មហាសាមគ្គីជនជាតិ គំរូក្នុងសហគមន៍

04/03/2026 - 06:48

នារី​បក្ខ​ជន​គំ​រូ អស់​ពី​ចិត្ត​នឹង​ចលនា​នារី​នៅ​មូល​ដ្ឋាន 

ពង្រីក​តួនា​ទី​ជា​បក្ខ​ជន​មូល​ដ្ឋាន បង​ស្រី​ថាច់​ធី​សា​ថា ប្រ​ធាន​សមា​គម​នារី​នៅ​ភូមិ​សំ​រោង សង្កាត់​ង្វៀក​ហ្វា ខេត្ត​វិញ​ឡុង តែង​អស់​ពី​ចិត្ត​នឹង​ការ​ងារ​សមា​គម សកម្ម​ឧបត្ថម្ភ​ដល់​សមា​ជិក​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច រួម​ចំ​ណែក​កសាង​មហា​សាមគ្គី​រឹង​មាំ​នៅ​ក្នុង​សហ​គមន៍។

បង​ស្រី ថាច់​ធី​សា​ថា(ខាង​ស្ដាំ) ។

ជា​ច្រើន​ឆ្នាំ​កន្លង ក្នុង​នាម​ជា​ប្រ​ធាន​សា​ខា​សមា​គម បង​ស្រី​ថាច់​ធី​សា​ថា ប្រ​កាន់​ខ្ជាប់​នូវ​ស្មារតី​ទទួល​ខុស​ត្រូវ​ខ្ពស់ ធ្វើ​ជា​គំ​រូ​ឈាន​មុខ​ក្នុង​ការ​ចលនា​ប្រ​ឡង​ប្រ​ណាំង​ដែល​ភូមិ​ភាគ​បំ​ផុស។ បង​ស្រី តែង​សកម្ម​ផ្សព្វ​ផ្សាយ ចលនា​សមា​ជិក​អនុ​វត្ត​ល្អ​នូវ​គោល​ការណ៍​របស់​បក្ស គោល​នយោ​បាយ ច្បាប់​របស់​រដ្ឋ; សកម្ម​ចូល​រួម​កសាង​ជីវ​ភាព​វប្ប​ធម៌​នៅ​តំ​បន់​តាំង​ទី​លំ​នៅ រក្សា​សន្តិ​សុខ សណ្តាប់​ធ្នាប់​នៅ​ភូមិ​ភាគ។

ដោយ​កំ​ណត់​ច្បាស់​ការ​លើក​កម្ពស់​ជីវ​ភាព​របស់​សមា​ជិក គឺ​ជា​ភារ​កិច្ច​ដ៏​សំ​ខាន់ បង​ស្រី​បាន​ផ្សព្វ​ផ្សាយ​ទម្រង់​ឧបត្ថម្ភ​បង្វិល​ជុំ ដោយ​មាន​សមា​ជិក​ចូល​រួម​ចំ​នួន ២៨ នាក់ ប្រ​កប​ដោយ​ប្រ​សិទ្ធ​ភាព។ ជា​រៀង​រាល់​ខែ ប្រ​ភព​ទុន​បង្វិល​ជុំ​មាន​ចំ​នួន ៥.៦០០​.០០០ ដុង បង្ក​លក្ខណៈ​សម្រាប់​បង​ប្អូន​នារី​មាន​ដើម​ទុន​ទាន់​ពេល ដើម្បី​លក់​ដូរ ចិញ្ចឹម​សត្វ​និង​បង្កើន​ប្រាក់​ចំ​ណូល​គ្រួ​សារ។ ទន្ទឹម​នឹង​នោះ បង​ស្រី​ថែម​ទាំង​សហ​ការ​ជា​មួយ​ធនា​គារ​គោលនយោ​បាយ​សង្គម ឧបត្ថម្ភ​គ្រួ​សារ​ចំ​នួន ៦០ បាន​បុល​ទុន​សរុប​ជាង ១,៨ ពាន់​លាន​ដុង ជួយ​គ្រួ​សារ​ជា​ច្រើន​លំ​នឹង​ការ​ផលិត​ឈាន​ឡើង​ចាក​ផុត​ភាព​ក្រី​ក្រ​ដោយ​ចីរ​ភាព។ បង​ស្រី សើុង​ធី​ឡែ​ធ្វី សមា​ជិក​សា​ខា​សមា​គម​នារី​ភូមិ​សំ​រោង ឱ្យ​ដឹង៖ “អា​ស្រ័យ​បាន​បង​ស្រី​សា​ថា ឧទ្ទេស​នាម​ឱ្យ​បុល​ទុន​ពី​ធនា​គារ​គោល​នយោ​បាយ​សង្គម ទើប​ខ្ញុំ​មាន​ទុន​លក់​ដូរ​តិច​តួច លំ​នឹង​សេដ្ឋ​កិច្ច​គ្រួ​សារ។ បច្ចុប្បន្ន ខ្ញុំ​អាច​គិត​គូរ​ឱ្យ​កូន​ពីរ​នាក់​សិក្សា​រៀន​សូត្រ​ជា​បន្ត។ ខ្ញុំ​ពិត​ជា​ដឹង​គុណ​បង​ស្រី​សា​ថា ដែល​ជួយ​ខ្ញុំ​ដោយ​អស់​ពី​ចិត្ត​ពី​ថ្លើម”។

មិន​ត្រឹម​តែ​សកម្ម​ក្នុង​ការ​ងារ​សមា​គម​ប៉ុណ្ណោះ​ទេ បង​ស្រី​ថាច់​ធី​សា​ថា ថែម​ទាំង​ជា​នារី​ម្នាក់​ពោរ​ពេញ​ដោយ​កម្លាំង​ចិត្ត​ចំ​ពោះ​គ្រួ​សារ​ទៀត​ផង។ ទោះ​បី​ជីវ​ភាព​ប្រ​ឈម​នឹង​ការ​លំ​បាក​ច្រើន បង​ស្រី នៅ​តែ​ខិត​ខំ​ចិញ្ចឹម​កូន​ពីរ​នាក់​សិក្សា​រៀន​សូត្រ។ កូន​ប្រុស​ច្បង បច្ចុប្បន្ន​កំ​ពុង​សិក្សា​ឆ្នាំ​ទី​ពីរ​នៅ​សា​កល​វិទ្យា​ល័យ​ត្រា​វិញ ហើយ​កូន​ស្រី​ពៅ​របស់​បង​ស្រី​កំ​ពុង​សិក្សា​ថ្នាក់​ទី ១២ ត្រៀម​ចូល​មហា​វិទ្យា​ល័យ។ គំរូ​ជម្នះ​លំ​បាក​របស់​បង​ស្រី​ស័ក្តិ​សម​ជាបក្ខ​ជន​គំរូ។

ចំ​ពោះ​ការ​រួម​ចំ​ណែក​ជា​វិជ្ជ​មាន​ក្នុង​សមា​គម បង​ស្រី​ថាច់​ធី​សា​ថា បាន​សមា​គម​សម្ព័ន្ធ​នា​រីសង្កាត់​ង្វៀក​ហ្វា ជូន​បណ្ណ​សរ​សើរ​ដោយ​មាន​ស្នា​ដៃ​ឆ្នើម​ក្នុង​ការ​ចលនា​សមា​គម​នារី​នៅ​ភូមិ​ភាគ។ ការ​ទទួល​ស្គាល់​នេះ​មិន​ត្រឹម​តែ​ជា​កិត្តិ​យស​សម្រាប់​បង​ស្រី​ផ្ទាល់​ប៉ុណ្ណោះ​ទេ ថែម​ទាំង​ជា​ការ​លើក​ទឹក​ចិត្ត​សម្រាប់​បង​ស្រី​បន្ត​ពង្រីក​តួនា​ទី​ឈាន​មុខ​របស់​បក្ខ​ជន រួម​កម្លាំង​កសាង​ចលនា​នារី​កាន់​តែ​រីក​ចម្រើន និង​រួម​ចំ​ណែក​ជាក់​ស្តែង​ដល់​ការ​អភិ​វឌ្ឍ​រួម​របស់​ភូមិ​ភាគ៕

                                                ទីទុយ

ចែករំលែកអត្ថបទ