ទីក្រុងកឹងធើ គឺជាភូមិភាគមួយនៅតំបន់ណាមបូមានវត្តខ្មែរជាច្រើនសម្រាប់ជនជាតិខ្មែរ វត្តអារាមគឺជាកន្លែងគោរពសាសនាផង ជាមជ្ឈមណ្ឌលសកម្មភាពវប្បធម៌របស់សហគមន៍ផង។ បច្ចុប្បន្ន មានវត្តខ្មែរល្បីៗជាច្រើនបានក្លាយជាចំណុចលេចធ្លោក្នុងការអភិវឌ្ឍទេសចរណ៍បែបសាសនា ទាក់ទាញភ្ញៀវទេសចររាប់ពាន់លើកនាក់មកទស្សនា។



សំណង់ស្ថាបត្យកម្មបុរាណនៅវត្តស្រឡូង។
តាមមន្ទីរវប្បធម៌ កីឡានិងទេសចរណ៍ ទីក្រុងកឹងធើ ឧត្តមភាពក្នុងការអភិវឌ្ឍទេសចរណ៍បែបសាសនា គឺទីក្រុងមានវត្តខ្មែរជាច្រើនមានស្ថាបត្យកម្មវប្បធម៌ល្អប្រណីត ហេតុនោះ បានទាក់ទាញភ្ញៀវទេសចរទាំងក្នុង និងក្រៅប្រទេសមកទស្សនា។ មានវត្តល្បីៗជាច្រើន ដូចជា៖ វត្តមហាទប់ វត្តស្រឡូង វត្តព្រះបួនព្រះភក្រ្ត វត្តសិរីតាម៉ឺន។ល។ ពិសេសវត្តបទុមវង្សាសំរោង នៅសង្កាត់សុកត្រាំង បានក្លាយជាកន្លែងមានការស្វែងរកច្រើនជាងគេ។ ចំណុចលេចធ្លោរបស់វត្តគឺមានព្រះពុទ្ធរូបទ្រង់បរិនិព្វាន មានប្រវែង ៦៣ ម៉ែត្រ កម្ពស់២២,៥ម៉ែត្រ កសាងលើបល្លង្កមានកម្ពស់ប្រមាណ២៨ម៉ែត្រ បើធៀបនឹងផ្ទៃដី និងសំណង់ស្ថាបត្យកម្មដ៏ល្អ ឥតខ្ចោះនេះ បានបន្សល់នូវចំណាប់អារម្មណ៍សម្រាប់ភ្ញៀវទេសចរ។ ក្រៅពីនោះ វត្តមានមណ្ឌលតាំងបង្ហាញសម្លៀកបំពាក់ខ្មែរ ដើម្បីឱ្យភ្ញៀវទេសចរសាកល្បងស្លៀកពាក់សម្លៀកបំពាក់របស់ជនរួមជាតិខ្មែរ ចាប់ពីសម្លៀកបំពាក់សកម្មភាពប្រចាំថ្ងៃ ទៅវត្ត បុណ្យទាន និងពិធីរៀបការជាដើម។ ព្រះតេជព្រះគុណឡឹមប៊ិញថាញ ព្រះចៅអធិការរងវត្តសំរោង មានថេរដីកា៖ “បច្ចុប្បន្ន នៅថ្ងៃចុងសប្តាហ៍ និងថ្ងៃបុណ្យធំៗ វត្តទទួលភ្ញៀវរាប់ពាន់នាក់ទាំងក្នុងនិងក្រៅប្រទេស។ ភ្ញៀវទេសចរមកវត្តមិនត្រឹមតែគោរពបូជាព្រះពុទ្ធរូបអង្គធំប៉ុណ្ណោះទេ ថែមទាំងសាកល្បងស្លៀកពាក់ សម្លៀកបំពាក់ខ្មែរដើម្បីថតរូបអនុស្សាវរីយ៍ទៀតផង។ ហេតុនោះ ភ្ញៀវទេសចរមកវត្តបានទស្សនា ស្ថាបត្យកម្មដ៏ល្អប្រណីតរបស់វត្តផង និងដឹងបន្ថែមអំពីសម្លៀកបំពាក់ប្រពៃណីខ្មែរផង រួមចំណែកផ្សព្វផ្សាយនូវតម្លៃវប្បធម៌របស់ជនជាតិខ្មែរ”។
បងស្រីង្វៀងធីធូត្រាង ភ្ញៀវទេសចរមកពីហាណូយមកទស្សនានៅវត្តសំរោង ឱ្យដឹង៖ “វត្តសំរោងស្អាតណាស់ មានស្ថាបត្យកម្មសម័យទំនើបបូកផ្សំនឹងសម័យបុរាណ បង្កើតជាលក្ខណៈវប្បធម៌ល្អឥតខ្ចោះ ដែលវត្តផ្សេងៗទៀតមិនមាន។ ពិសេស ខ្ញុំមកវត្តថែមទាំងបានស្លៀក ពាក់សម្លៀកបំពាក់ប្រពៃណីខ្មែរ ដើម្បីថតរូបអនុស្សាវរីយ៍ទៀតផង។ នេះពិតជាដំណើរទេសចរណ៍ដែលខ្ញុំចូលចិត្តបំផុត និងគួរឱ្យចងចាំពេលមកវត្តខ្មែរនៅទីក្រុងកឹងធើ”។
ដោយមានការរួមដំណើររបស់រដ្ឋអំណាច ការវិនិយោគរបស់វត្តនានានិងតម្រូវការឆ្លងកាត់បទពិសោធន៍វប្បធម៌កាន់តែកើនឡើង ដូច្នេះវត្តខ្មែរនៅទីក្រុងកឹងធើ កំពុងជាចំណុចលេចធ្លោជំរុញការអភិវឌ្ឍទេសចរណ៍បែបសាសនា។ តាមការវាយតម្លៃរបស់បណ្ឌិតផាងហ្វិញអាញ សមាជិកក្រុមប្រឹក្សាពិគ្រោះជំនួយផ្តើមអាជីពជាតិនៅភាគខាងត្បូង បច្ចុប្បន្ន ទីក្រុងកឹងធើនៅមានវត្តខ្មែរជាច្រើនទៀតកំពុងវិនិយោគកសាងយ៉ាងសមរម្យដែលទាក់ទាញភ្ញៀវទេសចរទាំងក្នុងនិងក្រៅប្រទេស ដូចជា៖ វត្តសិរីតាម៉ឺន (ឃុំលីវទូ) វត្តសិរីកណ្តាល (សង្កាត់វិញភឿក) វត្តព្រះបួនព្រះភក្រ្ត (ឃុំអាងនិញ)។ល។ ដើម្បីផ្នែកទេសចរណ៍ទីក្រុងកឹងធើកាន់តែអភិវឌ្ឍ គឺគប្បីអភិរក្សកេរដំណែលសិល្បៈ សម្លៀកបំពាក់ប្រពៃណី; គួបផ្សំនឹងការចាត់តាំងពិធីបុណ្យ និងអភិវឌ្ឍទេសចរណ៍ឆ្លងកាត់បទពិសោធន៍ ផ្សារភ្ជាប់ជាមួយលក្ខណៈវប្បធម៌ពិសេសរបស់ជនជាតិខ្មែរ។ នេះគឺជាទិសដៅផ្សព្វផ្សាយវប្បធម៌ប្រពៃណីផង និងបង្កើតជាមុខរបរចិញ្ចឹមជីវិតជូនប្រជាជនផង៕
យ្វីអាញ- ប្រែសម្រួល៖ វិមាន