អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុងកឹងធើ បានផ្ដល់មតិជាដំណោះស្រាយក្នុងការទាញយកផលផ្សារអណ្តែតកៃរាំង ទាំងយប់ទាំងថ្ងៃ ជំនួសឱ្យការទាញយកផលតែពេលព្រឹកជារៀងរាល់ថ្ងៃដូចពីមុនមក។

អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុងកឹងធើ លោកស្រី ង្វៀងធីង៉ុកឌេប ថ្លែងការណ៍ក្នុងអង្គសន្និបាតបូកសរុបការងារផ្នែកវប្បធម៌ កីឡា និងទេសចរណ៍ រូប÷ ជីក្វឹក
មន្ទីរវប្បធម៌ កីឡា និងទេសចរណ៍ទីក្រុងកឹងធើ បានចាត់តាំងសន្និបាតបូកសរុបការងារវប្បធម៌ កីឡា និងទេសចរណ៍ឆ្នាំ ២០២៥ និងដាក់ចេញទិសដៅ ភារកិច្ចសម្រាប់ឆ្នាំ ២០២៦។
ថ្លែងការណ៍ដឹកនាំអង្គសន្និបាត អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុងកឹងធើ លោកស្រី ង្វៀងធីង៉ុកឌេប បានលើកឡើងនូវទិសដៅមួយចំនួនសម្រាប់ផ្នែកវប្បធម៌ កីឡា និងទេសចរណ៍ក្នុងឆ្នាំ ២០២៦ ក្នុងនោះមានទិសដៅអភិវឌ្ឍន៍ទេសចរណ៍តាមផ្លូវទឹក ដែលជាចំណុចខ្លាំងរបស់ទីក្រុង។
ជាដំបូង ចាំបាច់ត្រូវអង្កេត និងវាយតម្លៃឡើងវិញជើងទេសចរណ៍តាមផ្លូវទឹក ជាពិសេសគឺជើងទេសចរណ៍ទៅកាន់ផ្សារអណ្តែតកៃរាំង។ លោកស្រី ង្វៀងធីង៉ុកឌេប យល់ឃើញថា ជើងទេសចរណ៍ផ្លូវទឹកពីកំពង់និញកេវ ទៅកាន់ផ្សារអណ្តែតកៃរាំង ត្រូវឆ្លងស្ពានចំនួន ៣ កាត់ព្រែកកឹងធើ រួមមានស្ពានក្វាងទ្រុង ហឹងឡើយ និងកៃរាំង។ ខាងក្រោមស្ពានទាំង ៣ នេះ មានលំហរធំទូលាយណាស់ ហេតុនេះដើម្បីអភិវឌ្ឍន៍ទេសចរណ៍ផ្លូវទឹក ចាំបាច់ត្រូវធ្វើឱ្យមានភាពស្រស់ថ្មី លម្អឡើងវិញនៅក្រោមស្ពាន ទើបអាចទាក់ទាញបានភ្ញៀវទេសចរ។
“ផ្សារអណ្តែកទឹកមិនត្រឹមតែទាញយកផលពេលថ្ងៃ គឺនៅពេលព្រឹកប៉ុណ្ណោះ ត្រូវឆ្ពោះទៅរកការទាញយកផលផ្សារអណ្តែតទាំងយប់ទាំងថ្ងៃ។ ដើម្បីធ្វើបានបែបនេះ នៅពេលយប់ក្រោមស្ពានត្រូវតែមានពន្លឺភ្លើងចម្រុះពណ៌ គួរតែតុបតែងរូបភាព រូបថតអំពីទីក្រុង អំពីតំបន់វាលរាបទន្លេគឺវឡុង ដើម្បីនៅពេលភ្ញៀវទេសចរធ្វើដំណើរឆ្លងកាត់ ក៏អាចឈប់ថតរូប នោះគឺជាបណ្តាញផ្សព្វផ្សាយពីផ្សារអណ្តែត។
ផ្នែកវប្បធម៌ក្នុងឆ្នាំ ២០២៦ គប្បីធ្វើសេនាធិការជូនថ្នាក់ដឹកនាំទីក្រុង ដើម្បីអភិវឌ្ឍន៍ទេសចរណ៍ផ្លូវទឹក ជាពិសេសគឺជើងទេសចរណ៍ផ្លូវទឹកពីកំពង់និញកេវ ទៅកាន់ផ្សារអណ្តែតកៃរាំង។ ទន្ទឹមនឹងនោះ ក៏ត្រូវមានផែនការអភិវឌ្ឍន៍ផ្សារអណ្តែកង៉ាណាំ និងង៉ាបៃផងដែរ។
យើងជាទីក្រុងនៃតំបន់ព្រែកទន្លេ សក្ដានុភាពទេសចរណ៍ផ្លូវទឹកនៅមានច្រើនណាស់ ប៉ុន្តែរយៈពេលកន្លងមិនទាន់ទាញយកផលមានប្រសិទ្ធភាពនៅឡើយ។ ចាំបាច់ត្រូវមានផែនការក្នុងឆ្នាំ ២០២៦ ត្រូវធ្វើអ្វី ឆ្នាំ ២០២៧ ត្រូវធ្វើអ្វី ដើម្បីទាញយកសក្ដានុភាពទាំងនេះឱ្យអស់” លោកស្រី ង្វៀងធីង៉ុកឌេប បានផ្ដល់មតិដូច្នេះ។
ក្រៅពីនេះ លោកស្រី ង្វៀងធីង៉ុកឌេប ក៏បានសំណូមពរមន្ទីរវប្បធម៌ កីឡា និងទេសចរណ៍ ធ្វើសេនាធិការជូនទីក្រុងក្នុងការអំពាវនាវវិនិយោគលើវិស័យវប្បធម៌ ដូចជាការសាងសង់រោងមហោ ស្រព និងទីលានសម្រាប់ទីក្រុង។ ជាពិសេស ដើម្បីអភិវឌ្ឍន៍ទេសចរណ៍ទីក្រុង សូម្បីតែសួនច្បារនិញ កេវដែលមានស្រាប់ មន្ទីរត្រូវធ្វើសេនាធិការជូនថ្នាក់ដឹកនាំទីក្រុងក្នុងការកែលម្អ ជួសជុលសួនច្បារ ធ្វើឱ្យទីតាំងទេសចរណ៍ល្បីៗរបស់ទីក្រុងកាន់តែមានភាពស្រស់ស្អាតជាងទៀត។
ឆ្ពោះទៅរកការកសាងកឹងធើជាទីក្រុងនៃពិធីបុណ្យ
ក្រៅពីនេះ លោកស្រី ង្វៀងធីង៉ុកឌេប ក៏បានសំណូមពរមន្ទីរវប្បធម៌ កីឡា និងទេសចរណ៍ ស្នើនូវកម្រិតចាត់តាំងបណ្ដាថ្ងៃបុណ្យ និងទិវាអនុស្សាវរីយ៍នានាក្នុងឆ្នាំ ២០២៦ ដោយរបៀបថ្មី ប្រកបដោយប្រសិទ្ធភាព និងមានឥទ្ធិពលរីកសុសសាយ លើកកម្ពស់គុណភាពនៃការចាត់តាំងពិធីបុណ្យនានា ដើម្បីបង្កើតភាពទាក់ទាញដល់ភ្ញៀវទេសចរក្នុងនិងក្រៅប្រទេស។
ជាពិសេស ត្រូវលើកកម្ពស់គុណភាពនៃបណ្ដាពិធីបុណ្យ ដើម្បីឆ្ពោះទៅរកការកសាងទីក្រុងកឹងធើជាទីក្រុងនៃពិធីបុណ្យ។ តាមប្រសាសន៍លោកស្រី ង្វៀងធីង៉ុកឌេប នេះគឺជាខ្លឹមសារដែលលេខាគណៈកម្មាធិការបក្សទីក្រុងកឹងធើបានរាយការណ៍ជូននាយករដ្ឋមន្ត្រី និងមានកិច្ចចង្អុលការចំពោះផ្នែកវប្បធម៌ កីឡា និងទេសចរណ៍។
ចំពោះទិសដៅទទួលភ្ញៀវទេសចរចំនួន ១១.៤៣០.០០០ នាក់ ដែលមន្ទីរវប្បធម៌ កីឡា និងទេស ចរណ៍បានដាក់ចេញសម្រាប់ឆ្នាំ ២០២៦ លោកស្រី ង្វៀងធីង៉ុកឌេប យល់ឃើញថា ក្នុងឆ្នាំ ២០២៥ ទីក្រុងទាក់ទាញបានភ្ញៀវទេសចរ ១១.១៨៥.០០០ នាក់រួចទៅហើយ ហេតុនេះត្រូវដាក់ទិសដៅចំនួន ១២ លាននាក់ ឬជាង ១២ លាននាក់ ដើម្បីខិតខំប្រឹងប្រែង រួមចំណែកដល់ការកំណើនរបស់ទីក្រុងក្នុងឆ្នាំ ២០២៦៕
ប្រភព÷ tuoitre.vn - សុផន