“ពេលឃើញមាមីងសប្បាយរីករាយ ស្រុះស្រួលចាប់ដៃគ្នាឡើងវិញ ឈប់ខឹងសម្បា ចងគំនុំ ទាស់ទែងគ្នា ខ្ញុំមានអារម្មណ៍សុភមង្គលក្រៃលែងមិនអាចពណ៌នាបានឡើយ!” ពូយ័ញហឿង ប្រធានក្រុមសម្រុះសម្រួលនៅភូមិព្រែកឈ្វេង ឃុំញូយ៉ា ទីក្រុងកឹងធើ បានឱ្យដឹងដូច្នេះ។
.jpg)
ពូយ័ញហឿង (ខាងស្តាំ) ចែករំលែកអំពីការងារសម្រុះសម្រួលនៅមូលដ្ឋាន។
ឆ្នាំនេះ ពូយ័ញហឿង មានអាយុ ៦៥ ឆ្នាំ បានមាមីងគោរពរាប់អាន ពីព្រោះគាត់មានចរិតស្លូតបូត។ មាមីងក្នុងភូមិតែងចាត់ទុកគាត់ជាអ្នកសម្រុះសម្រួលស្មោះត្រង់ មានទឹកមុខស្លូតបូត ពេលណាក៏រូតរះដើរចលនា ដាស់តឿនមាមីង “មានការអត់ឱន” ដើម្បីរក្សាចំណងមិត្តភាពភូមិផងរបងជាមួយគ្នា។
ពីមុន រៀងរាល់ឆ្នាំ ក្រុមសម្រុះសម្រួលភូមិព្រែកឈ្វេង ទទួលបានលិខិតប្តឹងតវ៉ាប្រមាណ២០ ករណី ភាគច្រើនគឺទំនាស់ដីធ្លី ប៉ុន្តែក្នុងឆ្នាំ ២០២៥ ទទួលបានតែ៣លិខិតប៉ុណ្ណោះ អត្រាសម្រុះសម្រួលជោគជ័យ ១០០%។ ពេលទទួលលិខិត ពូហឿង តែងចុះទៅពិនិត្យបញ្ជាក់ភ្លាមៗ រួចស្វែងយល់ពីមូលហេតុទំនាស់និងស្តាប់យោបល់ភាគីទាំងសងខាង។ ចំពោះករណីធម្មតា គាត់ម្ចាស់ការប្រជុំក្រុមសម្រុះសម្រួល ឯកភាពទិសដៅដោះស្រាយមុនពេលអញ្ជើញភាគីទាំងឡាយមកពិភាក្សា ចៀសវាងស្ថានភាព “និយាយមិនស្ដាប់គ្នា”។ ចំពោះករណីស្មុគស្មាញ គាត់រាយការណ៍ជូនរដ្ឋអំណាចថ្នាក់លើដើម្បីជំនួយបានទាន់ពេល មិនទុកឱ្យប្រជាជនទន្ទឹងរង់ចាំយូរឡើយ។ ចំពោះទំនាស់ក្នុងវង្សត្រកូល គាត់តែងពឹងពាក់អ្នកមានប្រិយភាពចូលរួមជាមួយ ដើម្បីរួមចំណែកបញ្ចុះបញ្ចូលបន្ថែម។
តាមប្រសាសន៍ពូហឿង ក្នុងនាមជាអ្នកសម្រុះសម្រួល ត្រូវតែទន់ភ្លន់ តស៊ូអត់ធ្មត់ និងមិនលម្អៀង។ ទន្ទឹមនឹងនោះ ត្រូវចេះលើកយកទំនៀមទម្លាប់របស់ភូមិភាគ ចំណេះដឹងអំពីច្បាប់ដែលជាប់ពាក់ព័ន្ធដើម្បីចលនាបញ្ចុះបញ្ចូល។ ពូហឿង ឱ្យដឹង៖ “នៅភូមិព្រែកឈ្វេង មានជនរួមជាតិខ្មែររស់នៅប្រមាណ ៩៧% ពួកគាត់រស់នៅស្លូតបូត ស្មោះត្រង់ណាស់ ឱ្យតម្លៃពាក្យពិត ជាសំខាន់និងតែងទៅវត្តគោរពព្រះពុទ្ធសាសនា ម្ល៉ោះហើយឱ្យតែអ្នកនិយាយត្រូវ គឺមាមីងតែងស្តាប់តាម”។
តាមប្រសាសន៍របស់គាត់ ទំនាស់គឺជាប្រការមួយមិនអាចចៀសផុតក្នុងការរស់នៅ បំផុតគឺពេលខឹងក្រោធ ហើយពេលខ្លះរឹងរូស មានៈ។ ព្រោះ ហេតុនោះ អ្នកសម្រុះសម្រួលមិនត្រូវអាក់អន់ចិត្ត តែគួរចេះអធ្យាស្រ័យនិងយោគយល់។ ដោយសារក្តាប់ច្បាស់ពីចរិតរបស់ម្នាក់ៗ ទើបពូហឿង មានវិធីសាស្រ្តកៀកជិតសមស្រប ដើម្បី “សម្រុះសម្រួល” រាល់បញ្ហាជំពាក់ជំពិនបានជោគជ័យ រក្សាភាពសុខសាន្តក្នុងភូមិស្រុក។ មានករណីខ្លះ គាត់ត្រូវចុះទៅដល់ផ្ទះព្យាយាមចលនារាប់សិបដង ទើបភាគីទាំងសងខាងឯកភាព។
ពេលយើងខ្ញុំសាកសួរ ពូហឿង ឱ្យដឹងដោយរីករាយ៖ “ឥឡូវកូនចៅធំអស់ហើយ និងមានការងារធ្វើលំនឹង ប្តីប្រពន្ធខ្ញុំចាស់មិនខ្វល់ច្រើន។ ក្រៅពីនោះ ខ្ញុំចង់ធ្វើរឿងមានប្រយោជន៍ជូនសង្គម ជូនមាមីងក្នុងភូមិស្រុក ហើយការងារសម្រុះសម្រួលមានអត្ថន័យណាស់។ ខ្ញុំនឹងខិតខំផ្សារភ្ជាប់ការងារនេះដរាបណាសុខភាពធ្វើលែងរួច ហើយសន្យាថានឹងប្រឹងប្រែងជាងទៀត ដើម្បីអនុវត្តតួនាទីជាអ្នកសម្រុះសម្រួលនៅមូលដ្ឋានបានល្អប្រសើរ”។
ជាង ១៣ ឆ្នាំ ក្នុងតួនាទីជាអ្នកសម្រុះសម្រួលនៅមូលដ្ឋាន និងដោយទឹកចិត្តដើម្បីមាមីងក្នុងភូមិស្រុក ពូយ័ញហឿង បានពូនជ្រំមនោសញ្ចេតនារវាងអ្នកភូមិផងរបងជាមួយគ្នា រួមចំណែករក្សាលំនឹងសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពសង្គមរបស់ភូមិភាគ៕
សើុមម៉ាយ-វិមាន