មហាសាមគ្គីជនជាតិ ភូមិស្រុកផ្លាស់ថ្មី

01/10/2025 - 08:30

កសិករ​ចាក​ផុត​ពី​ភាព​ក្រី​ក្រ​ដោយ​សារ​ទម្រង់​ចិញ្ចឹម​អន្ទង់​មិន​ប្រើ​ភក់​ 

ប៉ុន្មាន​ឆ្នាំ​មក​នេះ​ នៅ​ឃុំ​វិញ​ហាយ ក្រុង​កឹង​ធើ ទម្រង់​ចិញ្ចឹម​អន្ទង់​ មិន​ប្រើ​ភក់​ក្នុង​អាង​ស៊ី​ម៉ងត៍​កំ​ពុង​ក្លាយ​ជា​ទិស​ដៅ​ថ្មី​ នាំ​មក​នូវ​ប្រ​សិទ្ធ​ភាព​សេដ្ឋ​កិច្ច​ខ្ពស់​ ជួយ​គ្រួ​សារ​កសិ​ករ​ជា​ច្រើន​ឈាន​ឡើង​ចាក​ផុត​ពី​ភាព​ក្រី​ក្រ លំ​នឹង​ជីវ​ភាព។​

ទម្រង់​ចិញ្ចឹម​កន្ធាយ​របស់​បង​ថាច់​ផា​លិញ។​

ជា​មួយ​នឹង​ឆន្ទៈ​ឈាន​ឡើង​ចាក​ផុត​ពី​ភាព​ក្រី​ក្រ និង​ធ្វើ​មាន​នៅ​លើ​ដី​កំ​ណើត​ ឆ្នាំ​ ២០២១ បន្ទាប់​ពី​ត្រ​ឡប់​មក​ពី​ខេត្ត​ប៊ិញយឿង បង​ថាច់​ផា​លិញ នៅ​ភូមិ​វិញ​ថាញ់​B ឃុំ​វិញ​ហាយ ទី​ក្រុង​កឹង​ធើ ចាប់​ផ្តើម​ស្រាវ​ជ្រាវ​ ស្វែង​យល់​លើ​បណ្តាញ​ និង​ទៅ​ទស្សនា​ទម្រង់​ចិញ្ចឹម​អន្ទង់​នៅ​បាក​លីវ។​ ផ្តើម​ពី​នោះ​ គាត់​មាន​គំ​និត​ចិញ្ចឹម​អន្ទង់​ មិន​ប្រើ​ភក់​ក្នុង​អាង​ស៊ី​ម៉ងត៍ និង​ប្រើ​ប្រាស់​ប្រ​ព័ន្ធ​បូម​ទឹក​ស្វ័យ​ប្រ​វត្តិ។​ ដំ​បូង​ឡើយ​ គាត់​ធ្វើ​តែ​៦​អាង​ ហើយ​អា​ង​នី​មួយ​ៗ​មាន​ផ្ទៃ​ដី​ពី​៦-១០​ម៉ែត្រ​កា​រ៉េ​ ប៉ុន្តែ​ដោយ​សារ​ខ្វះ​បទ​ពិសោធន៍ ទើប​ឆ្នាំ​ដំ​បូង​ប្រ​សិទ្ធ​ភាព​មិន​ខ្ពស់។​ ដក​បទ​ពិ​សោធន៍​ពី​ការ​ចិញ្ចឹម​លើក​មុន​ ឆ្នាំ​ក្រោយ​ៗ​ទម្រង់​ចិញ្ចឹម​អន្ទង់​របស់​បង​ នាំ​មក​ប្រ​សិទ្ធ​ភាព​ជាក់​ស្តែង។​ ផ្តើម​ពី​៦​អាង​ដំ​បូង​ ឥឡូវ​គាត់​បាន​ពង្រីក​ប​ន្ថែម​៦​អាង​ទៀត​ ដោយ​មាន​អន្ទង់​ប្រ​មាណ​៥.០០០​ក្បាល​ក្នុង​មួយ​អាង។​

តាម​ប្រ​សាសន៍​បង​ថាច់​ផា​លិញ អន្ទង់​ជា​ប្រ​ភេទ​សត្វ​ស្បែក​រអិល ងាយ​រលាត់​ស្បែក​ ហេតុ​នោះ​ ពេល​ចិញ្ចឹម​ក្នុង​អាង​ស៊ី​ម៉ងត៍​ត្រូវ​ធា​នា​ផ្ទៃ​ខាង​ក្នុង​អាង​រលីង​រលោង​ជា​និច្ច។​ លើស​ពី​នេះ​ អន្ទង់​មាន​លក្ខណៈ​ចូល​ចិត្ត​លាក់​ខ្លួន​ រស់​ត្រ​សុល ដូច្នេះ​គាត់​ជ្រើស​ទីជម្រក​ដោយ​សំ​ណាញ់​ទន់។​ ជា​មួយ​នឹង​ទម្រង់​ចិញ្ចឹម​នេះ​ អន្ទង់​កើន​ទម្ងន់​រហ័ស​ ហើយ​ងាយ​សង្កេត​ដំ​ណើរ​ធំ​ធាត់​របស់​វា​ទៀត​ផង។​ បង​លិញ ឱ្យ​ដឹង៖ “ចិញ្ចឹម​អន្ទង់​មិន​ប្រើ​ភក់​ក្នុង​អាង​ស៊ី​ម៉ងត៍​មាន​គុណ​សម្បត្តិ​ងាយ​គ្រប់​គ្រង​ប្រ​ភព​ទឹក​ បន្ថយ​ជំ​ងឺ​តម្កាត់​ បន្ថយ​អត្រា​ខូច​ខាត​និង​គ្រប់​គ្រង​បាន​ល្អ​តាំង​ពី​គុណ​ភាព​កូន​ពូជ​និង​ចំ​ណី។​ អ្នក​ចិញ្ចឹម​គ្រាន់​តែ​វិនិ​យោគ​អាង​​ស៊ី​ម៉ងត៍​ជា​មួយ​នឹង​ផ្ទៃ​ដី​សម​ស្រប​ មាន​ប្រ​ភព​ទឹក​ស្អាត​ និង​គោ​រព​តាម​បច្ចេក​ទេស​ត្រឹម​ត្រូវ​ នោះ​អន្ទង់​ឆាប់​ធំ​ ផ្តល់​ទិន្ន​ផល​និង​ប្រាក់​ចំ​ណេញ​ខ្ពស់”។​

ទម្រង់​ចិញ្ចឹម​អន្ទង់​របស់​បង​ថាច់​ផា​លិញ។​ រូប​ថត​៖ ហុង​ទើ

បច្ចុប្បន្ន​ បង​លិញ​ចិញ្ចឹម​ ១២ អាង​សរុប​ចំ​នួន​ ៦០​.០០០​ក្បាល។​ ប្រាំ​មួយ​អាង​មុន​ចិញ្ចឹម​បាន​៦​ខែ​ហើយ​ ប្រ​មាណ​៥​ខែ​ទៀត​អាច​លក់​ចេញ​ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​វៀត​ណាម​ដែល​ជា​ដំ​ណាក់​កាល​លក់​បាន​តម្លៃ​ខ្ពស់។​ រដូវ​កន្លង​ហើយ​ គាត់​ចិញ្ចឹម​ ២៧​.០០០ ក្បាល​ ប្រ​មូល​ផល​បាន​ជិត​៤​តោន​ តម្លៃ​លក់​ពី​៨៥​.០០០ - ១១០​.០០០​ដុង​ ក្នុង​មួយ​គីឡូ​ក្រាម​ទៅ​តាម​ទំ​ហំ​អន្ទង់។​ ក្រោយ​ពី​ទូទាត់​រួច​ស្រេច​នៅ​ចំ​ណេញ​បាន​ជាង​១០០​លាន​ដុង។​ អា​ស្រ័យ​ហេតុ​នោះ​ ប្រាក់​ចំ​ណូល​របស់​គ្រួ​សារ​កាន់​តែ​លំ​នឹង​ សង់​បាន​ផ្ទះ​សម​រម្យ​ គិត​គូរ​ឱ្យ​កូន​រៀន​សូត្រ​បាន​ត្រឹម​ត្រូវ​ និង​បាន​ចាក​ផុត​ពី​ភាព​ក្រី​ក្រ​ដោយ​ចីរ​ភាព។​

ក្រៅ​ពី​ចិញ្ចឹម​អន្ទង់​ គាត់​នៅ​ទាំង​ពង្រីក​ប​ន្ថែម​ទម្រង់​ចិញ្ចឹម​កន្ធាយ​ក្នុង​អាង​ស៊ី​ម៉ងត៍​ទៀត​ផង។​ នេះ​ជា​ប្រ​ភេទ​ជល​ផល​មាន​តម្លៃ​សេដ្ឋ​កិច្ច​ខ្ពស់​ ហើយ​ងាយ​ថែ​ទាំ​ផង​ តម្លៃ​ចុះ​ឡើង​ក្នុង​រង្វង់​ពី​៣០០​.០០០- ៤០០​.០០០ ដុង​ក្នុង​មួយ​គីឡូ​ក្រាម។​ កន្ធាយ​មួយ​ក្បាល​ៗ​អាច​មាន​ទម្ងន់​ពី​៥ - ៦​គីឡូ​ក្រាម​ សន្យា​នឹង​នាំ​មក​នូវ​ប្រ​ភព​ចំ​ណូល​លំ​នឹង​ជូន​គ្រួ​សារ។​

លោក​ង៉ោ​មិញ​តឹម ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ឃុំ​វិញ​ហាយ ឱ្យ​ដឹង៖ “ទម្រង់​ចិញ្ចឹម​អន្ទង់​ មិន​ប្រើ​ភក់​ក្នុង​អាង​ស៊ី​ម៉ងត៍​កំ​ពុង​នាំ​មក​នូវ​ប្រ​សិទ្ធ​ភាព​ជាក់​ស្តែង​ជូន​ប្រ​ជា​ជន។​ រដ្ឋ​អំ​ណាច​ឃុំ​តែង​យក​ចិត្ត​ទុក​ដាក់​ឧបត្ថម្ភ​មា​មីង​អំ​ពី​ដើម​ទុន​ បច្ចេក​ទេស និង​ចង​សម្ព័ន្ធ​លក់​ផលិត​ផល។​ ជោគ​ជ័យ​របស់​គ្រួ​សារ​បង​ថាច់​ផា​លិញ ជា​ភ័ស្តុ​តាង​បង្ហាញ​ពី​ស្មារតី​ហ៊ាន​គិត​ ហ៊ាន​ធ្វើ​របស់​កសិករ​ ទន្ទឹម​នឹង​នោះ​ រួម​ចំ​ណែក​អនុវត្ត​ទិស​ដៅ​បន្ថយ​ភាព​ក្រី​ក្រ លើក​កម្ពស់​ជីវ​ភាព​ប្រ​ជា​ជន”៕​

                                       ហុង​ទើ-វិមាន​

ចែករំលែកអត្ថបទ