ក្នុងសហគមន៍ជនជាតិភាគតិចនៅទីក្រុងកឹងធើ កងជួរអ្នកមានប្រិយភាពមិនត្រឹមតែជាគំរូឈានមុខក្នុងការអភិវឌ្ឍសេដ្ឋកិច្ចប៉ុណ្ណោះទេ ពួកគាត់ថែមទាំងជាស្ពានតភ្ជាប់ដ៏សំខាន់ក្នុងការនាំយកនូវគោលការណ៍របស់បក្ស និងគោលនយោបាយរបស់រដ្ឋចូលក្នុងជីវភាព រួមចំណែកថែរក្សាអត្តសញ្ញាណវប្បធម៌ និងពង្រឹងផែនមហាសាមគ្គីទូទាំងជនជាតិទៀតផង។

លោកលីតូង (ខាងស្តាំ) អ្នកមានប្រិយភាពនៅមណ្ឌល ១៥ សង្កាត់អូរម៉ូង។
ក្នុងនាមជាអ្នកមានប្រិយភាពក្នុងតំបន់ជនជាតិភាគតិចជាង ១៥ ឆ្នាំបន្តបន្ទាប់ លោក លីតូង នៅមណ្ឌល ១៥ សង្កាត់អូរម៉ូង (កើតឆ្នាំ ១៩៤៧) ដែលជាប្រធានគណៈកម្មការវត្តសង្វរពោធិញ្ញាណ តែងពង្រីកយ៉ាងល្អនូវតួនាទីរបស់ខ្លួន។ លោកមិនត្រឹមតែខ្នះខ្នែងចលនាពុទ្ធបរិស័ទឱ្យថែរក្សាទំនៀមទម្លាប់ ភាសា អក្សរសាស្ត្រ និងពិធីបុណ្យប្រពៃណីប៉ុណ្ណោះទេ ថែមទាំងជាស្នូលក្នុងការផ្សព្វផ្សាយនូវគោលការណ៍ គោលមាគ៌ារបស់បក្ស និងច្បាប់របស់រដ្ឋផងដែរ។
លោកលីតូង ឱ្យដឹង៖ “ខ្ញុំតែងតាំងចិត្តថា ខ្លួនត្រូវតែប្រឹងប្រែងធ្វើជាគំរូ ដើម្បីចលនាមាមីងពុទ្ធបរិស័ទសាមគ្គីគ្នា យកចិត្តទុកដាក់ពលកម្មផលិត និងថែរក្សាអត្តសញ្ញាណវប្បធម៌ជនជាតិ។ នៅពេលភូមិស្រុកស្រុះចិត្តគំនិតគ្នា នោះជីវភាពសម្ភារៈ និងស្មារតីរបស់មាមីងនឹងកាន់តែបានស្ថិរភាពនិងលើកកម្ពស់ជាពុំខាន”។
ក៏ជាបុគ្គលគំរូមួយរូបដែរ លោកយឿងស៊ីឋាន នៅភូមិប្រឡាយទឹក ឃុំញ៉ូយ៉ា (អតីតអនុប្រធានគណៈកម្មាធិការប្រជាជនឃុំថាញ់ភូចាស់) ជាមួយបទពិសោធន៍ជាកម្មាភិបាលចូលនិវត្តន៍ បក្ខជននិងជាប្រធានគណៈកម្មការវត្តព្រែកអណ្តើក លោកតែងយកចិត្តទុកដាក់កសាងទំនាក់ទំនង ជិតស្និទ្ធរវាងព្រះសង្ឃ ពុទ្ធបរិស័ទ និងប្រជាជន។ អាស្រ័យលើប្រិយភាពនិងស្មារតីទទួលខុសត្រូវខ្ពស់ រាល់សកម្មភាពប្រតិបត្តិសាសនាក្នុងវត្តកាន់តែមានរបៀបរៀបរយ។ រយៈពេលជាង ១០ ឆ្នាំ មកនេះ លោកថែមទាំងចូលរួមបង្ហាត់បង្រៀន ពុទ្ធិកបឋមសិក្សាដល់ព្រះសង្ឃក្នុងវត្ត។ ទន្ទឹមនឹងនោះ នៅរាល់ថ្ងៃសីល លោកតែងចលនាមាមីងពុទ្ធបរិស័ទឱ្យអនុវត្តតាមគោលមាគ៌ា គោលនយោបាយរបស់បក្ស រដ្ឋ និងរក្សាសន្តិសុខសណ្តាប់ធ្នាប់នៅភូមិភាគ។
លោកយឿងស៊ីឋាន បានឱ្យដឹង ក្តីរីករាយដ៏ធំបំផុតរបស់លោក គឺបានឃើញមាមីងប្រឹងប្រែងពលកម្មផលិត និងរួមវិភាគទានកសាងវត្តអារាមឱ្យកាន់តែមានសោភណភាព។ ចំពោះលោកនេះ មិនត្រឹមតែជាគ្រឹះដ៏សំខាន់របស់ព្រះពុទ្ធសាសនាប៉ុណ្ណោះទេ ថែមទាំងជាការទទួលខុសត្រូវរបស់អ្នកមានប្រិយភាពម្នាក់នៅភូមិភាគផងដែរ។
ជាមួយនឹងការរួមចំណែកជាច្រើនក្នុងកិច្ចការជនជាតិនិងសាសនា លោកបានរដ្ឋអំណាចភូមិភាគគ្រប់លំដាប់ថ្នាក់ជូនប័ណ្ណសរសើរនិងលិខិតសរសើរជាច្រើន។
លោកង្វៀងក្វឹកហ៊ឹង អនុប្រធានគណៈកម្មាធិការប្រជាជនឃុំញ៉ូយ៉ា មានប្រសាសន៍៖ អ្នកមានប្រិយភាពក្នុងចំណោមជនជាតិភាគតិច បានរួមចំណែកបង្កភាពផុសផុលជាវិជ្ជមានក្នុងសហគមន៍។ តាមរយៈសកម្មភាពជាក់ស្តែង ពួកគាត់បានជួយរដ្ឋអំណាចភូមិភាគក្តាប់បានទាន់ពេលនូវបំណងប្រាថ្នារបស់មាមីង។ នេះគឺជាកម្លាំងដ៏សំខាន់ជំនួយរដ្ឋអំណាចមូលដ្ឋាន ក្នុងការកសាងភូមិឋានឱ្យមានស្ថិរភាពនិងអភិវឌ្ឍន៍ប្រកបដោយចីរភាព៕
វឌ្ឍា-ថាច់ធី