នៅប៉ុស្តិ៍ការពារព្រំដែនឡាយហ្វា ក្រុងកឹងធើ ទើបចាត់តាំងពិធីបិទវគ្គបង្រៀនអក្សរខ្មែររដូវវិស្សមកាល ឆ្នាំ២០២៥។
វគ្គសិក្សាមានរយៈពេល២ខែ រៀន៣ពេល នៅថ្ងៃចន្ទ ថ្ងៃពុធនិងថ្ងៃសុក្រជារៀងរាល់សប្តាហ៍ ថ្នាក់ទី១ មានសិស្សចូលរៀន២៥នាក់។ ថ្នាក់រៀននេះ អាស្រ័យកម្មាភិបាលប៉ុស្តិ៍ការពារព្រំដែនជាជនជាតិខ្មែរ មានកម្រិតវិជ្ជានិងចំណេះដឹងភាសាខ្មែរទទួលបន្ទុកបង្រៀន។ ក្រោយរយៈពេល២ខែ សិស្សទាំង២៥នាក់ ចេះអាន ចេះសរសេរនិងប្រាស្រ័យទាក់ទងជាភាសាខ្មែរបានល្អគួរសម ក្នុងនោះ មានសិស្សសម្រេចនិទ្ទេសពូកែ១០នាក់។ ទន្ទឹមនឹងនោះ ប៉ុស្តិ៍ការពារព្រំដែនឡាយហ្វា ថែមទាំងបង្រៀនប្អូនៗអំពីខ្លឹមសារសំខាន់ៗ មានដូច៖ ការពារបរិស្ថាន; សិទ្ធិនិងករណីយកិច្ចកុមារ; សមភាពភេទ; សុវត្ថិភាព ចរាចរណ៍; សហការជាមួយគណៈកម្មការវត្តទេពារាមព្រៃជាប់ រៀបចំទៅទស្សនកិច្ចសិក្សាពីទម្រង់ភ្លេងពិណពាទ្យរបស់ជនរួមជាតិខ្មែរ…។

វរសេនីយ៍ឯក ហាហ្វីទ្រឿង ស្នងការនយោបាយរងនៃប៉ុស្តិ៍ការពារព្រំដែនទីក្រុងកឹងធើ និង
ព្រះឧបជ្ឈាយ៍ គឹមថឿង ព្រះចៅអធិការវត្តឈូងធំ ជូនរង្វាន់ដល់សិស្ស។
ថ្លែងការណ៍ក្នុងពិធីបិទវគ្គសិក្សា លោកវរសេនីយ៍ឯក ហាហ្វីទ្រឿង ស្នងការនយោបាយរងនៃប៉ុស្តិ៍ការពារព្រំដែនទីក្រុងកឹងធើ បានវាយតម្លៃខ្ពស់អំពីលទ្ធផលដែលសម្រេចបាន ក៏ដូចជាការខិតខំប្រឹងប្រែងយ៉ាងពេញទំហឹងរបស់ប៉ុស្តិ៍ការពារព្រំដែនឡាយហ្វា ក្នុងការរៀបចំបើកបង្រៀនអក្សរខ្មែរក្នុងរដូវវិស្សមកាល។ តាមរយៈលទ្ធផលនេះបង្ហាញឱ្យឃើញថា ប៉ុស្តិ៍ការពារព្រំដែនឡាយហ្វា បានបង្រៀនត្រឹមត្រូវតាមកម្មវិធីនិងផែនការ; ធានាតម្រូវការពីបទដ្ឋានចំណេះដឹង បំណិនសមស្របនឹងសិស្ស ឆ្លើយតបទៅនឹងលទ្ធភាពយល់ដឹង និងគុណភាពក្នុងការសិក្សា។ លោកវរសេនីយ៍ឯក សំណូមពរដល់ប៉ុស្តិ៍ការពារព្រំដែនឡាយហ្វា គប្បីបន្តសហការជាមួយវត្តព្រៃជាប់ វត្តឈូងធំ ដើម្បីរក្សាការបើកថ្នាក់បង្រៀនអក្សរខ្មែររដូវវិស្សមកាលនៅឆ្នាំបន្តបន្ទាប់។ ថ្នាក់រៀនមិនត្រឹមតែជួយរក្សាភាសា អក្សរសាស្ត្រខ្មែរប៉ុណ្ណោះទេ ថែមទាំងបង្កើតរូបភាពដ៏ល្អពីកងទ័ពការពារព្រំដែនក្នុងទឹកចិត្តស្រទាប់យុវវ័យ ព្រមទាំងរួមចំណែកពង្រឹងសាមគ្គីភាព រវាងកងទ័ពនិងប្រជាជនកាន់តែជិតស្និទ្ធ កសាងជំហរការពារព្រំដែនទូទាំងប្រជាជនរឹងមាំ៕
លីធាន-មុនី