាបទឹកប្រៃ មាននិន្នាការមកដល់ឆាប់និងខ្លាំងជាងមុន។ ពិសេស ក្នុងដំណាក់កាលគ្រោះរាំងស្ងួតឆ្នាំ ២០១៥-២០១៦ និង ២០១៩-២០២០ កម្រិតសម្គាល់ជាតិប្រៃ ៤‰ ចូលជ្រៅដល់ ៧០ គីឡូម៉ែត្រ លើទន្លេតៀងនិងទន្លេហូវ ហើយកន្លែងខ្លះអាចឡើងដល់ ៨៥ គីឡូម៉ែត្រ។
តាមលោកង្វៀងង៉ុកតៀង អគ្គនិពន្ធនាយករងកាសែតតៀងផុង បានឱ្យដឹង តំបន់វាលរាបទន្លេគឺវឡុង កំពុងប្រឈមនឹងការប្រែប្រួលដែលមិនធ្លាប់មានពីមុនមក។ ប្រភពទឹកលើផ្ទៃដីកាន់តែពឹងផ្អែកនិងប្រែប្រួលខ្លាំង តាមលំហូរទឹកពីដងទន្លេខាងលើ។ ក្នុងពេលនោះ ប្រភពទឹកក្រោមដីទាញយកផលហួសកម្រិត បណ្តាលឱ្យបរិមាណទឹកថយចុះ និងបង្កឱ្យស្រុតបាក់ដី។ បញ្ហាជ្រាបទឹកប្រៃមិនតាមលំនាំចាស់ទៀត ប៉ុន្តែកំពុងតែចូលជ្រៅ អូសបន្លាយនិងពិបាកព្យាករណ៍។ នៅកន្លែងខ្លះ ទឹកប្រៃបានចូលដល់តាមប្រឡាយក្នុងស្រែ។ នៅពេលខ្លះ សូម្បីតែទឹកសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃក៏ត្រូវប៉ះពាល់។ ប្រជាជនត្រូវទិញទឹកជាកានៗ និងជាសាឡង់ដឹកទឹកដើម្បីយកមកប្រើប្រាស់។ មិនត្រឹមតែប៉ុណ្ណោះ ការប្រែប្រួលអាកាសធាតុ ការកើនឡើងនៃកម្ពស់ទឹកសមុទ្រ និងការថយចុះនៃដីល្បាប់ កំពុងធ្វើឱ្យផ្លាស់ប្តូររចនាសម្ព័ន្ធធម្មជាតិរបស់តំបន់ទាំងមូល។ វាលរាបមិនត្រឹមតែខ្វះទឹកប៉ុណ្ណោះទេ ថែមទាំងកំពុងបាត់បង់លក្ខខណ្ឌជាមូលដ្ឋានគ្រឹះដើម្បីស្ដារឡើងវិញ។ កត្តាទាំងអស់នេះ កំពុងប៉ះពាល់ដោយផ្ទាល់ដល់ជីវភាពរបស់ប្រជាជនរាប់លាននាក់ សម្រាប់ផលិតកសិកម្ម បរិស្ថាននិងទាំងរចនាសម្ព័ន្ធសេដ្ឋកិច្ច - សង្គមរបស់តំបន់។
សាស្ត្រាចារ្យរង បណ្ឌិត ង្វៀងភូហ្វិញ អនុប្រធានវិទ្យាស្ថានវិទ្យាសាស្ត្រធារាសាស្ត្រភាគខាងត្បូង បានលើកឡើង ការអភិវឌ្ឍនៅតំបន់ដងទន្លេខាងលើនៃទន្លេមេគង្គ រួមទាំងការកសាងទំនប់វារីអគ្គិសនី បណ្តាលឱ្យលំហូរទឹកថយចុះ និងកាត់បន្ថយបរិមាណដីល្បាប់ដែលហូរចូលមកតំបន់វាលរាប។ ការទាញយកខ្សាច់ហួសកម្រិតក៏បង្កហានិភ័យនៃការបាក់ច្រាំងសមុទ្រយ៉ាងធ្ងន់ធ្ងរ។ សកម្មភាពផលិតកសិកម្មនៅតំបន់ដងទន្លេខាងលើ និងការបង្វែរទិសទឹក ក៏ធ្វើឱ្យបរិមាណទឹកហូរចូលមកតំបន់វាលរាបថយចុះ បណ្តាលឱ្យខ្វះទឹកសាប និងបង្កើនការជ្រាបទឹកប្រៃ។ ការប្រែប្រួលអាកាសធាតុ និងការកើនឡើងនៃកម្ពស់ទឹកសមុទ្រ រួមជាមួយបាតុភូតអាកាសធាតុដ៏ខ្លាំង (ដូចជា ព្យុះ ភ្លៀងធ្លាក់ខ្លាំង សីតុណ្ហភាពកើនឡើង) បានបង្កឱ្យមានទឹកជំនន់លាតសន្ធឹងលើតំបន់វាលរាប ហើយធ្វើឱ្យស្ថានភាពទឹកប្រៃជ្រាបចូលក្នុងរដូវប្រាំងកាន់តែធ្ងន់ធ្ងរ។ ស្ថានភាពការស្រុតបាក់ដី និងបាតទន្លេធ្លាក់ចុះនៃប្រព័ន្ធធារាសាស្ត្រ បានធ្វើឱ្យកម្ពស់ផ្ទៃដីបន្ថយ កម្រិតទឹកទន្លេក៏ថយចុះផងដែរ បណ្តាលឱ្យការបង្ហូរទឹកកាន់តែពិបាក បង្កហានិភ័យនៃទឹកជំនន់និងការជ្រាបទឹកប្រៃ។

មណ្ឌលតាំងពិព័រណ៍ឧទ្ទេសនាមគំរូនៃការផលិតកសិកម្មប្រកបដោយចីរភាព បន្សាំនឹងការប្រែប្រួលអាកាសធាតុក្នុងក្របខ័ណ្ឌសិក្ខាសាលា។
បង្កើនសមត្ថភាពសម្របខ្លួន
បញ្ហាប្រឈមទាក់ទងអំពីសន្តិសុខប្រភពទឹក បានដាក់ចេញនូវតម្រូវការបន្ទាន់ក្នុងការគ្រប់គ្រង និងប្រើប្រាស់ធនធានទឹកឲ្យមានប្រសិទ្ធភាព សន្សំសំចៃ និងប្រកបដោយចីរភាព។ លោក Joseph Low ប្រធានតំណាងក្រុមហ៊ុន Keppel នៅវៀតណាម និងជាប្រធានផ្នែកអចលនទ្រព្យនៃ Keppel វៀតណាម ចែករំលែកចាប់ពីឆ្នាំ ២០២២ តាមរយៈកម្មវិធី Living Well ក្រុមហ៊ុន Keppel បាននាំយកប្រភពទឹកស្អាតដល់ប្រជាជនប្រមាណ ១៥៧,០០០នាក់ នៅតាមខេត្ត ក្រុងនានានៅតំបន់វាលរាបទន្លេគឺវឡុង។ ផ្ដើមពីនោះ លោកបានលើកឡើងពីសារៈសំខាន់នៃកម្មវិធីជាក់ស្តែង និងការសហការជាមួយដៃគូក្នុងភូមិភាគក្នុងការកែលម្អជីវភាពរបស់ប្រជាជននៅតំបន់វាលរាបទន្លេគឺវឡុង។ “តំបន់វាលរាបទន្លេគឺវឡុង កំពុងប្រឈមមុខនឹងសម្ពាធកាន់តែខ្លាំងពីការប្រែប្រួលអាកាសធាតុ ជាពិសេសបញ្ហាទាក់ទងនឹងប្រភពទឹកនិងការជ្រាបចូលនៃទឹកប្រៃ។ អាស្រ័យហេតុនោះ យើងខ្ញុំមានបំណងជួយជំរុញការសន្ទនារវាងអ្នករៀបចំគោលនយោបាយ អ្នកជំនាញនិងភាគីពាក់ព័ន្ធដើម្បីបង្កើនសន្តិសុខប្រភពទឹក និងបង្កើនសមត្ថភាពបន្សាំរបស់តំបន់វាលរាបទន្លេគឺវឡុង ចំពោះផលប៉ះពាល់ពីការប្រែប្រួលអាកាសធាតុ” លោក Joseph Low បានឱ្យដឹងដូច្នេះ។
សាស្ត្រាចារ្យរង បណ្ឌិត ង្វៀងភូហ្វិញ បានលើកឡើងទស្សន: ដើម្បីធានាសន្តិសុខប្រភពទឹកសម្រាប់តំបន់វាលរាបទន្លេគឺវឡុង វិធានការមិនមែនជាសំណង់គួរតែផ្តោតលើការពង្រឹងសមត្ថភាពព្យាករណ៍ប្រភពទឹក និងការជ្រាបទឹកប្រៃ ដើម្បីគាំទ្រដល់ការរៀបចំផលិតកសិកម្មឱ្យសមស្របទៅនឹងស្ថានភាពប្រភពទឹក។ ត្រូវមានការត្រួតពិនិត្យ និងកសាងបែបផែនដំណើរការតភ្ជាប់ប្រព័ន្ធធារាសាស្ត្រដើម្បីបង្កើនការភ្ជាប់ប្រភពទឹក លើកកម្ពស់ប្រសិទ្ធភាពនៃការប្រើប្រាស់សំណង់ធារាសាស្ត្រ។ ទន្ទឹមនឹងនោះ ត្រូវរៀបចំផលិតកសិកម្មឱ្យសមស្របតាមការបែងចែកប្រភពទឹកនៃប្រព័ន្ធធារាសាស្ត្រ; នៅពេលកើតមានគ្រោះរាំងស្ងួត ឬទឹកប្រៃជ្រាបចូល ត្រូវកែតម្រូវរដូវកាលដាំដុះប្រកបដោយភាពបត់បែន។ ជាពិសេស គប្បីធ្វើទំនើបកម្មនិងអនុវត្តការផ្លាស់ប្ដូរឌីជីថលក្នុងការគ្រប់គ្រងនិងដំណើរការសំណង់ធារាសាស្ត្រ ឆ្ពោះទៅរកការគ្រប់គ្រងតាមប្រព័ន្ធគាំទ្រដោយការសម្រេចចិត្តឆ្លាតវៃ។

ប្រជាជននៅតំបន់វាលរាបទន្លេគឺវឡុង ស្តុកទឹកដោយប្រើប្លាស្ទិកសម្រាប់ស្រោចស្រពចម្ការទុរេន។
ចំពោះដំណោះស្រាយផ្នែកសំណង់ ត្រូវបន្តអនុវត្តគម្រោងវិនិយោគរយៈកាលមធ្យមដំណាក់កាល ២០២៦-២០៣០ ដូចជា គម្រោង WB11 គម្រោង JICA3 និងគម្រោង JICA5។ សិក្សាស្រាវជ្រាវកសាងសំណង់គ្រប់គ្រងទឹកលើទន្លេវ៉ាម-ក និងហាមលួង ដែលជាសំណង់ធំមានតួនាទីគ្រប់គ្រងទឹកប្រៃ-ទឹកសាប ការពារទឹកជំនន់លាតសន្ធឹង ម្ចាស់ការទប់ស្កាត់ចំពោះការកើនឡើងនៃកម្ពស់ទឹកសមុទ្រនៅខេត្តវិញឡុងនិងដុងថាប។ ក្នុងរយៈពេលវែងត្រូវមានការសិក្សាស្រាវជ្រាវ និងអនុវត្តការកសាងសំណង់គ្រប់គ្រងទឹកនៅមាត់ទន្លេផ្សេងៗទៀត ដូចជាកោចៀងនិងគុងហឺវ។ ជាមួយគ្នានេះ ក៏ត្រូវពង្រឹងប្រព័ន្ធទំនប់ការពារសមុទ្រចាប់ពីក្វាងង៉ៃ ដល់កៀងយ៉ាង (បច្ចុប្បន្នគឺ អាងយ៉ាង) ដែលបានរដ្ឋាភិបាលអនុម័តរួចហើយ រួមមានការពិនិត្យពង្រឹង បង្កើនកម្រិតនិងពង្រីកទំនប់ឱ្យសមស្របនឹងការកើនឡើងនៃកម្រិតទឹកជំនន់ដោយសារការកើនឡើងខ្ពស់នៃទឹកសមុទ្រ និងការស្រុតបាក់ដីនៅតំបន់វាលរាប។
តាមប្រសាសន៍លោក ង្វៀងមិញឃ្វៀង អនុប្រធាននាយកដ្ឋានគ្រប់គ្រងធនធានទឹក ក្រសួងកសិកម្មនិងបរិស្ថាន ច្បាប់ធនធានទឹកឆ្នាំ ២០២៣ បានកំណត់យ៉ាងច្បាស់ពីការធានាសន្តិសុខប្រភពទឹក ដើម្បីឱ្យប្រជាជនទាំងអស់អាចចូលប្រើប្រាស់ទឹកបានដោយស្មើភាពនិងសមស្រប។ ការស្ដារឡើងវិញនៃប្រភពទឹកនិងការប្រមូលស្ដុកទឹក ក៏ត្រូវបានកំណត់យ៉ាងលម្អិតនៅក្នុងច្បាប់នេះផងដែរ។ ក្រសួងកសិកម្មនិងបរិស្ថាន កំពុងដាក់សំណើទៅរដ្ឋាភិបាលនូវគម្រោងសាកល្បងអំពីការស្ដារប្រភពទឹកនៅតាមអាងទន្លេមួយចំនួន និងការប្រមូលស្ដុកទឹកតាមរយៈការជីកស្រះ បឹង និងការបង្កើតតំបន់ការពារប្រភពទឹក។ ចំពោះភូមិភាគ ត្រូវប្រកាសដាក់ចេញបញ្ជីឈ្មោះប្រភពទឹកជាស្រះ បឹង មិនអនុញ្ញាតឱ្យលុបដី។ ក្នុងការគ្រប់គ្រងធនធានទឹក ត្រូវផ្លាស់ប្តូរយ៉ាងឆាប់រហ័សទៅកាន់វេទិកាឌីជីថល មូលដ្ឋានទិន្នន័យធំ និងបញ្ញាសិប្បនិម្មិត ដើម្បីអនុវត្តការគ្រប់គ្រងផ្អែកលើទិន្នន័យឌីជីថល ជួយគាំទ្រការសម្រេចចិត្តបានភ្លាមៗ នៅពេលប្រភពទឹកមានការប្រែប្រួលខុសប្រក្រតី។ ព្រមជាមួយនោះ គប្បីឆ្លៀតឱកាសប្រើប្រាស់លទ្ធផលនៃការព្យាករណ៍ និងការចែករំលែកប្រភពទឹករវាងតំបន់ដងទន្លេខាងលើនិងខាងក្រោម ដោយផ្អែកតាមយន្តការសហការ ដូចជា គណៈកម្មាធិការទន្លេមេគង្គអន្តរជាតិ ការចែករំលែកទិន្នន័យអំពីវារីអគ្គិសនី និងលំហូរទឹករបស់បណ្តាប្រទេសនានាក្នុងអាងទន្លេមេគង្គ។ ត្រូវកសាងសេណារីយ៉ូប្រភពទឹកបម្រើដល់ភូមិភាគ អាចម្ចាស់ការសម្រាប់ផែនការផលិតនិងដាំដុះ ដើម្បីកាត់បន្ថយ ហានិភ័យទាបបំផុតពីគ្រោះរាំងស្ងួតនិងការជ្រាបទឹកប្រៃ៕
មិញហ្វៀង - ពេជ្រសឿន
| ចែករំលែកអត្ថបទ |
|
ពាក្យគន្លឹះនាយក៖ ហ្វិញហ្វាងម៉េន
លិខិតអនុញាតលេខ ៧៨៩/GP- BTTTTអាស្រ័យក្រសួងព័ត៌មាននិងសារគមនាគមន៍ផ្តល់នូវថ្ងៃទី០២-១២-២០២១។លេខ២៤ ត្រឹងវ៉ាំងហ្វាយ សង្កាត់និញកេវ ក្រុងកឹងធើ - ទូរស័ព្ទ: (០២៩២) ៣៨៣០០៩៨
ទូរសារ: (០២៩២) ៣៨៣០៥៦១។ អ៊ីម៉ែល: toasoan@baocantho.com.vn
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម: quangcao@baocantho.com.vn
សរសេរច្បាស់ប្រភព "សារព័ត៌មានអេឡិចត្រូនិកកឹងធើ" នៅពេលផ្សាយបន្តពី websiteនេះ។
