ដោយមានជនរួមជាតិខ្មែររស់នៅជាង ៥៦,៣% ហេតុនោះឃុំឡុងភូ ទីក្រុងកឹងធើ កំពុងមានជំហានវិវឌ្ឍន៍យ៉ាងខ្លាំង។ ប៉ុន្មានឆ្នាំជិតៗនេះ អាស្រ័យអនុវត្តមានប្រសិទ្ធភាពនូវកម្មវិធី គោលនយោបាយឧបត្ថម្ភរបស់មជ្ឈិមនិងភូមិភាគ ទិដ្ឋភាពជនបទនិងជីវភាពរបស់មាមីងខ្មែរនៅទីនេះមានការផ្លាស់ថ្មីជាច្រើន។

ប្រព័ន្ធផ្លូវគមនាគមន៍ជនបទនៅតំបន់ជនរួមជាតិខ្មែរឃុំឡុងភូ ទីក្រុងកឹងធើ
បានវិនិយោគកសាងសម្រេចរួចរាល់។
អនុវត្តកម្មវិធីទិសដៅជាតិអំពីការកាត់បន្ថយភាពក្រីក្រដោយចីរភាព កម្មវិធីទិសដៅជាតិអំពីការកសាងជនបទថ្មី កម្មវិធីទិសដៅជាតិអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម នៅតំបន់ជនជាតិភាគតិច ឃុំឡុងភូបានផ្សព្វផ្សាយអនុវត្តនូវវិធានការឧបត្ថម្ភការរកស៊ីចិញ្ចឹមជីវិត បណ្តុះបណ្តាលវិជ្ជាជីវៈ និងបង្កើតការងារធ្វើ។ តាមរយៈនោះ ជួយដល់អ្នកក្រនិងគ្រួសារខ្មែរជាច្រើនមិនត្រឹមតែលើកកម្ពស់ប្រាក់ចំណូលប៉ុណ្ណោះទេ ថែមទាំងងាយស្រួលជិតដិតនឹងសេវាសង្គមសំខាន់ៗទៀតផង ដូចជា ការថែទាំសុខភាព អប់រំ ទឹកស្អាត និងបណ្តាញអគ្គិសនីជាតិជាដើម។ ពិសេស គឺការងារសុខុមាលភាពសង្គមបានយកចិត្តទុកដាក់។ ឃុំបានទទួលនិងចែកអំណោយជាង ១.៣០០ ចំណែក មានតម្លៃជាង ៦៣៤ លានដុង ជូនដល់គ្រួសារក្រីក្រ គ្រួសារក្បែរក្រ និងគ្រួសារគោលនយោបាយ។ អនុវត្តគោលនយោបាយបំបាត់ផ្ទះបណ្ដោះអាសន្ន ផ្ទះទ្រុឌទ្រោម គណៈកម្មាធិការបក្ស រដ្ឋអំណាច និងរណសិរ្សមាតុភូមិឃុំ បានចលនាជួសជុលនិងសង់ផ្ទះថ្មីបាន ៨៧ខ្នង មានតម្លៃសរុបជិត ៥ ពាន់លានដុង...។
លោកថាច់ភឿកថឹង នៅភូមិទឹកប្រៃ ២ ឃុំឡុងភូ ឱ្យដឹង៖ “ដោយសារមានកម្មវិធីគោលនយោបាយវិនិយោគ ធ្វើឱ្យតំបន់ជនបទជនជាតិខ្មែរអភិវឌ្ឍគ្រប់ជ្រុងជ្រោយ។ ឥឡូវ សាលារៀនបានកសាងសមរម្យ សម្រេចបទដ្ឋាន ហេតុនោះ កូនខ្មែរសុទ្ធតែបានទៅរៀនសូត្រគ្រប់គ្នា កម្រិតប្រជាបញ្ញាបានលើកកម្ពស់; បេតិកភណ្ឌវប្បធម៌របស់ជនជាតិក៏បានយកចិត្តទុកដាក់អភិរក្សផងដែរ។ ទន្ទឹមនឹងនោះ រដ្ឋបង្កលក្ខណៈឱ្យបុលទុន អាទិភាពក្នុងការផលិតនិងធ្វើអាជីវកម្ម ម្ល៉ោះហើយ ជីវភាពរបស់មាមីងកាន់តែធូរធារពីមួយថ្ងៃទៅមួយថ្ងៃ”។
លោកស្រី ត្រឹងធីថាញហាំង ប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមឃុំឡុងភូ ទីក្រុងកឹងធើ បញ្ជាក់ឱ្យដឹង៖ “ក្នុងពេលខាងមុខ បក្ខភាគបន្តជ្រួតជ្រាប ផ្សព្វផ្សាយអនុវត្តបានល្អនូវឯកសារចង្អុលការរបស់មជ្ឈិម និងទីក្រុងកឹងធើ អំពីការអនុវត្តនូវកម្មវិធីទិសដៅជាតិ គោលនយោបាយ ដើម្បីអនុវត្តមានប្រសិទ្ធភាព; ផ្គួបបញ្ចូលប្រភពទុនវិនិយោគកសាងហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ច-សង្គមជនបទតាមទិសដៅទំនើប; ចង្អុលការអនុវត្តមានប្រសិទ្ធភាពនូវគម្រោងរៀបចំរចនាសម្ព័ន្ធកសិកម្មឡើងវិញតាមទិសដៅ លើកកម្ពស់តម្លៃនិងអភិវឌ្ឍចីរភាព; ពង្រឹងបណ្តុះបណ្តាលធនធានមនុស្សអភិវឌ្ឍកសិកម្មនិងជនបទ; លើកកម្ពស់ជីវភាព សម្ភារៈ វប្បធម៌ ស្មារតីរបស់ប្រជាជននៅជនបទ និងកសាងប្រព័ន្ធនយោបាយមូលដ្ឋានរឹងមាំ សន្តិសុខសណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គមបានរក្សាលំនឹងជានិច្ច”។
ដោយសារផ្សព្វផ្សាយអនុវត្តនូវគោលការណ៍ គោលនយោបាយរបស់បក្ស និងរដ្ឋ ទើបជីវភាពរបស់ជនរួមជាតិខ្មែរនៅឡុងភូ បានផ្លាស់ថ្មីយ៉ាងច្បាស់។ គ្រួសារទាំងអស់សុទ្ធតែមានមធ្យោបាយ ស្តាប់មើល មានអគ្គិសនី ទឹកស្អាតប្រើប្រាស់ ស្របអនាម័យ ដើម្បីបម្រើជីវភាពប្រចាំថ្ងៃនិងអភិវឌ្ឍផលិតកម្ម៕
ដាលីន-វិមាន