ដ្បិតស្ថានភាពគ្រួសារនៅមានការលំបាកច្រើនក៏ដោយ ប៉ុន្តែប្អូនថាច់ង៉ុកឌឹន សិស្សថ្នាក់ទី ៨/១ សាលាអនុវិទ្យាល័យជនជាតិអន្តេវាសិកស្រុកកូវង៉ាង ខេត្តត្រាវិញ បានជម្នះការលំបាក ឈានឡើងក្នុងការរៀនសូត្រ ក្លាយជាសិស្សឆ្នើមម្នាក់។

ប្អូនថាច់ង៉ុកឌឹន កំពុងអានសៀវភៅក្នុងបណ្ណាល័យរបស់សាលារៀន។
ក្នុងថ្នាក់ ង៉ុកឌឹនតែងយកចិត្តទុកដាក់ស្ដាប់គ្រូពន្យល់ លុះត្រឡប់មកផ្ទះ ប្អូនទៅរៀនបន្ថែមក្រៅម៉ោង។ យល់ឃើញថា ចំណេះដឹង គឺគ្មានទីបំផុត បានជាក្រៅពីរៀនក្នុងសាលាក្រោមការបង្ហាត់បង្រៀនរបស់លោកគ្រូអ្នកគ្រូង៉ុកឌឹនថែមទាំងស្រាវជ្រាវរៀនសូត្របន្ថែមដោយខ្លួនឯង តាមរយៈសៀវភៅ អ៊ិនធឺណិត ដើម្បីបង្កើនចំណេះដឹងក្នុងការរៀនសូត្រឱ្យកាន់តែល្អប្រសើរ។
ដោយការយល់ឃើញថា បណ្ណាល័យនៅសាលារៀនជាឃ្លាំងចំណេះដឹងសម្រាប់ការស្រាវជ្រាវរៀនសូត្រ បានជាប្អូនថាច់ង៉ុកឌឹន តែងឧស្សាហ៍មកកាន់បណ្ណាល័យដើម្បីស្វែងរកសៀវភៅដែលខ្លួនចូលចិត្តអាន។ ប្អូនថាច់ង៉ុកឌឹន ចែករំលែក៖ “ពេលយើងគេចូលកាន់បណ្ណាល័យ គឺតែងស្វែងរកចំណេះដឹងដែលគួរឱ្យចាប់អារម្មណ៍ ដ្បិតអី ក្នុងបណ្ណាល័យរួមមានសៀវភៅអត្ថបទអក្សរសិល្ប៍ អត្ថបទស្រាវជ្រាវសម្រាប់ឱ្យខ្ញុំរៀនសូត្រនិងអភិវឌ្ឍសមត្ថភាព។ ប្អូនថែមទាំងចំណាយពេលសិក្សាជំពូក AI ក្រៅកម្មវិធីសិក្សា ដើម្បីអភិវឌ្ឍបច្ចេកព័ត៌មានវិទ្យានិងកម្មវិធីភាសាអង់គ្លេសមួយចំនួនទៀត តាមនិន្នាការនៃការអភិវឌ្ឍបច្ចុប្បន្ន”។

ប្អូនថាច់ង៉ុកឌឹន ចូលរួមហាត់កីឡាជាមួយនឹងមិត្តភក្ដិក្នុងថ្នាក់។
ក្នុងឆមាសទី១ ឆ្នាំសិក្សា ២០២៤-២០២៥ ប្អូនង៉ុកឌឹន ត្រូវបានគ្រូបង្រៀនវាយតម្លៃថា សម្រេចនិទ្ទេសឆ្នើមគ្រប់វិញ្ញាសា។ ទន្ទឹមនឹងការខិតខំរៀនសូត្រ ប្អូនថាច់ង៉ុកឌឹន នៅទាំងសកម្មចូលរួមពិធីប្រឡងជាច្រើនដែលអាស្រ័យផ្នែកអប់រំរៀបចំ ហើយរាល់លើកប្រឡង ប្អូនតែងឈ្នះបានរង្វាន់។ ជាក់ស្ដែង ក្នុងការប្រឡង Violympic លើអ៊ិនធឺណិតថ្នាក់ខេត្ត ឆ្នាំសិក្សា ២០២៤ - ២០២៥ ប្អូនឈ្នះរង្វាន់លេខ៣ ដោយមាន ២២០ ពិន្ទុ។ រាល់ការចលនានៅសាលា ង៉ុកឌឹន ក៏ទទួលបានរង្វាន់ផងដែរ។ គោលបំណងរបស់ ង៉ុកឌឹន គឺក្រោយពីបញ្ចប់អនុវិទ្យាល័យជនជាតិអន្តេវាសិក ប្អូននឹងប្រឡងចូលរៀនសាលាជំនាញ ង្វៀងថៀងថាញ ដើម្បីក្រោយពីបញ្ចប់វិទ្យាល័យ ប្អូននឹងរៀនជំនាញផ្នែកសេដ្ឋកិច្ច។
លោកគ្រូ ង្វៀងត្វងទ្រុង គ្រូបង្រៀនអចិន្រ្តៃយ៍ថ្នាក់ទី ៨/១ ឱ្យដឹង៖ “ប្អូនថាច់ង៉ុកឌឹន ជាសិស្សរៀនពូកែរបស់សាលា មានចរិតឧស្សាហ៍ព្យាយាម តែងមានស្មារតីឆ្លងកាត់ការលំបាក ម្ល៉ោះហើយ តែងបានលោកគ្រូ អ្នកគ្រូនិងមិត្តភក្ដិស្រឡាញ់រាប់អាន។ ស្មារតីសង្វាតរៀនសូត្រនិងឆន្ទៈឈានឡើងរបស់ង៉ុកឌឹន បានជំរុញទឹកចិត្តដល់សិស្សដែលរៀនមធ្យម រៀនខ្សោយ ឱ្យមានការប្រឹងប្រែងរៀនសូត្រជឿនលឿន”៕
សើុងម៉ាល័យ - ថាច់ធី