មហាសាមគ្គីជនជាតិ ភូមិស្រុកផ្លាស់ថ្មី

02/09/2025 - 08:17

គិត​គូរ​ជីវ​ភាព​ជន​ជាតិ​ភាគ​តិច 

ជា​ច្រើន​ឆ្នាំ​មក​នេះ រដ្ឋ​អំ​ណាច​ឃុំ​ទ្រឿង​ខាញ់ ទី​ក្រុង​កឹង​ធើ បាន​អនុវត្ត​នូវ​គោល​នយោ​បាយ​ជាក់​ស្តែង​ជា​ច្រើន ជួយ​ដល់​ជីវ​ភាព​ជន​ជាតិ​ភាគ​តិច​កែ​លម្អ​ដោយ​ឥត​ឈប់​ឈរ។ សេដ្ឋ​កិច្ច​កាន់​តែ​មាន​ភាព​លំ​នឹង ជីវ​ភាព​សម្ភារៈ​និង​ស្មារតី​របស់​មា​មីង​បាន​លើក​ស្ទួយ​យ៉ាង​ច្បាស់ ឆ្លង​តាម​រយៈ​នោះ បាន​រួម​ចំ​ណែក​ពង្រឹង​ផែន​មហា​សាមគ្គី​ជន​ជាតិ។

ប្រ​ជា​ជន​នៅ​ភូមិ​ទ្រឿង​ថ ឃុំ​ទ្រឿង​ខាញ់ ទី​ក្រុង​កឹង​ធើ ទទួល​បាន​ការ​ឧបត្ថម្ភ​សាង​សង់​លំ​នៅ​ឋាន។

ជា​ភូមិ​ភាគ​មាន​ជន​រួម​ជាតិ​ខ្មែរ​ប្រ​មាណ ៣០% ឃុំ​ទ្រឿង​ខាញ់ បាន​ផ្សព្វ​ផ្សាយ អនុ​វត្ត​គោល​នយោ​បាយ​ជន​ជាតិ​មាន​ប្រ​សិទ្ធ​ភាព សំ​ដៅ​លើក​កម្ពស់​គុណ​ភាព​ជីវ​ភាព​ប្រ​ជា​ជន។ អស់​រយៈ​ពេល​ជិត ៤ ឆ្នាំ អនុ​វត្ត​កម្ម​វិធី​ទិស​ដៅ​ជាតិ អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម​នៅ​តំ​បន់​ជន​ជាតិ​ភាគ​តិច និង​តំ​បន់​ភ្នំ​ដំ​ណាក់​កាល​ទី ១ (២០២១ - ២០២៥) បាន​បែង​ចែក​ប្រ​ភព​ទុន​ជាង ៣,៨ ពាន់​លាន​ដុង ក្នុង​នោះ ថវិ​កា​មជ្ឈិម​មាន​ជាង ៣,៦ ពាន់​លាន​ដុង ចំ​ណែក​ក្រៅ​ពី​នោះ​គឺ​ថវិកា​របស់​ភូមិ​ភាគ។

ក្នុង​នោះ គម្រោង​ឧបត្ថម្ភ​លំ​នៅ​ឋាន ឃុំ​បាន​សាង​សង់​និង​ជួស​ជុល​ផ្ទះ​ជូន​គ្រួ​សារ​ក្រី​ក្រ គ្រួ​សារ​ក្បែរ​ក្រ​ចំ​នួន ៥១ ខ្នង ជួយ​គ្រួ​សារ​ជា​ច្រើន​មាន​ផ្ទះ​សម្បែង​ស្រួល​បួល​និង​កែ​លម្អ​ជីវ​ភាព។ ស្នង​បន្ត​លទ្ធ​ផល​ដែល​សម្រេច​បាន ក្នុង​ឆ្នាំ ២០២៥ ឃុំ​ទ្រឿង​ខាញ់​បន្ត​គួប​ផ្សំ​ផ្សព្វ​ផ្សាយ​អនុវត្ត​កម្ម​វិធី “លុប​បំ​បាត់​ផ្ទះ​បណ្តោះ​អា​សន្ន ផ្ទះ​ទ្រុឌ​ទ្រោម” តាម​ការ​បំ​ផុស​ចលនា​របស់​នា​យក​រដ្ឋ​មន្ត្រី​នៃ​រដ្ឋា​ភិ​បាល។ ឆ្លង​តាម​រយៈ​ការ​ត្រួត​ពិនិត្យ មាន​ផ្ទះ​ចំ​នួន ១៦៩ ខ្នង ក្នុង​នោះ បាន​ប្រ​គល់​ជូន​គ្រួ​សារ​ក្រី​ក្រ ៥០ គ្រួ​សារ គ្រួ​សារ​ក្បែរ​ក្រ ៩៣ គ្រួ​សារ គ្រួ​សារ​មាន​សគុណ​បដិវត្តន៍ ១៣ គ្រួ​សារ និង​គ្រួ​សារ​ជន​ជាតិ​ភាគ​តិច ១៣ គ្រួ​សារ។ មក​ដល់​បច្ចុប្បន្ន ផ្ទះ​ទាំង​អស់​នេះ​ត្រូវ​បាន​សាង​សង់​រួច​រាល់ សរុប​ថវិ​កា​ជាង ៨ ពាន់​លាន​ដុង។

លោក​ឡឹម​អិច ប្រ​ជា​ជន​នៅ​ភូមិ​ទ្រឿង​ថ ឱ្យ​ដឹង​ដោយ​ក្ដី​រំភើប៖ “កាល​ពី​មុន គ្រួ​សារ​ខ្ញុំ​រស់​នៅ​ក្នុង​ផ្ទះ​ចាស់​ទ្រុឌ​ទ្រោម រដូវ​វស្សា​លំ​បាក​ខ្លាំង​ណាស់។ អា​ស្រ័យ​បាន​រដ្ឋ​អំ​ណាច​ឧបត្ថម្ភ ទើប​គ្រួ​សារ​ខ្ញុំ​មាន​ផ្ទះ​ថ្មី​រឹង​មាំ ហើយ​កូនៗ​របស់​ខ្ញុំ​មាន​ការ​ស្ងប់​អា​រម្មណ៍​ប្រ​កប​ការ​ងារ​រក​ស៊ី។ ខ្ញុំ​អរ​គុណ​រដ្ឋអំ​ណាច​ភូមិ​ភាគ​ខ្លាំង​ណាស់ ដែល​តែង​យក​ចិត្ត​ទុក​ដាក់​ដល់​ជីវ​ភាព​ប្រ​ជា​ជន”។

ក្រៅ​ពី​ការ​ឧបត្ថម្ភ​លំ​នៅ​ឋាន ឃុំ​ទ្រឿង​ខាញ់​ថែម​ទាំង​ផ្ដោត​លើ​ការ​បង្កើត​មុខ​របរ​រក​ស៊ី​ដោយ​ចីរ​ភាព​ជូន​ប្រ​ជា​ជន​ទៀត​ផង។ ក្នុង​រយៈ​ពេល ៤ ឆ្នាំ​កន្លង មាន ១៥១ គ្រួ​សារ បាន​ឧបត្ថមុ្ភ​ផ្លាស់​ប្តូរ​មុខ​របរ ទិញ​ឧបករណ៍​ផលិត​កម្ម​សម​ស្រប​ជា​មួយ​នឹង​លក្ខណៈ​និង​តម្រូវ​ការ​របស់​គ្រួ​សារ​នីមួយៗ។ ផ្ដើម​ពី​នោះ មាន​ទម្រង់​ផលិត​ជា​ច្រើន​ដូច​ជា ដាំ​ដំ​ណាំ​រួម​ផ្សំ ឈើ​ហូប​ផ្លែ ចិញ្ចឹម​គោ​ជា​ដើម បាន​អនុវត្ត​នាំ​មក​នូវ​ប្រ​ភព​ចំ​ណូល លំ​នឹង​ជូន​មា​មីង ឈាន​ឡើង​ចាក​ផុត​ភាព​ក្រី​ក្រ ប្រ​កប​ដោយ​ចីរ​ភាព​បន្តិច​ម្តងៗ។

អ្នក​មីង​សើុង​ធី​ចៀង ប្រ​ធាន​គណៈ​ប្រ​ជា​ជន​ភូមិ​ទ្រឿង​ថ ឱ្យ​ដឹង៖ “ភូមិ​ទ្រឿង​ថ មាន​ជន​ជាតិ​ភាគ​តិច ៩៩% ។ អា​ស្រ័យ​បាន​ការ​យក​ចិត្ត​ទុក​ដាក់​របស់​បក្ស​ និងរដ្ឋ ទើប​ជីវ​ភាព​របស់​មា​មីង​មាន​ភាព​ប្រ​សើរ​ឡើង ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ។ គិត​ដោយ​ឡែក​តែ​ឆ្នាំ ២០២៤ ក្នុង​ភូមិ​បាន​ទទួល​ឧបត្ថម្ភ​ផ្ទះ ៣​ខ្នង គោ​មេ​បន្ត​ពូជ ៧ ក្បាល និង​ផ្លាស់​ប្ដូរ​មុខ​របរ​ជូន​៨​គ្រួ​សារ សរុប​ប្រ​ភព​ទុន​ជិត ៥០០ លាន​ដុង។ មា​មីង​អ្នក​ណា​ក៏​រំភើប​រីក​រាយ​ដែរ”។

សម​មិត្ត ត្រឿង​ហ្វាង​ង្វៀន ប្រ​ធាន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ឃុំ​ទ្រឿង​ខាញ់ ឱ្យ​ដឹង៖ “ប៉ុន្មាន​ឆ្នាំ​កន្លង ឃុំ​ទ្រឿង​ខាញ់​បាន​អនុវត្ត​ត្រូវ​តាម​ល្បឿន​ដំ​ណើរ​ការ​នៃ​កម្ម​វិធី​ទិស​ដៅ​ជាតិ​អភិវឌ្ឍ​សេដ្ឋ​កិច្ច- សង្គម​តំ​បន់​ជន​ជាតិ​ភាគ​តិច ដំ​ណាក់​កាល ២០២១​- ២០២៥។ ការ​បែង​ចែក​ដើម​ទុន​ពី​ថវិកា​មជ្ឈិម​និង​ថវិកា​ភូមិ​ភាគ​តែង​ធា​នា​ចំ​មុខ​សញ្ញា ដោយ​ផ្តោត​លើ​គ្រួ​សារ​ក្រី​ក្រ គ្រួ​សារ​ក្បែរ​ក្រ​នៅ​តំ​បន់​ឆ្ងាយ​ដាច់​ស្រ​យាល​និង​ភូមិ​លំ​បាក​ខ្លាំង។ ឆ្លង​តាម​រយៈ​នោះ រួម​ចំ​ណែក​លំ​នឹង​ជីវ​ភាព​ប្រ​ជាជន ជំ​រុញ​ការ​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច រក្សា​សន្តិ​សុខ​សណ្តាប់​ធ្នាប់ និង​ធានា​សុខុ​មាល​ភាព​សង្គម៕

   ហុង​ទើ - ថាច់​ធី

ចែករំលែកអត្ថបទ