27/02/2026 - 07:17

កី​ឡា​កា​រិនី​យូដូ​ជន​ជាតិ​ខ្មែរ​ពោរ​ពេញ​ដោយ​ក្តី​សង្ឃឹម​ 

ផ្តើម​ចេញ​ពី​ចំ​ណង់​ចំ​ណូល​ចិត្ត​ សើុង​ធី​រទ្ធា កី​ឡ​កា​រិនី​ជន​ជាតិ​ខ្មែរ កំ​ណើត​នៅ​សង្កាត់​ង្វៀក​ហ្វា ខេត្ត​វិញ​ឡុង បាន​តស៊ូ​ព្យា​យាម​ហាត់​វិញ្ញា​សា​កី​ឡា​យូ​ដូ រហូត​សម្រេច​បាន​ស្នា​ដៃ​គួរ​ឱ្យ​មោ​ទនៈ​ជា​ច្រើន​ក្នុង​ការ​ប្រ​កួត​កី​ឡា​ទូ​ទាំង​ប្រ​ទេស និង​ក្លាយ​ជា​យុវ​វ័យ​ពោរ​ពេញ​ដោយ​ក្តី​សង្ឃឹម​ សម្រាប់​វិស័យ​កី​ឡា​នៅ​ភូមិ​ភាគ។

កី​ឡា​កា​រិនី​ សើុង​ធី​រទ្ធា (រូប​ផ្ដល់​ដោយ​សា​មី​ខ្លួន)។​

សើុង​ធី​រទ្ធា កើត​ឆ្នាំ ២០០៨ ជា​សិស្ស​ថ្នាក់​ទី ១២ នៃ​វិទ្យា​ល័យ​ក្រុង​ត្រា​វិញ (ចាស់) ដែល​បច្ចុប្បន្ន​ជា​ខេត្ត​វិញ​ឡុង។ នាង​ធំ​ដឹង​ក្តី​ក្នុង​គ្រួ​សារ​ខ្មែរ នៅ​អនុ​សង្កាត់ ១៥ (ពី​មុន ជា​ភូមិ​សំ​រោង) សង្កាត់​ង្វៀក​ហ្វា។ នៅ​ឆ្នាំ ២០១៦ ពេល​អា​យុ​ ៨ ឆ្នាំ រទ្ធា បាន​ចាប់​ផ្តើម​ធ្វើ​ការ​ស្វែង​យល់​ពី​វិញ្ញា​សា​កី​ឡា​យូ​ដូ ហើយ​បាន​បង្ហាញ​ពី​ទេព​កោ​សល្យ រហូត​បាន​ជ្រើស​រើស​ចូល​ក្រុម​យុវ​វ័យ​ទេព​កោ​សល្យ​នៃ​ខេត្ត​ត្រា​វិញ (ចាស់)។ រំ​លឹក​អំ​ពី​បុព្វ​ហេតុ​ដែល​ចាប់​យក​កី​ឡា​យូ​ដូ រទ្ធា ឱ្យ​ដឹង៖ “ឃើញ​មិត្ត​ភក្តិ​ដែល​មាន​វ័យ​ស្រ​បាល់​គ្នា​ទៅ​ហាត់​យូ​ដូ ខ្ញុំ​ក៏​មាន​ចិត្ត​ចង់​ដឹង​ចង់​ឃើញ ហើយ​ក៏​សាក​ល្បង​ហាត់​តាម។ ដំ​បូង​លំ​បាក​ណាស់​ដែរ ព្រោះ​មិន​ទាន់​យល់​ដឹង​អ្វី​សោះ​អំ​ពី​វិញ្ញា​សា​នេះ ប៉ុន្តែ​ដោយ​សារ​ការ​ជក់​ចិត្ត​និង​ទទួល​បាន​ការ​ណែ​នាំ​អស់​ចិត្ត​ចិត្ត​ពី​គ្រូ​បង្វឹក ធ្វើ​ឱ្យ​ខ្ញុំ​មាន​ការ​រីក​ចម្រើន​យ៉ាង​រហ័ស”។

ក្នុង​ដំ​ណើរ​ការ​ហ្វឹក​ហាត់ រទ្ធា តែង​ទទួល​បាន​ការ​យក​ចិត្ត​ទុក​ដាក់​និង​គាំ​ទ្រ​ពេញ​ទំ​ហឹង​អំ​ពី​សំ​ណាក់​គ្រួ​សារ។ បង​ស្រី ថាច់​ធី​សា​ថា​ ម្តាយ​របស់​រទ្ធា បាន​ឱ្យ​ដឹង​ថា គ្រួ​សារ​គ្រាន់​តែ​ប្រាថ្នា​ឱ្យ​កូន​ហាត់​ប្រាណ​ដើម្បី​សុខ​ភាព​ប៉ុណ្ណោះ ប៉ុន្តែ​នៅ​ពេល​ឃើញ​កូន​មាន​ទេព​កោ​សល្យ គ្រួ​សារ​តែង​តែ​បង្ក​លក្ខណៈ​ងាយ​ស្រួល​ជូន​ទៅ​ហាត់​និង​លើក​ទឹក​ចិត្ត​ឱ្យ​កូន​ហ្វឹក​ហាត់​ឱ្យ​បាន​ទៀង​ទាត់។ មិន​ត្រឹម​តែ​ហ្វឹក​ហាត់​កី​ឡា​ប៉ុណ្ណោះ​ទេ រទ្ធា​ក៏​រក្សា​បាន​លទ្ធ​ផល​សិក្សា​ល្អ​បង្គួរ និង​ពូ​កែ​ជា​ច្រើន​ឆ្នាំ​ជាប់ៗ​គ្នា។

ដោយ​សារ​ការ​ខិត​ខំ​ប្រឹង​ប្រែង​មិន​ឈប់​ឈរ រទ្ធា បាន​បញ្ជាក់​ពី​សមត្ថ​ភាព​របស់​ខ្លួន​ក្នុង​ព្រឹត្តិ​ការណ៍​ប្រ​កួត​ធំៗ​ជា​បន្ត​បន្ទាប់។ ជា​ច្រើន​ឆ្នាំ​ជាប់ៗ​គ្នា នាង​បាន​ចូល​រួម​ការ​ប្រ​កួត​កី​ឡា​យូ​ដូ​ជើង​ឯក យុវ​វ័យ​ក្នុង​ទូ​ទាំង​ប្រ​ទេស នៅ​ទី​ក្រុង​ដា​ណាំង និង​ទី​ក្រុង​ហ្វេ ដោយ​ដណ្ដើម​បាន​មេ​ដាយ​ប្រាក់ ចំ​នួន ២​គ្រឿង។ ពិ​សេស​ ក្នុង​ការ​ប្រ​កួត​កី​ឡា​យូ​ដូ​ជើង​ឯក​យុវ​វ័យទូ​ទាំង​ប្រ​ទេស​ឆ្នាំ ២០១៩ នៅ​ខណ្ឌ​ទូ​ឌឹក (ទី​ក្រុង​ហូ​ជី​មិញ) រទ្ធា សម្រេច​បាន​លទ្ធ​ផល​យ៉ាង​ឆ្នើម ដោយ​ដណ្ដើម​បាន​មេ​ដាយ​មាស។ បន្ទាប់​មក​ក្នុង​ការ​ប្រ​កួត​កី​ឡា​យូ​ដូ​ជើង​ឯក​យុវ​វ័យ​ទូ​ទាំង​ប្រ​ទេស​ឆ្នាំ ២០២០ ក្នុង​វិញ្ញា​សា​ទម្ងន់​ក្រោម ៣៦ គី​ឡូ​ក្រាម រទ្ធា បាន​បង្ហាញ​នូវ​ទេព​កោ​សល្យ​ដ៏​ល្អ ហើយ​ឈ្នះ​បាន​មេ​ដាយ​មាស​បន្ថែម​ទៀត បន្ទាប់​ពី​យក​ឈ្នះ​គូ ប្រ​កួត​ក្នុង​រយៈ​ពេល​ត្រឹម​តែ​៣០ វិនា​ទី ក្នុង​វគ្គ​ផ្តាច់​ព្រ័ត្រ។ ក្នុង​ដំ​ណាក់​កាល​ឆ្នាំ ២០២៣ -២០២៤ នាង​បន្ត​ទទួល​បាន​មេ​ដាយ​សំរឹទ្ធ​និង​មេ​ដាយ​ប្រាក់ ក្នុង​ការ​ប្រ​កួត​កី​ឡា Kurash ជើង ឯក​យុវ​វ័យ​ទូ​ទាំង​ប្រ​ទេស​លើក​ទី ១ ទោះ​បី​ជា​វិញ្ញា​សា​ថ្មី​ថ្មោង ប៉ុន្តែ​នាង​នៅ​តែ​សម្រប​ខ្លួន​និង​ប្រ​កួត​បាន​យ៉ាង​ល្អ។

តាម​ប្រ​សាសន៍​លោក​ វឿង​ហ្វាង​វឹង គ្រូ​បង្វឹក​ផ្ទាល់ បាន​ឱ្យ​ដឹង​ថា រទ្ធា គឺ​ជា​កី​ឡ​កា​រិនី​ដែល​មាន​ស្មារ​តី​វិន័យ​ខ្ពស់ ឧស្សាហ៍​ព្យា​យាម​ហ្វឹក​ហាត់ និង​ជា​កី​ឡា​កា​រិនី​ពោរ​ពេញ​ដោយ​ក្តី​សង្ឃឹម អាច​លេច​ធ្លោ​នៅ​ពេល​អនា​គត។ នៅ​ឆ្នាំ ២០២៤ ប្អូន​រទ្ធា បាន​ជ្រើស​រើស​ចូល​ក្រុម​ជម្រើស​យុវ​វ័យ​របស់​ខេត្ត​វិញ​ឡុង។ បច្ចុប្បន្ន រទ្ធា កំ​ពុង​ត្រៀម​ខ្លួន​សម្រាប់​ការ​ប្រ​ឡង​សញ្ញា​បត្រ​មធ្យម​សិក្សា​ទុ​តិយ​ភូមិ និង​មាន​បំ​ណង​ចង់​បន្ត​ការ​សិក្សា​ផ្នែក គរុ​កោ​សល្យ ដើម្បី​ចាប់​យក​អា​ជីព​គ្រូ​បង្រៀន ព្រម​ទាំង​ធ្វើ​ឱ្យ​រីក​សាយ​ភាយ​ក្ដី​ស្រ​ឡាញ់​ចំ​ពោះវិ​ស័យ​កី​ឡា ជា​ពិ​សេស​គឺ​វិញ្ញា​សា​កី​ឡា​យូ​ដូ ឱ្យ​យុវ​វ័យ​ជំ​នាន់​ក្រោយ៕

ទីទុយ​ - ថាច់​ធី

ចែករំលែកអត្ថបទ