មហាសាមគ្គីជនជាតិ គំរូក្នុងសហគមន៍

21/07/2025 - 10:38

គំរូ​ល្អ​ក្នុង​ការ​កសាង​គ្រួ​សារ​សុភ​មង្គល 

លោក​គ្រូសើុង​បួន នៅ​ភូមិ​តា​អុង ឃុំ​លីវ​ទូ ក្រុង​កឹង​ធើ​ មិន​ត្រឹម​តែ​ជា​គ្រូ​បង្រៀន​អស់​ពី​ចិត្ត ផ្សារ​ភ្ជាប់​ជា​មួយ​នឹង​វិស័យ​អប់រំ​ជាង ៣០ ឆ្នាំ​ប៉ុណ្ណោះ​ទេ ថែម​ទាំង​ជា​គំរូ​ល្អ​ក្នុង​ការ​កសាង​គ្រួ​សារ​សុភ​មង្គល​សាយ​ភាយ​នូវ​តម្លៃ​រស់​នៅ​ល្អ​ដល់​សហ​គមន៍​យក​តម្រាប់​តាម​ទៀត​ផង។

  លោក​គ្រូ​ដើុង​បួន។ ​រូបថត៖ អាញ​ត្វឹង

លោក​គ្រូ​សើុង​បួន កើត​ឆ្នាំ ១៩៧០ ក្នុង​គ្រួ​សារ​កសិ​ករ​មួយ​មាន​បង​ប្អូន ១០ នាក់ វ័យ​កុមារ​របស់​គាត់​ផ្សារ​ភ្ជាប់​ជា​មួយ​នឹង​ជីវ​ភាព​ក្រី​ក្រ​និង​ខ្វះ​ខាត។ ថ្វី​ដ្បិត​ដូច្នេះ​ក្តី ជា​មួយ​នឹង​ឆន្ទៈ​ផ្លាស់​ប្តូរ​ជី​វិត គាត់​ខិត​ខំ​ឆ្លង​កាត់​ជម្នះ​ការ​លំ​បាក ព្យា​យាម​សិក្សា​រៀន​សូត្រ រួច​បាន​ក្លាយ​ជា​គ្រូ​បង្រៀន​គណិត​វិទ្យា​នៅ​អនុ​វិទ្យា​ល័យ​វៀង​ប៊ិញ។ ឆ្នាំ ២០១៨ គាត់​បង្រៀន​នៅ​អនុ​វិទ្យា​ល័យ​ថាញ់​ថើយ​អាង ឃុំ​ថាញ់​ថើយ​អាង ក្រុង​កឹង​ធើ​រហូត​ដល់​សព្វ​ថ្ងៃ។

លោក​គ្រូ​សើុង​បួន ឱ្យ​ដឹង៖ “រៀប​ការ​រួច ដោយ​សារ​គ្រួ​សារ​ទាំង​សង​ខាង​សុទ្ធ​តែ​មាន​កូន​ច្រើន ម្ល៉ោះ​ហើយ​ឪ​ពុក​ម្តាយ​ចែក​ដី​ឱ្យ​បាន​បន្តិច​បន្តួច។ កាល​នោះ ស្រែ​ធ្វើ​បាន​តែ​១រដូវ មិន​សូវ​ចំ​ណេញ​ទេ រី​ឯប្រាក់​ខែ​គ្រូ​បង្រៀន​របស់​ខ្ញុំ​ក៏​តិច​តួច ហេតុ​នោះ​ជីវ​ភាព​គ្រួ​សារ​លំ​បាក​ណាស់ ពិ​សេស​គឺ​វិនិ​យោគ​ឱ្យ​កូន​រៀន​សូត្រ​។ល។ ឃើញ​ដូច្នេះ ខ្ញុំ​ក៏​បង្វែរ​ដី​ស្រែ ៣ កុង​ដើម្បី​ឡើង​ចម្ការ​វិញ។ ខ្ញុំ​ដាំ​ខ្ទឹម​ស្លឹក ដោយ​សារ​ដំ​ណាំ​នេះ​អំ​ណោយ​ផល ច្រើន​ឆ្នាំ​បន្ត​បន្ទាប់​និង​លក់​បាន​តម្លៃ​ខ្ពស់​។ល។ ខ្ញុំ​សន្សែ​សន្សំ​លុយ​ទិញ​ដី​ស្រែ ហើយ​ខំ​ប្រឹង​ផលិត សន្សំ​សំ​ចៃ​បន្តិច​ម្តងៗ​។ល។ បច្ចុប្បន្ន​ខ្ញុំ​មាន​ដី​ស្រែ​ជាង ៤ ហិក​តា”។

ក្នុង​នាម​ជា​គ្រូ​បង្រៀន គាត់​យល់​ពី​តម្លៃ​នៃ​ចំ​ណេះ​វិជ្ជា ហេតុ​នោះ​គាត់​មិន​ត្រឹម​តែ​វិនិ​យោគ​ឱ្យ​កូន​រៀន​សូត្រ​ប៉ុណ្ណោះ​ទេ ថែម​ទាំង​អប់រំ​កូន​ឱ្យ​រស់​នៅ​មាន​គុណ​ធម៌ ចេះ​ប្រឹង​ប្រែង អា​ណិត​ស្រ​ឡាញ់ ចុះ​សម្រុង​ជា​មួយ​នឹង​មិត្ត​ភ័ក្តិ និង​មា​មីង​ភូមិ​ផង​របង​ជា​មួយ។ “ចង់​បាន​គ្រួ​សារ​សុភ​មង្គល ឪ​ពុក​ម្តាយ​ត្រូវ​ធ្វើ​ជា​គំរូ​ឱ្យ​កូន​យក​តម្រាប់​តាម។ ពេល​ឪពុក​ម្តាយ​ខិត​ខំ​ប្រឹង​ប្រែង កូន​ចៅ​នឹង​ខិត​ខំ​រៀន​សូត្រ​និង​ឈាន​ឡើង​ដែរ” - លោក​គ្រូ​សើុង​បួន បាន​ឱ្យដឹ​ង​ដូច្នេះ។ ដោយ​សារ​ការ​ណែ​នាំ​របស់​ឪ​ពុក កូន​ប្រុស​ច្បង​របស់​គាត់​បាន​ចូល​បំ​ពេញ​កា​តព្វ​កិច្ច​យោ​ធា រួច​បន្ត​ការ​សិក្សា​នៅ​សា​លា​នាយ​ទា​ហាន​កង​ទ័ព​ជើង​គោក ២ និង​កំ​ពុង​បម្រើ​ក្នុង​ជួរ​ទ័ព។ រីឯ​កូន​ស្រី​ពៅ បច្ចុប្បន្ន កំ​ពុង​រៀន​មហា​វិទ្យា​ល័យ​នៅ​ក្រុង​ហូជី​មិញ។

ក្នុង​ជីវ​ភាព​ប្រ​ចាំ​ថ្ងៃ គ្រួ​សារ​លោក​គ្រូ​សើុង​បួន តែង​ជួយ​ទំ​នុក​បម្រុង​ដល់​មនុស្ស​គ្រប់​រូប​នៅ​ជុំ​វិញ។ គាត់​តែង​ចូល​រួម​រាល់​ការ​ចលនា និង​សកម្ម​ភាព​របស់​ភូមិ​ភាគ។ ទន្ទឹម​នឹង​នោះ គាត់​នៅ​ទាំង​ចលនា​មា​មីង​បរិច្ចាគ​ដី​កសាង​ជន​បទ​ថ្មី រក្សា​សណ្តាប់​ធ្នាប់ សុ​វត្ថិ​ភាព​សង្គម និង​ចូល​រួម​បង្ការ​ទប់​ស្កាត់​អំ​ពើ​ហិង្សា​ក្នុង​គ្រួ​សារ លុប​បំ​បាត់​បាប​គ្រោះ​សង្គម អនុ​វត្ត​ផ្នត់​រស់​នៅ​ស៊ី​វិល័យ គ្រួ​សារ​វប្ប​ធម៌​ទៀត​ផង។

លោក​គឹម​រ៉ុង លេខា​សា​ខា​បក្ស​ភូមិ​តា​អុង គូស​បញ្ជាក់៖ “គ្រួ​សារ​លោក​គ្រូ​សើុង​បួន តែង​ខ្នះ​ខ្នែង​ធ្វើ​ការ​រក​ស៊ី គិត​គូរ​ឱ្យ​កូន​រៀន​សូត្រ​ចប់​ចុង​ចប់​ដើម សកម្ម​ចូល​រួម​រាល់​ការ​ចលនា និង​ចលនា​មា​មីង​រួម​គ្នា​អនុវត្ត​ផ្នត់​រស់​នៅ​ស៊ី​វិ​ល័យ។ លោក​គ្រូ​ក៏​ដូច​ជា​គ្រួ​សារ​គាត់ គឺ​ជា​គំរូ​ល្អ​ដើម្បី​មនុស្ស​គ្រប់​រូប​យក​តម្រាប់​តាម”៕

       អាញ​ត្វឹង-វិមាន

ចែករំលែកអត្ថបទ