មហាសាមគ្គីជនជាតិ គំរូក្នុងសហគមន៍

11/03/2026 - 08:45

ឈាន​ឡើង​អា​ស្រ័យ​ការ​ព្យា​យាម​ខិត​ខំ​ពល​កម្ម​ផលិត​ 

ដោយ​ឆន្ទៈ​និង​ចរិត​ឧស្សាហ៍ ប្រឹង​ប្រែង​ស៊ូ​លំ​បាក​ក្នុង​ការ​ពល​កម្ម​ផលិត បង​ស្រី​គឹម​ធី​សូ​វឿន នៅ​ភូមិ​ភុង​ហៀប ឃុំ​អាង​និញ ទី​ក្រុង​កឹង​ធើ ជា​សន្សឹមៗ​ឈាន​ឡើង​ចាក​ភាព​ក្រី​ក្រ លំ​នឹង​ជីវ​ភាព។

បង​ស្រី គឹម​ធី​សូ​វឿន (ខាង​ស្តាំ) កំ​ពុង​ហាល​ឆៃ​ប៉ូវ​របស់​គ្រួ​សារ។

កើត​ក្នុង​គ្រួ​សារ​ដែល​មាន​ជីវ​ភាព​ខ្វះ​ខាត ក្រោយ​ពី​រៀប​ការ​រួច​ ជីវ​ភាព​សំ​ខាន់​គឺ​ពឹង​លើ​ដី​ស្រែ​តិច​តួច​ដែល​ឪ​ពុក​ម្តាយ​ចែក​ឱ្យ ឆ្នាំ​ដំ​បូង គ្រួ​សារ​របស់​បង​ស្រី​សូ​វឿន ប្រ​ឈម​មុខ​នឹង​ការ​លំ​បាក​មិន​តិច​ ដោយ​សារ​ការ​បរា​ជ័យ​ទៅ​លើ​ដំ​ណាំ​ដាំ​ដុះ និង​តម្លៃ​មិន​ថេរ។ ដោយ​មិន​រា​ថយ​ បង​ស្រី​តែង​រិះ​រក​វិធី​ធ្វើ​ឱ្យ​មាន​ប្រ​សិទ្ធ​ភាព​ឡើង​វិញ។ ក្រៅ​ពី​ការ​ធ្វើ​ស្រែ បង​ស្រី​បង្វែរ​ផ្ទៃ​ដី​មួយ​ចំ​នួន​មក​ដាំ​ដំ​ណាំ គួប​ផ្សំ​ជា​មួយ​នឹង​ការ​ចិញ្ចឹម​មាន់ និង​ទា ដើម្បី​បង្កើន​ប្រាក់​ចំ​ណូល​ផង។

អា​ស្រ័យ​ការ​ព្យា​យាម​ខិត​ខំ​ក្នុង​ការ​ផលិត​ ទោះ​ជា​មាន​ទុន​និង​ដី​តិច​តួច​ក៏​ដោយ​ ប៉ុន្តែ ចំ​ពោះ​ការ​ខិត​ខំ​សន្សំ​សំ​ចៃ បង​ស្រី​ទិញ​ដី​បន្ថែម​ជា​រៀង​រាល់​ឆ្នាំ​ សព្វ​ថ្ងៃ​គ្រួ​សារ​បង​ស្រី​មាន​ដី​ស្រែ​ចំ​នួន ៣០ កុង សម្រាប់​ផលិត។ ក្រៅ​ពី​នោះ បង​ទិញ​បាន​ដី​ចំ​ការ ២ កុង​បន្ថែម ដើម្បី​ដាំ​បន្លែ​ឆ្លាស់​គ្នា។ ឆ្នាំ​នេះ​ បង​ដាំ​ស្ពៃ​មើម​ដើម្បី​ធ្វើ​ឆៃ​ប៉ូវ ដោយ​ការ​ប៉ាន់​ទុក​ដាំ​ស្ពៃ​មើម​២​កុង និង​ផ្តល់​ទិន្ន​ផល​ជិត ៥ តោន បង​សូ​វឿន ឱ្យ​ដឹង៖ “យើង​នៅ​ជន​បទ ត្រូវ​តែ​មាន​ដី​ស្រែ​សម្រាប់​បង្ក​បង្កើន​ផល ទើប​ខ្ញុំ​ប្រឹង​ប្រែង​សន្សំ​សំ​ចៃ ដើម្បី​ទិញ​ដី​បន្ថែម​សម្រាប់​ធ្វើ​ស្រែ។ ដំ​បូង​ដើម​ទុន​តិច ការ​អនុ​វត្ត​វិទ្យា​សាស្ត្រ​ក្នុង​ការ​ផលិត​នៅ​មាន​កម្រិត។ អា​ស្រ័យ​បាន​ផ្នែក​កសិកម្ម​ឃុំ​អញ្ជើញ​ចូល​រួម​ហ្វឹក​ហាត់​បច្ចេក​ទេស​ដាំ​ដុះ ទើប​គ្រួ​សារ​ខ្ញុំ​អនុ​វត្ត​សន្សឹមៗ​មាន​ប្រ​សិទ្ធ​ភាព​ខ្ពស់ បង្កើន​បាន​ទុន​ផលិត​ ហើយ​ជីវ​ភាព​គ្រួ​សារ​ធូរ​ធារ​ឡើង​បន្តិច​ម្តងៗ។ ជា​រៀង​រាល់​ឆ្នាំ ខ្ញុំ​រក​បាន​ប្រាក់​ចំ​ណូល​ជាង​មួយ​រយ​លាន​ដុង”។

ជា​រៀង​រាល់​ថ្ងៃ មុន​ពេល​ថ្ងៃ​រះ បង​ស្រី​សូ​វឿន តែង​ចេញ​ទៅ​មើល​ស្រែ​និង​ថែ​ទាំ​ដំ​ណាំ​របស់​គ្រួ​សារ។ មិន​ថា​ក្តៅ ឬ​ភ្លៀង​ទេ គាត់​តែង​តែ​សង្វាត់​និង​ការ​ងារ ហើយ​មិន​ដែល​គិត​ថា​នឿយ​ហត់​និង​លំ​បាក​ឡើយ។ ដោយ​ការ​ឧស្សាហ៍​ប្រឹង​ប្រែង និង​អនុ​វត្ត​បច្ចេក​ទេស​ថ្មី ស្រូវ​និង​ដំ​ណាំ​ផ្សេងៗ​បាន​លុត​លាស់​ល្អ ទិន្ន​ផល​មួយ​ថ្ងៃ​កាន់​តែ​កើន​ខ្ពស់។ ផ្តើម​ពី​នោះ សេដ្ឋ​កិច្ច​គ្រួ​សារ​មាន​ភាព​លំ​នឹង មាន​មធ្យោ​បាយ​ជួស​ជុល​ផ្ទះ​ថ្មី​រឹង​មាំ និង​ផ្តល់​ឱ្យ​កូនៗ​រៀន​សូត្រ​បាន​ល្អ។

លោក​ថាច់​ស៊ាង ប្រ​ធាន​សាខា​សមា​គម​កសិ​ករ​នៅ​ភូមិ​ភុង​ហៀប មាន​ប្រ​សាសន៍៖ “បង​ស្រី​គឹម​ធី​សូ​វឿន មិន​ត្រឹម​តែ​ធ្វើ​សេដ្ឋ​កិច្ច​ពូ​កែ​ប៉ុណ្ណោះ​ទេ ព្រម​ទាំង​ចូល​រួម​សកម្ម​ចលនា​នៅ​មូល​ដ្ឋាន និង​ត្រៀម​លក្ខណៈ​ចែក​រំលែក​បទ​ពិ​សោធន៍​ផលិត​ដល់​មា​មីង​ក្នុង​ភូមិ​ស្រុក។ ការ​អស់​ពី​ចិត្ត​របស់​បង​ស្រី ធ្វើ​ឱ្យ​មា​មីង​ជំ​ជឿ​ទុក​ចិត្ត និង​ស្រ​ឡាញ់​រាប់​អាន”។

គំ​រូ​របស់​បង​ស្រី បាន​បង្ហាញ​ច្បាស់​អំ​ពី​ឆន្ទៈ​ឈាន​ឡើង​ដោយ​កម្លាំង​ពល​កម្ម​និង​ការ​ខិត​ខំ​ប្រឹង​ប្រែង។ ផ្តើម​ពី​ការ​លំ​បាក​ដំ​បូង​មក បង​ស្រី​មិន​ត្រឹម​តែ​លំ​នឹង​សេដ្ឋ​កិច្ច​គ្រួ​សារ​ប៉ុណ្ណោះ​ទេ ថែម​ទាំង​បាន​កែ​លម្អ​ជីវ​ភាព​ប្រ​សើរ​ឡើង​បន្តិច​ម្តងៗ ហើយ​ក្លាយ​ជា​គំរូ​ក្នុង​ការ​អភិ​វឌ្ឍ​ផលិត​នៅ​មូល​ដ្ឋាន។ ការ​ខិត​ខំ​ប្រឹង​ប្រែង​ទាំង​នេះ មិន​ត្រឹម​តែ​នាំ​មក​នូវ​ភាព​សប្បូរ​សប្បាយ​ដល់​គ្រួ​សារ​ថែម​ទាំង​បាន​សាយ​ភាយ​ស្មារតី​ជម្នះ​លំ​បាក រួម​ចំ​ណែក​កសាង​មាតុ​ភូមិ​កាន់​តែ​រីក​ចម្រើន៕

                                      ដា​លី​ន-ត្រឹង​រ៉ូន

ចែករំលែកអត្ថបទ