15/09/2025 - 09:24

ជួយ​ជន​ជាតិ​ខ្មែរ​ លើក​កម្ពស់​ការ​យល់​ដឹង​ផ្នែក​ច្បាប់​ 

ជា​មួយ​នឹង​ការ​យក​ចិត្ត​ទុក​ដាក់​របស់​រដ្ឋ​អំ​ណាច​ គណៈ​ ផ្នែក​ និង​អង្គ​ការ​មហា​ជន​នា​នា​ ប្រ​សិទ្ធ​ភាព​នៃ​ការ​ឃោ​សនា​ ផ្សព្វ​ផ្សាយ​និង​ការ​អប់រំ​ច្បាប់​ ជូន​ជន​ជាតិ​ភាគ​តិច​ ក្នុង​នោះ​មាន​ជន​រួម​ជាតិ​ខ្មែរ​ មាន​ការ​លើក​កម្ពស់​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ។​ ផ្ដើម​ពី​នោះ​ មាមីង​គោ​រព​តាម​គោល​ការណ៍​ គោល​មា​គ៌ា​របស់​បក្ស​និង​ច្បាប់​របស់​រដ្ឋ។​ ករណី​ក្ដី​ក្ដាំ​ ប្ដឹង​តវ៉ា​មាន​ការ​ថយ​ចុះ។​

វត្ត​អំ​ពូយារ ឃុំ​ញូ​យ៉ា តែង​ផ្សព្វ​ផ្សាយ​គោល​នយោ​បាយ​ច្បាប់​ជូន​ពុទ្ធ​បរិ​ស័ទ​
ពេល​មក​វត្ត​រៀង​រាល់​ថ្ងៃ​សីល។

សង្កាត់​អូរ​ម៉ូង​ មាន​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​ច្រើន​កុះ​ករ​ ភាគ​ច្រើន​ប្រ​មូល​ផ្តុំ​នៅ​មណ្ឌល​១២, មណ្ឌល​ ១៤, មណ្ឌល​១៥ ។ល។​ អា​ស្រ័យ​មាន​ការ​ឧបត្ថម្ភ​របស់​ភូមិ​ភាគ​និង​ការ​ខិត​ខំ​ប្រឹង​ប្រែង​របស់​គ្រួ​សារ​នី​មួយៗ​ ឃើញ​ថា​ជីវ​ភាព​សម្ភារៈ​និង​ស្មារតី​របស់​ជន​រួម​ជាតិ​ខ្មែរ​បាន​កែ​លម្អ​ឥត​ឈប់​ឈរ។​

គ្រួ​សារ​អ្នក​មីង​យ័ញ​ធីមី ពី​មុន​ជា​គ្រួ​សារ​ក្រី​ក្រ អា​ស្រ័យ​បាន​ភូមិ​ភាគ​យក​ចិត្ត​ទុក​ដាក់​ឧបត្ថម្ភ​ ទើប​ជីវ​ភាព​គ្រួ​សារ​គាត់​បាន​កែ​លម្អ​គួរ​ឱ្យ​កត់​សម្គាល់។​ អ្នក​មីង​មី ចែក​រំលែក៖ “កាល​ពី​៤ ឆ្នាំ​មុន​ គ្រួ​សារ​ខ្ញុំ​បាន​ភូមិ​ភាគ​ធា​នា​ឱ្យ​បុល​ទុន​ពី​ធនា​គារ​គោលន​យោ​បាយ​សង្គម​២០​លាន​ដុង។​ ខ្ញុំ​បាន​វិនិ​យោគ​ចិញ្ចឹម​ជ្រូក​មេបន្ត​ពូជ​និង​ជ្រូក​សាច់ ខ្ញុំ​លក់​ជ្រូក​មួយ​លើក​ៗ​ ចំ​ណេញ​ប្រ​មាណ​៣០​លាន​ដុង”។​

ដោយ​ចរិត​ឧស្សាហ៍​និង​ស៊ូ​ទ្រាំ​លំ​បាក​ក្នុង​ការ​ងារ​ គ្រួ​សារ​អ្នក​មីង​មិន​ត្រឹម​តែ​សង​ស្រ​ឡះ​បំ​ណុល​ធនា​គារ​ប៉ុណ្ណោះ​ទេ​ ថែម​ទាំង​សាង​សង់​បាន​ផ្ទះ​រឹង​មាំ ហើយ​កូន​ពីរ​នាក់​របស់​គាត់​បាន​រៀន​សូត្រ​ចប់​ចុង​ចប់​ដើម​ទៀត​ផង​។ល។​ សេដ្ឋ​កិច្ច​គ្រួ​សារ​បាន​លំ​នឹង​គ្រាន់​បើ​ ប្ដី​ប្រ​ពន្ធ​អ្នក​មីង​ខ្នះ​ខ្នែង​ចូល​រួម​រាល់​សកម្ម​ភាព​ដែល​ភូមិ​ភាគ​បំ​ផុស​ ពិ​សេស​គឺ​ចលនា​ទូទាំង​ប្រ​ជា​ជន​ការ​ពារ​សន្ដិសុខ​មាតុ​ភូមិ”។​

អ្នក​មីង​យ័ញ​ធីមី រ៉ាយ​រ៉ាប់៖ “ពី​មុន​ខ្ញុំ​គិត​ថា​ ការ​ថែ​រក្សា​សន្តិ​សុខ​សណ្តាប់​ធ្នាប់​ គឺ​ភារ​កិច្ច​របស់​រដ្ឋ​អំ​ណាច​និង​ផ្នែក​សមត្ថ​កិច្ច។​ បន្ទាប់​ពី​បាន​ស្តាប់​ការ​ផ្សព្វ​ផ្សាយ​ ទើប​ខ្ញុំ​យល់​ថា​ នេះ​មិន​មែន​ជា​ភារៈ​កិច្ច​របស់​បុគ្គល​ណា​ម្នាក់​នោះ​ទេ​ វា​ជា​ភារៈ​កិច្ច​របស់​ប្រ​ជា​ជន​ទូទៅ។​ ដូច្នេះ​ ពេល​ដែល​ខ្ញុំ​ឃើញ​មាន​រឿង “ទាស់​ភ្នែក​ ទាស់​ត្រ​ចៀក​” កើត​ឡើង​ក្នុង​តំ​បន់​ គឺ​ខ្ញុំ​ទូរ​ស័ព្ទ​រាយ​ការណ៍​ ដើម្បី​កម្លាំង​សមត្ថ​កិច្ច​ចាត់​វិធាន​ការ​ទប់​ស្កាត់​និង​វិនិច្ឆ័យ​ទាន់​ពេល”។​

ប្រ​ហាក់​ប្រ​ហែល​គ្នា​នោះ​ដែរ​ ជា​មួយ​តួនា​ទី​ជា​អ្នក​មាន​ប្រ​ជា​ប្រិយ​ក្នុង​ជន​រួម​ជាតិ​ខ្មែរ​ ក្រៅ​ពី​គំ​រូ​ក្នុង​ការ​អនុវត្ត​ចលនា​និង​សកម្ម​ភាព​នៅ​ភូមិ​ភាគ​ លោក​ដាវ​ភុក រស់​នៅ​ភូមិ​ឌិញ​ហ្វា B ឃុំ​ទ្រឿង​ថាញ់ បាន​ខ្នះ​ខ្នែង​ផ្សព្វ​ផ្សាយ​ចលនា​ប្រ​ជា​ជន​ក្នុង​ភូមិ​ឱ្យ​អនុវត្ត​យ៉ាង​ម៉ឺង​ម៉ាត់​នូវ​គោល​ការណ៍​ គោល​មា​គ៌ា​របស់​បក្ស​ គោល​នយោ​បាយ​ និង​ច្បាប់​របស់​រដ្ឋ។​ គាត់​នៅ​ទាំង​ស្វែង​រក​ស្រាវ​ជ្រាវ​សៀវ​ភៅ​ កា​សែត​ ដើម្បី​បង្កើន​ចំ​ណេះ​ដឹង​ផ្នែក​ច្បាប់​ និង​អនុវត្ត​ក្នុង​ការ​ងារ​សម្រប​សម្រួល​នៅ​មូល​ដ្ឋាន។​

លោក​ដាវ​ភុក មាន​ប្រ​សាសន៍៖ “ក្នុង​ការ​រស់​នៅ​ ការ​ឈ្លោះ​ទាស់​ទែង​រវាង​គ្រួ​សារ​និង​គ្រួ​សារ​ គឺ​មិន​អាច​ជៀស​បាន។​ កាល​បើ​ដឹង​រឿង​ ខ្ញុំ​តែង​រំលឹក​ណែ​នាំ​និង​ផ្សព្វ​ផ្សាយ​បទ​ប្បញ្ញត្តិ​ច្បាប់​ ជួយ​ឱ្យ​មា​មីង​យល់​ដឹង​ មិន​ទុក​ឱ្យ​ករណី​វិវាទ​អូស​បន្លាយ​ ប៉ះ​ពាល់​ដល់​ស្ថាន​ភាព​សណ្តាប់​ធ្នាប់​ភូមិ​ភាគ”។​

ញូយ៉ា​ជា​ឃុំ​មាន​ជន​ជាតិ​ភាគ​តិច​រស់​នៅ​កុះ​ករ​ រយៈ​ពេល​កន្លង​ ឃុំ​បាន​ខ្នះ​ខ្នែង​ផ្សព្វ​ផ្សាយ​ច្បាប់​ដល់​ជន​ជាតិ​ភាគ​តិច​ ជាពិ​សេស​នៅ​តាម​វត្ត​ពុទ្ធ​សាស​នា​ទក្ខិណ​និកាយ​ខ្មែរ។​ ព្រះ​ឧបជ្ឈាយ៍ ឡឹម​សឿង ព្រះ​ចៅ​អធិ​ការ​វត្ត​អំ​ពូយារ ឃុំ​ញូ​យ៉ា មាន​ថេរដី​កា៖ “ដើម្បី​ប្រ​ជា​ជន​ទទួល​បាន​ព័ត៌​មាន​ខាង​ច្បាប់​បាន​ឆាប់​រហ័ស​ និង​ងាយ​ស្រួល​ វត្ត​បាន​ផ្សាយ​ដោយ​ផ្ទាល់​តាម​រយៈ​ឧគ្ឃោ​សន​ស័ព្ទ​ មាន​ខ្លឹម​សារ​ខ្លីៗ​ ជិត​ស្និទ្ធ​នឹង​ជីវ​ភាព។​ រៀង​រាល់​ខែ​ម្ដង​ វត្ត​ខិត​ខំ​រៀប​ចំ​ឃោស​នា​ច្បាប់​ជូន​ពុទ្ធ​បរិស័ទ​ខណៈ​ពេល​មក​វត្ត​ធ្វើ​បុណ្យ​ទាន។​ អា​ស្រ័យ​រក្សា​បាន​ការ​ឃោស​នា​ផ្សព្វ​ផ្សាយ​ បាន​ជា​ស្ថាន​ភាព​វិវាទ​ទាស់​ទែង​ក្នុង​សហ​គមន៍​ជន​ជាតិ​ភាគ​តិច​មាន​ការ​ថយ​ចុះ​គួរ​ឱ្យ​កត់​សម្គាល់​ ស្ថាន​ភាព​សន្តិ​សុខ​សណ្តាប់​ធ្នាប់​បាន​ធា​នា”។​

យោង​តាម​មន្ទីរ​ជន​ជាតិ​និង​សាសនា​ទី​ក្រុង​ នឹង​បន្ត​ប្រើ​ប្រាស់​ទម្រង់​ផ្សព្វ​ផ្សាយ​សម​ស្រប​​នឹង​តម្រូវ​ការ​ លក្ខណៈ​ទំ​នៀម​ទម្លាប់​និង​វប្ប​ធម៌​ប្រ​ពៃ​ណី​របស់​ជន​ជាតិ​ភាគ​តិច​។​ លើក​កម្ពស់​គុណ​ភាព​កង​ជួរ​អ្នក​ផ្សព្វ​ផ្សាយ​ និង​សហ​ការី​ដើម្បី​ផ្សព្វ​ផ្សាយ​ចំ​ណេះ​ដឹង​ឱ្យ​កាន់​តែ​ទូលំ​ទូ​លាយ​ ជួយ​ជន​ជាតិ​ភាគ​តិច​យល់​ច្បាស់​ពី​ច្បាប់​ រួម​ជា​មួយ​នឹង​រដ្ឋ​អំ​ណាច​ភូមិ​ភាគ​កសាង​សង្គម​មួយ​ប្រ​កប​ដោយ​សណ្តាប់​ធ្នាប់​ និង​មាន​របៀប​រៀប​រយ៕​

ចឹង​ហឹង​និង​គឹម​ង៉ុក​- ប្រែ​សម្រួល​៖ ថាច់​ធី 

ចែករំលែកអត្ថបទ