03/02/2026 - 12:34

អារម្មណ៍កក់ក្តៅពេលបុណ្យចូលឆ្នាំថ្មីមកដល់ 

បុណ្យចូលឆ្នាំថ្មីមកដល់ កាន់តែបញ្ជាក់ច្បាស់ពីប្រពៃណីជួយគ្នា ចែករំលែកសេចក្តីស្រឡាញ់របស់​ប្រ​ជា​ជន​វៀត​ណាម តាមរយៈសកម្មភាពមនុស្សធម៌ ការជូនអំណោយបុណ្យចូលឆ្នាំថ្មីដល់ប្រជាជនក្រីក្រ គ្រួសារគោលនយោបាយនិងនាក់ងាយរងគ្រោះ។ មិនត្រឹមតែឧបត្ថម្ភជាសម្ភារៈ នៅទាំងជាការលើកទឹកចិត្ត ផ្តល់ទំនុកចិត្តដើម្បីគ្រប់គ្នាទទួលអំណរបុណ្យចូលឆ្នាំថ្មីសម្បូរសប្បាយនិងមានអត្ថន័យ។

ជូនអំណោយបុណ្យចូលឆ្នាំវៀតណាមដល់គ្រួសារក្រីក្រលើភូមិឋានឃុំតាយវ៉ាំង។ 

ក្នុងថ្ងៃជិតដល់បុណ្យចូលឆ្នាំវៀតណាម ការងារគិតគូរបុណ្យចូលឆ្នាំថ្មីសម្រាប់ប្រជាជន រួមជាមួយនឹងសកម្មភាពគាំទ្រអំពីសុខុមាលភាពសង្គមលើភូមិឋានទីក្រុងកឹងធើ បានប្រព្រឹត្តទៅយ៉ាងពុះពោរ ប្រកបដោយអត្ថន័យមនុស្សធម៌ និងការចែករំលែកដល់គ្រប់គ្រួសារ ពិសេសគឺគ្រួសារលំបាក អ្នករងគ្រោះដោយជាតិពុលឌីអូស៊ីននិងមនុស្សចាស់គ្មានទីពឹង។ តាមការបញ្ជាក់របស់ប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមឃុំតាយវ៉ាំង អ្នកស្រីហ្វិញញឺអី  ដើម្បីអនុវត្តល្អគោលនយោបាយសុខុមាលភាពសង្គមក្នុងឱកាសបុណ្យចូលឆ្នាំវៀតណាមឆ្នាំនេះ គណៈកម្មាធិការរណសិរ្សមាតុភូមិឃុំ បានសហការជាមួយអង្គការនយោបាយ-សង្គម ខ្នះខ្នែងចលនាសប្បុរសជនបានអំណោយ ៦៥០ចំណែក  សរុបជាទឹកប្រាក់ជាង ៣០០លានដុង។ អំណោយទាំងនោះ រួមមាន អង្ករ គ្រឿងឧបភោគបរិភោគនិងសម្ភារៈប្រើប្រាស់ចាំបាច់រួមចំណែកជួយប្រជាជន សំខាន់គឺគ្រួសារនាក់​រងគ្រោះដោយជាតិពុលឌីអូស៊ីន គ្រួសារក្រីក្រ និងមនុស្សចាស់គ្មានទីពឹង ទទួលអំណរបុណ្យចូលឆ្នាំថ្មីសប្បាយរីករាយ កក់ក្តៅ និងពោរពេញដោយមនុស្សធម៌។ ទទួលអំណោយនៅក្នុងកម្មវិធី លោកយាយលីធីសាអិច (អាយុ៧២ឆ្នាំ) នៅឃុំតាយវ៉ាំង សព្វថ្ងៃគាត់រស់នៅម្នាក់ឯង កូនចៅទៅធ្វើការឆ្ងាយហើយក៏ផ្ញើប្រាក់មកជូនម្ដងម្កាល ព្រោះនៅជាប់ចិញ្ចឹមកូនតូច "បានទទួលអំណោយបុណ្យចូលឆ្នាំថ្មី ខ្ញុំសប្បាយណាស់ មានលក្ខណៈទទួលអំណរបុណ្យចូលឆ្នាំ ជួយសម្រាលបន្ទុកដល់កូនចៅផងដែរ"  លោកយាយបានចែករំលែកដូច្នេះ។

មានស្ថានភាពដូចគ្នា លោកយាយថាច់ធីផល រស់នៅឃុំមីហ៊ឹង ក៏រស់នៅម្នាក់ឯង គ្មានកូនចៅ។ កាលពីមុន ដោយសារស្ថានភាពលំបាក លោកយាយក៏បានភូមិភាគជួយសាងសង់ផ្ទះពីកម្មវិធីទិសដៅជាតិអភិវឌ្ឍសេដ្ឋកិច្ច - សង្គម តំបន់ជនជាតិភាគតិចនិងតំបន់ភ្នំ ដំណាក់កាលទី១ ឆ្នាំ២០២១-២០២៥។ រៀងរាល់ថ្ងៃ លោកយាយស៊ីឈ្នួលធ្វើស្មៅដើម្បីរកចំណូលគិតគូរជីវភាព​ប្រចាំថ្ងៃ ប៉ុន្តែដោយសារអាយុច្រើន សុខភាពខ្សោយ មិនអាចធ្វើការបានទៀតទើបជីវភាពលំបាក។ ទទួលបានអំណោយបុណ្យចូលឆ្នាំថ្មី លោកយាយមានសេចក្តីរីករាយយ៉ាងខ្លាំង។ ពាក្យសម្តីចែករំលែកដ៏សាមញ្ញទាំងនេះ បង្ហាញពីអត្ថន័យដ៏ជ្រាលជ្រៅនៃការងារសុខុមាលភាពសង្គមក្នុងឱកាសបុណ្យចូលឆ្នាំវៀតណាម។ មិនត្រឹមតែជួយពួកគាត់ឆ្លងកាត់ការលំបាកចំពោះមុខប៉ុណ្ណោះទេ នៅថែមទាំងជួយពង្រឹងជំនឿទុកចិត្តរបស់ប្រជាជន ចំពោះការយកចិត្តទុកដាក់របស់គណៈកម្មាធិការបក្សនិងរដ្ឋអំណាចមូលដ្ឋានគ្រប់លំដាប់ថ្នាក់។ លោកស៊ើងសារ៉ាញ់ ប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមឃុំមីហ៊ឹង បានឱ្យដឹង បុណ្យចូលឆ្នាំថ្មីវៀតណាមឆ្នាំនេះ ឃុំមីហ៊ឹងបានរៀបចំនិងចែកជូនអំណោយដល់ប្រជាជនជាង ៨០០ចំណែក។ លោកសង្ឃឹមថា ដោយមានការទុកដាក់របស់រដ្ឋអំណាចនិងសហគមន៍ ក្រុមមុខសញ្ញាដែលងាយរងគ្រោះនិងគ្រួសារលំបាក នឹងបន្តខិតខំប្រឹងប្រែងឆ្លងកាត់ការលំបាកនិងឈានឡើងជីវភាព។

សកម្មភាពជូនអំណោយបុណ្យចូលឆ្នាំវៀតណាមដល់ប្រជាជននៅឃុំមីហ៊ឹង។ 

បុណ្យចូលឆ្នាំថ្មីឈានមកដល់ ស្មារតីចែករំលែកកាន់តែសាយភាយយ៉ាងខ្លាំងក្លា នេះមិនត្រឹមតែជាលក្ខណៈប្រពៃណីដ៏ល្អប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាមូលដ្ឋានគ្រឹះនៃការកសាងសង្គមមនុស្សធម៌ ធ្វើឱ្យមនុស្សគ្រប់រូបមានអារម្មណ៍ទទួលបានការយកចិត្តទុកដាក់និងការរួមដំណើររបស់សង្គម៕

ថាញវ៉ាង - ពេជ្រសឿន

ចែករំលែកអត្ថបទ