ដោយកំណត់ច្បាស់ការឧបត្ថម្ភប្រជាជន “មានផ្ទះសម្បែងនិងការងារធ្វើលំនឹង” ជាភារកិច្ចមួយដ៏សំខាន់ ម្ល៉ោះហើយឃុំតាយវុាំង ទីក្រុងកឹងធើ បានផ្សព្វផ្សាយមានប្រសិទ្ធភាពនូវកម្មវិធីឧបត្ថម្ភលំនៅឋាន រួមចំណែកជួយគ្រួសារក្រីក្រលំនឹងជីវភាព និងឈានឡើងចាកផុតពីភាពក្រីក្រដោយចីរភាព។

ពិធីប្រគល់ជូនផ្ទះតាមកម្មវិធីបំបាត់ផ្ទះបណ្តោះអាសន្ន ផ្ទះទ្រុឌទ្រោម
សម្រាប់គ្រួសារគោលនយោបាយ។
ជាឃុំមានជនជាតិភាគតិចជិត ៨០% ច្រើនឆ្នាំមកនេះ ឆ្លងតាមរយៈកម្មវិធីទិសដៅជាតិអភិវឌ្ឍសេដ្ឋកិច្ច - សង្គមនៅតំបន់ជនជាតិភាគតិចនិងតំបន់ភ្នំ ដំណាក់កាល ២០២១ -២០២៥ ឃុំតាយវុាំង បានឧបត្ថម្ភសង់លំនៅឋានដល់ ១៦៧ គ្រួសារនិងផ្តល់ដីសង់លំនៅឋាន ១១ គ្រួសារ សរុបថវិកាជិត ៨ ពាន់លានដុង។ ផ្ទះថ្មីទាំងនេះបានសាងសង់រឹងមាំ ធានាសុវត្ថិភាព ធ្វើឱ្យប្រជាជនលំនឹងចិត្តពលកម្មផលិត។
ទម្ទឹមនឹងនោះ នៅចុងឆ្នាំ ២០២៤ និងដើមឆ្នាំ ២០២៥ អនុវត្តតាមបទបញ្ជាលេខ ៤២/CT-TTg របស់នាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាល ស្តីពីការជំរុញការងារផ្សព្វផ្សាយបំបាត់ផ្ទះបណ្តោះអាសន្ន ផ្ទះទ្រុឌទ្រោម បាននាំមកប្រសិទ្ធភាពជាក់ស្តែង ខណៈពេលជួយឧបត្ថម្ភសាងសង់ផ្ទះថ្មី ២៥៣ ខ្នង ជូនគ្រួសារគោលនយោបាយ គ្រួសារក្រីក្រ និងគ្រួសារក្បែរក្រលើភូមិឋាន។ នៅភូមិតាដោក គិតត្រឹមតែដើមឆ្នាំ ២០២៥ បានប្រគល់ជូនផ្ទះ ៥ ខ្នងដល់គ្រួសារក្រីក្រ និងក្បែរក្រ ក្នុងនោះ មានគ្រួសារអ្នកមីងត្រឹងធីសារ៉េន ជាគ្រួសារគំរូមួយក្នុងចំណោមគ្រួសារគំរូជាច្រើនឆ្លងកាត់ការលំបាក ឈានឡើងក្នុងជីវភាព។
មីងត្រឹងធីសារ៉េន ចែករំលែក៖ “ពីមុន ផ្ទះចាស់របស់គ្រួសារខ្ញុំមានភាពទ្រុឌទ្រោម រាល់ពេលមានភ្លៀងខ្យល់ម្ដងៗខ្ញុំបារម្ភណាស់។ ឥឡូវនេះ ទទួលបានថ្ទះថ្មីរឹងមាំ ខ្ញុំត្រេកអរយ៉ាងក្រៃលែង។ នេះជាការលើកទឹកចិត្តដ៏ធំជួយគ្រួសារខ្ញុំកាន់តែមានភាពជឿជាក់និងខិតខំឈានឡើងក្នុងជីវភាព”។
ការឧបត្ថម្ភលំនៅឋាន មិនត្រឹមតែជួយជនជាតិភាគតិចលំនឹងការរស់នៅ និងស្ងប់អារម្មណ៍ប្រកបការងាររកស៊ីប៉ុណ្ណោះទេ ថែមទាំងបង្កលក្ខណៈងាយស្រួលដល់ការអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារទៀតផង។ មានផ្ទះរឹងមាំនៅ ទើបគ្រួសារជាច្រើនស្ងប់អារម្មណ៍វិនិយោគទៅលើការផលិត ជាជំហានបង្កើនប្រាក់ចំណូលនិងកែលម្អជីវភាព។ អាស្រ័យហេតុនោះ ក្រោយរយៈពេលត្រឹមតែ ៥ ឆ្នាំប៉ុណ្ណោះ ចំនួនគ្រួសារក្រីក្រនៅភូមិភាគបានថយចុះពី ៤៥៣ គ្រួសារ នៅត្រឹម ៤៤ គ្រួសារ ស្រូបអត្រា០,៨០% គិតជាមធ្យមភាគរៀងរាល់ឆ្នាំថយចុះ២,៣១%។
លោកង្វៀងវុាំងយែ អនុប្រធានគណៈកម្មាធិការប្រជាជនឃុំតាយវុាំង ឱ្យដឹង៖ “បន្ទាប់ពីពិនិត្យឡើងវិញស្ថានភាពជាក់ស្តែង ឃុំបានដាក់សំណើទាន់ពេលនិងសហការផ្សព្វផ្សាយនូវកម្មវិធី ឧបត្ថម្ភចំមុខសញ្ញានិងតម្រូវការ។ អាស្រ័យហេតុនេះ មិនត្រឹមតែជួយប្រជាជនមានកន្លែងរស់នៅលំនឹងប៉ុណ្ណោះទេ ថែមទាំងបង្កលក្ខណៈសម្រាប់ពួកគាត់អភិវឌ្ឍការផលិត និងជាជំហានឈានឡើងចាកផុតពីភាពក្រីក្រ។ ទន្ទឹមនឹងនោះ យើងខ្ញុំនៅទាំងគួបផ្សំដោះស្រាយការងារធ្វើជូនប្រជាជនទៀតផង។ មកទល់បច្ចុប្បន្ន ឃុំបានដោះស្រាយការងារធ្វើជូនពលករជាង ២.៤៩០ នាក់ ធ្វើការបណ្តុះបណ្តាលមុខរបរជូនពលករជាង ១.០៥៧ នាក់ មានពលករ២៥នាក់បានចុះកិច្ចសន្យាទៅធ្វើការមានរយៈពេលកំណត់នៅក្រៅប្រទេស។ ជាមួយនឹងលទ្ធផលទាំងនេះ បានរួមចំណែកយ៉ាងសំខាន់ក្នុងការបង្កើនប្រាក់ចំណូល កែលម្អជីវភាពនិងជំរុញការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមនៅភូមិភាគ៕
ហុងទើ - ថាច់ធី